Wednesday, 28 June 2017
សហគមន៍ក្រីក្រស្នើរដ្ឋាភិបាលគួរមានមូលនិធិនិងលំនៅឋានសមរម្យសម្រាប់អ្នកក្រីក្រ
ដោយ វ៉ាន វណ្ណដេត
2017-06-27
តំណាងសហគមន៍ប្រឡាយទឹកក្នុងខេត្តព្រៃវែង លោកស្រី ផន សារ៉េត ជាវាគ្មិនក្នុងវេទិកាលំនៅឋានថ្នាក់ជាតិដើម្បីគាំទ្រការមានលំនៅឋានសមរម្យសម្រាប់មនុស្សគ្រប់គ្នា នារាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។
RFA/Van Vanndeth
ពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រទាំងក្នុងក្រុងភ្នំពេញ និងនៅតាមជនបទ ស្នើឲ្យរដ្ឋាភិបាលគួរតែមានមូលនិធិសម្រាប់ទ្រទ្រង់អ្នកក្រីក្រ និងរកវិធីធ្វើយ៉ាងណាឲ្យអ្នករស់នៅក្នុងសហគមន៍ក្រីក្រ ទទួលបានលំនៅឋានសមរម្យសម្រាប់រស់នៅ។ សង្គមស៊ីវិលយល់ថា រដ្ឋាភិបាលមានលទ្ធភាពធ្វើតាមសំណូមពរពលរដ្ឋក្រីក្របាន ប្រសិនណារដ្ឋាភិបាលសម្អាតអំពើពុករលួយធំៗនៅថ្នាក់ជាតិបាន។
តំណាងសហគមន៍ប្រឡាយទឹកក្នុងខេត្តព្រៃវែង លោកស្រី ផន សារ៉េត ប្រាប់ថា មូលហេតុដែលបណ្ដាលឲ្យពលរដ្ឋក្នុងសហគមន៍កាន់តែក្រីក្រប្រឈមជីវភាពរស់នៅខ្លាំង ដោយសារកត្តាអ្នកសហគមន៍គ្មានមុខរបរ គ្មានដីសម្រាប់រស់នៅ សមាជិកក្នុងគ្រួសារកាន់តែកើនឡើង គ្មានផ្ទះសម្រាប់រស់នៅ និងខ្លះទៀតមានផ្ទះតូចៗរស់នៅ តែគ្មានឯកសារច្បាប់ច្បាស់លាស់ចេញពីអាជ្ញាធរ៖ «គួរតែរាជរដ្ឋាភិបាល និងស្ថាប័នដែលពាក់ព័ន្ធនឹងលំនៅឋាន យកចិត្តទុកដាក់ដល់សហគមន៍អ្នកក្រីក្រឲ្យមានឱកាសទទួលបាននូវសុវត្ថិភាព និងលំនៅឋានសមរម្យ។ សូមបន្តការអនុវត្តគោលនយោបាយគាំពារអ្នកក្រីក្របន្ថែមទៀត។ សំណូមពរដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ គួរយកចិត្តទុកដាក់ផ្ដល់នូវឥណទានដែលមានអត្រាការប្រាក់ទាបសម្រាប់សហគមន៍អ្នកក្រីក្ររយៈពេលពី ៥ឆ្នាំទៅ ១០ឆ្នាំ»។
ការស្នើសុំរបស់សហគមន៍ក្រីក្រនេះ ធ្វើឡើងនៅក្នុងពិធីវេទិកាលំនៅឋានថ្នាក់ជាតិដើម្បីគាំទ្រការមានលំនៅឋានសមរម្យសម្រាប់មនុស្សគ្រប់គ្នា នៅព្រឹកថ្ងៃទី២៧ មិថុនា នៅសណ្ឋាគារអ៊ីនធើខន (InterContinental) រាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា គ្រាន់តែបានឡើងថ្លែងបើកកម្មវិធី ហើយត្រឡប់ទៅវិញ ដោយមិនបាននៅស្ដាប់ទុក្ខកង្វល់របស់អ្នកសហគមន៍ក្រីក្រនោះទេ។
អគ្គនាយកនៃនាយកដ្ឋានលំនៅឋានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក បេង ហុងសុជាតិខេមរ៉ូ ជាវាគ្មិន ក៏មិនបានឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ក្រីក្រ ហើយក៏មិនផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មានដែរ ដោយប្រាប់ឲ្យទៅសួរអ្នកនាំពាក្យក្រសួងដែនដី គឺលោក សេង ឡូត។ អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេនៅថ្ងៃទី២៧ មិថុនា ដោយលោកមិនទទួលទូរស័ព្ទ។
ក្រុមអ្នកមានជម្លោះដីធ្លីនៅតាមសហគមន៍ក្នុងក្រុងភ្នំពេញ មិនពេញចិត្ដដែលមន្ត្រីមិនឆ្លើយនូវសំណួរ ឬសំណូមពររបស់ពួកគេទេ។
អ្នកមានជម្លោះដីធ្លីនៅសហគមន៍បឹងកក់ ស្នើបន្ថែមដោយសួររកដំណោះស្រាយសម្រាប់ដីមានជម្លោះនៅបឹងកក់។
អគ្គនាយកនៃនាយកដ្ឋានលំនៅឋានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក បេង ហុងសុជាតិខេមរ៉ូ (ស្ដាំ) ជាវាគ្មិនក្នុងវេទិកាលំនៅឋានថ្នាក់ជាតិនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។ RFA/Van Vanndeth
អគ្គនាយកនៃនាយកដ្ឋានលំនៅឋានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក បេង ហុងសុជាតិខេមរ៉ូ ថ្លែងថា ពួកលោកនៅខាងក្រសួងមិនបានដឹងអំពីរឿងជម្លោះដីនៅបឹងកក់នោះទេ ហើយលោកបង្វែរឲ្យអ្នកមានជម្លោះដីបឹងកក់ ទៅរកចម្លើយពីខាងអាជ្ញាធរក្រុងភ្នំពេញវិញ៖ «ពួកខ្ញុំនៅក្រសួងក៏អត់មានបានដឹងរឿងអីដែរ បើអាជ្ញាធររាជធានីលោកអាចឆ្លើយបាន»។
អាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃទី២៧ មេសា បានប្រកាសបញ្ចប់ការដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់។ អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋនៅតំបន់បឹងកក់ចំនួន ៧គ្រួសារ ទៅទទួលយកដីដែលអាជ្ញាធរកំណត់ឲ្យ។ តែពលរដ្ឋដែលរស់នៅតំបន់បឹងកក់ មិនព្រមទទួលយកដីនោះទេ។ ពួកគេថា សាលាក្រុងកាត់ដីឲ្យតិចពេក មិនសមរម្យនឹងដីដែលពួកគាត់មាន។
តំណាងសហគមន៍បឹងកក់ លោកស្រី បូវ សោភា ប្រាប់ថា ការឆ្លើយថាមិនដឹង ឬរុញដាក់គ្នា គឺជាលេសរបស់មន្ត្រីក្រសួងដែនដី ព្រោះជម្លោះដីធ្លីនៅបឹងកក់ មិនត្រឹមតែដឹងដល់ក្រសួង ឬអ្នកដឹកនាំថ្នាក់ជាតិនោះទេ សូម្បីអន្តរជាតិក៏បានដឹងអំពីរឿងជម្លោះដីធ្លីបឹងកក់ជាមួយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោកឧកញ៉ា ឡាវ ម៉េងឃីន ដែរ៖ «ឆ្លើយព្រឹកមិញ គឺពួកខ្ញុំមានការអស់សង្ឃឹមមែនទែន ដោយសារគាត់ឆ្លើយយករួចខ្លួន។ ចឹងគឺគាត់រុញទៅឲ្យសាលារាជធានីភ្នំពេញ តែសាលារាជធានីភ្នំពេញតាំងពីដើមរហូតមកដល់ពេលនេះ បើសិនជាលោកនាយករដ្ឋមន្ត្រីដោះស្រាយខ្លួនឯង អនុក្រឹត្យចេញតាំងពីឆ្នាំ២០១១ រហូតមកដល់ពេលនេះប្រហែលជាដោះស្រាយចប់តាំងពីឆ្នាំ២០១២ ឬ ២០១៣ មិនសំចៃណាដែលពួកខ្ញុំត្រូវជាប់គុកម្នាក់ ២ ឬ ៣ដងទេ ទម្រាំបានដីនៅសល់ជាង ២០គ្រួសារ»។
នាយកប្រតិបត្តិអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ យល់ថា ប្រសិនបើរដ្ឋាភិបាលព្យាយាមប្រឆាំងអំពើពុករលួយនៅថ្នាក់ជាតិ ជាជាងព្យាយាមប្រឆាំងអំពើពុករលួយទៅលើក្រុមអង្គការសង្គមស៊ីវិល នោះរដ្ឋាភិបាលអាចមានលទ្ធភាពធ្វើតាមសំណើរបស់ពលរដ្ឋនៅសហគមន៍ក្រីក្រ។ ចំពោះជម្លោះដីធ្លីនៅបឹងកក់ លោក សៀ ភារម្យ សង្ឃឹមថា អភិបាលក្រុងថ្មី គឺលោក ឃួង ស្រេង នឹងដោះស្រាយបញ្ហានៅបឹងកក់នេះឲ្យអស់ ដើម្បីកុំឲ្យអ្នកបឹងកក់ចេញតវ៉ាទៅតាមស្ថាប័នជាតិតទៅទៀត៖ «ទាល់តែរដ្ឋាភិបាលហ្នឹងព្យាយាមធ្វើយ៉ាងណាសម្អាតនូវអំពើពុករលួយពីលើដល់ក្រោម ឲ្យមានប្រសិទ្ធភាពខ្ពស់»។
ទោះបែបនេះក្ដី អ្នកមានជម្លោះដីធ្លីរស់នៅក្នុងសហគមន៍ក្រីក្រក្នុងក្រុងភ្នំពេញ មិនសង្ឃឹមថា អភិបាលក្រុងភ្នំពេញ ដែលនឹងឡើងកាន់តំណែងថ្មី អាចជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់បាននោះទេ។ មិនត្រឹមតែមិនសង្ឃឹមទេ ក្រុមអ្នករស់នៅក្នុងសហគមន៍ទាំងនោះថែមទាំងបារម្ភពីសុវត្ថិភាពនៅពេលចេញតវ៉ារឿងដីធ្លី ព្រោះពួកគេយល់ថា អភិបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អាចបញ្ជាឲ្យកងកម្លាំងប្រើហិង្សា ឬសម្លុតគំរាមពួកគេខ្លាំងជាងអភិបាលក្រុងមុនៗទៅទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment