Tuesday, 27 June 2017
ពលរដ្ឋ១៩គ្រួសារទាមទារឲ្យអាជ្ញាធរខេត្តក្រចេះបិទអាជីវកម្មបូមខ្សាច់ប៉ះពាល់ផ្ទះអ្នកភូមិ
ដោយ ម៉ែន សុធីរ
2017-06-26
សាឡង់បូមខ្សាច់នៅចុងក្រោះទ្រង់ ទល់មុខក្រុងក្រចេះ ខេត្តក្រចេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។ Photo provided
Photo provided
ពលរដ្ឋ ១៩គ្រួសាររស់នៅសង្កាត់ក្រគរ ក្រុងក្រចេះ ខែត្រក្រចេះ ទាមទារឲ្យអាជ្ញាធរជម្លៀសទីតាំងអាជីវកម្មបូមខ្សាច់ទ្រង់ទ្រាយធំមួយកន្លែងចេញពីទន្លេមេគង្គនៅសង្កាត់ក្រគរ ក្រុងក្រចេះ ដែលកំពុងប៉ះពាល់លំនៅឋានអ្នកភូមិ។ ការទាមទារនេះ ក្រោយពីពួកគេឃើញថា ផ្លូវថ្នល់ និងស្ពាន កំពុងរងការខូចខាតដោយសារមានរថយន្តយីឌុបដឹកខ្សាច់ច្រើនតោនស្ទើររៀងរាល់ថ្ងៃ ចេញពីអាជីវកម្មបូមខ្សាច់នោះ។
ពលរដ្ឋរស់នៅតាមបណ្តោយមាត់ទន្លេមេគង្គនៃសង្កាត់ក្រគរ ក្រុងក្រចេះ កំពុងស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ និងព្យាយាមឲ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមឲ្យបានត្រឹមត្រូវ ជុំវិញការទាញយកខ្សាច់ធម្មជាតិបង្កឡើងដោយបុគ្គលឯកជន។ ពួកគេបារម្ភថា ផលប៉ះពាល់បរិស្ថាន និងសង្គម នឹងរឹតតែធ្ងន់ធ្ងរនៅថ្ងៃខាងមុខដែលបង្កឡើងដោយអាជីវកម្មបូមខ្សាច់នេះ។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ ១៩គ្រួសារ លោក សៅ ទ្រី ឲ្យដឹងនៅថ្ងៃទី២៦ មិថុនា ថា អ្នកភូមិទាមទារឲ្យអាជ្ញាធរផ្តល់ព័ត៌មានជាក់លាក់ពីការស្រាវជ្រាវហានិភ័យនានាបង្កឡើងដោយអាជីវកម្មបូមខ្សាច់នោះ ក្រោយពីលំនៅឋានពលរដ្ឋជាង ១០គ្រួសារមានស្នាមប្រេះផ្នែកខាងក្រោម ដោយសារមានរថយន្តដឹកខ្សាច់ធ្ងន់ឆ្លងកាត់ទីនោះ។ លោកកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានរថយន្តយីឌុបធំៗដឹកខ្សាច់ចេញពីច្រាំងទន្លេក្បែរលំនៅឋានអ្នកភូមិ ទម្ងន់ប្រហែល ៥០ ទៅ ៦០តោន ទំនងយកទៅប្រទេសវៀតណាម បង្កឲ្យខូចខាតផ្លូវ និងស្ពាន។ លោកថា កាលពីពេលថ្មីៗនេះ ពលរដ្ឋ ១៩គ្រួសារធ្វើបាតុកម្មបិទផ្លូវទាមទារឲ្យអាជ្ញាធរ អន្តរាគមន៍ករណីនេះជាបន្ទាន់ ខណៈអ្នកភូមិកំពុងខ្វាយខ្វល់ខ្លាចបាក់ច្រាំងទន្លេប៉ះពាល់លំនៅឋានពលរដ្ឋនៅថ្ងៃខាងមុខ៖ «ខ្ញុំព្រួយបារម្ភទីមួយហ្នឹង បាក់ច្រាំង ច្រាំងមិនដែលបាក់ទេ តែឥឡូវបាក់ហើយ។ ផ្ទះនៅជិតហ្នឹងញែកដីខាងក្រោម អាស្ពានឡើងទៅ ខ្ញុំឃើញគេដាក់តែ ៥តោនទេ ហេតុអីឡានឡើងទៅ ៥០ ទៅ ៦០តោន»។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ពលរដ្ឋប្រមាណ ១៩គ្រួសារ បាននាំគ្នាយករថយន្តជាច្រើនគ្រឿងបិទផ្លូវមុខអាជីវកម្មបូមខ្សាច់របស់លោក រស់ ចន្ថា ដោយទាមទារឲ្យអាជ្ញាធរផ្លាស់ប្ដូរទីតាំងអាជីវកម្មបូមខ្សាច់នេះចេញពីតំបន់នោះ។
កាលពីឆ្នាំ២០១៤ ច្រាំងទន្លេនៅឃុំថ្មគ្រែ ស្រុកចិត្របុរី បានបាក់ស្រុតបំផ្លាញផ្ទះពលរដ្ឋ ៦ខ្នងនៅរដូវវស្សា។ អ្នកភូមិបារម្ភថា ផ្ទះពលរដ្ឋរាប់រយខ្នងនៅតាមច្រាំងទន្លេស្រុកចិត្របុរី នឹងប្រឈមការបាក់ស្រុត។
ឆ្លើយតបរឿងនេះ អភិបាលក្រុងក្រចេះ លោក យិន វណ្ណៈ មានប្រសាសន៍ថា អាជ្ញាធរបានចុះទៅពិនិត្យទីតាំងអាជីវកម្មបូមខ្សាច់នោះរួចហើយ និងបានឯកភាពឲ្យប្ដូរទីតាំងបូមខ្សាច់ចេញពីតំបន់នោះ ក៏ប៉ុន្តែម្ចាស់អាជីវកម្មបានសំណូមពរសុំពន្យារពេលរកទីតាំងថ្មីសិន។ លោកបញ្ជាក់ថា អាជ្ញាធរសម្រេចឲ្យម្ចាស់អាជីវកម្មបូមខ្សាច់ផ្អាកបណ្ដោះអាសន្ន ដោយរង់ចាំថ្នាក់ដឹកនាំដោះស្រាយសិន៖ «នៅពេលដែលបងប្អូនយើងយកឡានបិទផ្លូវមិនឲ្យឡានដឹកក្រួសខ្សាច់ចេញហ្នឹង ខ្ញុំក៏បានឲ្យចៅសង្កាត់ទៅសម្របសម្រួលជាមួយហ្នឹង។ អាជីវកម្មបូមខ្សាច់ហ្នឹងឲ្យធ្វើកិច្ចសន្យាថា ឥឡូវឲ្យផ្អាកសិន ហើយរង់ចាំថ្នាក់ដឹកនាំដោះស្រាយបានលទ្ធផលយ៉ាងណា ចាំគិតទៀត!»។
ប្រធានមន្ទីររ៉ែ និងថាមពល ខែត្រក្រចេះ លោក សុខ គិរីរដ្ឋ ធ្លាប់បញ្ជាក់ថា អាជីវកម្មបូមខ្សាច់ គឺបូមនៅទីតាំងដែលក្រសួងបានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការកន្លងទៅ។ លោកថា ក្រសួងបានសិក្សាល្អិតល្អន់មុននឹងផ្តល់អាជ្ញាប័ណ្ណ និងបញ្ជូនមន្ត្រីជំនាញចុះតាមដានពីដំណើរការអាជីវកម្មជាហូរហែ។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ខែត្រក្រចេះ លោក ប៊ី វ៉ាន់នី រកឃើញថា ការដោះស្រាយករណីនេះរបស់អាជ្ញាធរមានលក្ខណៈយឺតយ៉ាវ ដែលនាំឲ្យពលរដ្ឋផ្ទុះការតវ៉ា។ លោកថា កាលពីឆ្នាំ២០១៦ ពលរដ្ឋធ្លាប់ដាក់ញត្តិឲ្យអាជ្ញាធរខែត្រដោះស្រាយដែរ តែរហូតមកទល់ពេលនេះ នៅតែពុំទាន់មានពន្លឺលទ្ធផល៖ «កន្លែងអាជីវកម្មបូមខ្សាច់ គឺនៅជិតប្រជាពលរដ្ឋ ហើយវាធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយមានការភ័យខ្លាច ខ្លាចបាក់ផ្ទះចូលទន្លេដោយមិនដឹងខ្លួន ហើយទីពីរ គាត់ព្រួយបារម្ភខ្លាចខូចខាតផ្លូវ»។
អតីតមន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ផ្តល់ទស្សនៈថា មន្ត្រីជំនាញត្រូវបើកចំហលទ្ធផលនៃការស្រាវជ្រាវករណីនេះ ស្ដីពីការកំណត់បរិមាណការទាញយកខ្សាច់ចេញពីទន្លេ ដែលធានាថាមិនបាក់ច្រាំងទន្លេ។ លោកបារម្ភថា ប្រសិនបើការបូមខ្សាច់ច្រើនពេកនាំឲ្យទឹកទន្លេកាន់តែជ្រៅ ហើយកំណកខ្សាច់នៅតំបន់នោះអាចហូររហូត និងបង្កឲ្យផលប៉ះពាល់តុល្យភាពទប់ច្រាំងទន្លេ។ លោកថា ការបូមខ្សាច់នេះក៏ជាផ្នែកមួយនាំឲ្យស្ដារបាតទន្លេដែរ ខណៈដែលខ្សាច់កើនឡើងច្រើន បណ្ដាលឲ្យទន្លេរាក់ តែអាជ្ញាធរជំនាញត្រូវកំណត់ព្រំដែនអាជីវកម្មបូមខ្សាច់នោះឲ្យជាក់លាក់៖ «ប្រសិនបើមានការធ្វេសប្រហែស ទី១ យើងមិនបានជូនដំណឹងពន្យល់ទៅតំណាងសហគមន៍ដែលរស់នៅតំបន់នោះ គឺគាត់មានការព្រួយបារម្ភ ព្រោះមានបទពិសោធន៍ច្រើនកន្លែងហើយ។ ចំណុចទី២ ការបូមយកខ្សាច់ហ្នឹង ប្រសិនណាជាគាត់បូមយកហួសកម្រិតនៃចំនួនខ្សាច់ដែលវាទប់ទល់បានទៅនឹងច្រាំងទន្លេហ្នឹង វាធ្វើឲ្យមានបាក់ស្រុតចឹងហើយ»។
អ្នកភូមិបារម្ភថា ការទាញយករ៉ែខ្សាច់ធម្មជាតិយ៉ាងគំហុកនេះ នឹងបង្កផលប៉ះពាល់បរិស្ថាន និងសង្គមធ្ងន់ធ្ងរ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធធ្វេសប្រហែសខ្វះការវាយតម្លៃផលប៉ះពាល់ត្រឹមត្រូវ និងពុំមានការតាមដានសកម្មភាពទាញយករ៉ែនោះឲ្យបានហ្មត់ចត់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment