Monday, 29 May 2017

លោក គឹម សុខ បង្អត់​អាហារ​៧​ថ្ងៃ​ដើម្បី​អង្វរ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤​មិថុនា


ដោយ ថា កិត្យា
2017-05-28
rfa

លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
 RFA/Rann Samnang



អ្នក​ឃ្លាំ​មើល​នយោបាយ និង​សង្គម លោក គឹម សុខ ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ថា លោក​នឹង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​រយៈពេល ៧​ថ្ងៃ ដើម្បី​អង្វរ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​បោះឆ្នោត ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ ដើម្បី​ផ្លាស់ប្ដូរ​មេ​ឃុំ​កុម្មុយនីស្ត​ភ្នែក​ខ្វាក់ ដាក់​មេ​ឃុំ​ប្រជាធិបតេយ្យ​ភ្នែក​ភ្លឺ។ រីឯ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច ថា​លិខិត​របស់​លោក គឹម សុខ គ្មាន​ឥទ្ធិពល​អ្វី​ឡើយ ហើយ​ពលរដ្ឋ​ក៏​មិន​ទទួល​យក​សំណូមពរ​របស់​លោក​ដែរ។



សារ​លិខិត​មួយ​ច្បាប់​របស់​លោក គឹម សុខ ដែល​ដាស់តឿន​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​នេះ គឺ​ត្រូវ​បាន​ផ្ញើ​ចេញ​ពី​ពន្ធនាគារ​តាម​រយៈ​មេធាវី​របស់​លោក គឺ​លោក ជូង ជូងី ឲ្យ​ជួយ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ហើយ​លិខិត​មួយ​នេះ ក៏​ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​ផ្សព្វផ្សាយ​បន្ត​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។

មេធាវី​ការពារ​ក្តី​លោក គឹម សុខ គឺ​លោក ជូង ជូងី បញ្ជាក់​ថា លិខិត​មួយ​នេះ គឺ​កូន​ក្តី​របស់​លោក​បាន​សរសេរ​ដោយ​ផ្ទាល់​នៅ​ចំពោះ​មុខ​លោក ហើយ​ពឹង​ឲ្យ​លោក​ជួយ​យក​ទៅ​ផ្សព្វផ្សាយ​បន្ត។ ក្នុង​សារ​លិខិត​នោះ លោក គឹម សុខ ផ្ដើម​សរសេរ​រៀបរាប់​ថា លោក​ឃ្លាន​បោះឆ្នោត​ដូរ​មេ​ឃុំ ដើម្បី​សុខ​ចម្រើន​ស្រុក​ភូមិ ជាង​ឃ្លាន​បាយ​ចំអែត​ក្រពះ ដើម្បី​គ្រាន់​តែ​ជីវិត​រស់​ទៅ​ទៀត។ លោក គឹម សុខ បន្ត​ថា សូម​ក្រោក​ឡើង​ជាមួយ​លោក បោះឆ្នោត​ដូរ​មេ​ឃុំ​កុម្មុយនីស្ត​ភ្នែក​ខ្វាក់ ដាក់​មេ​ឃុំ​ប្រជាធិបតេយ្យ​ភ្នែក​ភ្លឺ។

អ្នក​ឃ្លាំ​មើល​នយោបាយ និង​សង្គម លោក គឹម សុខ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​បណ្ដឹង​របស់​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន នោះ ក៏​ប្រកាស​ដែរ​ថា លោក​សម្រេច​ចិត្ត​បង្អត់​អាហារ​ខ្លួន​ឯង ៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ដើម្បី​អង្វរ​ឲ្យ​ជន​រួម​ឈាម​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ដែល​មាន​ឈ្មោះ​បោះឆ្នោត សូម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ហើយ​បោះឆ្នោត​ផ្លាស់ប្ដូរ​ឲ្យ​បាន​នូវ​មេ​ដឹកនាំ​ឃុំ-សង្កាត់​ដែល​ជា​មេរោគ​កុម្មុយនីស្ត​សម្លាប់​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​កន្លង​មក។

លោក​មេធាវី ជូង ជូងី លើក​ឡើង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​មួយ​សប្ដាហ៍​នេះ ប៉ុន្តែ​លោក​គោរព​ឆន្ទៈ​របស់​កូន​ក្តី។ ទោះ​យ៉ាង​ណា លោក​នឹង​ព្យាយាម​ចូល​សួរ​សុខ​ទុក្ខ​អំឡុង​ពេល​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ តែ​ខ្ញុំ​គោរព​ឆន្ទៈ​របស់​គាត់»។

លោក​វេជ្ជបណ្ឌិត​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បញ្ជាក់​ថា ប្រសិន​បើ​មនុស្ស​មាន​សុខភាព​ល្អ ហើយ​គាត់​បង្អត់​អាហារ​មួយ​សប្ដាហ៍​នោះ គឺ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ ប្រសិន​បើ​គាត់​ទទួល​ទាន​ទឹក​ធម្មតា។ ប៉ុន្តែ​ប្រសិន​បើ​មនុស្ស​ដែល​មាន​សុខភាព​ខ្សោយ ហើយ​ដាច់​ចិត្ត​បង្អត់​អាហារ និង​ស្ថិត​នៅ​ក្នុង​ទីកន្លែង​លំបាក​គ្មាន​ខ្យល់​ចេញ​ចូល​ជាដើម​នោះ គឺ​រាងកាយ​របស់​គាត់​អាច​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។

យ៉ាង​ណា​ក្តី នៅ​ក្នុង​សារ​លិខិត​របស់​លោក គឹម សុខ ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​បោះឆ្នោត គឺ​ជា​ដំណោះស្រាយ​សន្តិវិធី​នៃ​ការ​ផ្លាស់ប្ដូរ​មេ​ដឹកនាំ​ទាំង​នៅ​មូលដ្ឋាន និង​ថ្នាក់​ជាតិ ហើយ​គ្មាន​ទេ​សង្គ្រាម។ លោក​ថា ក្រុម​មេ​ដឹកនាំ​បច្ចុប្បន្ន ទាំង​នៅ​ថ្នាក់​មូលដ្ឋាន និង​កម្រិត​ជាតិ បាន​ឆ្លង​ពេញ​បន្ទុក​នូវ​មេរោគ​ឧក្រិដ្ឋកម្ម និង​ពុក​រលួយ ចូល​ជ្រាប​គ្រប់​សព្វ​ដល់​ខួរក្បាល ឆន្ទៈ ស្មារតី និង​ព្រលឹង​វិញ្ញាណ​របស់​ពួក​គាត់​អស់​ហើយ។ ដូច្នេះ បើ​ចូល​ចិត្ត អាណិត និង​ស្រឡាញ់​ពួក​គាត់ គឺ​ត្រូវ​ផ្លាស់ប្ដូរ​ពួក​គាត់​ចេញ ដើម្បី​នាំ​ពួក​គាត់​ចេញ​ទៅ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។

ឆ្លើយតប​ចំពោះ​លិខិត​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា វា​កាន់​តែ​បង្ហាញ​នូវ​ចរិត​ជា​អ្នក​ប្រឆាំង ព្រោះ​អ្នក​ប្រឆាំង​មាន​ចរិត​មិន​ដែល​សរសើរ​បក្ស​កាន់​អំណាច​ទេ។ លោក​នៅ​តែ​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​នឹង​មាន​សុភវិនិច្ឆ័យ​សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​ប្រទេស​តទៅទៀត ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​ពលរដ្ឋ​នឹង​មិន​យក​សំណូមពរ​របស់​លោក គឹម សុខ ឡើយ ព្រោះ​ការ​លើក​ឡើង​របស់​លោក គឹម សុខ គឺ​ក្នុង​ន័យ​សងសឹក ក្នុង​ន័យ​គំនុំ និង​ក្នុង​ន័យ​ចង​អាឃាត​ជាមួយ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ៖ «ខ្ញុំ​យល់​ថា​គាត់​ជា​ជន​ជាប់​ចោទ ដូច្នេះ​វា​គ្មាន​ឥទ្ធិពល​អី​ដល់​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​តាម​ចិត្ត​គាត់​ចង់​ទេ។ ប្រជាពលរដ្ឋ​គាត់​មាន​សុភវិនិច្ឆ័យ​នៅ​ក្នុង​ការ​សម្រេច​គូស​សន្លឹក​ជូន​គណបក្ស​ណា​មួយ​ដែល​លោក​ជឿ​ទុក​ចិត្ត ហើយ​ជឿ​ទុក​ចិត្ត​នេះ​ដោយ​ប្រការ​អី គឺ​ទី​១ គឺ​មាន​ការ​កសាង​នូវ​សមិទ្ធផល​នានា​នៅ​ក្នុង​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ​ពិតៗ។ ទី​២ គឺ​ថា​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ទេ​ដែល​ជា​ស្ថាបនិក​នៃ​សន្តិភាព​សុខ​ចិត្ត​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​សន្តិភាព ហើយ​សន្តិភាព​នេះ​ហើយ​សុខសាន្ត​ត្រាណ​របស់​ប្រជាពលរដ្ឋ។អ៊ីចឹង​នេះ​ហើយ​គឺ​ជា​គុណ​សម្បត្តិ​ដ៏​ច្រើន​លើសលប់​របស់​គណបក្ស​ប្រជាជន ដែល​ប្រជាពលរដ្ឋ​លោក​មើល​ឃើញ​ជាក់ស្តែង»។

ក្រៅ​ពី​លោក គឹម សុខ នោះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា កន្លង​ទៅ មន្ត្រី​អាដហុក​ម្នាក់​ក្នុង​ចំណោម ៤​នាក់​កំពុង​ជាប់​ឃុំ គឺ​លោក នី សុខា បាន​ផ្ញើ​លិខិត​សរសេរ​ផ្ទាល់​ដៃ​របស់​លោក តាម​រយៈ​កូន​ប្រុស​លោក មក​អាស៊ីសេរី ដោយ​សរសេរ​ថា ក្នុង​សង្គម​មួយ​ដែល​ដឹកនាំ​បែប​ផ្ដាច់ការ ពិបាក​ធ្វើ​ឲ្យ​ពួក​លោក​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ណាស់ ព្រោះ​យុត្តិធម៌​មាន​សម្រាប់​តែ​អ្នក​មាន​អំណាច និង​បក្ស​របស់​គេ​ប៉ុណ្ណោះ។

លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ មិថុនា ទាំងអស់​គ្នា តាម​ឆន្ទៈ និង​មិន​ត្រូវ​ខ្លាច​ការ​គំរាម​កំហែង។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​អ្នក​នយោបាយ​មិន​ប្រើ​ហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ កន្លង​ទៅ តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​ប្ដឹង​រូប​លោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។ ការ​ឃុំ​ខ្លួន​នេះ ក្រោម​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម បន្ទាប់​ពី​លោក គឹម សុខ និយាយ​ជា​ប្រយោល​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី និង​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន បណ្តោយ​ឲ្យ​មាន​ប្រព័ន្ធ​មួយ​ដែល​មាន​ការ​សម្លាប់​មនុស្ស ហើយ​រក​មុខ​ឃាតក​មិន​ឃើញ។

សំណេរ​ចុង​ក្រោយ​នៃ​លិខិត​នោះ លោក គឹម សុខ ក៏​បាន​បង្ហាញ​ពី​ការ​សោកស្ដាយ​ដែរ ដោយសារ​តែ​លោក​មាន​ពេលវេលា​ខ្លី​ដើម្បី​ចូលរួម​ជា​គំនិត​យោបល់​ជាមួយ​ជន​រួម​ជាតិ៕

No comments: