Sunday, 4 June 2017
កាសែតបរទេសចាប់អារម្មណ៍លើការព្រមានពីការផ្ទុះសង្រ្គាមស៊ីវិល របស់លោកហ៊ុន សែន
ដោយ ឈាង បុប្ផា 04/06/2017 04/06/2017
rfi
នាយករដ្ឋមន្រ្តី កម្ពុជា លោកហ៊ុន សែនថ្លែងនៅក្នុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧
©REUTERS/Samrang Pring
តើកាសែតបរទេសចាប់អារម្មណ៍យ៉ាងណាដែរ ទៅលើការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា? ឈាង បុប្ផា បានដកស្រង់អត្ថបទចុះផ្សាយដោយវិបសៃតិ៍ភាសារអង់គ្លេស ដូចជា The Washington Post Channel News Asia Financial Time និងប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC។
កាសែតបរទេសដែលចាប់អារម្មណ៍សរសេរពីការបោះឆ្នោតឃុំសង្កាត់នៅប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ ភាគច្រើនជាកាសែតភាសាអង់គ្លេស ក្នុងពេលកាសែតជាភាសាបារាំងវិញ ស្ងាត់ គ្មាន សរសេរអត្ថបទអ្វីសោះ ទាក់ទងនឹងការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា។
ពាក្យគំរាមរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន ដែលថា សង្រ្គាមស៊ីវិលនឹងកើតឡើង បើសិនគណបក្សប្រជាជនចាញ់ឆ្នោត ត្រូវបានកាសែតបរទេសសង្កត់ធ្ងន់ក្នុងអត្ថបទ។ លោកហ៊ុនសែនរបស់កម្ពុជាបានព្រមានពីសង្រ្គាមស៊ីវិល នៅមុន ការបោះឆ្នោតចាប់ផ្តើម។ នេះជាចំណងជើងអត្ថបទដែលកាសែតFinancial timeបានសរសេរចុះផ្សាយនៅលើវិបសៃតិ៍របស់ខ្លួន នៅថ្ងៃទី១មិថុនាកន្លងទៅ។ សម្រាប់កាសែត Financial time ការបោះឆ្នោតឃុំសង្កាត់មានសារៈសំខាន់ ព្រោះវាជាសូចនាករ អាចឆ្លុះបញ្ចាំងពីនិន្នាការរបស់ប្រជាជនសម្រាប់ការបោះឆ្នោតសភា នៅឆ្នាំក្រោយ។ តាមកាសែត Financial time ដដែល លោកហ៊ុនសែនបានព្រមាននៅសប្តាហ៍មុនថា សង្រ្គាមនឹងកើតឡើង ប្រសិនបើគណបក្សប្រជាជន ចាញ់ឆ្នោត លែងអាចដឹកនាំប្រទេស និងថា ក្រុមគ្រួសាររបស់លោកនឹងត្រូវប្រហារជីវិត ដោយក្រុមប្រឆាំងឈ្នះចូលកាន់អំណាច។
លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ធ្លាប់បានគំរាមពីការផ្ទុះសង្រ្គាមស៊ីវិល ពីមុនមក។ ប៉ុន្តែ លើកនេះ លោកប្រើសំដីខ្លាំងជាងមុន ដោយលោកបានបញ្ជាក់ពីចំនួនជីវិតមនុស្ស ដែលគេត្រូវលះបង់ចោល ដើម្បីឲ្យគណបក្សរបស់លោកនៅបន្តកាន់អំណាច។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ABC។ “ដើម្បីធានាជីវិតរបស់មនុស្សរាប់លាននាក់ យើងមិនខ្លាចនឹងកម្ចាត់ចោលមនុស្សពី១០០ ទៅ២០០នាក់នោះទេ ព្រោះថា យើងធ្លាប់ហែលឆ្លងរួចហើយជីវិតល្វីងជូរចត់”។ នេះជាការថ្លែងរបស់លោកហ៊ុន សែន ដកស្រង់ដោយABC របស់អូស្ត្រាលី។
នៅក្នុងការចុះផ្សាយនៅថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី នៅបានសរសេរកត់សំគាល់ទៀតថា តាមធម្មតាលោកហ៊ុន សែនមិនសូវចូលខ្លួនឃោសនាក្នុងការបោះឆ្នោតឃុំសង្កាត់ទេ កន្លងមក ព្រោះលោកដឹងច្បាស់ថា គណបក្សរបស់លោកនឹងទទួលជ័យជំនះដាច់មុខ។ ប៉ុន្តែ ការឈ្នះឆ្នោតសភា ដោយប្រផិតប្រផើយ របស់គណបក្សប្រជាជន នៅឆ្នាំ ២០១៣ បានធ្វើឲ្យគេជឿថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនខា្លចគណបក្សបាត់បង់អំណាច ទៅក្នុងដៃរបស់គណបក្សប្រឆាំង។ “វាចម្លែកណាស់ ដែលឃើញលោកហ៊ុនសែន លេខមុខឃោសនា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ព្រោះគាត់មិនដែលធ្វើដូច្នេះទេ ពីមុនមក។ ខ្ញុំគិតថា គាត់កំពុងចង់ធ្វើតេស្ត ប្រជាប្រិយភាពរបសគាត់ ហើយនិងទាក់ទាញអ្នកបោះឆ្នោត” នេះជាសំដីរបស់ស្រី ពេជ្រ ធនាគារិក ដែលABC បានស្រង់សំដី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបាននិយាយថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ ព្រោះកម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ ដូចជាការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃអាទិត្យនេះ។ បើសិនកម្ពុជា ពិតជាដើរតាមគន្លងប្រជាធិបតេយ្យមែន ហេតុអ្វីបានជាក្រុមអ្នកប្រឆាំងរស់នៅក្នុងការភ័យខ្លាច នឹងការចាប់ដាក់ពន្ធនាគារ ហើយនាយករដ្ឋមន្រ្តីគំរាមនឹងប្រើអំពើហិង្សាដើម្បីរក្សា ក្តោបក្តាប់អំណាចធ្វើអ្វី? នេះជាការចោទសួររបស់កាសែត The Washington Post។ តាមអាមេរិកាំងមួយនេះ កម្ពុជារបស់លោកហ៊ុន សែនមិនត្រឹមបានទទួលជំនួយ ពង្រឹងទំនាក់ទំនងជាមួយចិនតែប៉ុណ្ណោះទេ ប៉ុន្តែ កម្ពុជាកំពុងរៀបចម្លងយកតាមគំរូដឹកនាំរបស់ចិន ដើម្បីពង្រឹងអំណាចក្នុងដៃ។ កាសែត The Washington Post ចាប់អារម្មណ៍ផងដែរទៅលើភាពលម្អៀងរបស់កងទ័ព ដែលលោកហ៊ុនសែនបានអំពាវនាវឲ្យចេញមុខបង្រ្កាបក្រុមបដិវត្តពណ៌ ដើម្បីអាចឲ្យលោកនៅបន្តកាន់អំណាច។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្រាលី ABCវាមិនមែនជារឿងចម្លែកទេ ដែលកងទ័ព ដែលត្រូវអព្យាក្រិត្យ នោះបានលំអៀងទៅរកគណបក្សកាន់អំណាច។ នៅឆ្នាំ ២០១៥ រដ្ឋាភិបាលបានដាក់បញ្ចូលរាល់មេបញ្ជាការកងទ័ព ទៅក្នុងសមាជិកភាពរបស់គណៈមជ្ឈឹមបក្សប្រជាជន។
ប្រជាជនចង់ឃើញមានការផ្លាស់ប្តូរ។ តាមបណ្តាញសង្គមFacebook មនុស្សបានទទួលព័ត៌មានច្រើនពីគ្រប់កន្លែងជារៀងរាល់ថ្ងៃ។ ព័ត៌មានទាំងនេះបានជួយធ្វើឲ្យប្រជាជនរឹតតែចង់ឃើញការផ្លាស់ប្តូរ ដើម្បីប្រទេស និងសង្គមរបស់គេ។
ប្រជាជនចង់ឃើញមានការរីកចំរើនសម្រាប់ការរស់នៅប្រចាំថ្ងៃ ដូចជាការអប់រំ សេវាសុខភាព ក្នុងពេលដែលកសិករវិញសង្ឃឹមចង់បានពីអនាគតមន្រ្តីឃុំសង្កាត់នូវ ផ្លូវល្អ និងដំណោះស្រាយសម្រាប់ការធ្វើកសិកម្ម។ នេះបើតាមអត្ថបទចុះផ្សាយរបស់Channel News Asia។ វិបសៃតិ៍ព័ត៌មានអាស៊ីមួយនេះបានពន្យល់ច្រើនទៅលើដំណើរការ និងសារៈសំខាន់នៃការបោះឆ្នោត ជាជាងផ្តោតលើការនិយាយគំរាមពីការផ្ទុះសង្រ្គាមស៊ីវិលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ សម្រាប់Channel News Asia បើសិនគណបក្សសង្រ្គោះជាតិបានទទួលសំឡេងច្រើន នៅក្នុងការបោះឆ្នោតឃុំសង្កាត់ នោះលោកហ៊ុនសែន និងគណបក្សកាន់អំណាចត្រូវព្រួយបារម្ភ ព្រោះលទ្ធផលនេះ អាចបង្ហាញថា នៅតែមួយឆ្នាំមុនការបោះឆ្នោតជាតិ ប្រជាជនថ្នាក់មូលដ្ឋានលែងគាំទ្រគណបក្សប្រជាជន ដូចមុនទៀតហើយ៕
Subscribe to:
Post Comments (Atom)
2 comments:
Congratulation to Mr. Hun Sen and CPP. You won again.
There is no announcement of winner yet, but Hun Sen and his corrupted, lazy and his beast CPP crooks have only claimed themselves a winner before NEC. There are still something going on out there.
Again, there is no winner for Hun Sen and CPP.
Post a Comment