Thursday, 29 June 2017
តុលាការក្រុងភ្នំពេញ បញ្ជាឱ្យមន្ត្រីបក្សជំទាស់មួយរូបចូលខ្លួនបំភ្លឺ ចំពោះអំពើហិង្សាពេលឃោសនាបោះឆ្នោត នាខែឧសភា
29 មិថុនា 2017
កាន់ វិច្ឆិកា
លោក ម៉ន ផល្លា ប្រធានប្រតិបត្តិរាជធានីភ្នំពេញ និងជាតំណាងគណបក្សសង្គ្រោះជាតិ កំពុងផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដោយមានបង្ហាញពីម្រាមដៃនាងដែលលោកបានជ្រលក់ថ្នាំ និងអាចលាងឲ្យរលុបច្រើន ក្នុងសន្និសីទសារព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
តុលាការរាជធានីភ្នំពេញបានបញ្ជាតាមរយៈដីកាកោះឲ្យអ្នករៀបចំក្បួនដង្ហែការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅភ្នំពេញ លោក ម៉ន ផល្លា ចូលបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីសាកសួរលើករណីហិង្សាមួយក្នុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ នាខែឧសភា។
ភ្នំពេញ —
ប្រធានក្រុមការងារប្រតិបត្តិគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបានតុលាការបញ្ជាឲ្យទៅបង្ហាញខ្លួននៅមុខសមត្ថកិច្ចបារម្ភថា លោកនឹងត្រូវរងការចាប់ខ្លួនពេលចូលតាមបញ្ជាតុលាការ ដូចករណីមន្រ្តីបក្សប្រឆាំងផ្សេងទៀតដែលកំពុងរងការចោទប្រកាន់ និងជាប់ឃុំ។
កាលពីថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាតាមរយៈដីកាកោះឲ្យប្រធានក្រុមការងារប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ គឺលោក ម៉ន ផល្លា ចូលបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីសាកសួរលើករណី «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» កាលពីថ្ងៃហែក្បួនឃោសនាបោះឆ្នោតឃុំ-សង្កាត់ របស់គណបក្សជំទាស់នាចុងខែឧសភាកន្លងទៅ។
លោក ម៉ន ផល្លា ប្រធានក្រុមការងារប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលជាមន្រ្តីទទួលខុសត្រូវក្នុងការរៀបចំក្បួនដង្ហែយុទ្ធនាការបោះឆ្នោតនាពេលកន្លងទៅ បានប្រាប់ VOA តាមរយៈទូរស័ព្ទ នាយប់ថ្ងៃពុធនេះថា លោកមិនបានដឹងពីអំពើហិង្សាដែលកើតមានក្នុងក្បួនដង្ហែបក្សនាចុងខែឧសភា នោះទេ ហើយលោកក៏មិនបាននៅកន្លែងកើតហេតុផងដែរ។ លោកបន្ថែមថា ការប្រើអំណាចតុលាការដោយបញ្ជាឲ្យលោកទៅបង្ហាញខ្លួននៅមុខសមត្ថកិច្ចពាក់ព័ន្ធនឹងហិង្សា គឺជាការបញ្ជាតាមបែបនយោបាយតែប៉ុណ្ណោះ។
លោក ម៉ន ផល្លា បន្ថែមថា លោកកំពុងពិភាក្សាជាមួយមេធាវីរបស់លោក ថានឹងត្រូវចូលបង្ហាញខ្លួនតាមការបញ្ជា ឬយ៉ាងណា ដោយលោកអះអាងថា លោកបារម្ភពីការចាប់ខ្លួនលោកដូចករណីមន្រ្តី និងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត។
លោកមានប្រសាសន៍ថា៖
«បទពិសោធន៍ដែលមន្រ្តីគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិដែលកន្លងហើយ គឺថាជាទូទៅ គឺត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ឃុំខ្លួន ហើយបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ដោយមិនបានវិភាគអង្គច្បាប់ និងអង្គហេតុឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈនោះទេ។ អញ្ចឹងហើយខ្ញុំពិតជាមានការបារម្ភទាក់ទងទៅនឹងការចូលខ្លួនបំភ្លឺនាពេលខាងមុខនេះ»។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនចេញកាលពីថ្ងៃអង្គារ ចេញដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ដោយមានយោងរបាយការណ៍សុំដីកាបញ្ជាឲ្យចូលខ្លួនរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ តាមមាត្រា៣៧ មាត្រា៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ លោក សៀង សុខ បានបញ្ជាឲ្យលោក ម៉ន ផល្លា ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ចូលខ្លួនទៅបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មុនថ្ងៃទី១៧ ខែកក្កដា ដើម្បីសាកសួរលើករណី «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។
ក្នុងដីកាបញ្ជានោះបានសរសេរក្នុងន័យដើមថា៖
«បញ្ជាឈ្មោះ ម៉ន ផល្លា អាយុ៤២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ 3Eo ផ្លូវលេខ15C ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧»។
ដីកាបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ គឺធ្វើឡើងមួយថ្ងៃក្រោយពី ការលើកឡើងរបស់លោក ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ដែលបញ្ជាក់ពីការសោកស្តាយចំពោះអំពើហិង្សា លើយុវជនមួយរូបអំឡុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់កន្លងទៅ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)
VOA មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានទេ។ ចំណែកអ្នកនាំពាក្យមួយរូបទៀត គឺលោក សួស វិទ្យារ៉ាន់ឌី ប្រាប់ថា លោកមិនមានសមត្ថកិច្ចឆ្លើយទៅនឹងសំណួរពាក់ព័ន្ធនឹងសំណុំរឿងនោះទេ។
នគរបាលខណ្ឌមានជ័យបានព្យាយាមមិនឆ្លើយនិងសំនួររបស់អ្នកសារព័ត៌មានដោយ បង្វែរសំនួរដាក់គ្នាទៅវិញទៅមក។ ពេល VOA ទាក់ទងតាមទូរស័ព្ទនាថ្ងៃពុធ អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បង្វែរឲ្យទាក់ទងទៅអធិការរង គឺលោក ហួរ ម៉េងវ៉ាង ក៏ប៉ុន្តែលោក ហួរ ម៉េងវ៉ាង ប្រាប់ថា លោកអាចផ្តល់សម្ភាសន៍បានលុះត្រាតែទទួលបញ្ជាពីលោក ជួន សុវណ្ណ ដែលជាស្នងការរាជធានីភ្នំពេញជាមុនសិន។
លោក ហួរ ម៉េងវ៉ាង ថ្លែងយ៉ាងដូច្នេះថា៖
«ស្នងការឯកឧត្តម ជួន សុវណ្ណ គាត់អនុញ្ញាតឲ្យខ្ញុំសម្ភាសខ្ញុំនឹងសម្ភាសជូន។ ខ្ញុំជាកូនចៅ មុននឹងខ្ញុំធ្វើអីខ្ញុំត្រូវការរាយការណ៍ ត្រូវការសុំគោលការណ៍។ ហើយខ្ញុំចេះតែសម្ភាស ចេះតែអីអញ្ចឹងមានន័យថាខ្ញុំអត់មានមេអត់មានកើយ។ អញ្ចឹងសុំអធ្យាស្រ័យ មានអីចាំសួរគាត់ទៅ គាត់ថ្នាក់លើអនុញ្ញាតឲ្យខ្ញុំធ្វើការ បានខ្ញុំធ្វើការរាយការណ៍ជូន»។
ស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ក៏មិនអាចទំនាក់ទំនងសុំក្តីអធិប្បាយបានដែរនាថ្ងៃព្រហស្បតិ៍នេះ។
តាមវីដេអូឃ្លីបមួយដែលត្រូវបានគេបង្ហោះលើបណ្តាញសង្គមកាលពីចុងខែឧសភា ដោយបង្ហាញពីសកម្មជនបក្សប្រឆាំងម្នាក់ បានស្រែកឲ្យបុរសម្នាក់កំពុងជិះម៉ូតូ ថាបានជិះបញ្ច្រាសផ្លូវ ហើយក៏មានវីដេអូមួយទៀត បានបង្ហាញពីសកម្មភាពរបស់មនុស្សដែលពាក់អាវបក្សប្រឆាំងវាយទៅលើយុវជនរូបនោះក្នុងអំឡុងពេលនៃការហែក្បួនឃោសនាបោះឆ្នោត។
បន្ទាប់ពីវីដេអូនោះត្រូវបានបង្ហោះ យុវជនម្នាក់ដែលមានឈ្មោះថា សេក សាមុន បានដាក់ពាក្យបណ្តឹងប្តឹងក្រុមយុវជនបក្សសង្គ្រោះជាតិជិត១០នាក់ ដោយចោទថាបានប្រើហិង្សាមកលើខ្លួនក្នុងពេលកំពុងជិះម៉ូតូប៉ះជាមួយក្បូនដង្ហែរបស់បក្សប្រឆាំងនៅភ្នំពេញ។
លោក សុក សំអឿន មេធាវីជើងចាស់មួយរូបដែលតែងការពារក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្ស លើកឡើងពីផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីនេះថា តុលាការត្រូវកោះហៅជនដៃដល់ដែលជាអ្នកប្រើហិង្សាដើម្បីមកសួរនាំជាមុន មិនមែនហៅអ្នកដែលមិនបានប្រព្រឹត្តមកសួរនោះទេ។ លោកបន្ថែមថា ការបញ្ជារបស់តុលាការ គឺជាការបញ្ជាដែលមិនសមហេតុផល។
លោកមានប្រសាសន៍ថា៖
«ពាក់ព័ន្ធនឹងផ្លូវច្បាប់យើងឃើញថា វាមិនមែនមានន័យថាឲ្យតែក្នុងក្រុមហែហ្នឹង ព្រោះធម្មតាហែហ្នឹងមិនដឹងអ្នកណាខ្លះគេមក គ្នាគេគ្នាឯងពាសពេញមិនដឹងអ្នកណាមួយ។ ដូច្នេះបើតាមដំណើរការនៃការស៊ើបអង្កេត បើយើងចង់ចោទប្រធានអ្នកគ្រប់គ្រងការហែហ្នឹង លុះត្រាតែយើងចាប់ជនល្មើសសិន ហើយជនល្មើសឆ្លើយថាបងអើយខ្ញុំមិនចង់ធ្វើទេ គឺលោកប្រធាននោះទេជាអ្នកប្រើខ្ញុំ អាហ្នឹងបានដេញដោលទៅទៀត។ មិនដែលអាណាហៅមេក្បួនទៅឆ្លើយទេ»។
រហូតមកដល់ពេលនេះ ក្រុមមន្រ្តី និងអតីតមន្រ្តីជាន់ខ្ពស់ ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិជិត២០នាក់ កំពុងរងការឃុំខ្លួន និងចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗគ្នា ដែលគណបក្សជំទាស់ដ៏ធំក្នុងប្រទេសកម្ពុជា ហៅថាជាអ្នកទោសនយោបាយ។
ជាទូទៅ គេមើលឃើញថាតុលាការកម្ពុជាតែងមានចំណាត់ការយ៉ាងឆាប់រហ័សលើបុគ្គលដែលតែងរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល ក្នុងនោះរួមមានមន្រ្តី និងសកម្មជនបក្សប្រឆាំង សកម្មជនការពារដីធ្លី សកម្មជនបរិស្ថាន ព្រមទាំងមន្រ្តីសង្គមស៊ីវិលជាដើម។ ចំណាត់ការនោះត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនរិះគន់ថា តុលាការមិនមានភាពឯករាជ្យ និងជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment