Sunday, 28 May 2017
សមាជិកសភាអាមេរិកបារម្ភអំពីភាពត្រឹមត្រូវនិងយុត្តិធម៌នៃការបោះឆ្នោតនៅកម្ពុជា
ដោយ តាំង សារ៉ាដា
2017-05-27
តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែងពីបញ្ហាសិទ្ធិមនុស្សកាលពីឆ្នាំ២០១៣។ Photo courtesy of lowenthal.house.gov
Photo courtesy of lowenthal.house.gov
តំណាងរាស្ត្រសហរដ្ឋអាមេរិក បីរូប ជំរុញឲ្យក្រសួងការបរទេស និងស្ថានទូតអាមេរិកនៅកម្ពុជា បង្ហាញការគាំទ្រជាសាធារណៈដល់ការគោរពនីតិរដ្ឋ និងអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋគ្រប់រូបនៅមុនការបោះឆ្នោតឃុំ-សង្កាត់ នៅពេលខាងមុខ។
តំណាងរាស្ត្រអាមេរិកបីរូប ដែលបានសរសេរទៅកាន់លោករដ្ឋមន្ត្រី លោក រិច ធីល្លឺសុន (Rex W. Tillerson) រួមមានលោក អេដ រ៉យ (Ed Royce) លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) និងលោក ស្ទីវ ឆាបុត (Steve Chabot)។ ពួកគេសរសេរថា ការបោះឆ្នោតឃុំ-សង្កាត់ នៅពេលដ៏ខ្លីខាងមុខនេះ គឺជាការបោះឆ្នោតលើកដំបូងបង្អស់ចាប់តាំងពីការបោះឆ្នោតសកលកាលពីឆ្នាំ២០១៣ ដែលរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិថា ជាការបោះឆ្នោតមួយដែលមានភាពមិនប្រក្រតី។
សេចក្ដីថ្លែងការណ៍រួមរបស់តំណាងរាស្ត្រអាមេរិក ទាំងបីរូបនេះបន្តទៀតថា នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធានគណបក្ស បានប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌផ្សេងៗក្រោមហេតុផលនយោបាយ។
ជាងនេះទៅទៀត លោក សម រង្ស៊ី រងនូវការបណ្ដេញចេញពីប្រទេសតាមរយៈការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ហើយច្បាប់ដែលអនុម័តដោយគណបក្សកាន់អំណាចមួយនេះក៏កំពុងគំរាមកំហែងថែមទៀតដល់ការដឹកនាំរបស់លោក កឹម សុខា ផងដែរ។
ក្រុមតំណាងរាស្ត្រអាមេរិក ទាំងបីរូបនេះអះអាងថា ពួកគេកំពុងព្រួយបារម្ភដោយសារតែការញុះញង់បង្កសង្គ្រាមពេលបក្សកាន់អំណាចចាញ់ឆ្នោតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាល្បិចកលមួយដើម្បីគំរាមកំហែងពលរដ្ឋអ្នកបោះឆ្នោត។
តំណាងរាស្ត្រទាំងនោះក៏បានស្នើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន ចេញសេចក្ដីថ្លែងការណ៍មួយដើម្បីផ្ញើសារទៅរដ្ឋាភិបាលទីក្រុងភ្នំពេញ ឲ្យគោរពសិទ្ធិពលរដ្ឋខ្មែរ៕
Subscribe to:
Post Comments (Atom)
1 comment:
Hope we can do more than just hoping, sooner than later...
Best of luck to our homeland, and to our "flesh and blood" Khmer compatriots...
Post a Comment