Sunday, 18 June 2017
អ្នកភូមិជាប់ព្រំដែននៅខេត្តត្បូងឃ្មុំប្រតិកម្មនឹងការលក់ដើមច័នគិរីឱ្យជនជាតិវៀតណាម
ដោយ សូត សុខប្រាថ្នា
2017-06-17
rfa
ដើមច័នគិរី ឬដើមអំពិលបារាំង ដែលឈ្មួញវៀតណាម ចូលមកកាប់នៅបរិវេណវត្តបឹងជ្រោង ក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៧។ រូបពីពលរដ្ឋ
រូបពីពលរដ្ឋ
ពលរដ្ឋនៅភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បារម្ភថា ការកាប់ដើមច័នគិរី ឬដើមអំពិលបារាំង នៅជាប់ព្រំដែនកម្ពុជា-វៀតណាម គឺធ្វើឱ្យបាត់បង់ភស្តុតាង ឬកេរដំណែលចាស់ដែលបន្សល់ទុកពីដូនតាមក។ ការបារម្ភនេះ ក្រោយពេលដើមច័នគិរី មួយដើមនៅបរិវេណវត្តបឹងជ្រោង ត្រូវបានគេលក់ឱ្យទៅជនជាតិវៀតណាម ហើយពួកគេបានកាប់ផ្នែកខ្លះនៃដើមនោះ កាលពីថ្ងៃទី១៤ ខែមិថុនា ហើយបម្រុងនឹងគាស់រំលើងទាំងស្រុងយកទៅទៀតផង។
ប្រជាពលរដ្ឋ ព្រមទាំងអតីតមេឃុំជាំ ស្នើឱ្យរាជរដ្ឋាភិបាលរក្សាទុកដើមឈើទាំងឡាយដែលដុះនៅក្បែរព្រំដែនក្នុងដីខ្មែរ សម្រាប់ជាភស្តុតាងរស់ដល់ក្មេងជំនាន់ក្រោយ។ ពួកគេយល់ថា ការកាប់ដើមច័នគិរី ដែលមានមុខកាត់ជាង ១ម៉ែត្រ និងដុះក្បែរបង្គោលព្រំដែនក្នុងដីខ្មែរប្រៀបដូចជាការលុបបំបាត់ភស្តុតាងចាស់ពីបុរាណ ដ្បិតតំបន់នោះធ្លាប់មានភាពចម្រូងចម្រាសជាមួយវៀតណាម ទៀតផង។
ពលរដ្ឋរស់នៅភូមិបឹងជ្រោង មានវ័យជាង ៦០ឆ្នាំ លោក ម៉ូវ បឺត មានប្រសាសន៍ថា ដើមច័នគិរី នោះ គឺមានអាយុកាលរាប់សិបឆ្នាំមកហើយ ព្រោះលោកកើតឡើងឃើញវាតែម្ដង។ លោកថា ពីដើមមកដើមនេះស្ថិតនៅក្នុងបរិវេណវត្តបឹងជ្រោង ក្រោយមកគេកាត់ចេញដាក់ទៅជាដីសហគមន៍នៅក្នុងភូមិសម្រាប់បញ្ចុះសព។ លោកដឹងថា ដើមឈើចំណាស់នេះ ត្រូវបានគេលក់ឱ្យជនជាតិវៀតណាម ប៉ុន្តែមិនដឹងប្រាកដថានរណាជាអ្នកលក់ទេ។ យ៉ាងនេះក្តី ពលរដ្ឋដដែលយល់ថា ការលក់ដើមឈើនៅក្បែរព្រំដែន គឺជារឿងខុសទាំងស្រុង៖ «របស់នេះធំប៉ុណ្ណឹងហើយខ្ញុំគិតថា ជារបស់សហគមន៍ ជាខ្សែបន្ទាត់ព្រំដែនមិនអាចទៅបំផ្លាញអ៊ីចឹងបានទេ ត្រូវតែទុកបើទោះបីជាមានតម្លៃប៉ុណ្ណាក៏ដោយ»។
ដើមច័នគិរី ដែលមានទំហំជិតប៉ុនកង់រទេះ ត្រូវបានឈ្មួញជនជាតិវៀតណាម នាំគ្នាមកអារកាត់មែក និងឫសមួយចំនួនកាលពីថ្ងៃទី១៤ មិថុនា ប៉ុន្តែដើមនៅមិនទាន់កាប់ផ្ដួលទេ។
ទាក់ទងបញ្ហានេះ មេភូមិបឹងជ្រោង លោក សួរ ពេជ្រ បញ្ជាក់ថា មិនមែនអាជ្ញាធរលក់ដើមច័នគិរីទេ ប៉ុន្តែជាការដោះដូរដើម្បីបានប្រាក់ប្រមាណ ៦០ម៉ឺនរៀល សម្រាប់ទិញសម្ភារៈប្រើប្រាស់នៅក្នុងភូមិដូចជាតុ កៅអីជាដើម។ លោកបន្តថា បើទោះបីជាឈ្មួញវៀតណាម មិនកាប់ដើមច័នគិរីនោះក៏ដោយ ប៉ុន្តែក្រុមកងវិស្វកម្មធ្វើផ្លូវខ្សែក្រវាត់ព្រំដែន នឹងឈូសឆាយចោលដដែល ព្រោះវាអាចប៉ះពាល់គម្រោងធ្វើផ្លូវរបស់គេ៖ «ខ្ញុំគិតថា ឱ្យគេគាស់ដើមហ្នឹងចេញទៅ កុំឱ្យចូលដីកប់ខ្មោច ព្រោះដីកប់ខ្មោចមាននៅតែមួយក្រវេច»។
បរិវេណវត្តបឹងជ្រោង គឺធ្លាប់មានភាពចម្រូងចម្រាសរឿងព្រំដែនជាមួយវៀតណាម កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៣ ដោយសាររបងវត្តផ្នែកខាងកើតមិនអាចកសាងបាន ព្រោះអាជ្ញាធរវៀតណាម ហាមឃាត់។
អតីតមេឃុំជាំ លោក ប្រាក់ វន្នី មានប្រសាសន៍ថា ដើមឈើនោះ គឺមានសារសំខាន់ណាស់ ព្រោះជាផ្នែកមួយកំណត់ទីតាំងភូមិសាស្ត្រនៅក្នុងឃុំទាំងមូល។ លោកបន្ថែមថា ឈ្មួញវៀតណាម គេបម្រុងនឹងគាស់រំលើងទាំងឫសតែម្ដង ប៉ុន្តែដោយមានប្រតិកម្មពីពលរដ្ឋច្រើន ទើបពួកគេផ្អាកទៅវិញ៖ «កាលណាយើងបណ្ដោយឱ្យកាប់វានឹងបាត់វត្ថុតាង។ អ៊ីចឹងពលរដ្ឋដែលខិតខំតស៊ូព្យាយាម មិនចង់ឱ្យបាត់បង់កេរដំណែលមរតកដូនតា»។
លោកយល់ថា ប្រសិនបើកងវិស្វកម្មប៉ះពាល់គម្រោងធ្វើផ្លូវ ហើយត្រូវការឈូសឆាយគឺជាសិទ្ធិរបស់រាជរដ្ឋាភិបាល ប៉ុន្តែសម្រាប់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមានសិទ្ធិថែរក្សាការពារសម្បត្តិរួមទាំងនេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត ដែលធ្លាប់ចុះទៅពិនិត្យមើលនៅតំបន់នោះយល់ថា ការព្រួយបារម្ភរបស់អ្នកភូមិខ្លាចបាត់ភស្តុតាងចាស់ គឺជារឿងត្រឹមត្រូវ។ លោកថា អ្នកលក់ដើមអំពិលបារាំង ទៅឱ្យវៀតណាម អាចទទួលបានប្រយោជន៍ផ្ទាល់ខ្លួនទៀតផង។ លោកពន្យល់ថា ដើមឈើនៅតំបន់នោះជាសម្បត្តិរួម ដូច្នេះគ្មានបុគ្គលណាម្នាក់អាចលក់ដូរបានឡើយ ម្យ៉ាងរាជរដ្ឋាភិបាលទើបតែចេញបម្រាមមិនឱ្យនាំឈើខុសច្បាប់ចេញទៅប្រទេសវៀតណាម ថែមទៀត៖ «នាយករដ្ឋមន្ត្រីចេញសារាចរមិនឱ្យដឹងឈើចូលទៅវៀតណាម។ អាហ្នឹងមានន័យថា កាប់ដើមឈើលក់ឱ្យជនជាតិវៀតណាម ហើយហ្នឹង។ អាហ្នឹងផ្ទុយទៅនឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលត្រូវមានទោស»។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា រាល់កេរដំណែលមាននៅតាមព្រំដែន ដូចជាដើមឈើ ស្ទឹង បឹង ព្រែក បង្គោល ភ្នំ វត្តអារាម សំណង់ចាស់ៗ ជាដើម គឺមិនគួរប៉ះពាល់ ឬបំផ្លាញចោលទេ ព្រោះជាភស្តុតាងសម្រាប់ក្មេងជំនាន់ក្រោយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment