Tuesday, 6 June 2017

លោក កឹម សុខា ប្រកាស​ឈ្នះ​តំណែង​មេ​ឃុំ-​ចៅ​សង្កាត់​បាន​ជិត​៥០០​ឃុំ-សង្កាត់


ដោយ ឡេង ម៉ាលី
2017-06-05

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ម្រាម​ដៃ​ជ្រលក់​ទឹក​ខ្មៅ​បង្ហាញ ក្រោយ​លោក​ចេញ​ពី​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​មណ្ឌល​ក្នុង​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៧។ RFA/Rann Samnang
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ម្រាម​ដៃ​ជ្រលក់​ទឹក​ខ្មៅ​បង្ហាញ ក្រោយ​លោក​ចេញ​ពី​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​មណ្ឌល​ក្នុង​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៧។ RFA/Rann Samnang
 RFA/Rann Samnang



ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​មិថុនា ថា គណបក្ស​សង្គ្រោះ​ជាតិ បោះ​ជំហាន​ជោគជ័យ ដែល​ដណ្ដើម​បាន​តំណែង​ជា​មេឃុំ ចៅសង្កាត់​ចំនួន​ជិត ៥០០ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។

សេចក្ដី​ថ្លែងការណ៍​ផ្លូវការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​មិថុនា នេះ គឺ​ជា​ចំនួន​ជិត​ពាក់​កណ្ដាល នៃ​តំណែង​មេ​ឃុំ​សង្កាត់ ទូទាំង​ប្រទេស​ចំនួន ១.៦៤៦។



លទ្ធផល​បណ្ដោះអាសន្ន​នៃ​តំណែង​មេឃុំ ចៅ​សង្កាត់​ចំនួន​ជិត ៥០០ ដែល​គណបក្ស​សង្គ្រោះ​ជាតិ រំពឹង​ថា នឹង​ទទួល​បាន​នៅ​ឆ្នាំ​២០១៧ ត្រូវ​បាន​លោក កឹម សុខា ចាត់​ទុក​ថា ជា​មូលដ្ឋាន​ជ័យជម្នះ​មួយ​ជំហាន​ធំ​របស់​គណបក្ស​លោក ឈាន​ទៅ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា ឆ្នាំ​២០១៨ ព្រោះ​តាម​បទពិសោធន៍​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កន្លង​មក​ចំនួន​សំឡេង​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង តែង​កើន​ឡើង​ជាង ១៥% ច្រើន​ជាង​ចំនួន​អ្នក​បោះឆ្នោត​ឃុំ សង្កាត់។

តួ​លេខ​បឋម​ចំនួន​ជិត ៥០០​ឃុំ សង្កាត់​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក យឹម សុវណ្ណ សន្និដ្ឋាន​​ក្នុង​សន្និសីទ​កាសែត​នៅ​យប់​ថ្ងៃ​ទី​៤ មិថុនា ថា​ស្មើ​នឹង ៤៦%៖ «យើង​រំពឹង​ថា ជាមួយ​សំឡេង​យើង​ទទួល​បាន ៤៦% នៅ​ក្នុង​ឆ្នាំ​២០១៧ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៨ យើង​ប្រាកដ​ជា​ទទួល​បាន​សំឡេង​យ៉ាង​តិច ៦០%។ អ៊ីចឹង​យើង​សន្និដ្ឋាន​ថា នៅ​ឆ្នាំ​២០១៨ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ឆ្នោត​កាន់កាប់​អំណាច​ក្នុង​រដ្ឋាភិបាល»។

សេចក្ដី​ថ្លែងការណ៍ លោក កឹម សុខា បន្ត​ថា ទោះ​បី​ជា​បរិយាកាស​នយោបាយ​មាន​ការ​គំរាមកំហែង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ រួម​ទាំង​ការ​មាន​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​បោះឆ្នោត​មិន​ទាន​បាន​ដោះស្រាយ​ហើយ​ក៏ដោយ ក៏​លទ្ធផល​បណ្ដោះអាសន្ន នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ បង្ហាញ​ថា ចំនួន​មេឃុំ​ចៅសង្កាត់​បាន​កើន​លើស​ពី ១២​ដង ច្រើន​ជាង​អាណត្តិ​ទី​៣ ក្នុង​ឆ្នាំ​២០១២។ ចំនួន​នេះ គឺ​លោក​ប្រៀបធៀប​ទៅ​នឹង​ចំនួន​មេឃុំ ចៅសង្កាត់ កាល​ពី​ឆ្នាំ​២០១២ ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បូក​បញ្ចូល​គ្នា មាន​មេឃុំ​ចៅសង្កាត់ ៤០​រូប។

គណបក្ស​សង្គ្រោះ​អះអាង​ពី​ជ័យជម្នះ​របស់​ខ្លួន ដែល​កើន​ឡើង​សំឡេង​គាំទ្រ​ចំនួន​ពី ៣០% ទៅ ៤៦% ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា ថយ​ចុះ​ពី ៦២% មក ៥១%។

នៅ​ថ្ងៃ​ដដែល​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ថា ផែនការ​គ្រប់គ្រង​សំឡេង​ភាគ​ច្រើន​នៃ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត​ព្រឹទ្ធសភា ដើម្បី​ គ្រប់គ្រង​ព្រឹទ្ធសភា និង​តំណែង​ប្រមុខរដ្ឋ​ស្ដីទី​ពេល​អវត្តមាន​ព្រះមហាក្សត្រ​បាន​បរាជ័យ​រួច​ទៅ​ហើយ។ លោក​បន្ត​ថា ប្រៀប​នឹង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣ សំឡេង​ឆ្នោត​គណបក្ស​ប្រជាជន​មាន​ការ​កើន​ឡើង និង​ខ្ពស់​ជាង​បក្ស​ផ្សេង​ទៀត ហើយ​សំឡេង​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ក៏​នឹង​មិន​ខុស​គ្នា​ជាមួយ​សំឡេង​ឆ្នោត​នៅ​ពេល​នេះ​ប៉ុន្មាន​ទេ។

សារ​លិខិត​របស់​លោក កឹម សុខា ចេញ​នៅ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប កំពុង​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៅ​ឡើយ៕

No comments: