Khmer Circle: It's a waste not to 'export' white sand? Really? This must be another VC logic!...
ដោយ យ៉ង ចាន់តារា
2017-06-18
សកម្មភាពកាយខ្សាច់ប្រភេទស៊ីលីកាដាក់កប៉ាល់ នៅកំពង់ផែ ម៉ុង ឫទ្ធី ឋិតនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧។ Photo courtesy of Mother Nature
Photo courtesy of Mother Nature
ក្រសួងរ៉ែ និងថាមពល ពន្យល់ថា ការអនុញ្ញាតឲ្យមានការធ្វើអាជីវកម្មខ្សាច់ប្រភេទស៊ីលីកា ឬខ្សាច់ស គឺដើម្បីកុំឲ្យខ្សាច់នោះត្រូវកប់ចោលដោយឥតប្រយោជន៍នៅក្រោមតំបន់សេដ្ឋកិច្ចពិសេស។ សកម្មជនបរិស្ថាន ចាត់ទុកការបកស្រាយនេះថាជារឿងមិនអាចទទួលយកបាន និងទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការនាំចេញខ្សាច់មួយប្រភេទនេះទៅក្រៅប្រទេស។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បញ្ជាក់ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៨ មិថុនា ថា ការធ្វើអាជីវកម្មខ្សាច់ប្រភេទស៊ីលីកា ដោយសារទីតាំងខ្សាច់ទាំងនោះគឺជាកន្លែងដែលត្រូវសាងសង់តំបន់សេដ្ឋកិច្ចពិសេស។ លោកថា បើសាងសង់តំបន់សេដ្ឋកិច្ចពិសេសដោយមិនប្រមូលយកខ្សាច់ទាំងនោះចេញ វាគឺជាការខាតបង់ទៅវិញទេ។
លោកសង្កត់ធ្ងន់ថា ការធ្វើអាជីវកម្មខ្សាច់ស៊ីលីកានេះ ធ្វើតែនៅចំកន្លែងដែលត្រូវសាងសង់តំបន់សេដ្ឋកិច្ចពិសេសតែប៉ុណ្ណោះ មិនមែនធ្វើជារៀងរហូត ឬក៏មានចំនួនរាប់មិនអស់នោះឡើយ៖ «»។
លោកបញ្ជាក់ថា ខ្សាច់ស៊ីលីកាដែលត្រូវបានប្រមូលធ្វើអាជីវកម្មនោះមានតែពីរទីតាំងប៉ុណ្ណោះ គឺនៅខេត្តព្រះសីហនុ និងខេត្តកោះកុង ទីដែលមានតំបន់សេដ្ឋកិច្ចពិសេស ហើយការទាញយកនោះធ្វើឡើងចាប់ពីឆ្នាំ២០១៤ មកដល់សព្វថ្ងៃ។
សម្រាប់ព័ត៌មានលម្អិតផ្សេងទៀតទាក់ទងនឹងការនាំចេញខ្សាច់ប្រភេទស៊ីលីកានោះ លោក ឌិត ទីណា ថ្លែងថា ក្រសួងនឹងផ្សព្វផ្សាយជាសាធារណៈ ស្របពេលនឹងការឆ្លើយបំភ្លឺចំពោះសំណើរបស់លោក សុន ឆ័យ នៅពេលឆាប់ៗខាងមុខ។
ទោះជាយ៉ាងណា ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) មិនជឿលើការបកស្រាយរបស់អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល នេះឡើយ។ លោកបានប្រៀបប្រដូចការបកស្រាយនេះទៅនឹងការបកស្រាយរបស់ក្រសួងជុំវិញករណីនាំខ្សាច់ចាក់បំពេញ ទៅក្រៅប្រទេសកាលពីពេលមុន ដែលថាការបូមខ្សាច់ចាក់បំពេញ គឺដើម្បីសម្រួលផ្លូវទឹកឲ្យពលរដ្ឋ ហើយការនាំចេញគឺដោយសារកម្ពុជា គ្មានទីផ្សារលក់ខ្សាច់នេះ។
លោកថា តាមការពិត ខ្សាច់ចាក់បំពេញទាំងនោះត្រូវបាននាំចេញពីកម្ពុជា ដោយគេចពន្ធយកទៅលក់នៅប្រទេសសិង្ហបុរី និងប្រទេសមួយចំនួនទៀតដោយខុសច្បាប់ ដែលធ្វើឲ្យកម្ពុជា ខាតបង់ទឹកប្រាក់រាប់រយលានដុល្លារ។
សកម្មជនបរិស្ថានដែលត្រូវបានអាជ្ញាធរបណ្ដេញចេញពីកម្ពុជា រូបនេះអះអាងថា លោកមានភស្តុតាងរឹងមាំជាច្រើនដែលបង្ហាញថា ខ្សាច់ស៊ីលីការាប់សែនតោនគិតជាទឹកប្រាក់រាប់សិបលានដុល្លារ ត្រូវបាននាំចេញពីកម្ពុជា មុនឆ្នាំ២០១៤ ហើយការនាំចេញទាំងនោះធ្វើឡើងដោយគេចពន្ធ។ លោកថា ក្រុមរបស់លោកនឹងលាតត្រដាងការពិតជុំវិញរឿងនេះនៅពេលឆាប់ៗខាងមុខ៖ «»។
អង្គការមាតាធម្មជាតិ នៅតែរក្សាជំហរទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការនាំខ្សាច់ប្រភេទស៊ីលីកានេះចេញទៅក្រៅប្រទេស ដូចករណីផ្អាកការនាំចេញខ្សាច់ប្រភេទចាក់បំពេញដែរ។
ការនាំចេញខ្សាច់ប្រភេទស៊ីលីកាដែលជាខ្សាច់បម្រើឲ្យឧស្សាហកម្មផលិតកែវ ដប និងកញ្ចក់ ទៅក្រៅប្រទេសនេះ បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសថ្មីមួយទៀតរវាងក្រសួងរ៉ែ និងថាមពល នៃរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បន្ថែមពីលើករណីនាំខ្សាច់ចេញទៅសិង្ហបុរី និងឥណ្ឌា ដែលកម្ពុជា ខាតបង់ទឹកប្រាក់ជាង ៧០០លានដុល្លារអាមេរិក។
កាលពីពេលថ្មីៗនេះ ប្រធានក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ស្នើឲ្យរដ្ឋមន្ត្រីរូបនេះបង្ហាញព័ត៌មាន និងឯកសារផ្លូវការទាក់ទងនឹងការនាំខ្សាច់ស៊ីលីកា ឬខ្សាច់ស ចេញទៅក្រៅប្រទេស។
ឯកសារលម្អិតដែលលោក សុន ឆ័យ ស្នើឲ្យក្រសួងរ៉ែ និងថាមពល បង្ហាញនោះមានដូចជា លិខិតចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុនដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណ បញ្ជីឈ្មោះទីតាំងការដ្ឋានដែលអនុញ្ញាតឲ្យមានការប្រមូលយកខ្សាច់ស៊ីលីកា ឯកសារថតចម្លងពីអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម និងរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម។ លោក សុន ឆ័យ ក៏ស្នើឲ្យបង្ហាញពីតួលេខសរុបនៃការនាំចេញខ្សាច់ស៊ីលីកា គិតពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់បច្ចុប្បន្ន វិក្កយបត្រនាំចេញ បញ្ជីឈ្មោះប្រទេសដែលនាំចូលខ្សាច់ស៊ីលីកាពីកម្ពុជា តម្លៃសរុបនៃការនាំចេញ និងចំនួនថវិកាសរុបបានពីការប្រមូលពន្ធសួយសារអាករ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បញ្ជាក់ថា ក្រសួងបានរៀបចំ និងប្រមូលឯកសារទាំងនោះរួចរាល់ហើយ ហើយបន្ទាប់ពីឆ្លងកាត់បែបបទរដ្ឋបាលរួច ក្រសួងនឹងផ្ញើជូនរដ្ឋសភា ព្រមទាំងផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងឮផងដែរ៕
No comments:
Post a Comment