Thursday, 29 June 2017
ស្នងការខេត្តកំពង់ស្ពឺកំពុងតាមចាប់ខ្លួនស្ត្រីម្នាក់ដែលប្រមាថមេដឹកនាំបក្សកាន់អំណាច
ដោយ ថា កិត្យា
2017-06-29
ស្ត្រីម្នាក់យកទ្រនាប់ជើងគប់លើរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅស្លាកគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook)។ Screenshot
ស្នងការនគរបាលខេត្តកំពង់ស្ពឺ ប្រកាសថា កំពុងសហការគ្នាស្វែងរកចាប់ខ្លួនស្ត្រីម្នាក់ដែលយកទ្រនាប់ជើងគប់លើស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបថតលោក ហ៊ុន សែន និងរូបលោក ហេង សំរិន។ រីឯអ្នកច្បាប់យល់ថា ទង្វើស្ត្រីនោះគួរធ្វើត្រឹមតែវិធានការអប់រំ ជាជាងឈានដល់ដំណាក់កាលចាត់ការតាមផ្លូវច្បាប់។
ការសហការគ្នារបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីតាមចាប់ និងនាំខ្លួនស្ត្រីដែលគេចាត់ទុកថាប្រមាថលើមេដឹកនាំកំពូលរបស់បក្សកាន់អំណាច គឺបន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ លោក ស៊ឹង វុទ្ធី កាលពីថ្ងៃទី២៧ ខែមិថុនា បានចេញដីកាបង្គាប់ឲ្យតាមចាប់ខ្លួនស្ត្រីម្នាក់នេះមកប្រគល់ជូនសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ លោក សោម ប៉ូរ៉ា បានឲ្យដឹងថា លោកកំពុងសហការជាមួយខាងនគរបាលទទួលបន្ទុកផែនសន្តិសុខ ដើម្បីអនុវត្តតាមបទបញ្ជារបស់តុលាការឲ្យមានប្រសិទ្ធភាពក្នុងការស្វែងរកជនត្រូវចោទ ដែលកំពុងលាក់ខ្លួនក្រោយការប្រព្រឹត្តបទល្មើស។
កាលពីអំឡុងខែមេសា កន្លងទៅ មានខ្សែវីដេអូឃ្លីបមួយរយៈពេល ១៣វិនាទី ត្រូវបានគេចែកចាយព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) ដោយបង្ហាញពីស្ត្រីម្នាក់យកទ្រនាប់ជើងគប់ទៅលើរូបលោក ហ៊ុន សែន និងលោក ហេង សំរិន ដែលមាននៅលើស្លាកគណបក្សប្រជាជនកម្ពុជា។ ស្ត្រីម្នាក់នោះរងការចោទថា ជាសកម្មជនបក្សប្រឆាំង និងមានឈ្មោះថា សំ សុខា អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ការចេញដីកាបង្គាប់ឲ្យតាមចាប់ខ្លួនជាថ្មីក្រោមបទចោទថា ប្រមាថ និងញុះញង់ឲ្យមានការរើសអើងនេះ គឺបន្ទាប់ពីស្ត្រីម្នាក់នេះបានគេចខ្លួនពីលំនៅឋាន ហើយពុំបានចូលបំភ្លឺឲ្យបានមុនថ្ងៃទី៨ ខែមិថុនា តាមការកោះហៅរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា កាលពីថ្ងៃទី៨ ខែមេសា។
ចំពោះបញ្ហានេះ លោកមេធាវី ហុង គឹមសួន មានប្រសាសន៍ថា ការចោទប្រកាន់លើស្ត្រីម្នាក់នេះ គឺមិនសមហេតុផលឡើយ។ លោកថា ករណីនេះ អាជ្ញាធរគួរធ្វើត្រឹមតែវិធានការអប់រំ គឺគ្រប់គ្រាន់ហើយ៖ «»។
មិនខុសគ្នាប៉ុន្មានឡើយ ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន ក៏ធ្លាប់លើកឡើងដែរថា ការចោទប្រកាន់ស្ត្រីម្នាក់នោះពីបទប្រមាថ និងញុះញង់ឲ្យមានការរើសអើងនេះ ក៏មិនសមហេតុផលដែរ។ លោកពន្យល់ថា មាត្រា៥០២ ស្ដីពីការប្រមាថនោះ គឺសំដៅតែក្នុងពេលអ្នករាជការសាធារណៈកំពុងបំពេញមុខងារតែប៉ុណ្ណោះ មិនមែនសំដៅលើរូបថតទេ។ រីឯមាត្រា៤៩៦ ស្ដីពីការរើសអើងនោះ គឺសំដៅដល់ការរើសអើងពូជសាសន៍៖ «»។
ចំពោះករណីនេះ លោកមេធាវី សុក សំអឿន យល់ថា គឺជារឿងសីលធម៌ វាមិនមែនជាបទល្មើសធំដុំនោះទេ ដូច្នេះអាជ្ញាធរគួរតែហៅស្ត្រីម្នាក់នោះមកអប់រំណែនាំបានហើយ។
ទោះយ៉ាងណាក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បានប្រកាសថា គ្មានទេការអប់រំណែនាំ គឺមានតែចាត់ការតាមនីតិវិធីនៃច្បាប់ ចំពោះស្ត្រីម្នាក់ដែលមានចេតនាប្រមាថថ្នាក់ដឹកនាំគណបក្សរបស់ខ្លួន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment