Saturday, 1 April 2017
ភូមាបោះជំហានស្ទុយៗទៅរកលទ្ធិប្រជាធិបតេយ្យ
ដោយ អៀង សុខម៉ិញ ចុះផ្សាយនៅថ្ងៃ 01/04/2017
rfi
លោកស្រី អ៊ុង សានស៊ូជី នៅក្នុងសភា នាទីក្រុង Naypidaw REUTETS/Soe Zeya Tun/File Photo
ថតកម្មវិធីនេះទុក
នៅថ្ងៃទី ១ មេសា ២០១៧នេះ មានការបោះឆ្នោតសភាមួយភាគនៅប្រទេសភូមា ដើម្បីបំពេញអាសនៈដែលនៅទំនេរ ! នេះជាលើកទីមួយហើយ ដែលបណ្តាជនភូមាត្រូវបានអញ្ជើញឱ្យទៅបោះឆ្នោតជាថ្មី បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៥ដែលគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជី បានទទួលជោគជ័យភ្លូកទឹកភ្លូកដី។ ប៉ុន្តែមួយឆ្នាំគត់ក្រោយការចូលកាន់តំណែងដឹកនាំប្រទេស រដ្ឋាភិបាលស៊ីវិលភូមាដំបូងបង្អស់ គិតចាប់ពីឆ្នាំ១៩៦៧មក ត្រូវប្រឈមនឹងការអត់ធ្មត់ ការមិនសប្បាយខ្លាំងឡើងៗ ពីសំណាក់ប្រជាពលរដ្ឋទូទៅ។ តើភូមាក្រោមការដឹកនាំរបស់រដ្ឋាភិបាលស៊ីវិល ប្រសូតចេញពីការបោះឆ្នោតមានតុល្យការយ៉ាងណា ?
ការបោះឆ្នោតថ្ងៃនេះ ជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ចំនួន ១៩ អាសនៈ ដើម្បីមកបំពេញកៅអីទំនេរនៅក្នុងរដ្ឋសភាជាតិនិងតំបន់ ព្រោះតែសមាជិកសភាខ្លះ បានចេញទៅធ្វើការនៅក្នុងជូររដ្ឋាភិបាល ហើយអាសនៈមួយចំនួនទៀត សល់ទំនេរតាំងពីឆ្នាំ២០១៥មក ដោយហេតុតែអស្ថិរភាពនយោបាយ ពុំអាចធ្វើការបោះឆ្នោតបានក្នុងសម័យបោះឆ្នោតជាតិ។
មានពលរដ្ឋជាច្រើនរយនាក់ចាប់ផ្តើមមកតម្រង់ជួរ នៅតាមការិយាល័យបោះឆ្នោត នៅទីក្រុងរ៉ង់ហ្គូន តែគេសង្កេតឃើញមានអ្នកអវត្តមានច្រើន នៅក្នុងការបោះឆ្នោតនេះ។ ហើយនៅតំបន់ខ្លះ ដូចយ៉ាង រដ្ឋ Shan ភាគខាងជើងប្រទេស គណបក្សកាន់អំណាចអាចមានការលំបាកខ្លាំងយកឈ្នះ។
បោះឆ្នោតជាវិញ្ញាសាវាយតម្លៃ
ជាមួយនឹងអាសនៈចំនួនតែ១៩យ៉ាងដូច្នេះ ការបោះឆ្នោតនេះគ្មានលក្ខណៈគំរាមកំហែង ឬជះផលវិបាកអ្វីដល់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសាងស៊ូជី ក្នុងការដឹកនាំប្រទេសឡើយ ! ប៉ុន្តែលទ្ធផលឆ្នោតថ្ងៃនេះ ជាកំរិតរង្វាស់ បង្ហាញអំពីអារម្មណ៍របស់សាធារណជនចំពោះរដ្ឋាភិបាល និងចំពោះលោកស្រី អ៊ុងសានស៊ូជី ថាតើលោកស្រី ជ័យលាភីរង្វាន់ណូបែលសន្តិភាព នៅតែជាតំណាងលទ្ធិប្រជាធិបតេយ្យឬយ៉ាងណា ?!
ចម្លើយនឹងផ្តល់ជូនតាមរយៈសន្លឹកឆ្នោត តែអ្វីដែលប្រាកដជាងគេ គឺពេលនេះ រដ្ឋាភិបាលមិនអាចបំពេញចិត្ត និងឆ្លើយតបសេចក្តីរង់ចាំដ៏ធំរបស់ពលរដ្ឋបានទេ !
ភាពតានតឹងក្នុងជម្លោះជាតិពិន្ធុ
លោកស្រី អ៊ុងសានស៊ូជី ធ្លាប់បានប្រកាសសន្យាថាការស្វែងរកដំណោះស្រាយឱ្យជម្លោះជាតិពន្ធុ ថាអាទិភាព ចំបងចាំបាច់បំផុតរបស់រដ្ឋាភិបាល ! ប៉ុន្តែ តាំងពី៦ខែមក ភូមាបានវិលវល់ខ្លាំងក្នុងវិបត្តិនេះ ដោយរាប់ឃើញមានជនបំលាស់ទី និងជនភៀសខ្លួនថ្មីដល់ទី ១៤ម៉ឺននាក់បន្ថែមទៀត។
ជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ា បាននាំគ្នារត់គេចពីប្រតិបត្តិការសន្តិសុខយោធា នៅតំបន់ភាគខាងលិចប្រទេស ទៅបង់ក្លាដែល រួចបានធ្វើការបរិហារទង្វើអមនុស្សធម៌របស់ទាហានភូមា។ តំណាងរបស់អង្គការសប្រជាជាតិជាច្រើននាក់ បានប្រើដល់ទៅពាក្យថា ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទៀតផង។ ហើយលោកស្រីអ៊ុងសានស៊ូជីវិញ មិនដែលបានចុះទៅមើលហេតុការណ៍ក្នុងតំបន់នោះម្តងណាសោះ ព្រមទាំងបានបិទខ្ទប់ជំនួយមនុស្សធម៌សម្រាប់តំបន់នោះ និងបដិសេធជានិច្ចថាគ្មានការរំលោភសិទ្ធមនុស្សទេ។ ទើបបានជាប្រជាពលរដ្ឋខកចិត្ត និងចោទប្រកាន់ថាលោកស្រីបានសហការយ៉ាងល្អិតល្មួតជាមួយពួកយោធា ដែលធ្លាប់ដឹកនាំត្រួតត្រាប្រទេសអស់ជាងកន្លះសតវត្សរ៍។
លោកស្រីទីប្រឹក្សារដ្ឋ មិនប្រឆាំងនឹងនយោបាយបង្ក្រាបរបស់ក្រុមឧត្តមសេនីយ៍ តែចម្លែកបែរជាប្រឆាំងមិនឱ្យអង្គការសហប្រជាជាតិបញ្ចូនគណៈកម្មការអង្កេតឯករាជ្យទៅវែករកការពិត ទៅវិញ។
ការអភិវឌ្ឍន៍សេដ្ឋកិច្ចយឺតជាងការគ្រោងទុក
កំណែទម្រង់សេដ្ឋកិច្ច ក៏ពិបាកចាប់ផ្តើម។ កំណើនសេដ្ឋកិច្ច បានស្គាល់ការបន្ថយល្បឿន បន្តិចកាលពីឆ្នាំទៅ។ ពោលគឺមិនបានលឿនដូចការគ្រោងទុកទេ !
កម្មវិធីសេដ្ឋកិច្ចរបស់លោកស្រីអ៊ុងសានស៊ូជី មានកម្មវត្ថុបង្កើនទីផ្សារការងារ វិនិយោគបរទេស អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប៉ុន្តែមិនបានបញ្ជាក់ថា ត្រូវធ្វើតាមវិធី និងមធ្យោបាយណាទេ។
នយោបាយសន្យាប្រគល់ដីធ្លី ដែលរបបសឹកបានរឹបអូស ដល់ប្រជាពលរដ្ឋនៅជនបទ កសិករដើម្បីលើកតម្កើតជីវភាពនិងសេដ្ឋកិច្ច នៅតែរង់ចាំជានិច្ច។ សូម្បីតែសេរីភាពផ្នែកសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ របស់រដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជី គ្មានសន្ទុះស្វាហាប់លើសរដ្ឋាភិបាលយោធាពីឆ្នាំ២០១១-២០១៦ដែរ។ ការឃាត់ខ្លួនអ្នកនយោបាយ បង្ក្រាបអ្នកប្រឆាំងនៅមានជាបន្ត ...
កំណែទម្រង់ប្រទេសត្រូវការពេលវេលា
គណបក្សរបស់លោកស្រីអ៊ុងសានស៊ូជី ដែលបានឈ្នះឆ្នោតសភាយ៉ាងត្រចះត្រចង់ បានបង្កើតរដ្ឋាភិបាល និងចូលដឹកនាំប្រទេស ក្នុងនាមជារដ្ឋាភិបាលស៊ីវិល ប្រសូតចេញពីការបោះឆ្នោត កាលពីថ្ងៃទី ១ខែមេសាឆ្នាំ២០១៦ប៉ុណ្ណោះ។ ពោលគឺរដ្ឋាភិបាលស៊ីវិលដំបូងភូមាទើបមានអាយុបានមួយឆ្នាំគត់។ រដ្ឋាភិបាលផ្ទាល់បានទទួលស្គាល់ថាមានការយឺតយ៉ាវ តែមួយឆ្នាំជារយៈពេលដ៏ខ្លីណាស់សម្រាប់ប្តូររូបភាពប្រទេសមួយ ដែលធ្លាប់ស្ថិតក្រោមអំណាចផ្តាច់ការជាងកន្លះសតវត្សរ៍នោះ។ ហើយម្យ៉ាងទៀត សូមកុំភ្លេចថា នៅភូមា យោធានៅតែកាន់ក្រសួងសំខាន់ៗ និងមានអាសនៈចំនួន២៥%នៅសភា ព្រមទាំងមានសិទ្ធិបោះឆ្នោតប្រឆាំងវេតូទៀត លើកំណែទម្រង់រដ្ឋធម្មនុញ្ញទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment