ដោយ មាន ឫទ្ធិ
2017-06-07
rfa
ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។
RFA/Tep Sony
គណបក្សកាន់អំណាច និងគណបក្សប្រឆាំង ប្រកាសទទួលជ័យជម្នះពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ រៀងៗខ្លួន ទោះបីលទ្ធផលបោះឆ្នោតផ្លូវការនៅមិនទាន់បានប្រកាសនៅឡើយក្តី។ តាមការអះអាងរបស់គណបក្សទាំងពីរបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរបូតអាសនៈគ្រប់គ្រងឃុំ-សង្កាត់នៅទូទាំងប្រទេសអស់ជាង ៤០០ឃុំ-សង្កាត់ទៅគណបក្សប្រឆាំង។ អ្នកវិភាគគោលនយោបាយយល់ថា ដើម្បីចៀសវាងនូវមហន្តរាយនៃការចាញ់ឆ្នោតនាអាណត្តិឆ្នាំ២០១៨ ខាងមុខនេះ គណបក្សនេះគួរពិចារណាដាក់បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីក្រៅពីលោក ហ៊ុន សែន។
នេះមិនមែនជារឿងប្លែកនោះទេ ដែលគណបក្សប្រជាជនកម្ពុជា បាត់បង់សំឡេងគាំទ្រ និងធ្លាក់ស្រុតចុះនូវប្រជាប្រិយភាពជាគំហុកយ៉ាងដូច្នេះ បើទោះបីជាលោក ហ៊ុន សែន បានព្យាយាមប្រើវោហារសាស្ត្រអំពីសង្គ្រាម និងប្រើប្រព័ន្ធតុលាការចាប់ចងក្រុមអ្នករិះគន់ប្រឆាំងដាក់ពន្ធនាគារឥតឈប់ឈរយ៉ាងណាក៏ដោយ។
នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ កន្លងទៅ គណបក្សកាន់អំណាចបានបាត់បង់អាសនៈនៅក្នុងរដ្ឋសភារហូតដល់ទៅ ២២អាសនៈ ពី ៩០អាសនៈក្នុងអាណត្តិទី៤ មកនៅត្រឹមតែចំនួន ៦៨អាសនៈក្នុងអាណត្តិទី៥ នេះ។
បួនឆ្នាំក្រោយមក នៅពេលលោក ហ៊ុន សែន មានឱកាសធ្វើជាប្រធានគណបក្សកាន់អំណាចដើម្បីស្ដារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញនោះ លោក ហ៊ុន សែន បានបន្តធ្វើឲ្យគណបក្សរបស់លោកបាត់បង់អាសនៈរហូតដល់ទៅជាង ៤០០ឃុំ-សង្កាត់ ដែលកាលពីអាណត្តិទី៣ កន្លងទៅ គណបក្សនេះគ្រប់គ្រងដល់ទៅ ១.៥៩២ឃុំ-សង្កាត់ក្នុងចំណោមឃុំ-សង្កាត់សរុបនៅទូទាំងប្រទេសនាពេលនោះចំនួន ១.៦៣៣ឃុំ-សង្កាត់។ ពោល គឺមកនៅត្រឹមតែចំនួនប្រមាណ ១.១៦៣ឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧ នេះ ក្នុងចំណោមឃុំ-សង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១.៦៤៦។ បើផ្អែកតាមលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ នេះ សំឡេងឆ្នោតគាំទ្ររបស់គណបក្សលោកបានធ្លាក់ចុះពីជិត ៦២% ក្នុងអាណត្តិទី៣ មកនៅត្រឹមក្រោម ៥១% ក្នុងអាណត្តិឃុំ-សង្កាត់ទី៤ នេះ។
ជាងនេះទៅទៀត បើទោះបីជាបក្សរបស់លោករងនូវការបាត់បង់អំណាចគ្រប់គ្រង ដែលខ្លួនធ្លាប់បានកាន់កាប់ផ្ទួនៗម្តងជាពីរដងយ៉ាងដូច្នេះក៏ដោយ លោក ហ៊ុន សែន កាលពីថ្ងៃច័ន្ទ ទី៥ ខែមិថុនា កន្លងទៅនេះ មិនបានទទួលស្គាល់ថា គណបក្សរបស់លោកបានបាត់បង់អាសនៈដែលខ្លួនធ្លាប់គ្រប់គ្រង ឬចាញ់នេះឡើយ។ លោកបែរជានិយាយបន្លប់ចិត្តខ្លួនឯងនៅលើទំព័រហ្វេសប៊ុក (facebook) របស់លោកថា «យប់មិញមានមនុស្សមួយចំនួនចេញមកអះអាងថា គណបក្សប្រជាជន ចាញ់ឆ្នោត។ នេះពិតជាមនុស្សស្គាល់ត្រឹមដើមឈើ និងមិនស្គាល់ព្រៃទាំងមូលមែន»។
អ្នកវិភាគគោលនយោបាយលើកឡើងថា ការធ្លាក់ចុះការគាំទ្ររបស់គណបក្សកាន់អំណាចនេះ គួរតែធ្វើឲ្យមេដឹកនាំបក្សនេះដឹងខ្លួន ហើយពិចារណាធ្វើកំណែទម្រង់ថ្នាក់ដឹកនាំគណបក្ស។
សាស្ត្រាចារ្យផ្នែកកិច្ចការការទូត និងទំនាក់ទំនងអន្តរជាតិ នៅមហាវិទ្យាល័យ អុកស៊ីឌែនថល (Occidental College) នៅទីក្រុងឡូសអែនជឺឡេស (Los Angeles) លោកបណ្ឌិត អៀ សុផល យល់ឃើញថា គេពុំចាំបាច់សួរនាំច្រើនអំពីថា លទ្ធផលការបោះឆ្នោតឃុំ-សង្កាត់នេះជាសញ្ញាព្រមានមួយចំពោះការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន នោះឡើយ។ លោកបានថ្លែងប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកថា «គណបក្សរបស់លោក ហ៊ុន សែន ធ្លាក់ចុះសំឡេងឆ្នោតពីជិត ៦២% មកនៅត្រឹម ៥១%។ ពោលគឺធ្លាក់ចុះ ១១% ឯណោះ។ នៅក្នុងប្រទេសដទៃទៀត ការទទួលបានលទ្ធផលយ៉ាងដូច្នេះ អាចនឹងធ្វើឲ្យគណបក្សត្រូវពិចារណាមើលឡើងវិញអំពីយុទ្ធសាស្ត្ររបស់ខ្លួន ឬក៏ប្រហែលជាឈានទៅដល់ការពិចារណាឡើងវិញអំពីជម្រើសនៃការដាក់បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីផង ដើម្បីបញ្ចៀសនូវមហន្តរាយណាមួយមកលើបក្សនៅថ្ងៃខាងមុខ»។ លោកបន្តថា ជាការប្រពៃដែលបុគ្គលដឹកនាំឲ្យចាញ់ឆ្នោតក្នុងបក្សរូបនោះ គួរតែចូលនិវត្តន៍ឲ្យហើយ ខណៈពេលដែលខ្លួនកំពុងកាន់តំណែងកំពូល ចៀសជាងនៅពេលដែលខ្លួនត្រូវបានគេបង្ខំឲ្យចុះចេញពីតំណែងនោះ។
លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល បន្តថា គណបក្សសង្គ្រោះជាតិ ដែលជាការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានកើនឡើងសន្លឹកឆ្នោតពីចំនួនបូកចូលគ្នាជិត ៣១% ក្នុងឆ្នាំ២០១២ រហូតដល់ទៅចំនួន ៤៦% ក្នុងឆ្នាំ២០១៧ នេះ ពោលគឺកើនឡើងរហូតដល់ទៅ ១៥% ឯណោះ។ លោកថា «គណបក្សសង្គ្រោះជាតិ ធ្វើបានប្រសើរជាងកាលពីឆ្នាំ២០១២ តាមរយៈលទ្ធផលនេះ។ មែនទែនទៅ បើនិយាយពីចំនួនមេឃុំ ឬចៅសង្កាត់វិញ គណបក្សនេះទទួលបានអាសនៈកើនឡើងរហូតដល់ទៅ ១២ដង ពោលគឺពី ៤០ ទៅ ៤៨០អាសនៈ ដែលនេះគឺជាចំនួនដ៏ច្រើនមែនទែន»។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងការពារការបាត់បង់អាសនៈនេះថា គណបក្សរបស់លោកមិនយកសមរភូមិណាមួយមកនិយាយទេ តែយកសង្គ្រាមទាំងមូលមកនិយាយម្តង។ លោកថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣លាន ៥សែនសំឡេង ត្រូវជាជាង ៥១% ហើយគណបក្សសង្គ្រោះជាតិ ទទួលបានតែ ៣លានសំឡេងគត់ទេ។ ពោលគឺខុសគ្នាដល់ទៅ ៥សែនសំឡេង។ បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា លើសសំឡេងចំនួន ៣សែនសំឡេង។ ដោយឡែកគណបក្សសង្គ្រោះជាតិ លើសឆ្នាំ២០១៣ ដែលជាឆ្នាំកំពូលរបស់ខ្លួនតែ ៩ម៉ឺនសំឡេងប៉ុណ្ណោះ។
លោកថា នេះសបញ្ជាក់ឲ្យឃើញថា សន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា នៅមិនទាន់ខ្សោយនៅឡើយទេ៖ «ទោះបីថាវាបាត់បង់នូវមេឃុំមួយចំនួនក៏ពិតមែន ក៏ប៉ុន្តែខ្ញុំយល់ថា នេះគឺអាស្រ័យលើការយល់ឃើញរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឃុំ-សង្កាត់នានានៅទូទាំងប្រទេសហ្នឹង។ ម្យ៉ាងទៀតបើយើងនិយាយដោយសាមញ្ញទៅ គឺថាជាឱកាសល្អហើយ ដែលបងប្អូនហ្នឹងសាកល្បងអ្នកថ្មី ពីព្រោះអ្នកចាស់ហ្នឹងសាមសែសិបឆ្នាំហើយ វាជូរវាជ្រេញហើយក្នុងចិត្តនោះ ទោះបីខំបម្រើ ខំយកចិត្តយកថ្លើមយ៉ាងណាក៏ដោយ វានៅតែទាស់ដែរ។ ដូចជាកូនដែលនៅបម្រើអាចម៍នោមឪពុកម្ដាយរាប់សិបឆ្នាំហើយហ្នឹង វាមានទាស់តិចទាស់ច្រើន ក៏ប៉ុន្តែថាឲ្យខុសធ្ងន់ធ្ងរនោះ វាមិនខុសទេ។ ក៏ប៉ុន្តែបើកូនមកពីចម្ងាយហ្នឹងមួយឆ្នាំ យួរតែក្រូចមួយឡូត៍មក លុយតែ ២០ដុល្លារមកហ្នឹង គឺថាកូនហ្នឹងល្អណាស់។ តែឥឡូវនេះ យើងនឹងបានសាកល្បងហើយ។ ឃុំចំនួន ៤៨០ឃុំប្លាយហ្នឹង គឺថាបងប្អូននឹងបានសាកល្បង ថាតើភ្លក់អំបិលជាមួយនឹងអ្នកថ្មី និងអ្នកចាស់ហ្នឹង យើងប្រៀបធៀបមើលថាតើវាខុសគ្នាយ៉ាងម៉េច?»។
ផ្ទុយពីការលើកឡើងខាងលើនេះ លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោតឃុំ-សង្កាត់លើកនេះ បើទោះបីជាមានការបំភិតបំភ័យ គំរាមកំហែង និងភាពមិនប្រក្រតីមួយចំនួននៃដំណើរការបោះឆ្នោតយ៉ាងណាក៏ដោយ។ លោកថា គណបក្សប្រជាជនកម្ពុជា ស្ទើរតែពុំអាចឈ្នះសំឡេង «ភាគច្រើន» បាន។ លោកបន្តថា «វាច្បាស់ណាស់សម្រាប់ខ្ញុំ គឺថាបើប្រៀបធៀបនឹងឆ្នាំ២០១២ គណបក្សសង្គ្រោះជាតិ ទទួលបានលទ្ធផលហួសពីការរំពឹងទុក។ គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត បើទោះបីជាមានការរឹតត្បិតអ្នកបោះឆ្នោតដែលជាកម្មករកម្មការិនីរោងចក្រកាត់ដេរ និងព្រះសង្ឃមិនឲ្យចូលរួមបោះឆ្នោតបាន»។
ឆ្លើយតបនឹងសំណួរដែលចោទសួរថា តើតំណែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងត្រូវបានដណ្ដើមយកបានដែរឬទេដោយគណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះ លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ថ្លែងដោយពុំមានការអល់អែកថា «ប្រាកដណាស់ ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនត្រូវបានគណបក្សកាន់អំណាចរំលាយចោលនៅមុនពេលបោះឆ្នោតនោះ»៕
No comments:
Post a Comment