Tuesday, 23 May 2017
សង្គមស៊ីវិលស្នើឲ្យអ្នកឃោសនាបក្សឈប់ប្រើសារគំរាមកំហែងនិងប្រមាថមាក់ងាយ
ដោយ យាង សុជាមេត្តា
2017-05-22
អ្នកសម្របសម្រួលផ្នែកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែងក្នុងកម្មវិធីអាស៊ីសេរី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ RFA/Van Vanndeth
RFA/Van Vanndeth
ក្នុងពេលដែលគណបក្សនយោបាយកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៤ មិថុនា សង្គមស៊ីវិលទទូចឲ្យអ្នកឃោសនាបក្សនយោបាយទាំងអស់ ជៀសវាងការប្រើប្រាស់នូវសារទាំងឡាយណាដែលបង្ហាញនូវការគំរាមកំហែង បំភិតបំភ័យ និងប្រមាថបក្សនយោបាយផ្សេងទៀតដែលអាចបង្កជាហិង្សា។
ការអំពាវនាវរបស់សង្គមស៊ីវិល ធ្វើឡើងខណៈដែលគេសង្កេតឃើញថា អ្នកឃោសនាបក្សនយោបាយមួយចំនួន នៅប្រើសារគំរាមកំហែងនៅឡើយ។
នៅមុនពេលការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ផ្លូវការចាប់ផ្ដើមនៅថ្ងៃទី២០ ឧសភា គេតែងឮលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីបក្សកាន់អំណាច ព្រមានពីការកើតឡើងនូវសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនបានដឹកនាំប្រទេសបន្តទៀត ឬប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត ជាដើម។
ក្រៅពីសារព្រមានពីសង្គ្រាមនេះ ទាំងលោក ហ៊ុន សែន ទាំងមន្ត្រីយោធាជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល សុទ្ធតែព្រមានប្រើកម្លាំងបង្ក្រាប ឬវាយបំបែកធ្មេញអ្នកណាដែលហ៊ានចេញមកតវ៉ាលទ្ធផលក្រោយការបោះឆ្នោត។
សារបែបព្រមានលាយឡំដោយការឃោសនារបស់បក្សកាន់អំណាចមុនយុទ្ធនាការឃោសនាផ្លូវការចាប់ផ្តើមនេះ បើទោះជាមនុស្សភាគច្រើនយល់ថា ជាការបំភិតបំភ័យរបស់បក្សកាន់អំណាចក្តី ប៉ុន្តែមិនមានស្ថាប័នណាអាចធ្វើអ្វីបានឡើយ។ រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វិញលើកឡើងថា បើសារគំរាមនោះធ្វើឡើងមិនឋិតក្នុងពេលឃោសនាបោះឆ្នោតដែល គ.ជ.ប កំណត់ចន្លោះពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២ មិថុនា ទេនោះ គ.ជ.ប ពុំមានសមត្ថកិច្ចចាត់វិធានការលើអ្នកបញ្ចេញសារគំរាមកំហែង ឬបំភិតបំភ័យនោះទេ។
មួយថ្ងៃមុនការឃោសនាបោះឆ្នោតចូលមកដល់ គ.ជ.ប បានអញ្ជើញតំណាងគណបក្សនយោបាយដែលចុះបញ្ជីបេក្ខជនបោះឆ្នោត ទៅណែនាំពីនីតិវិធីសម្រាប់ការឃោសនាបោះឆ្នោត។ ក្នុងចំណោមការហាមប្រាមទាំងឡាយ គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រ មិនត្រូវបានអនុញ្ញាតនិយាយ ឬថ្លែងសារមានលក្ខណៈប្រមាថ មាក់ងាយ គំរាមកំហែង បំភិតបំភ័យ ឬញុះញង់ឲ្យប្រព្រឹត្តអំពើរំលោភ និងហិង្សាឡើយ។
ទោះជាយ៉ាងនេះក្តី សារឃោសនាលក្ខណៈបំភិតបំភ័យឃើញនៅតែកើតមានដដែលក្នុងពេលឃោសនាដែល គ.ជ.ប កំណត់។ ជាក់ស្តែងកាលពីថ្ងៃទី២០ ឧសភា ដែលជាថ្ងៃឃោសនាដំបូង សហប្រធានក្រុមការងារចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ មកពីគណបក្សប្រជាជនកម្ពុជា លោក ពេជ សោភ័ន បានថ្លែងក្នុងពេលឃោសនា ហើយដែលត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្ដីមកចុះផ្សាយ។ លោក ពេជ សោភ័ន ថ្លែងប្រាប់ពលរដ្ឋថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គឺជាការបោះឆ្នោតរវាងសន្តិភាព និងសង្គ្រាម ការអភិវឌ្ឍ និងវិនាសកម្ម ភាពរស់រានសម្បូរសប្បាយ និងសេចក្ដីស្លាប់»។ លោកក៏ថ្លែងចោទបក្សប្រឆាំង ថាញុះញង់សកម្មជនបង្កើតចលាចលក្នុងសង្គម ហើយថែមទាំងមាក់ងាយបក្សប្រឆាំងថា សូម្បីបង្គន់អនាម័យមួយក៏បក្សប្រឆាំងមិនបានធ្វើជូនពលរដ្ឋផង។
ក្រោយពីមន្ត្រីបក្សកាន់អំណាចថ្លែងសារបែបនេះ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី២១ ឧសភា អ្នកគាំទ្របក្សកាន់អំណាចដដែល បានសម្ដែងការខឹងសម្បាចំពោះអ្នកគាំទ្របក្សប្រឆាំងមួយរូបដែលជាម្ចាស់ហ្វេសប៊ុកឈ្មោះ Pey Pey Ly។ ម្ចាស់ហ្វេសប៊ុករូបនេះ បានបង្ហោះវីដេអូឃ្លីបនិយាយថា គណបក្សមួយនោះហួសចិត្តអត់មានខ្មែរទៅហែ លេងជួលយួនមកហែ ខ្មែរគេដឹងអស់ហើយ សារុង ប៊ីចេង ក្រមាអី គេលែងយកហើយ។ សារនេះបានធ្វើឲ្យអ្នកគាំទ្របក្សកាន់អំណាចប្រតិកម្ម ដោយចាត់ទុកថានិយាយសំដៅលើគណបក្សប្រជាជនកម្ពុជា។
ទោះជាយ៉ាងណា ឆ្លើយតបចំពោះករណីទាំងពីរនេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងនៅថ្ងៃទី២២ ឧសភា ថាប្រសិនបើមានបណ្ដឹងពីភាគីណាមួយ គ.ជ.ប នឹងពិនិត្យមើល។ ប៉ុន្តែលោកថា មកទល់ពេលនេះ មិនទាន់មានបណ្ដឹងពីភាគីណាមួយនោះទេចំពោះករណីទាំងពីរ។ លោកបញ្ជាក់ថា គ.ជ.ប កំពុងពិនិត្យមើលករណីបន្ទាន់ផ្សេងទៀត៖ «គ.ជ.ប មាននាយកដ្ឋានមួយដើម្បីតាមដានមើលនូវរាល់ខ្លឹមសារ ហើយនិងទម្រង់នៃការឃោសនាបោះឆ្នោត ប៉ុន្តែប្រសិនបើ គ.ជ.ប ខ្លួនឯងជាអ្នកកាត់ក្តីផង ហើយ គ.ជ.ប ខ្លួនឯងជាអ្នកធ្វើការងារប្ដឹងផង នោះអាចធ្វើឲ្យមានការច្របូកច្របល់គ្នា»។
លោក ហង្ស ពុទ្ធា ទទូចឲ្យគណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវនីតិវិធីឃោសនាបោះឆ្នោត។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ច្បាប់មិនអនុញ្ញាតឲ្យអ្នកឃោសនានិយាយប៉ះពាល់ដល់គោលនយោបាយ ឬប្រមាថបង្ខូចកេរ្តិ៍ ឬមាក់ងាយបុគ្គល និងបក្សដទៃឡើយ។ ក្នុងករណីនេះ លោកថានៅពេលមានបណ្ដឹង គ.ជ.ប គឺជាអ្នកកំណត់ថា សារឃោសនាបែបណាដែលជាការប៉ះពាល់ដល់បក្សដទៃ៖ «សម្រាប់សង្គមស៊ីវិលយើងមើលឃើញថា សារបែបណាក៏ដោយ បើសិនជាវាប្រាសចាកនៅក្នុងច្បាប់ទៅហើយ មានន័យជាការគំរាមកំហែង ការបំភិតបំភ័យ វាសុទ្ធតែជាលក្ខណៈខុសច្បាប់ហើយ វាត្រូវតែ គ.ជ.ប មានវិធានការជាការព្រមានការណែនាំទៅតាមនីតិវិធីរបស់ គ.ជ.ប មានចែងស្រាប់សម្រាប់គណបក្សនយោបាយ»។
បើទោះជានៅមុនថ្ងៃឃោសនាបោះឆ្នោតផ្លូវការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែថ្លែងសារបំភិតបំភ័យពលរដ្ឋ ឬព្រមានពីការកើតឡើងសង្គ្រាមក្តី តែចាប់ពីថ្ងៃចាប់ផ្ដើមឃោសនាបោះឆ្នោតផ្លូវការមកទល់ពេលនេះ មិនទាន់ឃើញលោក ហ៊ុន សែន ចេញមុខជាសាធារណៈ ឬថ្លែងសារឃោសនាបោះឆ្នោតឡើយ ក្រៅតែពីសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោក អំពាវនាវឲ្យពលរដ្ឋបោះឆ្នោតឲ្យបក្សកាន់អំណាច និងអរគុណអ្នកគាំទ្រ ប៉ុន្តែលោកមិនបានសរសេរសារគំរាមអំពីសង្គ្រាម ឬការព្រមានបង្ក្រាបដូចលោកបានធ្វើមុនពេលឃោសនាបោះឆ្នោតឡើយ។
បើទោះជាមានសារព្រមាន ឬគំរាមយ៉ាងណាក្តី ព្រះមហាក្សត្រនៅតែអំពាវនាវឲ្យពលរដ្ឋចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយកុំឲ្យពលរដ្ឋមានការបារម្ភពីការគាបសង្កត់ គំរាមកំហែង ឬសម្លុតបំភ័យពីជន ឬបក្សនយោបាយណាមួយឡើយ និងត្រូវប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតជ្រើសរើសបេក្ខជន ឬគណបក្សនយោបាយដែលខ្លួនពេញចិត្ត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment