Friday, 9 June 2017

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ញឹក ប៊ុនឆៃ


ដោយ ខែ សុណង
2017-06-09

លោក ញឹក ប៊ុនឆៃ ធ្វើ​សន្និសីទកាសែត​​ប្រកាស​បង្កើត​គណបក្ស​ថ្មី នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
លោក ញឹក ប៊ុនឆៃ ធ្វើ​សន្និសីទកាសែត​​ប្រកាស​បង្កើត​គណបក្ស​ថ្មី នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
 RFA/San Sel



ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​បញ្ចប់​មុខ​តំណែង លោក ញឹក ប៊ុនឆៃ ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល ដែល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី។ នៅ​ពេល​ដែល​លទ្ធផល​បោះឆ្នោត​បឋម​បង្ហាញ​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​មាន​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន បាន​ឈ្នះឆ្នោត​នៅ​​ឃុំ​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ នោះ លោក​បាន​បកស្រាយ​ថា មាន​អ្នក​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​លាប​ពណ៌​ថា លោក​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។



ពុំ​មាន​សេចក្ដី​បំភ្លឺ​ណា​មួយ​អំពី​មូលហេតុ​ដែល​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ បញ្ចប់​មុខ​តំណែង លោក ញឹក ប៊ុនឆៃ ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បដិសេធ​អត្ថាធិប្បាយ​បញ្ហា​នេះ និង​បាន​ឆ្លើយ​ថា លោក​មិន​ដឹង​ព័ត៌មាន និង​មិន​បាន​ឃើញ​​ព្រះរាជក្រឹត្យ​នេះ​ទេ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី​៩ មិថុនា ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។ ចំណែក​មន្ត្រី​នៃ​គណបក្ស​នេះ​មួយ​ចំនួន​ក៏​បាន​ឆ្លើយ​ថា មិន​បាន​ដឹង​ព័ត៌មាន​នេះ​ដែរ។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​ឆ្លើយ​ថា មិន​ដឹង​មូលហេតុ​ចំពោះ​ព័ត៌មាន​នេះ​ដែរ។ ប៉ុន្តែ​លោក​ថា បើ​មាន​បែប​នេះ​មែន មាន​តែ​គោរព​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ៖ «យើង​មាន​យោបល់​អី មាន​តែ​ការ​គោរព​ព្រះមហាក្សត្រ​នេះ​ហើយ​បើ​ព្រះអង្គ​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ ហើយ​យើង​គោរព​តាម​ហ្នឹង​ហើយ»។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី​ថា បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​បឋម​បង្ហាញ​ថា គណបក្ស​លោក​បាន​ឈ្នះ​ឃុំ​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​អ្នក​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​លាប​ពណ៌​ថា លោក​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​ថា លោក​បាន​ជូន​ដំណឹង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច​រាល់​ហើយ​ពី​ព័ត៌មាន​ក្លែងក្លាយ​នេះ។ លោក​ថា មាន​ការ​ភណ្ឌ​ច្រឡំ​តិចតួច​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ប៉ុន្តែ​លោក​បាន​ដោះស្រាយ​រួច​ហើយ។

ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុនឆៃ ដូច​នេះ បន្ទាប់​ពី​លេច​ឮ​ព័ត៌មាន​ថា មាន​សមត្ថកិច្ច​ចម្រុះ​ទៅ​ព័ទ្ធ​ផ្ទះ​របស់​លោក​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ និង​ទី​៧ ខែ​មិថុនា។

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ បង្ហាញ​ថា ក្នុង​ចំណោម​គណបក្ស​តូចៗ ដែល​ចូលរួម​ប្រកួតប្រជែង​មាន​តែ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈ្នះ​បាន​ឃុំ​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

លោក ញឹក ប៊ុនឆៃ អតីត​មេទ័ព និង​ជា​មន្ត្រី​ជំនិត​របស់​សម្ដេចក្រុមព្រះ​នរោត្ដម រណឫទ្ធិ កាល​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ដឹកនាំ​រដ្ឋាភិបាល។ អ្នក​ទាំង​ពីរ​បាន​បែកបាក់​គ្នា​បន្ទាប់​ពី​សម្ដេច​ក្រុមព្រះ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែ​ក្រោយ​មាន​ការ​សម្របសម្រួល​ពី​លោក ហ៊ុន សែន លោក ញឹក ប៊ុនឆៃ និង​សម្ដេច​ក្រុមព្រះ អ្នក​ទាំង​២ បាន​រួមរស់​ក្រោម​ដំបូល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឡើង​វិញ។ ទីបំផុត​កាល​ពី​​ចុង​ឆ្នាំ​២០១៦ លោក ញឹក ប៊ុនឆៃ សម្រេច​ចិត្ត​ចាកចេញ​ចោល​សម្ដេច​ក្រុមព្រះ មក​បង្កើត​គណបក្ស​ថ្មី​ឈ្មោះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ។

កាល​ពី​អាណត្តិ​ទី​៤ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ធ្លាប់​តែងតាំង​លោក ញឹក ប៊ុនឆៃ ជា​ឧបនាយករដ្ឋមន្ត្រី ប៉ុន្តែ​នៅ​ពេល​នេះ​មិន​ឃើញ​លោក​មាន​តួនាទី​ក្នុង​រដ្ឋាភិបាល​ទៀត​ទេ៕

No comments: