Tuesday, 4 April 2017
កាសែតថៃផ្សាយថា ពលករខ្មែរធ្វើពុតឲ្យតម្រួតថៃចាប់ខ្លួនដើម្បីបានមកស្រុកដោយមិនអស់ សោហ៊ុយ
ដោយ វ៉ា សំណព្វ 04/04/2017 04/04/2017
ពលករខ្មែរខុសច្បាប់ប្រមាណជា២០០នាក់ត្រូវបានតម្រួតថៃឃាត់ខ្លួន កាលពីថ្ងៃទី ២ មេសា ឆ្នាំ ២០១៧។
@the nation
កាសែតថៃ The Nation បានចុះផ្សាយ កាលពីថ្ងៃទី២ មេសាថា ពលករខ្មែរខុសច្បាប់ប្រមាណជា២០០នាក់ មានចេតនាធ្វើពុតឲ្យសមត្ថកិច្ចថៃចាប់ខ្លួន ដើម្បីបញ្ជូនមកកាន់ប្រទេសកំណើតវិញ ដោយមិនអស់សោហ៊ុយធ្វើដំណើរ។ ការចុះផ្សាយបែបនេះ អាចជាការបង្អាប់កិត្តិយសរបស់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ តែក្រសួងការបរទេសកម្ពុជាបានចាត់ទុកថា នេះគ្រាន់តែជាទស្សនៈរបស់អ្នករាយការណ៍ព័ត៌មានរបស់ថៃតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ពលករខ្មែររាប់ម៉ឺននាក់ បានចាប់ផ្តើមសម្រុកធ្វើដំណើរមកកាន់ប្រទេសកំណើតវិញនៅក្នុងសប្តាហ៍នេះ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ នៅចុងសប្តាហ៍ក្រោយ។
ក្នុងចំណោមពលករខ្មែរខុសច្បាប់ ដែលត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន កាលពីថ្ងៃទី ២ មេសា រួមមាន មនុស្សប្រុសចំនួន១១២នាក់ និងស្ត្រីចំនួន៩២នាក់។ ពួកគេត្រូវបានឃាត់ខ្លួន នៅពេលដែលធ្វើដំណើរតាមរថភ្លើងសាធារណៈមួយ ពីទីក្រុងបាងកកឆ្ពោះមកកាន់ស្រុកអារ៉ាញ់ប្រាថេត ខេត្តសាកែវ (Sa Kaeo) ប្រទេសថៃ ជាប់ព្រំដែនប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីនៅចុងសប្តាហ៍ក្រោយនេះ។
ប៉ុន្តែកាសែតថៃ The Nation បានចុះផ្សាយដោយចោទប្រកាន់ពួកគេថា មានចេតនាធ្វើដំណើរតាមរថភ្លើងសាធារណៈដោយបើកចំហ ពីព្រោះពួកគេចង់ឲ្យតម្រួតថៃចាប់ខ្លួន ហើយបញ្ជូនមកប្រទេសកំណើតវិញ ដោយមិនបាច់ចំណាយសោហ៊ុយធ្វើដំណើរ។ ការចុះផ្សាយបែបនេះ អាចជាចេតនាម៉ាក់ងាយមកលើពលករខ្មែរដែលធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ ដែលជារើយៗពួកគេត្រូវបានទទួលរងនូវការរើសអើង។ ប៉ុន្តែ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចាត់ទុកការចុះផ្សាយរបស់កាសែត The Nation ថៃនេះថា គ្រាន់តែជាទស្សនៈរបស់អ្នករាយការណ៍ព័ត៌មានរបស់ថៃតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា បាននែនាំឲ្យអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តសាកែវប្រទេសថៃ ស៊ើបអង្កេតទៅលើករណីនេះហើយ។
បើតាមក្រុមអ្នកសង្កេតការណ៍នានាបានឲ្យដឹងថា ពលករខ្មែរម្នាក់ត្រូវចំណាយសោហ៊ុយប្រមាណជា៣០០ទៅ៤០០បាតឬប្រហាក់ប្រហែលជា៤ម៉ឺនទៅ៦ម៉ឺនរៀល ដើម្បីធ្វើដំណើរពីទីក្រុងបាងកកប្រទេសថៃ មកកាន់ព្រំដែនប៉ោយប៉ែតប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់ពលករខ្មែរខ្លះដែលធ្វើការខុសច្បាប់ អាចចំណាយសោហ៊ុយអស់ច្រើនជាងនេះ។
គួរជំរាបជូនថា រដ្ឋាភិបាលថៃ បានសម្រេចលើកលែងការយកថ្លៃផ្លូវ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៨មេសា ដើម្បីជាការដូឆ្នាំថ្មីសម្រាប់ការធ្វើដំណើររបស់ពលករចំណាកស្រុកមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានទៅលេងប្រទេសកំណើតរបស់ខ្លួន នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី (សង្ក្រាន្ត) នាពេលខាងមុខ។
សូមបញ្ជាក់ដែរថា តាមរបាយការណ៍ខ្លះថា បច្ចុប្បន្នមានពលរខ្មែរប្រមាណជា១លាន៦ម៉ឺននាក់កំពុងរស់នៅនិងធ្វើការទាំងស្របច្បាប់និងខុសច្បាប់នៅក្នុងប្រទេសថៃ ហើយក្នុងឆ្នាំៗ ពួកគេបានផ្ញើប្រាក់ត្រលប់មកស្រុកកំណើតវិញប្រមាណជា១ពាន់លានដុល្លារអាមេរិក៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment