ដោយ សាន សែល
2017-06-07
ជនជាតិដើមភាគតិចកួយ តម្រង់ជួរចូលរួមបោះឆ្នោត នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
RFA/Men Sothyr
ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស្វាគមន៍ការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ដែលបានធ្វើនៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី៤ មិថុនា និងបង្ហាញក្តីសង្ឃឹមថា ការបោះឆ្នោតដោយរលូន និងសន្តិភាព ឲ្យប្រផ្នូលល្អពីដំណើរប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំខាងមុខ។
អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អ្នកស្រី កាធៀ ចីរីហ្សី (Katia Chirizzi) ថ្លែងថា៖ «យើងសប្បាយរីករាយដែលបានឃើញថា ទោះបីមានការគំរាមកំហែងពីអំពើហិង្សា ការចាប់ចង និងការអន្តរាគមន៍យោធាកាលពីមុនការបោះឆ្នោត ក៏ប៉ុន្តែវាមិនបានកើតឡើងនោះទេ ហើយប្រជាពលរដ្ឋកម្ពុជា បង្ហាញការពេញចិត្តចំពោះដំណើរការនេះ»។
ការិយាល័យនេះ សាទរថា ខុសពីការបោះឆ្នោតលើកមុនៗ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ នេះ មិនមានពលរដ្ឋណាម្នាក់អះអាងថា ត្រូវបានគេរារាំងមិនឲ្យចេញទៅបោះឆ្នោតនោះទេ។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏អបអរដល់ប្រជាពលរដ្ឋកម្ពុជា ដែលចេញទៅបោះឆ្នោតចំនួនជិត ៩០ភាគរយ អង្គការសង្គមស៊ីវិល គណបក្សនយោបាយ និង គ.ជ.ប ដែលរៀបចំ និងចូលរួមដំណើរការបោះឆ្នោតនេះ។
ទោះបីជាយ៉ាងណា ការិយាល័យសិទ្ធិមនុស្សបានកត់សម្គាល់ថា នៅមុនការបោះឆ្នោតអ្នកនយោបាយគណបក្សប្រឆាំងមួយចំនួន ត្រូវគេគំរាមកំហែង និងរារាំងមិនឲ្យធ្វើយុទ្ធនាការបោះឆ្នោត ហើយសមាជិករបស់សង្គមស៊ីវិលដែលធ្វើការឃ្លាំមើលការបោះឆ្នោតមួយចំនួន ជាទិសដៅនៃការគំរាម និងការធ្វើបាប។
អនុប្រធានការិយាល័យប្រចាំតំបន់ មានប្រសាសន៍ថា ការបោះឆ្នោតបង្កើតកម្រិតតម្លាភាពថ្មីមួយ ហើយចំណុចមួយចំនួននៃដំណើរការនេះ អាចពង្រឹងបន្ថែមសម្រាប់ការបោះឆ្នោតឆ្នាំក្រោយ ជាពិសេសការគំរាមកំហែងផ្នែកនយោបាយ និងការចាប់ខ្លួនបុគ្គលិកអង្គការសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំង គួរកុំឲ្យមានតទៅទៀត ដើម្បីអាចឲ្យពួកគេដើរតួនាទីតាមផ្លូវច្បាប់ក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពិសេសមុនការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨។
ការដោះលែងសមាជិក និងអតីតសមាជិកសមាគមសិទ្ធិមនុស្សទាំងប្រាំ និងការដោះលែងអ្នកការពារសិទ្ធិដីធ្លី អ្នកស្រី ទេព វន្នី គឺជាវិញ្ញាសាសំខាន់ខ្លាំង ដើម្បីដាក់ពិន្ទុពីការបើកសេរីភាពបញ្ចេញមតិ៕
1 comment:
ម្តេចហើយអាគុកដែកជោ ដែលថាចាញ់ឆ្នោតធ្វើសង្រាម តើធ្វើជាមួយអ្នកណា សម្លាប់ខ្មែរដៃទទេឬ? ដែលមាននឹកគិតទេថាមកពីង្វី?បានជាខ្មែរបោះឆ្នោតឲ្យសង្រ្គោះជាតិដូច្នេះ? មើលទៅពួកអា ស៊ីពីពី មិនយល់ទេ បានជាខំរកល្បិច ខូច គៃបន្លំ ដដែលៗ ដូចជាមិនដែលគិតថាធ្វើអ្វីដែលត្រឹមត្រូវសោះ យកអំណាចខ្លួន ធ្វើតែផ្លូវខូចក្តោបអំណាចសម្រាបតែក្រុមខ្លួនដូច្នេះ តើថ្ងៃណាទៅបានខ្មែររួចពីរបបនេះទៅ???????
Post a Comment