Friday, 2 June 2017

លោក ហ៊ុន សែន៖ បើ​មាន​ការ​ផ្ទេរ​អំណាច​គឺ​មិន​ផ្ទេរ​ទៅ​អ្នក​ផ្សេង​ឡើយ


ដោយ យាង សុជាមេត្តា
2017-06-02

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (លើក​ដៃ​នៅ​លើ​រថយន្ត​ខាង​ឆ្វេង) ចូលរួម​ហែ​ក្បួន​ឃោសនា  នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Tep Sony
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (លើក​ដៃ​នៅ​លើ​រថយន្ត​ខាង​ឆ្វេង) ចូលរួម​ហែ​ក្បួន​ឃោសនា នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Tep Sony
 RFA/Tep Sony



លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ថា បើ​មាន​ការ​ផ្ទេរ​អំណាច ឬ​តំណែង​មែន គឺ​ជា​ការ​ផ្ទេរ ទៅ​ឲ្យ​កូនចៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ផ្សេង​នោះ​ទេ។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២ មិថុនា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​រាជធានី​ភ្នំពេញ។



ក្នុង​នាម​ជា​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​សមាជិក​បក្ស​ត្រូវ​ការពារ​បក្ស និង​ចាំបាច់​ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជា។ លោកថា ការ​សម្រេច​ចិត្ត ខុស​មួយ​ថ្ងៃ ចង្រៃ​មួយ​ជីវិត។ លោក ហ៊ុន សែន ថែម​ទាំង​ថ្លែង​ឌឺ​ដង​ឲ្យ​បក្ស​ប្រឆាំង ដែល​លោក​ថា កន្លង​ទៅ​ធ្លាប់​មិន​គាំទ្រ​បក្ស​កាន់​អំណាច​បន្ថយ​ថវិកា​វិស័យ​យោធា តែ​បែរ​ជា​ចង់​បំពាក់​អាវុធ​ឲ្យ​យោធា​ទៅ​វិញ។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ នៅ​រាជធានី​ភ្នំពេញ មាន​គណបក្ស នយោបាយ​តែ​ពីរ​គត់​ដែល​ធ្វើ​យុទ្ធនាការ គឺ​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ។ គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​ផ្ដើម​ជួបជុំ​នៅ​ម៉ោង៦ព្រឹក ដោយ​ចេញ​ដំណើរ ពី​ផ្លូវ​៦០ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ។ ចំណែក​គណបក្ស​សង្រ្គោះជាតិ​វិញ​ចាប់​ផ្ដើម ហែ​ចាប់​ពី​ម៉ោង​២រសៀល ដោយ​ចេញ​ដំណើរ​ចេញ​ពី​វត្តពោធិយារាម ហៅ​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ ប៉ុន្តែ​អ្នក​គាំទ្រ​គណបក្ស​នេះ​ទៅ​ប្រមូល​ផ្ដុំ​នៅ​មុខ​វត្ត​ចាស់​តាំង​ពី​ព្រឹក​នេះ​ដែរ។

ការ​បោះឆ្នោត​ឃុំ-សង្កាត់ អាណត្តិទី៤នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចុះ​ឈ្មោះ បេក្ខជន​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ សរុប​ចំនួន ១៦៤៦ ទូទាំង​ប្រទេស។ គណបក្ស​ទាំង១២នោះ រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្រ្គោះជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​យុវជន​កម្ពុជា គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​អំណាច​ខ្មែរ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។

ប៉ុន្តែ​ក្នុងចំណោម​គណបក្ស​នយោបាយ​ទាំង១២នេះ មាន​តែ​គណបក្ស ២គត់​ដែល​បាន​ដាក់ បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​ឃុំ-សង្កាត់​ទំាងអស់​ចំនួន១៦៤៦ នោះ​គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ។

1 comment:

Anonymous said...

Hun Sen's Hanoi Masters put a gun to his head : You do not transfer power
to the CNRP, only to your sons. This is our order !!!