ដោយ សុ ជីវី
2017-05-31
ក្បួនហែរបស់គណបក្សសង្គ្រោះជាតិ (ឆ្វេង) និងគណបក្សប្រជាជនកម្ពុជា ឃោសនារកសំឡេងឆ្នោតសម្រាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នារាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។
Photo: RFA
ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា អេ.ភី.អេច្ឆ.អ (APHR) អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការគំរាមកំហែង និងសុំឲ្យអាជ្ញាធរធានាថាសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនដែលជាជម្រើសរបស់ពួកគេត្រូវបានការពារ។
មន្ត្រីរដ្ឋាភិបាលច្រានចោលការលើកឡើងនេះ ដោយអះអាងថា ពលរដ្ឋរីករាយនឹងទៅបោះឆ្នោតពុំមានបញ្ហាដូច អេ.ភី.អេច្ឆ.អ (APHR) រកឃើញនោះឡើយ។
ក្រុមសមាជិកសភាក្នុងតំបន់អាស៊ាន ព្រួយបារម្ភចំពោះការគំរាមកំហែង អំពើហិង្សាម្ដងហើយម្ដងទៀត ដែលធ្វើឡើងដោយសមាជិកជាន់ខ្ពស់របស់គណបក្សកាន់អំណាចមុនការបោះឆ្នោត ដែលពួកគេបានអះអាងថា បង្កើតឲ្យមានបរិយាកាសភ័យខ្លាច ដែលបំផ្លាញការរំពឹងទុកចំពោះការបោះឆ្នោតដោយសេរី និងត្រឹមត្រូវពិតប្រាកដ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អេ.ភី.អេច្ឆ.អ (APHR) ពីទីក្រុងបាងកក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ប្រធានសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាប្រទេសម៉ាឡេស៊ី លោក លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ថ្លែងថា ការបោះឆ្នោតថ្នាក់មូលដ្ឋាននៅថ្ងៃអាទិត្យ ទី៤ មិថុនា ខាងមុខនេះមានសារសំខាន់ណាស់សម្រាប់មូលដ្ឋានប្រជាធិបតេយ្យ ហើយការបោះឆ្នោតនេះ នឹងត្រូវគេចាត់ទុកថាជាការសាកល្បង ឬធ្វើតេស្ដមួយអំពីបរិយាកាសនយោបាយមុនការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។
លោកបន្តថា អនាគតដ៏ផុយស្រួយនៃប្រជាធិបតេយ្យនៅកម្ពុជា គឺឋិតនៅក្រោមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ៖ «ការកើនឡើងនៃការគាបសង្កត់ និងការរឹតត្បិតសិទ្ធិ និងបរិយាកាសនយោបាយនៅកម្ពុជា និងគ្រោះថ្នាក់ និងផលប៉ះពាល់នៃភាពបរាជ័យនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ធ្វើឲ្យក្លាយជាស្ថានភាពបន្ទាន់បំផុតនៅក្នុងតំបន់របស់យើង។ យើងទាំងអស់គ្នាចាំបាច់ត្រូវឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះអ្វីដែលកើតឡើងនៅថ្ងៃចុងសប្ដាហ៍នេះ។ អាជ្ញាធរត្រូវធានាឲ្យបាន ដោយមិនខកខានថាគ្មានអ្វីកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតដោយឯករាជ្យរបស់ប្រជាពលរដ្ឋនោះទេ។ ការនេះ គួរតែរួមបញ្ចូលនូវការណែនាំយ៉ាងច្បាស់ដល់អាជ្ញាធរមូលដ្ឋាន ថាគ្មានករណីនៃការបំភិតបំភ័យដល់អ្នកបោះឆ្នោត ជាពិសេសនៅតាមការិយាល័យបោះឆ្នោត នឹងត្រូវបានអត់ឱននោះទេ»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អេ.ភី.អេច្ឆ.អ (APHR) បានរំឭកឡើងវិញពីសារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អេ.ភី.អេច្ឆ.អ (APHR) ចាត់ទុកថាបានគំរាមកំហែងក្នុងអំឡុងពេលយុទ្ធនាការឃោសនា។ ក្នុងនោះរួមមាន ការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ក្នុងការបង្កសង្គ្រាមទៅលើគណបក្សប្រឆាំង ប្រសិនបើគណបក្សកាន់អំណាចត្រូវបាត់បង់ការអត់ធ្មត់។ ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក៏បានព្រមាននាពេលថ្មីៗនេះដែរថា កងកម្លាំងត្រូវបានប្រើប្រាស់ដើម្បីបង្ក្រាបការតវ៉ា ដែលអាចកើតមានក្រោយការបោះឆ្នោត ហើយថាក្រុមអ្នកតវ៉ា នឹងត្រូវវាយរហូតបែកធ្មេញ ដែល អេ.ភី.អេច្ឆ.អ (APHR) ចាត់ទុកថាការរំលោភច្បាប់ជាតិ ដែលចែងថាកងកម្លាំងប្រដាប់អាវុធគួរនៅអព្យាក្រឹត។
សេចក្ដីថ្លែងការណ៍ដដែលលើកឡើងទៀតថា សារពីអំពើហិង្សានៅក្រោយការបោះឆ្នោតនេះ មិនមែនគ្រាន់តែជាការគំរាមកំហែងដល់បក្សប្រឆាំងទេ វាក៏ជាការបំភិតបំភ័យប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីបោះឆ្នោតឲ្យគណបក្សកាន់អំណាច។
ឆ្លើយតបនឹងការលើកឡើងនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ពលរដ្ឋកម្ពុជា កំពុងរីករាយក្នុងការឃោសនារកសំឡេងឆ្នោត។ លោក ផៃ ស៊ីផាន បន្តទៀតថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោករដ្ឋមន្ត្រី ទៀ បាញ់ គឺជាការរំឭកពីអ្វីដែលធ្លាប់កើតឡើងរួចមកហើយកាលពីឆ្នាំ២០១៣ ដែលការតវ៉ារបស់គណបក្សសង្គ្រោះជាតិ បានប្រែក្លាយជាអំពើហិង្សា។ លោកក៏បានរិះគន់ត្រឡប់ទៅក្រុមសមាជិកសភាអាស៊ាន ថាគ្រាន់តែជាទស្សនៈរបស់ក្រុមឯកជនមួយ ដែលមិនគួរយកចិត្តទុកដាក់ឡើយ៖ «ជាការលាបពណ៌របស់គាត់ ជាការវាយប្រហារ។ យើងមិនឲ្យមានតម្លៃទេ។ គាត់គួរសួរត្រឡប់ទៅខ្លួនគាត់វិញ គឺគាត់នៅក្នុងសហគមន៍អាស៊ានដែលមានគោលការណ៍ត្រឹមត្រូវ។ គាត់គួរតែចំណាយពេលទៅជួយកសាងការងារដែលគាត់មើលឃើញនៅក្នុងស្រុកគាត់ ជាជាងមកលូកលាន់នៅក្នុងផ្ទៃក្នុងរបស់កម្ពុជា ហើយគោលការណ៍របស់អាស៊ាន គ្មានអនុញ្ញាតឲ្យអ្នកណាលូកលាន់ទៅកិច្ចការរបស់ប្រជាជាតិក្នុងសហគមន៍អាស៊ាននោះទេ»។
អេ.ភី.អេច្ឆ.អ (APHR) លើកឡើងទៀតថា ក្រៅពីការគំរាមកំហែងរបស់មន្ត្រីរដ្ឋាភិបាលពីអំពើហិង្សា ក៏មានការលើកឡើងពីការព្រួយបារម្ភពាក់ព័ន្ធនឹងនីតិវិធីនៃការបោះឆ្នោតដែរ ក្នុងនោះរួមទាំងការបោះពុម្ពសន្លឹកឆ្នោតលើសចំនួន ២០ភាគរយច្រើនជាងការចាំបាច់ និងបញ្ហាទឹកខ្មៅជ្រលក់ម្រាមដៃអាចលាងជ្រះ ជាដើម។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា លើកឡើងថា គ.ជ.ប ប្រឹងប្រែងបំពេញការងារដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។ ចំពោះការបារម្ភពីបញ្ហានៅក្រោយការបោះឆ្នោត គ.ជ.ប បានធ្វើការងារជាមួយកងកម្លាំងប្រដាប់អាវុធ ធ្វើយ៉ាងណារក្សាស្ថិរភាព និងសុវត្ថិភាពជូនពលរដ្ឋ៖ «គ.ជ.ប បានបង្កើតបញ្ជីបោះឆ្នោតមួយដែលមានភាពល្អប្រសើរត្រឹមត្រូវរហូតដល់ទៅ ៩៨ភាគរយនេះ គឺជាភាពត្រឹមត្រូវហើយ។ ភាពត្រឹមត្រូវផ្សេងៗទៀត យើងកំពុងតែដើរទាំងអស់គ្នា។ ជំនាញការរបស់សហគមន៍អឺរ៉ុប របស់អង្គការអាមេរិកាំង និងខាងជប៉ុន កំពុងធ្វើការប្រចាំថ្ងៃជាមួយនឹង គ.ជ.ប។ ការចោទប្រកាន់ ឬក៏ភាពភ័យខ្លាចទាំងឡាយ គ.ជ.ប បើកជាចំហ ប្រសិនបើមានករណីអ្វីកើតឡើង គឺអាចប្ដឹងដើម្បីយើងធ្វើការពិនិត្យ»។
អេ.ភី.អេច្ឆ.អ (APHR) លើកឡើងដែរថា អាជ្ញាធរកម្ពុជា ក៏បានបង្កឧបសគ្គមួយចំនួនដល់ការខិតខំប្រឹងប្រែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សប្រឆាំង រួមមានមន្ត្រីរដ្ឋាភិបាលបដិសេធចំពោះសំណើប្រមូលផ្ដុំ និងបាតុកម្ម ច្រានចោលនូវពាក្យស្លោក និងសម្ភារដទៃទៀតសម្រាប់យុទ្ធនាការឃោសនាតាមអំពើចិត្ត និងភាគច្រើនរំលោភលើសេរីភាពបញ្ចេញមតិ និងការជួបប្រជុំដែលធានាដោយរដ្ឋធម្មនុញ្ញ។
អេ.ភី.អេច្ឆ.អ (APHR) នៅតែមើលឃើញថា ចាំបាច់ដែលសមាជិកសភាអាស៊ាន ត្រូវពិភាក្សាបញ្ហានេះដើម្បីឲ្យការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ ប្រព្រឹត្តទៅដោយបើកចំហ និងសន្តិវិធី ដើម្បីធ្វើឲ្យកម្ពុជា ឆ្ពោះទៅរកផ្លូវត្រឹមត្រូវជាថ្មីម្ដងទៀត៕
No comments:
Post a Comment