Monday, 29 May 2017
ព្រះសង្ឃនិងសហគមន៍ខេត្តក្រចេះធ្វើយុទ្ធនាការដាំដើមឈើ១ពាន់ដើម
ដោយ ម៉ែន សុធីរ
2017-05-29
rfa
អង្គការពលរដ្ឋដើម្បីការអប់រំ (CFE) ព្រះសង្ឃ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ជួបជុំគ្នាដាំដើមឈើនៅបរិវេណអនុវិទ្យាល័យមានជ័យ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។ Photo Provided
អង្គការពលរដ្ឋដើម្បីការអប់រំ (CFE) ព្រះសង្ឃ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋានប្រមាណជាង ៣០០នាក់ រួមទាំងព្រះសង្ឃផង មកពីរាជធានីភ្នំពេញ និងមួយចំនួនជាសហគមន៍នៅមូលដ្ឋាន បានរួមគ្នាបំផុសចលនាដាំដើមឈើ ១ពាន់ដើម ឋិតនៅបរិវេណវត្តដូនត្រី និងអនុវិទ្យាល័យមានជ័យ ស្រុកចិត្របុរី ខែត្រក្រចេះ នៅព្រឹកថ្ងៃទី២៨ ឧសភា។
គោលបំណងនៃយុទ្ធនាការនោះ ដើម្បីពញ្ញាក់ស្មារតីដល់យុវជន និងសហគមន៍ ឲ្យចេះស្រឡាញ់បរិស្ថាន ដោយរួមគ្នាដាំដើមឈើឡើងវិញ ដើម្បីបង្កើតធម្មជាតិបៃតងនៅតាមសាលារៀន និងវត្តអារាម។
ព្រះតេជព្រះគុណដែលចូលរួមយុទ្ធនាការនោះមកពីវត្តឧណ្ណាលោម រាជធានីភ្នំពេញ គឺព្រះតេជព្រះគុណ ហេង រាន់ មានថេរដីកាថា បច្ចុប្បន្នធនធានធម្មជាតិដែលមានស្រាប់កំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ។ ហេតុនេះ ព្រះអង្គ និងអង្គការពលរដ្ឋដើម្បីការអប់រំ រួមទាំងពុទ្ធបរិស័ទមួយចំនួនទៀត បានរួមគ្នាធ្វើយុទ្ធនាការដាំដើមឈើជាលើកទី៣ ចំនួន ១ពាន់ដើម នៅស្រុកចិត្របុរី ខែត្រក្រចេះ ដើម្បីបំផុសចលនាម្លប់បៃតងឲ្យកើតមានគ្រប់តំបន់ បម្រើប្រយោជន៍ដល់បរិស្ថាន និងសង្គមមិនចេះរីងស្ងួត៖ «អាត្មាឃើញចំណុចហ្នឹងបានអនុវត្តគោលការណ៍របស់ព្រះសម្មាសម្ពុទ្ធដែលទ្រង់គង់ក្នុងព្រៃ ដោយហេតុពីរយ៉ាង ទី១ គឺព្រះអង្គអនុគ្រោះដល់ពុទ្ធបរិស័ទជំនាន់ក្រោយ ឲ្យចេះថែរក្សាព្រៃ ព្រោះព្រះអង្គស្រឡាញ់បរិស្ថាន បរិស្ថានជាជីវិតរបស់មនុស្សសត្វ ហើយមួយទៀត ទ្រង់ត្រាស់ដឹងក៏នៅក្នុងព្រៃហ្នឹងដែរ ចឹងហើយគឺយ៉ាងម៉េច យុទ្ធនាការនេះគឺដើម្បីឲ្យយើងថែរក្សាដាំដុះដើមឈើឡើងវិញ»។
ព្រះតេជព្រះគុណ ហេង រាន់ មានថេរដីកាបន្តថា ចាប់តាំងពីដើមឆ្នាំ២០១៧ រហូតមកទល់ពេលនេះ យុទ្ធនាការដាំដើមឈើនេះ ធ្វើឡើងជាលើកទី៣ ហើយ ខណៈលើកទីមួយធ្វើនៅខែត្រកំពង់ឆ្នាំង និងលើកទី២ ធ្វើនៅខែត្រព្រៃវែង និងលើកទី៣ នេះ ធ្វើនៅស្រុកចិត្របុរី ខែត្រក្រចេះ។ ប្រភេទដើមឈើដែលដាំទាំងបីលើកនោះមានចំនួន ៣ពាន់ដើម រួមមានដើមបេង គ្រញូង ធ្នង់ និងនាងនួន ជាដើម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment