Friday, 30 June 2017
ក្រុមមេធាវីបរាជ័យទាមទារឲ្យសាលាឧទ្ធរណ៍ទាត់ចោលការផ្តន្ទាទោសលើសកម្មជនបក្សប្រឆាំង
ដោយ វណ្ណ សុគន្ធា 30/06/2017 30/06/2017
rfi
លោកមេធាវី ជួង ជូងី
© ចាន់ណា/rfi
ក្រោយពីចំណាយពេលបើកសវនាការអស់មួយព្រឹកថ្ងៃសុក្រនេះ សាលាឧទ្ធរណ៍បានសម្រេចទាត់ចោលបណ្តឹងសុំមោឃភាពនីតិវីធីរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានផ្តន្ទាទោសលើលោកមាជ សុវណ្ណរ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិចំនួន១០នាក់ទៀត។ បើតាមការប្រកាសរបស់ចៅក្រមសាលាឧទ្ធរណ៍នៅរសៀលនេះ មូលហេតុនៃការទាត់ចោលគឺដោយសារតែបណ្តឹងនេះអត់ត្រឹមត្រូវតាមច្បាប់។
“បណ្តឹងសុំមោឃភាពនេះ មិនត្រឹមត្រូវតាមច្បាប់ហើយមិនអាចទទួលយកបាន” នេះគឺជាការគូសបញ្ជាក់របស់ចៅក្រមសាលាឧទ្ធរណ៍ដែលប្រាប់តដោយលោកជួង ជូងី មេធាវីការពារក្តីលោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិផ្សេងទៀត។ លោកមេធាវីរូបនេះបានត្រឹមតែសម្តែងការសោកស្តាយ។ សោកស្តាយក៏ព្រោះថា លោកបានលើកសំអាងហេតុច្បាស់លាស់ប្រាប់ទៅតុលាការតែនៅទីបំផុតតុលាការនៅតែទាត់ចោលបណ្តឹងនេះ។
លោកមាជ សុវណ្ណារ៉ា ដែលបានលាលែងពីសមាជិកភាពគណបក្សសង្រ្គោះជាតិកាលពីប៉ុន្មានខែមុន និងសកម្មជនគណបក្សប្រឆាំងចំនួន១០នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗពី៧ទៅ២០ឆ្នាំពីបទដឹកនាំ និងចូលរួមក្នុងចលនាកុបកម្មបង្កឲ្យកើតមានអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤។ ការផ្តន្ទាទោសដែលធ្វើឡើងកាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នោះ មិនមានមេធាវីការពារចូលរួមនោះទេ។ នេះត្រូវបានក្រុមមេធាវីបង្ហាញថា តុលាការធ្វើមិនត្រឹមត្រូវតាមច្បាប់ព្រោះថា រាល់បទល្មើសឧក្រិដ្ឋចាំបាច់ណាស់ត្រូវតែមានមេធាវី។ ដូច្នេះហើយទើបក្រុមមេធាវីប្តឹងទាមទារមោឃភាពចោលវិញ។ បើតាមលោកមេធាវីជួង ជូងី បណ្តឹងសុំមោឃភាពនីតិវិធីនេះ គឺស្មើនឹងសុំឲ្យតុលាការសាលាឧទ្ធរណ៍ទាត់ចោលនូវការសម្រេចផ្តន្ទាទោសដល់លោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សប្រឆាំងចំនួន១០នាក់ទៀត ដែលធ្វើឡើង“ខុសនីតិវិធី”នេះ និងឈានទៅរកការដោះលែងពួកគេឲ្យបាននៅក្រៅឃុំ។
សម្រាប់លោកជួង ជួងី កូនក្តីរបស់លោកទាំងអស់មិនបានប្រព្រឹត្តអំពើហិង្សាសូម្បីតែបន្តិច តែពួកគេបែរជាត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនអស់ពេលដ៏យូរនៅក្នុងពន្ធនាគារ។ លោកមេធាវីជួង ជូងី ក៏បានត្អូញត្អែរថា មកដល់ពេលនេះ គឺពិបាករកពន្លឺយុត្តិធម៌ជូនពួកគេហើយលោកក៏ពិបាករំពឹងទុកមុនថា ពួកគេអាចជួបពន្លឺយុត្តិធម៌នៅពេលណាមួយជាក់លាក់នោះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ មេធាវីរូបនេះ បញ្ជាក់ប្រាប់ថា នឹងពិភាក្សាជាមេធាវីដទៃទៀតអំពីការប្តឹងសារទុក្ខចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍នេះទៅកាន់តុលាការកំពូលបន្តទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment