ដោយ អ៊ុង សេរីវុទ្ធ
2017-05-31
ក្បួនឃោសនារកសំឡេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។
RFA/Hum Chamroeun
អាជ្ញាធររាជធានីភ្នំពេញស្នើគណបក្សប្រឆាំង ជួបជុំហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួន នៅថ្ងៃចុងក្រោយទៅជាយក្រុង ឬក៏ដូរថ្ងៃឡើងវិញ ដើម្បីបញ្ចៀសការកកស្ទះ និងជួបគ្នាជាមួយក្បួនឃោសនារបស់បក្សកាន់អំណាច។ ប៉ុន្តែបក្សប្រឆាំងនៅតែចង់ធ្វើការឃោសនា នៅថ្ងៃចុងក្រោយ នៅកណ្ដាលក្រុងតែម្ដង ទោះអាជ្ញាធរមិនអនុញ្ញាតក្ដី។ ចំណែកមន្ត្រីសង្គមស៊ីវិលយល់ថា ជានីតិវិធីការស្នើរបស់សាលាក្រុងជារឿងត្រឹមត្រូវ ព្រោះបក្សប្រឆាំងស្នើសុំក្រោយបក្សកាន់អំណាច។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ឲ្យអាស៊ីសេរីដឹងថា កិច្ចប្រជុំជាមួយបក្សប្រឆាំងប្រមាណ៤ម៉ោង នៅព្រឹកថ្ងៃទី៣១ ឧសភា ខាងសាលាក្រុងបានស្នើបក្សប្រឆាំងឲ្យជួបជុំហែក្បួនរបស់ខ្លួននៅ ជាយក្រុងគឺនៅចំណុចទីលានប្រជាធិបតេយ្យថ្មី នៃខណ្ឌឫស្សីកែវ ឬដូរមកធ្វើនៅថ្ងៃទី១ មិថុនា វិញ ដើម្បីបញ្ចៀសការកកស្ទះ និងប្រឈមគ្នានឹងក្បួនរបស់បក្សកាន់អំណាចនៅថ្ងៃចុងក្រោយនោះ។ លោកថា សាលាក្រុងពិតជាចង់ឲ្យគ្រប់គណបក្សនយោបាយអាចហែក្បួនឃោសនាដោយស្មើភាពគ្នាណាស់ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាបានជូនដំណឹងមកគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញមុន ហើយអាជ្ញាធរក៏បានឯកភាពរួចរាល់ហើយដែរ៖ «តើវាសមទេដែលត្រូវតែផ្លាស់ប្ដូរសម្រាប់អ្នកមកក្រោយ ហើយការផ្លាស់ប្ដូរនេះបានបិទ ឬការឃោសនា(បក្សប្រឆាំង) មិនអាចទៅរួចទេ។ ឧទាហរណ៍ថ្ងៃទី១ មិថុនា គឺពេញបរិបូរណ៍ ងាយស្រួលសឹងដូចអ្វីដែលបក្សប្រជាជនកម្ពុជាស្នើធ្វើថ្ងៃទី២ មិថុនា អ៊ីចឹង»។
កាលពីថ្ងៃទី៣០ មិថុនា គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានស្នើបក្សប្រឆាំងម្ដងរួចហើយ ដើម្បីបែងចែកពេលវេលា និងតម្រាយក្បួនខុសពីបក្សប្រជាជន ឬដូរថ្ងៃឡើងវិញ ក្រោមហេតុផលថា បក្សកាន់អំណាចបានជូនដំណឹងមុនបក្សប្រឆាំង។
ទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា ថ្លែងថា គោលជំហររបស់បក្សប្រឆាំង គឺនឹងហែក្បួននៅថ្ងៃចុងក្រោយដូចគ្នានឹងបក្សកាន់អំណាចដែរ ហើយក៏នឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យចាស់ ក្បែរវត្តភ្នំ ដោយសារទីតាំងពីរផ្សេងទៀត គឺសួនមុខវត្តបទុមវតី និងពហុកីឡាដ្ឋានជាតិអូឡាំពិក សុទ្ធតែមិនត្រូវបានអនុញ្ញាត។ លោកថា បក្សប្រឆាំងសុខចិត្តមិនហែពេលព្រឹកទេ ដើម្បីកុំឲ្យជាន់គ្នានឹងបក្សប្រជាជន ដោយគ្រាន់តែជួបជុំគ្នាថ្លែងសារតែប៉ុណ្ណោះ ហើយរហូតដល់ម៉ោង២រសៀល ទើបគណបក្សលោកហែក្បួន៖ «បើយើងនិយាយពីច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងអំឡុងឃោសនានេះ មិនបានបែងចែកថា អ្នកនេះ ឬអ្នកនោះ មានសិទ្ធិ និងអត់សិទ្ធិទេ គឺយើងមានសិទ្ធិស្នើៗគ្នា ពេលវេលាដូចគ្នា។ អ៊ីចឹងហើយគណបក្សសង្គ្រោះជាតិឯកភាពជួបជុំគ្នានៅទីលានប្រជាធិបតេយ្យដដែល»។
បន្ថែមពីនេះលោក ម៉ន ផល្លា អះអាងថា ទោះបីជាផ្លូវហែក្បួនរបស់បក្សទាំងពីរច្រាសគ្នាតិចតួចត្រង់កន្លែងខ្លះក្ដី ប៉ុន្តែវាគ្មានបញ្ហាអ្វីទេ ព្រោះក្បួនដង្ហែក៏ធ្លាប់ហែប៉ះគ្នាអញ្ចឹងដែរ។ ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យសាលាក្រុងហាក់មិនទុកចិត្តថា នឹងមិនមានបាតុភាពអ្វីកើតឡើងទេ ជាពិសេសនៅពេលក្បួនបក្សប្រជាជនមកដល់ម្ដុំទីលានប្រជាធិបតេយ្យ៖ «សំខាន់ជាងគេ គឺបញ្ហាប្រឈមដែលយើងមិនចង់ឲ្យក្បួនឃោសនាបក្សទាំងពីរមានជួប និងអាចប៉ះទង្គិចគ្នា ឬអាចមានបាតុភាពកើតឡើងជាយថាហេតុ ដោយសារតែយើងឃើញការពីយុទ្ធនាការប៉ុន្មានថ្ងៃមុន ករណីអំពើហិង្សារវាងគណបក្សនយោបាយ និងបុគ្គលម្នាក់នោះ»។
តម្រាយក្បួនរបស់បក្សទាំងពីរ មានចំណុចជាន់គ្នា ត្រង់មហាវិថីព្រះមុនីវង្ស ដល់រង្វង់មូលខាងលិចនៃស្ពានជ្រោយចង្វារ បត់ឆ្វេងទៅរង្វង់មូលអង់តែនទួលគោក។ ប៉ុន្តែទីតាំង និងម៉ោងជួបជុំចេញក្បួនរបស់បក្សទាំងពីរខុសគ្នា។ បក្សប្រជាជនជួបជុំនិងចេញពីទីតាំងផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅម៉ោង៦ព្រឹក ខណៈបក្សប្រឆាំងជួបជុំនៅទីតាំងទីលានប្រជាធិបតេយ្យចាស់នៅពេលព្រឹក និងហែក្បួននៅពេលរសៀល។
ចំណែកនាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី យល់ថា ការបារម្ភរបស់អាជ្ញាធររាជធានីភ្នំពេញ ពីបញ្ហាកកស្ទះ ឬសុវត្ថិភាពពេលក្បួនរបស់បក្សទាំងពីរជួបគ្នានោះជារឿងសមរម្យ។ លោកថា តាមនីតិវិធីអាជ្ញាធរផ្ដល់ជូនសម្រាប់បក្សនយោបាយណាដែលជូនដំណឹងពីការហែក្បួនមកមុនគេ៖ «សង្គ្រោះជាតិសម្រេចទៅ គាត់អាចចរចាសិនទៅជាមួយប៉ិច (PEC) ដើម្បីរៀបចំយ៉ាងម៉េចកុំឲ្យមានបញ្ហា មានសន្តិសុខអីត្រឹមត្រូវ ឬជួយឲ្យអ្នកគាំទ្ររៀបចំសណ្ដាប់ធ្នាប់ឲ្យស្រួលបួលទៅ កុំឲ្យមានប៉ះទង្គិចដូចសាលាក្រុងព្រួយបារម្ភ»។
រហូតមកដល់រសៀលថ្ងៃទី៣១ ឧសភា មានតែគណបក្សមានអាសនៈក្នុងសភាទេ ដែលបានជូនដំណឹងពីការហែក្បួនឃោសនា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២ មិថុនា។ អាជ្ញាធររាជធានីបានស្នើពលរដ្ឋរស់នៅតាមតម្រាយផ្លូវ ឬឆ្លងកាត់ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា ឲ្យបញ្ចៀសចរាចរបណ្ដោះអាសន្ន ចាប់ពីម៉ោង៦ព្រឹក រហូតដល់ពេលក្បួនបញ្ចប់៕
No comments:
Post a Comment