Monday, 29 May 2017
បក្សប្រឆាំងសន្យាបំពាក់អាវុធទំនើបៗឲ្យយោធានៅពេលឈ្នះឆ្នោតឡើងកាន់អំណាច
ដោយ រាជ វិញ្ញូ
2017-05-28
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ (កាន់ក្បាលមេក្រូ) ថ្លែងទៅកាន់អ្នកគាំទ្រនៅខាងមុខវត្តចាស់ នាសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ មុននឹងដង្ហែក្បួនឃោសនាបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។
RFA/Rach Vingur
មន្ត្រីគណបក្សសង្គ្រោះជាតិ បានសន្យានៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់ថា នឹងសន្សំសំចៃថវិកាជាតិបន្ថែម ដើម្បីចាយលើវិស័យយោធាតាមរយៈបំពាក់ឲ្យមានអាវុធសឹកទំនើបៗជាងពេលបច្ចុប្បន្ននេះ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោត និងឡើងដឹកនាំប្រទេសជំនួសបក្សកាន់អំណាច។ ការសន្យានេះ បន្ទាប់ពីបក្សប្រឆាំងអះអាងថា នឹងផ្លាស់ប្ដូរតែតំណែងអនុរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីប៉ុណ្ណោះ ក្រៅពីនេះ មន្ត្រីប៉ូលិស និងទាហានទាំងអស់ដែលជាកងកម្លាំងការពារជាតិ គឺមិនប៉ះពាល់ឡើយ។
នៅមុនចាប់ផ្ដើមដង្ហែក្បួនឃោសនាបោះឆ្នោតឃុំ-សង្កាត់ដ៏ធំជាលើកទីពីរនៅរាជធានីភ្នំពេញ ដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់ចូលរួម នៅថ្ងៃទី២៨ ឧសភា និងបន្ទាប់ពីថ្លែងរិះគន់ទាក់ទងនឹងអំពើអយុត្តិធម៌ជាច្រើននៅក្នុងសង្គម ដូចជាការអភិវឌ្ឍរឹតតែធ្វើឲ្យរាស្ដ្ររងទុក្ខវេទនាកាន់តែខ្លាំង ការវាយដំតំណាងរាស្ត្រនៅខាងមុខរដ្ឋសភា និងការសម្លាប់អ្នកដែលមានមតិជំទាស់ ហើយតុលាការមិនរកយុត្តិធម៌នោះ។ គណបក្សប្រឆាំងក៏បានក្រើនរំឭកជាថ្មីទៀតឲ្យពលរដ្ឋចេញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា តាមឆន្ទៈ និងមិនត្រូវខ្លាចសារគំរាមសង្គ្រាមឡើយ ព្រោះព្រះមហាក្សត្របានធានាចំពោះសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបន្ថែមទៀតថា ក្រៅពីគោលនយោបាយទម្លាក់លុយ ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយឃុំ-សង្កាត់នៅពេលឈ្នះ គណបក្សក៏នឹងសន្សំថវិកាផ្សេងទៀតដើម្បីបំពាក់អាវុធទំនើបៗឲ្យយោធាដែរ៖ «គណបក្សសង្គ្រោះជាតិ អត់មានទាហានទេ កងយោធពលខេមរភូមិន្ទយើង គឺកងទ័ពរបស់ជាតិ ជាកងទ័ពបម្រើជាតិ។ យើងនឹងហ្វឹកហ្វឺនទាហានយើងឲ្យខ្លាំង។ យើងនឹងសន្សំលុយទិញអាវុធយុទ្ធភណ្ឌទំនើបៗឲ្យទាហានយើង ដើម្បីការពារប្រទេសជាតិ»។
ការប្រកាសពីមន្ត្រីបក្សប្រឆាំងនេះ បានកើតឡើងស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានព្រមាននៅមុនការបោះឆ្នោតឃុំ-សង្កាត់ថា នឹងប្រើប្រាស់កងកម្លាំងទ័ពទាហាន ចេញបង្ក្រាបក្រុមណាដែលហ៊ានងើបតវ៉ារឿងលទ្ធផលបោះឆ្នោត និងព្រមានសារសង្គ្រាមផ្ទុះឡើងវិញនៅកម្ពុជា ប្រសិនបើគណបក្សកាន់អំណាចរបស់លោក ដែលដឹកនាំប្រទេសជិត ៤០ឆ្នាំ ចាញ់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
ពាក់ព័ន្ធនឹងការសន្យារកលុយជួយពង្រឹងវិស័យយោធាពីមន្ត្រីបក្សប្រឆាំងនេះ ត្រូវបានមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបថា ប្រសិនបើគណបក្សរបស់លោកហ៊ានសន្យាដូចគ្នានេះ ប្រហែលជាត្រូវរងការរិះគន់ថាគំរាមកំហែង។ ប៉ុន្តែលោកថា ការលើកឡើងនោះគ្រាន់តែជាសារស្រមើស្រមៃខុសពីការពិតប៉ុណ្ណោះ ព្រោះបក្សប្រឆាំងនឹងមិនអាចយកជ័យជម្នះក្នុងការបោះឆ្នោតខាងមុខឡើយ៖ «គាត់គ្មានប្រាកដនិយមគួរឲ្យជឿជាក់ទេ ព្រោះម្ដងថាអ៊ីចេះអ៊ីចុះ ម្ដងឆ្វេង ម្ដងស្ដាំ»។
រីឯការសន្យារបស់បក្សប្រឆាំង ថានឹងទម្លាក់លុយកន្លះលានដុល្លារសហរដ្ឋអាមេរិក ឲ្យបានក្នុងមួយឃុំ-សង្កាត់ ក៏ត្រូវបានលោក សុខ ឥសាន អះអាងថា មិនដឹងជាត្រូវរកប្រភពថវិកាមកពីណាឡើយ ហើយការលើកឡើងបែបនេះ មិនមានលក្ខណៈបែបវិទ្យាសាស្ត្រខាងបច្ចេកទេសហិរញ្ញវត្ថុគួរឲ្យជឿជាក់បាននោះទេ។ ផ្ទុយទៅវិញ គ្រាន់តែជាការសន្យាក្នុងគោលបំណងឲ្យពលរដ្ឋយល់ច្រឡំ និងចង់បានសន្លឹកឆ្នោតប៉ុណ្ណោះ។
គោលនយោបាយទម្លាក់លុយ ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក បានក្លាយជាគោលនយោបាយមួយលេចធ្លោជាងគេក្នុងចំណោមគោលនយោបាយទាំង ៥ចំណុចរបស់គណបក្សប្រឆាំង។ រយៈពេលកន្លងមកនេះ នៅយុទ្ធនាការឃោសនាបោះឆ្នោតគ្រប់ខេត្ត-ក្រុងនៅទូទាំងប្រទេស ប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានអះអាងជារឿយៗថា ទឹកប្រាក់ត្រឹមចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកសម្រាប់មួយឃុំ-សង្កាត់ គឺក្នុងមួយឆ្នាំចំណាយអស់តែចំនួន ៨២៣លានដុល្លារសហរដ្ឋអាមេរិក ស្របពេលថវិកាជាតិដែលរដ្ឋសភាអនុម័តឲ្យរដ្ឋាភិបាលប្រើប្រាស់នៅឆ្នាំ២០១៧ មានប្រហែល ៥ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ ប្រធានបក្សប្រឆាំងអះអាងទៀតថា គោលនយោបាយ ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយឃុំ-សង្កាត់ គឺមិនចាំបាច់ឲ្យរដ្ឋាភិបាលត្រូវការក្រសួងអភិវឌ្ឍន៍ជនបទ ទៀតដែរ។
ចំណែកអ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ លោក ឆាំ ប៊ុនថេត មិនគាំទ្រចំពោះការសន្យារបស់គណបក្សប្រឆាំង ថានឹងបង្កើនថវិកាជាតិលើវិស័យយោធាឡើយ ព្រោះលោកយល់ថា សព្វថ្ងៃថវិកាចាយមកលើលើវិស័យមួយនេះ ហាក់មានច្រើនពេកណាស់ទៅហើយ ប៉ុន្តែលោកថា ចំពោះគោលនយោបាយទម្លាក់លុយ ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក គឺជាគោលនយោបាយដ៏ល្អប្រសើរមួយ និងគ្រប់គ្រាន់ដើម្បីការពារទឹកដីឲ្យបានគង់វង្សនោះ៖ «ជួយវិស័យកសិកម្មអីសិន ដើម្បីជួយជីវភាពប្រជាពលរដ្ឋឲ្យបានគ្រាន់បើសិន ចាំគិតលើវិស័យផ្សេងទៀត»។
អ្នកជំនាញរូបនេះថ្លែងទៀតថា ថវិកាត្រឹម ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក គឺកម្ពុជា មិនខ្វះថវិកាឡើយ ប្រសិនបើរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សណាមួយដែលមានឆន្ទៈពិតប្រាកដ ដើម្បីទប់ស្កាត់អំពើពុករលួយ និងការរៀបចំប្រព័ន្ធរដ្ឋមួយឲ្យបានត្រឹមត្រូវ។ លោក ឆាំ ប៊ុនថេត បញ្ជាក់ថា ថវិកាទាំង ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកនេះ នឹងអាចជួយពង្រឹងវិស័យសុខាភិបាល វិស័យអប់រំ ប្រព័ន្ធធារាសាស្ត្រ និងទប់ស្កាត់គ្រឿងញៀនមានប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋានជាងបច្ចុប្បន្ន ជាពិសេសនឹងជួយឲ្យជីវភាពពលរដ្ឋរឹងតែប្រសើរឡើង ដោយមិនចាំបាច់នាំគ្នាជួលដី និងលក់ដីនៅតាមព្រំដែនតទៅទៀតឡើយ៕
Subscribe to:
Post Comments (Atom)
2 comments:
ឆាំ ប៊ុនថេត - You are a stupid thinker. You need to resign from your job. You are an idiot.
Khmer Yeurng
Mr. Yim Sovan stated, "មន្ត្រីគណបក្សសង្គ្រោះជាតិ បានសន្យានៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់ថា នឹងសន្សំសំចៃថវិកាជាតិបន្ថែម ដើម្បីចាយលើវិស័យយោធាតាមរយៈបំពាក់ឲ្យមានអាវុធសឹកទំនើបៗជាងពេលបច្ចុប្បន្ននេះ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោត និងឡើងដឹកនាំប្រទេសជំនួសបក្សកាន់អំណាច..." I agree with him.
Khmer Yeurng
Post a Comment