Tuesday, 23 May 2017
សង្គមស៊ីវិលយល់ថាការឃោសនាថ្ងៃទីបីស្ងប់ស្ងាត់ដោយសារច្បាប់បោះឆ្នោតរឹតបន្តឹងពេក
ដោយ វ៉ាន វណ្ណដេត
2017-05-22
លោក យង់ គិមអេង ប្រធានមជ្ឃមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក្នុងបន្ទប់ផ្សាយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។ RFA
RFA
សកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃបីនៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរយៈពេល ១៤ថ្ងៃ សម្រាប់នៅទីក្រុងភ្នំពេញមានស្ថានភាពស្ងប់ស្ងាត់ខ្លាំង បើធៀបនឹងការឃោសនាកាលពីពីរថ្ងៃដំបូង។ សង្គមស៊ីវិលយល់ថា ដោយសារច្បាប់បោះឆ្នោតរឹតបន្តឹងការឃោសនាពេក ទើបមិនមានភាពគគ្រឹកគគ្រេងដូចថ្ងៃបើកយុទ្ធនាការ។
សមាជិកបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត លោក យង់ គិមអេង ថាច្បាប់បានតម្រូវឲ្យគ្រប់គណបក្សនយោបាយអាចឃោសនាជាទ្រង់ទ្រាយធំឆ្លងឃុំបានតែពីរដងទេ ក្នុងរយៈពេលយុទ្ធការឃោសនានេះ ដែលខុសពីកាលពីអាណត្តិមុនៗ។
លោក យង់ គិមអេង បញ្ជាក់ថា មកដល់ថ្ងៃទី២២ ឧសភា គណបក្សនីមួយៗមិនហ៊ានហែក្បួនឆ្លងកាត់សង្កាត់ផ្សេងទេ ព្រោះខ្លាចមិនអាចហែក្បួនធំនៅថ្ងៃចុងក្រោយបាន។ លោក យង់ គិមអេង បន្តថា គណបក្សនយោបាយនីមួយៗនៅថ្ងៃទីបីនៃយុទ្ធនាការនេះ មានត្រឹមតែហែបក្ស និងឃោសនាជាទ្រង់ទ្រាយតូចនៅតាមសង្កាត់របស់ខ្លួនក្នុងក្រុងភ្នំពេញតែប៉ុណ្ណោះ៖ «ក្បួនគ្នាតូចៗនេះតែដោយសារ គ.ជ.ប បានដាក់កម្រិត។ នៅក្នុងនោះគេឲ្យទម្រង់ទាំងសម្ភារដែលគេដាក់កម្រិតហ្នឹង គឺថាឧបមាថា មានឡានមួយ ម៉ូតូ ធុកធុកពីរបីហីទៅណា ហើយនិងមនុស្សចាប់ពី ១០នាក់ឡើង ប្រដាប់បំពងសំឡេង មានខ្លឹមសារនយោបាយអី តាមឡានហ្នឹង អាហ្នឹងគេចាត់ទុកថាជាការហែក្បួន»។
នៅថ្ងៃទីបីនៃយុទ្ធនាការឃោសនាបោះឆ្នោត គ្រប់គណបក្សទាំង៦ នៅរាជធានីភ្នំពេញ មិនបានបញ្ចេញសកម្មភាពឃោសនាអ៊ូអរខ្លាំងឡើយ។
គណបក្សប្រជាជនកម្ពុជា ដែលបានបើកយុទ្ធនាការជួបជុំសមាជិកខ្លួនជាទ្រង់ទ្រាយធំកាលពីថ្ងៃដំបូងនៅកោះពេជ្រ នៅថ្ងៃទី២២ នេះ មិនមានការហែក្បួនឃោសនាអ្វីទៀតទេ។ គណបក្សនេះបានរៀបចំស្តង់ឃោសនាបក្សនៅតាមដងផ្លូវធំៗក្នុងក្រុងភ្នំពេញ និងនៅតាមស្នាក់ការគណបក្សប្រជាជនកម្ពុជា តាមសង្កាត់ ហើយចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយ និងផែនការអភិវឌ្ឍន៍របស់បក្សកាន់អំណាច។ គណបក្សនេះ ក៏បានបិទខិត្តប័ណ្ណជាច្រើននៅតាមផ្ទះល្វែង និងផ្ទះវីឡានៅតាមផ្លូវធំៗដែរ។
រីឯគណបក្សសង្គ្រោះជាតិ វិញ បានហែក្បួនឃោសនាដោយដើរថ្មើរជើងតាមម៉ូតូកង់បី (tuk tuk) តាមផ្ទះពលរដ្ឋនៅតាមសង្កាត់ ហើយចែកស្ទីកឃ័រ (Sticker) តូចៗរូបសញ្ញាបក្សឲ្យទៅពលរដ្ឋ។ បេក្ខជនក្រុមប្រឹក្សាសង្កាត់របស់គណបក្សសង្គ្រោះជាតិ បានដើរពន្យល់ពលរដ្ឋនៅតាមផ្ទះពីគោលនយោបាយរបស់បក្សប្រឆាំង ក្នុងការអភិវឌ្ឍនៅមូលដ្ឋាន។
ចំណែកសកម្មភាពរបស់គណបក្ស ៤ ផ្សេងទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មិនសូវឃើញសកម្មភាពឃោសនានៅតាមសង្កាត់ច្រើនទេនៅថ្ងៃទីបីនៃយុទ្ធនាការនេះ។
ប្រធានទីបញ្ជាការស្រាលសម្រាប់ដោះស្រាយវិវាទគណបក្សនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ លោក មាស ឆព្វណ្ណ បញ្ជាក់ថា ចាប់តាំងពីថ្ងៃទីមួយនៃយុទ្ធនាការមកដល់ពេលនេះ នៅរាជធានីភ្នំពេញ មិនទាន់មានវិវាទដែលកើតចេញពីការឃោសនានៅឡើយទេ។ លោកថា នៅថ្ងៃទីបីនៃយុទ្ធនាការឃោសនា គ្រប់គណបក្សបានប្រើវិធីឃោសនាជាលក្ខណៈតូចៗ ដោយប្រើរ៉ឺម៉កកង់បី និងមានគ្នាមួយក្រុមតូច ហើយសភាពការណ៍ឃោសនាវិញ ទាំងឃោសនាទ្រង់ទ្រាយធំ និងទ្រង់ទ្រាយតូច មានលក្ខណៈល្អ៖ «មិនមានបញ្ហាអីប្រឈមធំដុំសម្រាប់យើងដោះស្រាយទេ»។
ចាប់តាំងពីថ្ងៃឃោសនាគណបក្សមក ពលរដ្ឋមើលឃើញថា អាជ្ញាធរទាំងនៅថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិមានឥរិយាបថល្អ ទាំងសម្ដី និងកាយវិការមានភាពចាស់ទុំជាងអាណត្តិមុនៗ ហើយការបម្រើសេវាសាធារណៈក៏លឿនដែរ។ ពលរដ្ឋថា សូម្បីអ្នកដែលធ្លាប់សម្លុតពួកគាត់ ក៏មានភាពឱនលំទោនដាក់ពួកគាត់ដែរ។ ពលរដ្ឋស្នើឲ្យទាំងតំណាងរាស្ត្រ និងអាជ្ញាធរ រក្សាកាយវិការ និងពាក្យសម្ដីបែបទន់ភ្លន់ដូចក្នុងពេលឃោសនារកសំឡេងឆ្នោតបែបនេះឲ្យបានរហូត សុំកុំបានត្រឹមតែសម្ដែងនៅរដូវកាលរកសំឡេងឆ្នោត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment