Khmer Circle: Proletarian dictatorship still or just plain old police state oppression under the Socialist Republic of Vietnam?...
ដោយ ម៉ម ពិសី 29/06/2017 29/06/2017
rfi
លោកស្រី Nguyen Ngoc Nhu Quynh នៅក្នុងអង្គសវនាកា ថ្ងៃទី២៩ មិថុនា ២០១៧
STR / Vietnam News Agency / AFP
កាលពីថ្ងៃ ព្រហស្បតិ៍ទី ២៩ មិថុនា តុលាការវៀតណាម ទើបបានសម្រេចសាលក្រម កាត់ទោសស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាសកម្មជនរិះគន់រដ្ឋាភិបាល ឲ្យជាប់ពន្ធធនាគារ១០ឆ្នាំ។ ស្រ្តីឈ្មោះ ង្វៀន ង៉ុកញូគីញ អាយុ ៣៧ ឆ្នាំ ជាអ្នកសរសេរអត្ថបទរិះគន់ នៅតាមបណ្តាញអ៊ីនធើនែត ត្រូវបានអាជ្ញាធរវៀតណាម ចាប់ឃាត់ខ្លួន នៅចុងឆ្នាំ២០១៦។ ការកាត់ទោសដ៏ធ្ងន់ធ្ងរនេះ ត្រូវបានអង្គការសិទ្ធិមនុស្សនានា ថ្កោលទោសរដ្ឋាភិបាលវៀតណាម ជាខ្លាំង។
នេះមិនមែនជាលើកទីមួយ ហើយគេជឿថា វាក៏មិនមែនជាលើកចុងក្រោយដែរ ដែលរដ្ឋាភិបាលវៀតណាម ចាប់អ្នករិះគន់ខ្លួន ដាក់គុក។ លោកស្រី ង្វៀន ង៉ុកញូគីញ អាយុ ៣៧ឆ្នាំ ត្រូវគេស្គាល់តាមរយៈអត្ថបទរិះគន់ជាច្រើន ដែលលោកស្រីប្រើរហ័សនាមថា មេណាម។ ភាគច្រើននៃសំណេររិះគន់របស់លោកស្រី គឺផ្តោតសំខាន់ ទៅលើសកម្មភាព បំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិ ដែលរដ្ឋាភិបាលវៀតណាម បានបើកដៃឲ្យពួកឈ្មួញ។ កាលពីខែមីនា លោកស្រី ង្វៀន ង៉ុកញូគីញ បានទទួលពានរង្វាន់ ស្ត្រីក្លាហានប្រចាំឆ្នាំ « Woman of Courage Award » របស់ក្រសួងការបរទេសអាមេរិក ខណៈដែលលោកស្រីកំពុងជាប់ក្នុងឃុំ។
ត្រូវគេចាប់ឃាត់ខ្លួន កាលពីខែតុលា ឆ្នាំ២០១៦ លោកស្រី ទើបតែត្រូវបានតុលាការខេត្ត ខាញ់ហ័រ ភាគកណ្តាលវៀតណាម កាត់ទោសឲ្យជាប់ពន្ធធនាគារ ១០ឆ្នាំ កាលពីថ្ងៃទី២៩មិថុនា ពីបទធ្វើសកម្មភាព ប៉ះពាល់ដល់ស្ថិរភាពជាតិ ព្រមទាំងញុះញង់ ឲ្យប្រជាជនបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល។ លោក ង្វៀន ខាថាញ់ មេធាវីរបស់លោកស្រី បានបញ្ជាក់ថា នេះជាទោសដ៏ធ្ងន់ធ្ងរបំផុត មិនអាចទទួលយកបានទេ ហើយកូនក្តីលោក កំពុងពិចារណា ដើម្បីដាក់ពាក្យប្តឹងឧទ្ធរណ៍។
ដោយហេតុថា ជាសវនាកាបិទទ្វារជិត អ្នកយកព័ត៌មានមិនអាច ចូលរួមស្តាប់សាវនាកាបានទេ។ តែបើយោងតាមរូបថត ដែលត្រូវបានបង្ហោះចែកចាយ តាមបណ្តាញសង្គម គេឃើញមានវត្តមានកម្លាំងនគរបាល យាមស្អេកស្កះ ក្នុងអង្គសវនាកា។ នៅមុនពេលចូលសវនាការ លោកស្រី ង្វៀន ង៉ុកញូគីញ បានសរសេរលិខិតមួយ ផ្ញើរទៅកាន់ម្តាយ និងកូនទាំងពីរនាក់របស់លោកស្រីថា លោកស្រីសុំទោស ដែលបានបង្កបញ្ហាលំបាកឲ្យក្រុមគ្រួសារ។ តែយ៉ាងណា លោកស្រី សំណូមពរឲ្យគ្រប់គ្នា ត្រូវតាំងចិត្តរីករាយ មានមោទនភាពឡើង ចំពោះការដែលលោកស្រីបានលះបង់ ដើម្បីសង្គមវៀតណាម។
លោក Phil Robertson ប្រធានអង្គការ Human Rights Watch ប្រចាំអាស៊ីបាននិយាយថា ការកាត់ទោសសកម្មជនតវ៉ាដោយសន្តិវិធីនេះ គឺជារឿងអាម៉ាសណាស់ ដល់កិត្តិយសរបស់រដ្ឋាភិបាលវៀតណាម។ ក្នុងនាមអង្គការលោក លោកអំពាវនាវ ឲ្យវៀតណាម លប់ចោលច្បាប់ ដែលបង្កើតឡើង ដើម្បីរារាំង ចាប់ទោសអ្នករិះគន់រដ្ឋាភិបាល។ ដោយឡែក សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប បានអំពាវនាវជាច្រើនខែមកហើយ ថាវៀតណាម ត្រូវតែដោះលែងលោកស្រី ង្វៀន ង៉ុកញូគីញ។
សូមបញ្ជាក់ថា លោកស្រីង្វៀន ង៉ុកញូគីញ មិនមែនជាមនុស្សទីមួយទេ ដែលត្រូវបានរដ្ឋាភិបាលវៀតណាម ចាប់កាត់ទោស។ យ៉ាងណាមិញ សកម្មជនប្រឆាំងដ៏ល្បីម្នាក់ទៀត ឈ្មោះលោក ហ្វាំ មីញហួង អាយុ៦២ឆ្នាំ ត្រូវបានវៀតណាមដកសញ្ជាតិចោល ហើយបានចាប់បញ្ជូនខ្លួន ឲ្យត្រលប់មកបារាំងវិញ កាលពីថ្ងៃអាទិត្យទី ២៥ មិថុនា៕
1 comment:
I wonder why the Vietnamese policewoman is so pretty?
Post a Comment