Sunday, 28 May 2017

សមាជិក​សភា​អាមេរិក​បារម្ភ​អំពី​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា


ដោយ តាំង សារ៉ាដា
2017-05-27

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov
តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov
 Photo courtesy of lowenthal.house.gov



តំណាងរាស្ត្រ​សហរដ្ឋអាមេរិក បី​រូប ជំរុញ​ឲ្យ​ក្រសួង​ការបរទេស និង​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ​ដល់​ការ​គោរព​នីតិរដ្ឋ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​គ្រប់​រូប​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ នៅ​ពេល​ខាង​មុខ។

តំណាងរាស្ត្រ​អាមេរិក​បី​រូប​ ដែល​បាន​សរសេរ​ទៅ​កាន់​លោក​រដ្ឋមន្ត្រី លោក  រិច ធីល្លឺសុន (Rex W. Tillerson)  រួម​មាន​លោក អេដ រ៉យ (Ed Royce) លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal)  និង​លោក ស្ទីវ ឆាបុត (Steve Chabot)។ ពួកគេ​សរសេរ​ថា ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គឺ​ជា​ការ​បោះឆ្នោត​លើក​ដំបូង​បង្អស់​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​សកល​កាល​ពី​ឆ្នាំ​២០១៣ ដែល​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ថា ជា​ការ​បោះឆ្នោត​មួយ​ដែល​មាន​ភាព​មិន​ប្រក្រតី។



សេចក្ដី​ថ្លែងការណ៍​រួម​របស់​តំណាងរាស្ត្រ​អាមេរិក ទាំង​បី​រូប​នេះ​បន្ត​ទៀត​ថា នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន​គណបក្ស បាន​ប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ផ្សេងៗ​ក្រោម​ហេតុ​ផល​នយោបាយ។

ជាង​នេះ​ទៅ​ទៀត លោក សម រង្ស៊ី រង​នូវ​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​ច្បាប់​ដែល​អនុម័ត​ដោយ​គណបក្ស​កាន់​អំណាច​មួយ​នេះ​ក៏​កំពុង​គំរាម​កំហែង​ថែម​ទៀត​ដល់​ការ​ដឹកនាំ​របស់​លោក កឹម សុខា ផង​ដែរ។

ក្រុម​តំណាងរាស្ត្រ​អាមេរិក ទាំង​បី​រូប​នេះ​អះអាង​ថា ពួកគេ​កំពុង​ព្រួយ​បារម្ភ​ដោយសារ​តែ​ការ​ញុះញង់​បង្ក​សង្គ្រាម​ពេល​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ល្បិចកល​មួយ​ដើម្បី​គំរាមកំហែង​ពលរដ្ឋ​អ្នក​បោះឆ្នោត។

តំណាងរាស្ត្រ​ទាំង​នោះ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ៕

1 comment:

Karl [Kalonh] Chuck said...

Hope we can do more than just hoping, sooner than later...
Best of luck to our homeland, and to our "flesh and blood" Khmer compatriots...