Tuesday, 27 June 2017

យុវជន​កម្ពុជា​ជាង​៥​ម៉ឺន​នាក់​ប្រឡង​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​ព្រោះ​កត្តា​ជីវភាព


ដោយ ថា កិត្យា
2017-06-25

ក្រុម​យុវជន​តម្រង់​ជួរ​មុន​ចូល​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of mlvt.gov.kh's facebook
ក្រុម​យុវជន​តម្រង់​ជួរ​មុន​ចូល​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of mlvt.gov.kh's facebook
 Photo courtesy of mlvt.gov.kh's facebook



យុវជន​កម្ពុជា ប្រមាណ​ជាង ៥​ម៉ឺន​នាក់ បាន​ចូលរួម​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ដើម្បី​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ បេក្ខជន​មួយ​ចំនួន​អះអាង​ថា បញ្ហា​ជីវភាព​គឺ​ជា​កត្តា​ចម្បង​ដែល​ជំរុញ​ឲ្យ​ពួក​គាត់​ប្រាថ្នា​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម យល់​ថា រដ្ឋាភិបាល​គួរ​តែ​រក​វិធីសាស្ត្រ​រក្សា​កម្លាំង​យុវជន​ឲ្យ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ខ្លួន​ឯង ប្រសើរ​ជាង​បញ្ជូន​ពួក​គាត់​ចេញ​ទៅ​ក្រៅ​ប្រទេស។



ក្នុង​ចំណោម​បេក្ខជន​ចូលរួម​ប្រឡង​ដែល​សុទ្ធតែ​ជា​យុវជន​ពេញ​កម្លាំង​ប្រមាណ​ជាង ៥​ម៉ឺន​នាក់​នោះ (៥០.៩៦៤​នាក់) គឺ​ប្រទេស​កូរ៉េ​ខាង​ត្បូង នឹង​ជ្រើសរើស​យក​តែ​ជាង ៣.៦០០​នាក់ ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​ចំនួន ១.៣០០​នាក់ វិស័យ​សំណង់​ចំនួន ១.៨០០​នាក់ និង​វិស័យ​កសិកម្ម ៥០០​នាក់។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក (facebook) របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ការ​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ​នេះ គឺ​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ដោយ​មាន​មណ្ឌល​ប្រឡង​ចំនួន​៩ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ បេក្ខជន​ភាគច្រើន​មក​ពី​តាម​បណ្ដា​ខេត្ត ហើយ​មាន​មុខ​របរ​ជា​សិស្ស និស្សិត និង​ខ្លះ​ទៀត​ជា​កម្មករ និង​កសិករ ជាដើម។

បេក្ខជន​ម្នាក់​ឈ្មោះ ថម សំណង មក​ពី​ខេត្ត​កំពង់ចាម ប្រាប់​អាស៊ីសេរី មុន​ពេល​ចូល​ប្រឡង​នៅ​សាលា​បឋម​សិក្សា​សន្ធរម៉ុក ក្រុង​ភ្នំពេញ​ថា មូលហេតុ​ដែល​លោក​ប្រាថ្នា​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ ចោល​ប្រពន្ធ​កូន​មួយ​រយៈ​នោះ ដោយសារ​កត្តា​ជីវភាព ផ្ដើម​ចេញ​ពី​ទីផ្សារ​ការងារ​នៅ​ក្នុង​ស្រុក​មិន​មាន​គ្រប់គ្រាន់ ប្រាក់​បៀវត្សរ៍​តិច គួបផ្សំ​នឹង​តម្លៃ​កសិផល​ចុះ​ថោក​មិន​សង្ឃឹម​ឡើង​ថ្លៃ​ផង៖ «នៅ​ជនបទ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​បាន តែ​ដល់​ពេល​លក់​ចេញ​វា​ថោក ធ្វើ​ឲ្យ​គ្រួសារ​ជួប​ការ​ខ្វះខាត ចឹង​បាន​ចង់​ទៅ​ប្រទេស​គេ ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​សម្រាប់​ដោះស្រាយ​កង្វះ​ខាត​ក្នុង​ក្រុម​គ្រួសារ»។

រីឯ​កម្មការិនី​រោងចក្រ​ម្នាក់​ដែល​ចូលរួម​ប្រឡង​ដែរ​នោះ រៀបរាប់​ថា ថ្វី​បើ​នាង​មិន​ចង់​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ និង​ប្រទេស​កំណើត​ក្តី ប៉ុន្តែ​នាង​នៅ​តែ​ផ្សងព្រេង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ព្រោះ​ថា​នៅ​ទីនោះ​ប្រាក់ខែ​ខ្ពស់​ជាង​នៅ​កម្ពុជា ដែល​អាច​ជួយ​សម្រាល​បន្ទុក​គ្រួសារ៖ «ទៅ​ស្រុក​គេ​មាន​ប្រាក់​ខែ​ថ្លៃ អាច​ចិញ្ចឹម​គ្រួសារ​បាន តែ​បើ​យើង​ធ្វើ​ការ​រោងចក្រ​នៅ​ភ្នំពេញ បាន​ប្រាក់​ខែ​តិច ហើយ​យើង​ផាត់​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង ណា​ម្ហូប​អាហារ ណា​ផ្ញើ​ទៅ​ផ្ទះ ដូច្នេះ​វា​អត់​គ្រប់គ្រាន់​នោះ​ទេ»។

ពលករ​ខ្មែរ​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន និង​មាន​ប្រាក់ខែ​សមរម្យ រួម​ទាំង​ជួយ​រក​ទីផ្សារ​កសិផល​ជាដើម​នោះ គឺ​យុវជន​នឹង​ងាក​មក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ជាក់​ជា​មិន​ខាន។

ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ចំនួន ៥៣.០០០​នាក់ និង​ពលករ​មិន​ស្រប​ច្បាប់​ប្រមាណ​ជា ៣​ពាន់​ទៅ ៤​ពាន់​នាក់​ផ្សេង​ទៀត។ ពួក​គេ​ទាំងនោះ​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​វិស័យ​សំណង់។ ដោយឡែក​ក៏​មាន​ស្ត្រី​ខ្មែរ​រៀបការ​ជាមួយ​ស្វាមី​កូរ៉េ ជាង ១​ម៉ឺន​នាក់ និង​និស្សិត ៤០០​នាក់ កំពុង​សិក្សា និង​រស់នៅ​ប្រទេស​កូរ៉េ។ មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា ពលករ​ចំណាក​ស្រុក​ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​បច្ចុប្បន្ន បាន​ជួយ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​យ៉ាង​ច្រើន។

អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ដោយឡែក​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​ពលករ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស​អាច​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ក្តី ប៉ុន្តែ​សម្រាប់​រយៈពេល​វែង គឺ​រដ្ឋាភិបាល​គួរ​តែ​រក​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ក្នុង​ស្រុក ហើយ​រក្សា​កម្លាំង​យុវជន​ឲ្យ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ៖ «ការ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ស្រុក​នេះ វា​ស្ទើរ​មាន​ការ​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​ផង​ក៏​ថា​បាន​ដែរ ដើម្បី​បញ្ជូន​កម្លាំង​ពេញ​ទៅ​ក្រៅ​ឲ្យ​អស់​ទៅ ហើយ​វា​នឹង​អាច​ប៉ះពាល់​ទៅ​ដល់​ការ​បោះឆ្នោត។ ចឹង​បើ​គេ​មើល​ទៅ វា​មាន​រឿង​នៅ​ខាង​ក្រោយ។ រដ្ឋាភិបាល​ត្រូវ​តែ​មាន​ផែនការ​ណា​មួយ ឬ​យុទ្ធសាស្ត្រ​ណា​មួយ ដើម្បី​រក្សា​កម្លាំង​ពលកម្ម​ឲ្យ​នៅ​ក្នុង​ស្រុក​សម្រាប់​ជួយ​អភិវឌ្ឍ​ស្រុក​យើង​ផង​បាទ»។

ចំពោះ​បញ្ហា​ចំណាក​ស្រុក​នេះ​ដែរ កាល​នៅ​មាន​ជីវិត អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា និកម្មភាព ឬ​ភាព​គ្មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​របស់​ពលរដ្ឋ​កម្ពុជា គឺ​ជា​វិបត្តិ​សង្គម ឬ​ជា​សញ្ញា​អាសន្ន​មួយ​ដែល​ត្រូវ​ដោះស្រាយ។ លោក​ថា កាលណា​យុវជន​បន្ត​ចេញ​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​បែប​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា យុវជន​បាន​ចាកចេញ​ពី​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ប្រទេស ហើយ​ផ្ទុយ​ទៅ​វិញ លោក​ថា​ការ​ទៅ​រស់នៅ​ធ្វើ​ការ​ស្រុក​គេ​នោះ កាន់​តែ​ធ្វើ​ឲ្យ​ប្រទេស​គេ​រីក​ចម្រើន​តាម​រយៈ​ប្រើប្រាស់​សេវាកម្ម​ផ្សេងៗ។

លោក​បណ្ឌិត កែម ឡី ធ្លាប់​ផ្តល់​យោបល់​ដែរ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក​នេះ គឺ​រដ្ឋាភិបាល​ត្រូវ​រៀបចំ​ច្បាប់​ចូល​និវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទុក​ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បន្ត​វេន។ ទន្ទឹម​គ្នា​នេះ លោក​ថា​រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ថា​បច្ចុប្បន្ន​នេះ ជនជាតិ​វៀតណាម ខុស​ច្បាប់​ជាច្រើន បាន​ដណ្ដើម​ការងារ​យុវជន​ខ្មែរ​ស្ទើរ​គ្រប់​វិស័យ។ រីឯ​បញ្ហា​អភិវឌ្ឍ​ភូមិ​ឃុំ ក៏​ជា​រឿង​ដែល​រដ្ឋាភិបាល​មិន​ត្រូវ​មើល​រំលង​ដែរ។ ចំណាក​ស្រុក​របស់​យុវជន​ខ្មែរ​ទៅ​ធ្វើ​កម្មករ​គេ មាន​ន័យ​ថា​ពួក​គេ​បាត់បង់​ឱកាស​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ខ្ពង់ខ្ពស់ ដូច្នេះ​ពេល​នោះ​ហើយ ពលរដ្ឋ​កម្ពុជា អាច​នៅ​តែ​ធ្វើ​ជា​កម្មករ​គេ​ត​ពូជ ឬ​ត​ជំនាន់៕

No comments: