Wednesday, 28 June 2017
អង្គការសិទ្ធិមនុស្សនៅសៀមរាបតាមរកព្រះសង្ឃខ្មែរក្រោម១អង្គដែលបាត់ព្រះកាយ
ដោយ ហង្ស សាវយុត
2017-06-27
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប លោក សួស ណារិន។ RFA/Hang Savyouth
RFA/Hang Savyouth
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប ខំរូតរះដំណើរទៅតំបន់ជើងភ្នំគូលែន នៃស្រុកបន្ទាយស្រី ទាំងព្រឹកព្រលឹមថ្ងៃអង្គារ ទី២៧ ខែមិថុនា ដើម្បីពិនិត្យមើលភិនភាគមនុស្សម្នាក់ដែលកំពុងវង្វេងនៅតំបន់ជើងភ្នំគូលែននោះ។
ការរូតរះទៅពិនិត្យភិនភាគ ខ្លាចក្រែងជាព្រះសង្ឃខ្មែរក្រោម១អង្គ ដែលកំពុងតែបាត់ព្រះកាយនោះ គឺមិនបានលទ្ធផលទេ ដោយសារតែបុរសវ័យក្មេងម្នាក់ដែលកោរសក់ដូចជាព្រះសង្ឃ ហើយវង្វេងនោះ គឺមិនមែនជាព្រះសង្ឃខ្មែរក្រោម១អង្គ ព្រះនាម មាស វិចិត្រ ដែលកំពុងតែបាត់ព្រះកាយជាមួយនឹងតាអាចារ្យម្នាក់នោះឡើយ។
សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការសិទ្ធិមនុស្សលីកាដូ ខេត្តសៀមរាប បង្ហាញជំហរថា គេនៅតែតាមរកព្រះសង្ឃខ្មែរក្រោម ១អង្គ និងតាអាចារ្យម្នាក់ដែលបាត់ខ្លួនបន្តទៀត បើទោះបីជាពេលនេះមិនទាន់មានតម្រុយច្បាស់លាស់ ជុំវិញការបាត់ខ្លួននោះក៏ដោយ។
ជំហររបស់អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីគេបានទទួលបណ្ដឹងពឹងពាក់ពីគ្រួសាររបស់ព្រះសង្ឃកម្ពុជាក្រោម ១អង្គនោះមក។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាប គឺលោក សួស ណារិន។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ថា តាំងពីព្រឹកព្រលឹមលោកបានរូតរះទៅកាន់តំបន់ជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ដើម្បីពិនិត្យមើលមនុស្សម្នាក់ ដែលសហគមន៍ប្រជាពលរដ្ឋនៅចំបក់៣ដើម បានជួបទំនងជាព្រះសង្ឃដែរ ហើយវង្វេងនៅក្នុងព្រៃ។ តាមលោកពិនិត្យបុរសវ័យក្មេងដែលវង្វេងនៅតំបន់ភ្នំគូលែននោះ ឈ្មោះ សុខ ចិត្រា ក៏ជាព្រះសង្ឃដែរ ប៉ុន្តែបាត់ស្បង់ចីវរអស់ហើយ ប៉ុន្តែមិនមែនជាព្រះសង្ឃកម្ពុជាក្រោម ព្រះនាម មាស វិចិត្រ ដែលកំពុងតែបាត់ព្រះកាយជាមួយនឹងតាអាចារ្យម្នាក់ទៀតនោះទេ។
លោក សួស ណារិន៖ «អង្គការអាដហុក និងសង្គមស៊ីវិល កំពុងតែតាមរកពេញក្នុងព្រៃជើងភ្នំគូលែន ក្នុងទឹកដីស្រុកបន្ទាយស្រី ហើយយើងមិនគិតថា ការតាមរកនេះអត់ប្រយោជន៍ទេ គឺយើងកំពុងស្វែងរកបន្តទៀត»។
ចំណែកអ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ លោក ម៉ែន គឹមសួរ មានប្រសាសន៍ថា កាលពីថ្ងៃទី២៦ ខែមិថុនា លោកបានទៅសួរព័ត៌មានជុំវិញរឿងព្រះសង្ឃកម្ពុជាក្រោម ១អង្គ ព្រះនាម មាស វិចិត្រ ជាមួយនឹងតាអាចារ្យម្នាក់ នៅឯប៉ុស្តិ៍នគរបាលសង្កាត់ស្រងែ។ នៅឯប៉ុស្តិ៍នោះប៉ូលិសបានបង្ហាញរូបថតព្រះសង្ឃខ្មែរក្រោម និងតាអាចារ្យម្នាក់នោះ ព្រមទាំងបង្ហាញសម្ភារៈរបស់ព្រះអង្គមួយចំនួនដែលគេថតនៅក្នុងថង់យាមផង ក៏ប៉ុន្តែក្រោយពីប៉ូលិស ប្រើប្រជាការពារឱ្យបញ្ជូនអ្នកទាំងពីរចេញពីប៉ុស្តិ៍ក៏បាត់ដំណឹងសូន្យឈឹងមិនដឹងនៅទីណា?។
លោក ម៉ែន គឹមសួរ៖ «យើងនឹងសហការជាមួយសមត្ថកិច្ចក្នុងខេត្តសៀមរាប ដើម្បីតាមរកព្រះសង្ឃអង្គនោះ។ មកដល់ថ្ងៃទី២៧ ខែមិថុនា យើងបានទទួលព័ត៌មានពីបណ្ដាញសហគមន៍ចំបក់៣ដើមថា ជួបព្រះសង្ឃដែលវង្វេងដែរ ហើយយើងក៏ចុះទៅមើល ប៉ុន្តែមិនមែនជាព្រះសង្ឃកម្ពុជាក្រោមនោះទេ»។
សាច់ញាតិរបស់ព្រះសង្ឃខ្មែរក្រោមនោះ ឱ្យដឹងថា ព្រះសង្ឃព្រះនាម មាស វិចិត្រ ព្រះជន្ម ៣១ព្រះវស្សា និងតាអាចារ្យ ឈ្មោះ នី បានបាត់ខ្លួនតាំងពីថ្ងៃទី១៨ ខែមិថុនា។ លោក រស់ សេរី ដែលជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោ នៅភូមិទទា សង្កាត់ក្របីរៀល ឱ្យដឹងថា យប់ថ្ងៃទី១៨ ខែមិថុនា គឺព្រះសង្ឃនាម មាស វិចិត្រ និងតាអាចារ្យ បានទៅលេងផ្ទះរបស់លោក ហើយវេលាម៉ោង ៩យប់ក៏បាននិមន្តត្រឡប់វិញ ប៉ុន្តែពីរថ្ងៃក្រោយមកលោកទទួលបានព័ត៌មានថា ក្រុមប្រជាការពារសង្កាត់ស្រងែ បានចាប់ព្រះសង្ឃ ព្រមទាំងតាអាចារ្យនោះ ដោយគេសង្ស័យថា ជនជនខិលខូច ហើយប្រគល់ទៅឱ្យប៉ូលិសប៉ុស្តិ៍ស្រងែ។ គេបានឃើញប៉ូលិសបង្ហោះរូបថតព្រះសង្ឃ១អង្គ និងតាអាចារ្យម្នាក់នោះ អាក្រាតកាយ ដោយស្លៀកការុង ហើយដេកអោបគ្នាហាក់ដូចជាមានអ្នកណាវាយធ្វើទារុណកម្ម។
ប៉ូលិសប៉ុស្តិ៍ស្រងែ បានឆ្លើយប្រាប់ក្រុមអង្គការសិទ្ធិមនុស្សថា ពេលដែលប៉ូលិសរកមិនឃើញកំហុសរបស់ព្រះសង្ឃ និងតាអាចារ្យនោះ គេក៏បញ្ជាឱ្យប្រជាការពារបើកម៉ូតូ ៣គ្រឿង ដឹកអ្នកទាំងពីរទៅរកបេនឡានក្នុងក្រុងសៀមរាប ដើម្បីឱ្យជិះត្រឡប់ទៅលំនៅវិញ ប៉ុន្តែនៅពេលធ្វើដំណើរដល់ជិតផ្ទះអង្គការមេត្តាករុណា អ្នកទាំងពីរក៏ចុះពីលើម៉ូតូ ហើយរត់គេចខ្លួនបាត់។
រហូតមកដល់ពេលនេះ ស្នងការនគរបាលខេត្តសៀមរាប លោក ហ៊ូ វ៉ាន់នី នៅមិនទាន់ដឹងថា មានករណីបាត់ព្រះសង្ឃកម្ពុជាក្រោម១អង្គ និងតាអាចារ្យម្នាក់ នៅក្នុងទឹកដីខេត្តនេះទេ ដោយលោកឆ្លើយបដិសេធថា មិនមានការបាត់ខ្លួនព្រះសង្ឃកម្ពុជាក្រោម និងតាអាចារ្យនោះឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment