Thursday, 29 June 2017

ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់​ត្រូវ​បញ្ជូន​មក​វិញ ក្រោយ​ថៃ​អនុវត្ត​វិធាន​ថ្មី លើ​ការ​ជ្រើស​រើស​ពលករ


ដោយ សឿង ភារៈ 29/06/2017 29/06/2017
rfi

media
ពលករខ្មែរពេលអាជ្ញាធរថៃចាប់បញ្ជួនមកកម្ពុជាវិញកាលពីពេលកន្លងទៅ


អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​រាប់​រយ​នាក់​មក​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត ច្រើន​ជាង​ធម្មតា ក្រោយ​ពេល ដែល​ប្រទេស​ថៃ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ថ្មី​៨​ចំណុច។ ចំណុច​ទាំង​៨​នេះ បាន​ដាក់​ទោស​ទណ្ឌ​យ៉ាង​ធ្ងន់​ធ្ងរ ទាំង​ការ​ផាក​ពិន័យ និង​ដាក់​ពន្ធនាគារ ដល់​ជន​ជាតិ​ថៃ​ណា ដែល​ទទួល​ពលករ​បរទេសខុស​ច្បាប់​ទៅ​ធ្វើ​ការ។



លោក​ង៉ោ ម៉េងជ្រួន អភិបាល​ក្រុង​ប៉ោយប៉ែត​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ថា ចំនួន​ពលករ​ខ្មែរ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​មាន​ចំនួ​នច្រើន​ជាង​សព្វ​ដង។ លោក​បញ្ជាក់​ថា ជា​ធម្មតា​គឺ​មាន​ពលករ​ខ្មែរ​ជា​មធ្យម​ប្រមាណ​១៥០​នាក់ ទៅ​២៥០​នាក់ ត្រូវ​បាន​បញ្ជូន​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា​មាន​ពលករ​ខ្មែរ​ប្រមាណ​ពី​៣០០​នាក់ ទៅ​៤០០​នាក់​ត្រូវ​បាន​បញ្ជូន​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ។

កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ថា ការ​កំណត់​លក្ខខណ្ឌ​ជ្រើស​រើស​ពលករ​បរទេស​ថ្មី មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ គឺ​ដើម្បី​ពង្រឹង​ស្តង់ដារ​នៃ​ការ​ជ្រើស​រើស​ពលករ និង​គ្រប់​គ្រង​កម្លាំង​ពលកម្ម រួម​ទាំង​ជៀស​វាង​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​បំពាន ឬ​ការ​ជួញ​ដូរ​មនុស្ស ពី​សហគមន៍​អន្តរជាតិ។ បាងកក​ប៉ុស្តិ៍​ឲ្យ​ដឹង​ទៀត​ថា​ច្បាប់ ឬ​វិធាន​ថ្មី ដែល​បាន​អនុវត្ត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា​មក នឹង​ផ្តន្ទា​ទោស ចំពោះ​អ្នក​ប្រព្រឹត្តិ​ល្មើស ដែល​មាន​ការ​ផាក​ពិន័យ​ជា​ប្រាក់​ចាប់​ពី ៤​សែន​បាត ទៅ​៨​សែន​បាត ឬ​ប្រហែល​ពី​១​ម៉ឺន​ដុល្លារ ទៅ​ជាង​២​ម៉ឺន​ដុល្លារ​អាមេរិក។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា មាន​ករណី ចាប់​បាន​ពលករ​ខ្មែរ​១៨៣​នាក់ ពុំ​មាន​ឯកសារ​បញ្ជាក់​ត្រឹម​ត្រូវ ក្នុង​ចំណោម​ពលករ​ខ្មែរ​២២៥​នាក់។ ពលករ​ខ្មែរ​ដែល​ពុំ​មាន​ឯកសារ ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បញ្ជូន​មក​ប្រទេស​កម្ពុជា ចំណែក​ពលករ ដែល​មាន​ប័ណ្ណ​ការងារ​ពណ៌​ស៊ី​ជម្ពូរ តែ​ធ្វើ​ការ​ខុស​កន្លែង និង​មាន​ប័ណ្ណ​អនុញ្ញាត​ការងារ​ក្លែង​ក្លាយ នឹង​ត្រូវ​បញ្ជូន​ឡើង​តុលាការ។

លោក​មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​សង់​ត្រាល់​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា​នេះ។ ប៉ុន្តែ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ​លោក​ធ្លាប់​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា មូល​ហេតុ ដែល​ពលករ​ខ្មែរ ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខុស​ច្បាប់​ច្រើន ដោយ​សារ​តែ​នីតិវិធី​ក្នុង​ការ​ជ្រើស​រើស និង​ការ​បញ្ជូន​ពលករ​នៅ​មាន​ភាព​ស្មុកស្មាញ​នៅ​ឡើយ​៕

No comments: