Sunday, 18 June 2017
លោក ប្រ៊ែដ អាដាម ថាលោក ហ៊ុន សែន ទេជាអ្នកបង្កើតឲ្យមានចំណងកម្មពៀរ
ដោយ មួង ណារ៉េត
2017-06-17
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
Photo: RFA
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចោទអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថានិយាយតែអាក្រក់ពីរដ្ឋាភិបាល មិនចេះសរសើរអ្វីដែលល្អ ដូចជាដំណើរការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅ ដែលស្ថានទូតបរទេសមួយចំនួនចាត់ទុកថា ប្រព្រឹត្តទៅបានល្អ។
លោក ហ៊ុន សែន មិនយល់ ថាតើហេតុអ្វីបានជាលោក ប្រ៊ែដ អាដាម (Brad Adams) ចងកម្មចងពៀរជាមួយលោកម្ល៉េះ! ប៉ុន្តែលោក ប្រ៊ែដ អាដាម បញ្ជាក់ថា អង្គការលោកនឹងលើកសរសើររដ្ឋាភិបាល ប្រសិនបើចេះកែឥរិយាបថបច្ចុប្បន្ន។
មន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិប្រាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា អ្នកដែលបង្កើតឲ្យមានកម្មពៀរ គឺលោក ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់គាត់ឯណោះទេ មិនមែនខាងអង្គការសិទ្ធិមនុស្សនោះទេ។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម បញ្ជាក់ថា លោករីករាយនឹងដកខ្លួនប្រសិនបើស្ថានភាព ប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈល្អប្រសើរ៖ «ខ្ញុំចង់ឃើញប្រទេសកម្ពុជា មានប្រជាធិបតេយ្យពិតប្រាកដ។ ខ្ញុំចង់ឃើញរដ្ឋាភិបាលឈប់រំលោភសិទ្ធិមនុស្ស។ បើអស់មានរឿងនេះកើតឡើងតទៀត តើខ្ញុំមានអ្វីទៀតដែលត្រូវនិយាយរិះគន់? កន្លងមកអ្វីដែលខ្ញុំលើកឡើង គឺសុទ្ធតែផ្អែកលើការពិត។ លោក ហ៊ុន សែន ខ្លួនឯងទេ ដែលជាអ្នកបង្កើតឲ្យមានកម្មពៀរទាំងអស់នេះ គឺគាត់ហ្នឹងឯងជាអ្នកបង្កើតឲ្យមានបញ្ហាទាំងនេះ»។
លោក ប្រ៊ែដ អាដាម បញ្ជាក់ថា ប្រសិនបើលោក ហ៊ុន សែន ផ្លាស់ប្ដូរឥរិយាបថខ្លួនឯង និងកែចរិតមន្ត្រីក្រោមឱវាទរបស់គាត់។ បើគាត់ឈប់ចាប់មនុស្សដាក់គុកដាក់ច្រវាក់ ឈប់គំរាមកំហែងគេឯង និងបង្គាប់ឲ្យមនុស្សរបស់គាត់ឈប់ប្រើអំពើហិង្សាលើអ្នកដទៃជាដើម បើគាត់អាចធ្វើរឿងទាំងអស់នេះបាន តើអង្គការសិទ្ធិមនុស្សនៅមានអីទៀត ដែលអាចនិយាយរិះគន់បាននោះ? ដូច្នេះទាំងអស់នេះគឺស្ថិតនៅលើលោក ហ៊ុន សែន ខ្លួនឯងឯណោះទេ! ប្រសិនបើលោក ហ៊ុន សែន មានឆន្ទៈកែប្រែឥរិយាបថ និងការប្រព្រឹត្តរបស់គាត់ និងកែលំអកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលកម្ពុជា នោះខ្ញុំនឹងសាទរ ហើយលើកសរសើរចំណុចវិជ្ជមានទាំងនេះទាំងត្រេកអរបំផុត។
កាលពីថ្ងៃ១៥ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យលោក ប្រ៊ែដ អាដាម ឈប់ចងកម្មចងពៀរនឹងរដ្ឋាភិបាលកម្ពុជា។ លោក ហ៊ុន សែន ចោទអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថាមិនដែលនិយាយល្អពីរដ្ឋាភិបាលកម្ពុជា សូម្បីតែការបោះឆ្នោតឃុំ-សង្កាត់ថ្មីៗនេះ ដែលស្ថានទូតបរទេសមួយចំនួន រួមទាំងស្ថានទូតសហរដ្ឋអាមេរិកផងថា ប្រព្រឹត្តទៅបានល្អ ក៏លោក ប្រ៊ែដ អាដាម ថាអាក្រក់៖ «អាហ្នុងស្អីក៏មិនល្អដែរ អាហ្នុងនោះ! ទាល់តែថា គណបក្សប្រជាជនរលាយតែម្ដង បានអាហ្នឹងថាល្អ! សូមផ្ដាំទៅ ប្រ៊ែដ អាដាម អើយ! ល្មមកែខ្លះទៅ អីក៏ចងកម្មចងពៀរមាំម្ល៉េះ?»។
តបទៅនឹងចំណុចនេះដែរ លោក ប្រ៊ែដ អាដាម ផ្តាំទៅលោក ហ៊ុន សែន ឲ្យមើលរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សឲ្យបានចប់ទាំងស្រុង មុននឹងចោទលោកថា ចងកម្មចងពៀរនឹងរដ្ឋាភិបាលកម្ពុជា។ លោក ប្រ៊ែដ អាដាម បញ្ជាក់ថា មិនខុសពីស្ថានទូតអាមេរិក លោកពេញចិត្តនឹងដំណើរការល្អ និងស្ងប់ស្ងាត់នៅថ្ងៃបោះឆ្នោត។ ប៉ុន្តែស្ថានភាពទូទៅនៃដំណើរការបោះឆ្នោតមិនអាចទទួលយកបានទេ ដោយសារលោក ហ៊ុន សែន បានគំរាមកំហែងថា នឹងមានសង្គ្រាមក្រោយការបោះឆ្នោត បើបក្សកាន់អំណាចចាញ់ឆ្នោត និងដោយសារមានការគំរាមប្រើអំពើហិង្សាលើសកម្មជនបក្សប្រឆាំង ដូចជាលោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ដែលព្រមានបំបែកធ្មេញអ្នកតវ៉ាលទ្ធផលបោះឆ្នោត និងភាពមិនស្មើគ្នាក្នុងការប្រើប្រព័ន្ធផ្សព្វផ្សាយ ការចាប់មន្ត្រី គ.ជ.ប ដាក់ពន្ធនាគារជាដើម។
លោក ប្រ៊ែដ អាដាម លើកឡើងថា ដើម្បីស្តាកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា លើឆាកអន្តរជាតិ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវធ្វើកិច្ចការជាច្រើនដើម្បីពង្រឹងប្រជាធិបតេយ្យ រួមទាំងការគោរពសិទ្ធិមនុស្សដោះលែងអ្នកទោសនយោបាយទាំងអស់ និងរកដំណោះស្រាយ ដើម្បីឲ្យលោក សម រង្ស៊ី អាចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសេរី និងសុវត្ថិភាព រួចផុតពីការចោទប្រកាន់របស់តុលាការ ដែលជាឧបករណ៍នយោបាយរបស់លោក ហ៊ុន សែន ដើម្បីគាត់អាចចូលរួមប្រកួតប្រជែងក្នុងបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ឲ្យស្មើមុខស្មើមាត់គ្នា។
លោកបញ្ជាក់ទៀតថា ការបោះឆ្នោតជាតិ ដែលគ្មានមេដឹកនាំគណបក្សប្រឆាំងចូលរួមនឹងត្រូវចាត់ទុកថា ជាការបោះឆ្នោតមិនត្រឹមត្រូវតាមច្បាប់ ហើយរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតបែបនេះ នឹងត្រូវចាត់ទុកថា ជារដ្ឋាភិបាលខ្វះភាពស្របច្បាប់។ លោកប្រមើលមើលឃើញថា កាលណាសម្ពាធកាន់តែកើនឡើងខ្លាំងជុំវិញបញ្ហានេះ នឹងមានដំណោះស្រាយក្នុងរូបភាពណាមួយដែលធានាដល់ការវិលត្រឡប់របស់លោក សម រង្ស៊ី ទៅប្រទេសកម្ពុជា វិញ នៅមុនពេលបោះឆ្នោតខាងមុខជាក់ជាមិនខាន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment