Sunday, 4 June 2017

កាសែត​បរទេស​ចាប់​អារម្មណ៍​លើ​ការព្រមាន​ពី​ការផ្ទុះ​សង្រ្គាម​ស៊ីវិល របស់​លោក​ហ៊ុន សែន


ដោយ ឈាង បុប្ផា 04/06/2017 04/06/2017

rfi
media
នាយករដ្ឋមន្រ្តី​ កម្ពុជា លោក​ហ៊ុន សែន​ថ្លែង​នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ ២០១៧
©REUTERS/Samrang Pring



តើ​កាសែត​បរទេស​ចាប់អារម្មណ៍​យ៉ាងណា​ដែរ ទៅលើ​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅកម្ពុជា? ឈាង បុប្ផា បាន​ដកស្រង់​អត្ថបទ​ចុះផ្សាយ​ដោយ​វិបសៃតិ៍​ភាសា​រអង់គ្លេស ដូចជា The Washington Post Channel News Asia Financial Time និងប្រព័ន្ធផ្សព្វផ្សាយ​អូស្រ្តាលី ABC។

កាសែត​បរទេស​ដែល​ចាប់អារម្មណ៍​សរសេរ​ពី​ការបោះឆ្នោត​ឃុំសង្កាត់​នៅ​ប្រទេស​កម្ពុជា នៅថ្ងៃអាទិត្យ ភាគច្រើន​ជា​កាសែត​ភាសា​អង់គ្លេស ក្នុង​ពេល​កាសែត​ជា​ភាសា​បារាំង​វិញ ស្ងាត់​​ គ្មាន​ សរសេរ​អត្ថបទអ្វី​សោះ ​ទាក់ទង​នឹង​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​កម្ពុជា។



ពាក្យ​គំរាម​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន ដែល​ថា សង្រ្គាម​ស៊ីវិល​នឹង​កើត​ឡើង បើសិន​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត ត្រូវ​បាន​​កាសែត​បរទេស​សង្កត់​ធ្ងន់​ក្នុង​អត្ថបទ។ លោកហ៊ុន​សែន​របស់​កម្ពុជា​បាន​ព្រមាន​ពី​សង្រ្គាម​ស៊ីវិល នៅ​មុន ​ការបោះឆ្នោត​ចាប់ផ្តើម។ នេះ​ជា​ចំណង​ជើង​​អត្ថបទ​ដែល​​កាសែត​Financial time​បាន​សរសេរ​ចុះផ្សាយ​នៅ​លើ​វិបសៃតិ៍​របស់ខ្លួន នៅ​ថ្ងៃ​ទី​១​មិថុនា​កន្លងទៅ។ សម្រាប់​កាសែត​ Financial time ការបោះឆ្នោត​​ឃុំ​សង្កាត់​មាន​សារៈសំខាន់ ព្រោះវា​ជា​សូចនាករ អាច​ឆ្លុះបញ្ចាំង​ពី​និន្នាការ​របស់​ប្រជាជន​សម្រាប់​ការបោះឆ្នោត​សភា នៅ​ឆ្នាំក្រោយ។ តាម​កាសែត​ Financial time ដដែល លោក​ហ៊ុន​សែន​បាន​ព្រមាន​នៅ​សប្តាហ៍មុន​ថា សង្រ្គាម​នឹង​កើតឡើង ប្រសិន​បើ​គណបក្ស​ប្រជាជន ​ចាញ់ឆ្នោត លែង​អាច​ដឹកនាំ​ប្រទេស​ និង​ថា ក្រុម​គ្រួសារ​របស់លោក​នឹង​ត្រូវប្រហារជីវិត ដោយ​​ក្រុមប្រឆាំង​ឈ្នះចូល​កាន់អំណាច។

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន​សែន ធ្លាប់​បាន​គំរាម​ពីការផ្ទុះ​សង្រ្គាម​ស៊ីវិល ពីមុនមក។ ប៉ុន្តែ លើក​នេះ លោក​​ប្រើ​សំដី​​​ខ្លាំង​ជាង​មុន ដោយ​លោក​បាន​បញ្ជាក់​ពីចំនួន​​ជីវិត​មនុស្ស​ ដែល​គេ​ត្រូវ​លះបង់​ចោល ដើម្បី​ឲ្យ​គណបក្ស​របស់​លោក​នៅ​បន្ត​កាន់​អំណាច។ នេះបើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី ABC។ “ដើម្បី​ធានាជីវិត​របស់​មនុស្ស​រាប់លាននាក់ យើង​មិន​ខ្លាច​នឹង​កម្ចាត់ចោល​មនុស្ស​ពី​១០០​ ទៅ​២០០​នាក់នោះទេ ព្រោះថា យើង​ធ្លាប់​ហែល​ឆ្លង​រួចហើយ​​ជីវិត​ល្វីងជូរចត់”។ នេះ​ជាការថ្លែង​របស់លោក​ហ៊ុន សែន ដកស្រង់​ដោយ​ABC របស់​អូស្ត្រាលី។

នៅក្នុង​ការចុះផ្សាយ​នៅ​ថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយ​អូស្ត្រាលី នៅ​បាន​សរសេរ​កត់សំគាល់​ទៀតថា តាម​ធម្មតា​លោក​ហ៊ុន សែន​មិន​សូវ​ចូល​ខ្លួន​ឃោសនា​ក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​ទេ​ កន្លងមក ព្រោះលោក​ដឹងច្បាស់​ថា គណបក្ស​របស់​លោក​នឹង​ទទួល​ជ័យជំនះ​ដាច់មុខ។ ប៉ុន្តែ ការឈ្នះឆ្នោត​សភា ដោយ​ប្រផិតប្រផើយ របស់​គណបក្ស​ប្រជាជន នៅ​ឆ្នាំ ២០១៣ បាន​ធ្វើ​ឲ្យ​គេ​ជឿថា លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ខា្លច​គណបក្ស​បាត់បង់​អំណាច​ ទៅ​ក្នុង​ដៃ​របស់​គណបក្ស​ប្រឆាំង។ “វា​ចម្លែក​ណាស់ ដែលឃើញ​​លោក​ហ៊ុន​សែន លេខ​មុខ​ឃោសនា​ នៅក្នុង​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់ ព្រោះ​គាត់​មិនដែល​ធ្វើ​ដូច្នេះ​ទេ ពីមុនមក។ ខ្ញុំ​គិតថា គាត់​កំពុង​ចង់​ធ្វើ​តេស្ត ប្រជាប្រិយភាព​របសគាត់ ហើយ​និង​ទាក់ទាញ​អ្នកបោះឆ្នោត” នេះ​ជា​សំដី​របស់ស្រី ពេជ្រ ​ធនាគារិក ដែលABC បាន​ស្រង់​សំដី។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​បាននិយាយ​ថា កម្ពុជា​ជាប្រទេស​ប្រជាធិបតេយ្យ ព្រោះ​កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជា​ទៀងទាត់ ដូចជា​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​អាទិត្យ​នេះ។ បើសិន​កម្ពុជា ពិតជា​ដើរតាម​គន្លង​ប្រជាធិបតេយ្យ​មែន ហេតុអ្វី​បាន​ជា​ក្រុមអ្នកប្រឆាំង​រស់នៅ​ក្នុង​ការភ័យខ្លាច នឹង​ការចាប់​ដាក់​ពន្ធនាគារ ហើយ​នាយករដ្ឋមន្រ្តី​គំរាម​នឹង​ប្រើ​អំពើ​ហិង្សា​ដើម្បី​រក្សា ក្តោបក្តាប់​អំណាច​ធ្វើអ្វី? នេះ​ជា​ការចោទសួរ​របស់​កាសែត​ The Washington Post។ តាម​អាមេរិកាំងមួយនេះ កម្ពុជា​របស់​លោក​ហ៊ុន​ សែន​មិន​ត្រឹម​បាន​ទទួល​​ជំនួយ​ ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​តែប៉ុណ្ណោះទេ ប៉ុន្តែ កម្ពុជា​កំពុង​រៀប​ចម្លង​យក​តាម​គំរូ​ដឹកនាំ​របស់​ចិន ដើម្បី​ពង្រឹង​​អំណាច​ក្នុង​ដៃ។ កាសែត​​ The Washington Post ចាប់​អារម្មណ៍​ផងដែរ​ទៅលើ​ភាព​លម្អៀង​របស់​កងទ័ព ដែល​លោក​ហ៊ុន​សែន​បាន​អំពាវនាវ​ឲ្យ​​ចេញ​​មុខ​បង្រ្កាប​ក្រុម​បដិវត្ត​ពណ៌ ដើម្បី​អាច​ឲ្យ​លោក​នៅ​បន្ត​កាន់អំណាច។ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្រាលី ABC​វា​មិនមែន​ជារឿង​ចម្លែក​ទេ ដែល​កងទ័ព​ ដែល​ត្រូវ​អព្យាក្រិត្យ​ នោះ​បាន​លំអៀង​ទៅរក​គណបក្ស​កាន់អំណាច​។ នៅ​ឆ្នាំ ២០១៥ រដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​រាល់​មេបញ្ជាការ​កងទ័ព ទៅក្នុង​សមាជិកភាព​របស់​គណៈមជ្ឈឹមបក្ស​ប្រជាជន។

ប្រជាជន​ចង់​ឃើញ​មាន​ការផ្លាស់ប្តូរ។ តាម​បណ្តាញ​សង្គម​Facebook  មនុស្ស​បាន​ទទួល​ព័ត៌មានច្រើន​ពីគ្រប់​កន្លែង​ជារៀងរាល់ថ្ងៃ។  ព័ត៌មាន​ទាំងនេះ​បានជួយ​ធ្វើ​ឲ្យ​ប្រជាជន​រឹត​តែ​ចង់​ឃើញ​ការផ្លាស់ប្តូរ ដើម្បី​ប្រទេស និង​សង្គម​របស់គេ។

ប្រជាជន​ចង់​ឃើញ​មាន​ការរីកចំរើន​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ ដូចជា​ការអប់រំ សេវា​សុខភាព​ ក្នុង​ពេល​ដែល​កសិករ​វិញ​សង្ឃឹម​ចង់​បាន​ពី​អនាគត​មន្រ្តី​ឃុំសង្កាត់​នូវ ផ្លូវ​ល្អ និង​ដំណោះស្រាយ​សម្រាប់​ការធ្វើកសិកម្ម។ នេះ​បើតាម​អត្ថបទ​ចុះផ្សាយ​របស់​Channel News Asia។ វិបសៃតិ៍​ព័ត៌មាន​អាស៊ី​មួយ​នេះ​បាន​ពន្យល់​ច្រើន​ទៅលើ​ដំណើរការ និង​សារៈសំខាន់​នៃ​ការបោះឆ្នោត ជាជាង​ផ្តោត​លើ​ការនិយាយ​គំរាម​ពីការផ្ទុះ​សង្រ្គាម​ស៊ីវិល​របស់លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន។ សម្រាប់​Channel News Asia បើសិន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ទទួល​សំឡេង​ច្រើន ​នៅក្នុង​ការបោះឆ្នោត​ឃុំសង្កាត់ នោះ​​លោក​ហ៊ុនសែន និង​គណបក្ស​​កាន់អំណាច​ត្រូវ​ព្រួយបារម្ភ ព្រោះលទ្ធផល​នេះ អាច​បង្ហាញថា នៅតែមួយឆ្នាំ​មុន​​ការបោះឆ្នោត​ជាតិ ប្រជាជន​ថ្នាក់​មូលដ្ឋាន​លែង​គាំទ្រ​គណបក្ស​ប្រជាជន ដូច​មុន​ទៀតហើយ៕​

2 comments:

Anonymous said...

Congratulation to Mr. Hun Sen and CPP. You won again.

Anonymous said...

There is no announcement of winner yet, but Hun Sen and his corrupted, lazy and his beast CPP crooks have only claimed themselves a winner before NEC. There are still something going on out there.

Again, there is no winner for Hun Sen and CPP.