ដោយ ដែន អយុធ្យា
2017-06-06
តូបលក់ភេសជ្ជ តុ និងឆត្រ ដែលរដ្ឋបាលខេត្តព្រះសីហនុ ដាក់ពង្រាយនៅតាមឆ្នេរអូរឈើទាល និងឆ្នេរអតីតមុខក្រុមហ៊ុនអារីស្តុន ឬចុងឆ្នេរអូរឈើទាល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។
RFA/Den Ayuthyea
ប្រតិបត្តិករទេសចរមានតូបលក់ដូរតាមឆ្នេរមួយចំនួននាខេត្តព្រះសីហនុ បង្ហាញការមិនពេញចិត្តចំពោះសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលនាំយកតូបលក់ភេសជ្ជ តុ និងឆត្ររាប់រយមកដាក់ពង្រាយនៅតាមឆ្នេរខ្សាច់ខ្លះនាមូលដ្ឋាននេះ ថាបានប៉ះពាល់ដល់សោភ័ណភាពបរិស្ថានឆ្នេរ និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលចូលមកទស្សនាតាមតំបន់ឆ្នេរសមុទ្រ។
ប្រតិបត្តិករលក់ដូរនៅតាមតំបន់ឆ្នេរមួយចំនួន បានរិះគន់សកម្មភាពរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបាននាំយកតូបលក់ភេសជ្ជ តុ និងឆត្រ មកដាក់ពង្រាយនៅតាមឆ្នេរខ្សាច់មួយចំនួនមាន ឆ្នេរអូរឈើទាល ឆ្នេរអតីតមុខក្រុមហ៊ុនអារីស្តុន និងឆ្នេរឯករាជ្យ ជាដើម ដើម្បីដាក់ជួលប្រណាំងប្រជែងជាមួយប្រជាពលរដ្ឋ។
អាជីវករឆ្នេរអូរឈើទាល ថាការធ្វើដូចនេះបានប៉ះពាល់ដល់របរចិញ្ចឹមជីវិតរបស់ពួកគេ។ ប្រតិបត្តិករឆ្នេរអូរឈើទាល ភាគច្រើនស្នើឲ្យអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ត្រូវបញ្ឈប់សកម្មភាពនេះ និងត្រូវនាំយកទៅដាក់ទីតាំងតាមតំបន់ឆ្នេរមិនទាន់មានការអភិវឌ្ឍជំនួសវិញ។ ក្រុមអាជីវករថា អាជ្ញាធរធ្វើដូចនេះក៏អាចធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាតាមតំបន់ឆ្នេរ និងចុះងូតទឹកសមុទ្រកម្សាន្ត ជាដើម។
ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តព្រះសីហនុ លោក ឈិន សេងងួន ផ្តល់សម្ភាសតាមទូរស័ព្ទឲ្យអាស៊ីសេរីដឹងថា តូបលក់ភេសជ្ជ តុ និងឆត្រដែលអាជ្ញាធរខេត្តនេះនាំយកទៅដាក់ពង្រាយនៅតាមឆ្នេរមួយចំនួនកន្លងមកនេះ ទទួលបានមកពីក្រុមហ៊ុនខែមបូអែដ ផ្តល់ជូនសាលាខេត្ត។ លោកបន្តថា សម្ភារទាំងនោះ រដ្ឋបាលខេត្តមានគម្រោងរកទីតាំងសមរម្យនៅតាមឆ្នេរសមុទ្រមួយចំនួននាខេត្តព្រះសីហនុ ដើម្បីដាក់ជួលឲ្យអាជីវករ ឬប្រជាពលរដ្ឋដើម្បីឲ្យអាជ្ញាធរខេត្តមានថវិកាសម្រាប់ការងារថែរក្សាបរិស្ថានឆ្នេរនីមួយៗឲ្យមានអនាម័យ និងសោភ័ណភាពនាថ្ងៃអនាគត។
លោក ឈិន សេងងួន បញ្ជាក់ថា រដ្ឋបាលខេត្តបានផ្អាកសកម្មភាពនេះជាបណ្ដោះអាសន្នសិន ដោយទុកពេលស្វែងរកទីតាំងសម្រាប់ដាក់សម្ភារទាំងនេះឲ្យបានត្រឹមត្រូវជាមុនសិន។ លោកឲ្យដឹងថា រាល់ថ្ងៃនេះមានក្រុមអាជីវករមួយចំនួនបានមកសួរនាំដាក់ពាក្យសុំជួលតូប តុ និងឆត្រដែលជាគម្រោងរបស់រដ្ឋបាលខេត្តនេះជាបន្តបន្ទាប់រួចហើយដែរ ប៉ុន្តែលោកថា រដ្ឋបាលខេត្តមិនទាន់ដាក់ឲ្យដំណើរការនៅឡើយទេ។ លោក សេងងួន ឲ្យដឹងថា បច្ចុប្បន្ន ក្រុមការងារចុះអនុវត្តការងារនេះកំពុងសិក្សារកទីតាំងនៅតាមតំបន់ឆ្នេរនានា ដែលមិនប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ក្រុមអាជីវករ ជាពិសេសកុំឲ្យប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថានឆ្នេរខ្សាច់ និងប៉ះពាល់ដល់ភ្ញៀវទេសចរដែលចូលមកកម្សាន្តនៅតាមឆ្នេរនីមួយៗ៖ «រដ្ឋបាលខេត្តបានប្រកាសជូនសាធារណជនហើយថា ខេត្តនឹងជួលតូបលក់ភេសជ្ជ តុ និងឆត្រជូនពលរដ្ឋ ឬអាជីវករដែលដាក់ពាក្យសុំជួលតូបលក់ដូរនៅតាមឆ្នេរសមុទ្រនេះក្នុងតម្លៃមួយសមរម្យ ហើយករណីនេះមានប្រជាពលរដ្ឋមួយចំនួនបានទាក់ទងមកសាលាខេត្ត។ ប៉ុន្តែតូបលក់ដូរភេសជ្ជដែលផ្តល់ជូនដោយក្រុមហ៊ុនខែមបូអែដ នេះ រដ្ឋបាលខេត្តមិនទាន់កំណត់ថា នឹងយកទៅដាក់នៅទីតាំងណាឲ្យពិតប្រាកដនោះទេ ព្រោះមិនមានទីតាំងដាក់ និងកំពុងឲ្យក្រុមការងារស្វែងរកទីតាំងដាក់ឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យប៉ះពាល់ដល់សោភ័ណភាពឆ្នេរ។ ពីដំបូងតូបលក់ដូរភេសជ្ជ តុ និងឆត្រទាំងនេះ យើងគ្រោងនឹងដាក់ជួល ប៉ុន្តែមិនទាន់មានទីតាំងច្បាស់លាស់ ក៏បានផ្អាកជាបណ្ដោះអាសន្នសិន»។
ទោះជាបែបនេះក្តី ក្រុមអាជីវករឆ្នេរអូរឈើទាល បានអះអាងថា សកម្មភាពដាក់ពង្រាយតូបលក់ភេសជ្ជ បានចាប់ផ្ដើមជាថ្មីទៀតចាប់ពីដើមសប្ដាហ៍នេះមក។ ក្រុមអាជីវករទាំងនោះបានអះអាងថា ពួកគេបានបង់ពន្ធជូនរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធមិនដែលខកខាន ប៉ុន្តែមិនគួររដ្ឋបាលខេត្តនេះមកដាក់ពង្រាយស្តង់ តុ និងឆត្រ ជាដើម ដោយដាក់តាំងនៅចំពីមុខតូបលក់ដូរពួកគេ នាំឲ្យប៉ះពាល់ដល់ការលក់ដូរប្រចាំថ្ងៃបែបនេះទេ។
អ្នកឃ្លាំមើលការងារអភិវឌ្ឍន៍សង្គម និងភ្ញៀវទេសចរមួយចំនួន គាំទ្រចំពោះការដាក់តូបលក់ដូរភេសជ្ជ តុ និងឆត្រ ដែលក្រុមការងាររដ្ឋបាលខេត្តដាក់ពង្រាយតាមឆ្នេរសមុទ្រមួយចំនួន ថាអាចជួយសម្រួលដល់ការសម្រាកលំហែរបស់ភ្ញៀវទេសចរនៅតាមឆ្នេរនីមួយៗនាថ្ងៃខាងមុខ ពិសេសជាងនេះ ក៏អាចជួយឲ្យរដ្ឋបាលខេត្តព្រះសីហនុ មានប្រាក់ចំណូលទុកសម្រាប់ចំណាយទៅលើការងារសម្អាតអនាម័យបរិស្ថាននៅតាមឆ្នេរនីមួយៗ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះបានច្រើនថែមទៀតនាថ្ងៃអនាគត។
ទោះជាបែបនេះក្តី អ្នកឃ្លាំមើលសង្គមទាំងនោះ បានស្នើដល់អភិបាលខេត្តព្រះសីហនុ គួរនាំយកតូបលក់ភេសជ្ជទាំងអស់នោះនាំយកទៅដាក់នៅតាមឆ្នេរទាំងឡាយណា ដែលមិនទាន់មានការអភិវឌ្ឍ ឬមិនទាន់មានអាជីវករលក់ដូរ ប្រសើរជាងនាំយកទៅដាក់ពង្រាយនៅមុខតូបលក់ដូររបស់អាជីវករដែលមានការអភិវឌ្ឍស្រាប់៖ «គឺជាការមួយល្អ ដែលរដ្ឋបាលខេត្តបានដាក់ពង្រាយតូបលក់ដូរខ្នាតតូច មានទាំងតុ កៅអី និងឆត្រ ដាក់ពង្រាយនៅតាមតំបន់ឆ្នេរនានានៅខេត្តព្រះសីហនុ យើងនេះ ដើម្បីអាចឲ្យភ្ញៀវទេសចរមានទីកន្លែងអង្គុយលំហែ។ ហើយមួយផ្នែកទៀត រដ្ឋបាលខេត្តក៏អាចដាក់ជួលឲ្យអាជីវករលក់ដូរចំណីអាហារផ្សេងៗតាមបែបបើកអាជីវកម្មខ្នាតតូចនៅតាមឆ្នេរសមុទ្រផងដែរ។ ប៉ុន្តែដោយឡែកចំពោះនៅតំបន់ឆ្នេរអូរឈើទាល ដែលមានអាជីវករលក់ដូរមមាញឹកទៅហើយនោះ គឺគួរតែរដ្ឋបាលខេត្តព្រះសីហនុ ដកយកតូបលក់ដូរភេសជ្ជ តុ កៅអី និងឆត្រដែលបានដាក់ពង្រាយនៅពីមុខតូបលក់ដូររបស់ក្រុមអាជីវករទាំងនោះ យកទៅដាក់នៅទីតាំងតំបន់ឆ្នេរផ្សេងវិញ ដែលមិនទាន់មានការអភិវឌ្ឍ ឬមិនសូវមានអាជីវករលក់ដូរច្រើន។ មានដូចជាឆ្នេរព្រែកត្រែង ឆ្នេររាម និងឆ្នេរនៅតំបន់ពយម៉ាចូវ ឬចុងឆ្នេរអូរត្រេះ ជាដើម ដើម្បីឲ្យអាជីវករទាំងឡាយអាចទៅជួលតូបលក់ដូរ ដែលរដ្ឋបាលខេត្តបានដាក់ពង្រាយតាមឆ្នេរសមុទ្រនានានៅក្នុងខេត្តព្រះសីហនុ ជួលរករបរទទួលទាន និងអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យចូលទៅកម្សាន្តតំបន់ឆ្នេរផ្សេងៗទៀត»។
នាយកទីចាត់ការរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ស៊ុត ចាន់ថន ឲ្យដឹងថា មានតូបលក់ភេសជ្ជជាង ៥០ តុ និងឆត្រជាង ១០០ឈុត អាជ្ញាធរខេត្តមានគម្រោងដាក់ពង្រាយនៅតាមឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល និងឆ្នេរផ្សេងទៀត ដើម្បីដាក់ជួលឲ្យប្រជាពលរដ្ឋ ឬក្រុមអាជីវករដែលចង់ជួលធ្វើអាជីវកម្មក្នុងតម្លៃសមរម្យ។ ប៉ុន្តែលោកថា គម្រោងនេះ រដ្ឋបាលខេត្តមិនទាន់ដាក់ឲ្យដំណើរការនៅឡើយទេ ដោយទុកពេលស្វែងរកទីតាំងឲ្យបានត្រឹមត្រូវជាមុន ដើម្បីជៀសវាងប៉ះពាល់ដល់ការប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋតាមឆ្នេរនីមួយៗ ជាពិសេសដើម្បីកុំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាតាមតំបន់ឆ្នេរនីមួយៗនាថ្ងៃអនាគត៖ «ខ្ញុំអត់បានដឹងថាមានសកម្មភាពដាក់ពង្រាយតូបលក់ដូរភេសជ្ជ តុ និងឆត្រ បានដាក់ពង្រាយនៅតាមឆ្នេរអូរឈើទាល និងឆ្នេរផ្សេងៗទៀតកើតមានថ្មីៗនេះនោះទេ ព្រោះខ្ញុំបានប្រាប់ទៅក្រុមហ៊ុនខែមបូ ថាបើចង់ធ្វើការងារនេះ ស្នើឲ្យទាក់ទងមករដ្ឋបាលខេត្ត ឬមន្ត្រីទទួលបន្ទុកការងារនេះឲ្យដឹងដំណឹងជាមុន។ ដូច្នេះសកម្មភាពរបស់ក្រុមហ៊ុនខែមបូអែដ បានចុះដាក់ពង្រាយតូបលក់ដូរភេសជ្ជ តុ និងឆត្រនៅតាមឆ្នេរមួយចំនួនថ្មីៗនេះ មិនត្រឹមត្រូវទេ។ បញ្ហានេះ ខ្ញុំក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ គឺមិនបានដឹងនោះទេ។ ការដាក់ពង្រាយតូបលក់ដូរនៅតាមឆ្នេរសមុទ្រមួយចំនួនដែលរដ្ឋបាលខេត្តមានគម្រោងដាក់ជួលនេះ គឺយើងមិនមែនចេះតែយកទៅដាក់ដោយមិនបានគិតគូរឲ្យបានត្រឹមត្រូវនោះទេ។ ការយកទៅដាក់នៅមុខតូបលក់ដូររបស់ប្រជាពលរដ្ឋ ឬក្រុមអាជីវករដែលកំពុងប្រកបអាជីវកម្ម និងដាក់នៅលើឆ្នេរខ្សាច់ គឺត្រូវហាមមិនឲ្យដាក់នោះទេ ព្រោះបានប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ និងប៉ះពាល់ដល់សោភ័ណភាពឆ្នេរ ពិសេសភ្ញៀវទេសចរដើរកម្សាន្ត ឬចុះងូតទឹកសមុទ្រនៅតាមឆ្នេរនីមួយៗ។ តូបលក់ដូរ តុ និងឆត្រដែលក្រុមហ៊ុនខែមបូអែដ ឧបត្ថម្ភជូនសាលាខេត្ត ហើយត្រូវបានដាក់ពង្រាយថ្មីៗនេះ គឺរូបខ្ញុំមិនបានដឹងនោះទេ»។
លោក ស៊ុត ចាន់ថន បញ្ជាក់ថា នឹងសួរនាំទៅតំណាងក្រុមហ៊ុនខែមបូអែដ ស្នើឲ្យផ្អាកសកម្មភាពនេះជាបណ្ដោះអាសន្ន ដើម្បីរកទីតាំងដាក់សម្ភារទាំងនោះឲ្យបានត្រឹមត្រូវ កុំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរខ្សាច់ និងកុំឲ្យមានវិវាទជាមួយប្រជាពលរដ្ឋ ឬក្រុមអាជីវករនៅតាមឆ្នេរនីមួយៗ៕
No comments:
Post a Comment