ដោយ សន ចាន់រដ្ឋា
2017-06-09
rfa
សត្វខ្សឹប ឬក្ងោកទេព នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ រូបថតឆ្នាំ២០១៦។ Photo Courtesy of WCS
Photo Courtesy of WCS
ក្រុមអ្នកអភិរក្ស និងស្រាវជ្រាវផ្នែកសត្វព្រៃបារម្ភថា សត្វខ្សឹប ឬក្ងោកទេព ឬហៅម្យ៉ាងទៀតថា ទ្រមាក់អណ្ដើក ដែលជាសត្វជិតផុតពូជនៅលើពិភពលោក អាចនឹងផុតពូជពីប្រទេសកម្ពុជា នៅពេលឆាប់ៗខាងមុខ។
ការបារម្ភនេះបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យចំនួនពីរនៅចក្រភពអង់គ្លេស និងក្រុមអង្គការសមាគមអភិរក្សសត្វព្រៃ បានរកឃើញថា សត្វកម្រមួយប្រភេទនេះ កំពុងរងគ្រោះដោយសារសកម្មភាពចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍។
ការបរបាញ់សត្វស្លាបនៅតាមតំបន់វាលស្មៅ និងការធ្វើស្រែប្រាំងពីរដងក្នុងមួយឆ្នាំ រួមនឹងការប្រើប្រាស់ជីគីមីនៅទីជម្រករបស់សត្វខ្សឹបដែលរស់នៅក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប គឺជាកត្តាគំរាមកំហែងដល់ការរស់នៅរបស់សត្វខ្សឹប និងការបង្កកំណើតរបស់វា។
អ្នកដឹកនាំការស្រាវជ្រាវម្នាក់ គឺកញ្ញា ហារៀត អ៊ីបប៊ែត (Harriet Ibbett) ថ្លែងថា តាមការប៉ាន់ស្មានស្រែរដូវប្រាំងប្រមាណ ២០ភាគរយ មានទីតាំងស្ថិតនៅក្នុងដែនជម្រកពងកូនរបស់សត្វខ្សឹប។ ម្យ៉ាងទៀត ការពន្យារពេលប្រមូលផលស្រូវ ក៏ជាកត្តាដែលកាត់បន្ថយរយៈពេលពងកូនរបស់សត្វខ្សឹបផងដែរ។
សៀវភៅស្ដីពី “សត្វស្លាបនៃប្រទេសកម្ពុជា” បញ្ជាក់ថា សត្វខ្សឹបច្រើនរស់នៅតំបន់វាលស្មៅ វាលស្រែស្រូវឡើងទឹក ដែលភាគច្រើនឃើញនៅជុំវិញតំបន់បឹងទន្លេសាប ខេត្តកំពង់ធំ និងខេត្តសៀមរាប ជាដើម។ សត្វប្រភេទនេះច្រើនបន្តពូជអំឡុងខែមីនា ដល់ខែសីហា។ ក្នុងមួយរដូវសត្វប្រភេទនេះមានពងតែពីរប៉ុណ្ណោះ។
អង្គការ International Union for Conservation of Nature (IUCN) បានដាក់បញ្ចូលសត្វខ្សឹប ឬក្ងោកទេពនេះទៅក្នុងប្រភេទសត្វរងគ្រោះបំផុតជិតផុតពូជ ខណៈចំនួនរបស់វាមានតិចជាង ៨០០ក្បាល នៅលើពិភពលោក ហើយវត្តមានសត្វជិតផុតពូជមួយនេះ ត្រូវបានគេរកឃើញថា មានច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំ២០១២ គេរកឃើញថា មានសត្វខ្សឹបនេះជាង ៤០០ក្បាល។
ការសិក្សាស្រាវជ្រាវក៏បានរកឃើញថា ប្រជាសហគមន៍មួយចំនួនតែងបរបាញ់សត្វស្លាបនៅតាមតំបន់វាលស្មៅ ដែលជាការគំរាមកំហែងខ្លាំងដល់ការរស់នៅរបស់សត្វខ្សឹប។
អ្នកដឹកនាំការស្រាវជ្រាវ កញ្ញា ហារៀត អ៊ីបប៊ែត យល់ថា ដើម្បីអភិរក្សសត្វខ្សឹបនេះបានលុះត្រាកាត់បន្ថយការធ្វើស្រែប្រាំងមកនៅត្រឹមម្ដងក្នុងមួយឆ្នាំ និងរក្សាទុកវាលស្មៅខ្ពស់ៗដែលដុះក្នុង ឬជុំវិញប្រភពទឹកដើម្បីផ្ដល់ទីសម្រាប់សត្វខ្សឹបពងកូន។
ស្រដៀងគ្នានេះដែរ មន្ត្រីផ្នែកទំនាក់ទំនងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ លោក អេង ម៉េងអ៊ី ឱ្យអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី៨ ខែមិថុនា នេះថា អង្គការរបស់លោកនឹងធ្វើការអប់រំ ផ្សព្វផ្សាយដល់ពលរដ្ឋ និងធ្វើការជាមួយស្ថាប័នរដ្ឋដើម្បីពង្រឹងការការពារនៅតំបន់ការពារ៖ «យើងកំពុងតែបង្កើតកម្មវិធីរៀបចំជីវិត យើងមានជាគម្រោងស្រូវជួយពួកគាត់ ដោយយើងឱ្យគាត់ដាំស្រូវយើងផ្ដល់ជាបច្ចេកទេស យើងផ្ដល់ជាគ្រាប់ពូជ ហើយយើងធ្វើម៉េចឱ្យគាត់ជួយកុំអោយបរបាញ់សត្វព្រៃ ឱ្យគាត់ជួយថែរក្សាមិនឱ្យប្រើប្រាស់ថ្នាំគីមីអីជាដើម»។
ទោះយ៉ាងណាក៏ដោយ លោក អេង ម៉េងអ៊ី ក៏បានអំពាវនាវដល់សហគមន៍ដែលតែងតែធ្វើសកម្មភាពប៉ះពាល់ដល់សត្វជិតផុតពូជមួយនេះ ឱ្យងាកមកចូលរួមជាមួយអង្គការ និងក្រសួងបរិស្ថានដើម្បីអភិរក្សប្រភេទសត្វ៕
No comments:
Post a Comment