Tuesday, 20 June 2017
អង្គការនិងសហគមន៍ចង់ឲ្យរដ្ឋាភិបាលលុបចោលដីសម្បទានពីក្រុមហ៊ុនចិន៥នៅព្រះវិហារ
ដោយ ហង្ស សាវយុត
2017-06-19
rfa
ក្រុមជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ នាំគ្នាឃាត់ត្រាក់ទ័ររបស់ក្រុមហ៊ុនចិន ឡាន ហ្វេង (Lan Feng) មិនឲ្យឈូសរំលោភយកដីស្រែ កាលពីខែមីនា ឆ្នាំ២០១៧។ រូបថតអង្គការពន្លកខ្មែរ
រូបថតអង្គការពន្លកខ្មែរ
អង្គការ និងសមាគមចំនួន៤ បានចេញរបាយការណ៍រួមគ្នាមួយដោយបង្ហាញថា រដ្ឋាភិបាលខ្មែរដែលប្រគល់ដីសម្បទានសេដ្ឋកិច្ចទំហំ ៤ម៉ឺនហិកតារនៅខេត្តព្រះវិហារ ឲ្យទៅក្រុមហ៊ុនស្ករអំពៅចិន ចំនួន៥ ធ្វើវិនិយោគស្ករអំពៅនោះ ធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមសហគមន៍ ប៉ះពាល់ដល់ជីវចម្រុះធម្មជាតិ ព្រមទាំងគ្រឹះរបស់ប្រាសាទបុរាណដែលជាសម្បត្តិវប្បធម៌របស់ជាតិយ៉ាងធ្ងន់ធ្ងរ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះអះអាងថា ការប្រគល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនចិន ឈូសឆាយដាំអំពៅ មិនបានជួយលើកកម្ពស់ការផលិតស្បៀងនៅកម្ពុជា ទេ ប៉ុន្តែបានរំលោភលើសិទ្ធិមនុស្ស និងបំផ្លាញជីវភាពរបស់ប្រជាពលរដ្ឋខ្មែរទៅវិញ។
ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ទំនាស់ដីធ្លីខ្លះទៀតនៅខេត្តព្រះវិហារ ចង់ឲ្យរដ្ឋាភិបាលលុបចោលដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនស្ករអំពៅរបស់ចិន ចំនួន៥ នោះចោលឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។
ការជំរុញឲ្យរដ្ឋាភិបាលលុបចោលដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនចិន ទាំង៥ នេះ បន្ទាប់ពីគេរកឃើញថា ក្រុមហ៊ុនស្ករអំពៅរបស់ចិន ចំនួន៥ ដែលទំនងបំបែកចេញពីក្រុមហ៊ុនតែមួយ ហើយកំពុងកាន់កាប់ដីទំហំ ៤ម៉ឺនហិកតារសម្រាប់ដាំអំពៅក្នុងទឹកដីខេត្តព្រះវិហារ នោះ បានធ្វើឲ្យប៉ះពាល់ច្រើនយ៉ាង ដូចជាការរំលោភសិទ្ធិមនុស្ស ការបំផ្លាញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមសហគមន៍ បំពុលទឹកនៅតាមអូរ និងស្ទឹង ព្រមទាំងប៉ះពាល់ដល់សម្បត្តិវប្បធម៌របស់ខ្មែរទៀតផង។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ គឺលោក ប៉ិក សោភ័ណ។ លោកមានប្រសាសន៍នៅរសៀលថ្ងៃច័ន្ទ ទី១៩ ខែមិថុនា ថា រយៈពេល ៦ឆ្នាំមកហើយ ក្រុមហ៊ុនចិន ចំនួន៥ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចដាំអំពៅនៅខេត្តព្រះវិហារ បានយកដីព្រៃ ដីស្រែចម្ការ តំបន់វាល និងអូរ ប្រែក្លាយទៅជាចម្ការអំពៅរបស់ពួកគេ។ លោក ប៉ិក សោភ័ណ ចង់ឲ្យមន្ត្រីរដ្ឋាភិបាលខ្មែរ មន្ត្រីការពារសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងម្ចាស់ធនាគារដែលផ្ដល់កម្ចីឲ្យក្រុមហ៊ុនចិន ទាំង៥ នោះ បានយល់ថា ស្ករអំពៅដែលក្រុមហ៊ុនចិន ទាំងនោះបាននាំចេញយកទៅលក់នៅក្រៅប្រទេស គឺជាស្ករឈាម ដែលកើតចេញពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៖ «ក្រុមហ៊ុនទាំង៥ ហ្នឹង គឺក្រុមហ៊ុន ឡាន ហ្វេង (Lan Feng) រួយ ហ្វេង (Ruoy Feng) ហេង ណុង (Heng Nung) ហេង យូ (Heng Yu) និងក្រុមហ៊ុន ហេង ហ៊្វូ (Heng Fu)»។
ប្រធានសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា លោក ង៉ាច សាមីន ក៏យល់ឃើញប្រហាក់ប្រហែលគ្នានេះថា ចាប់តាំងពីមានវត្តមានក្រុមហ៊ុនចិន ទាំង៥ នៅលើទឹកដីនៃស្រុកចំនួន៣ របស់ខេត្តព្រះវិហារ រយៈពេល ៦ឆ្នាំមកនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍ប្រជាពលរដ្ឋចំនួនជាង ២ម៉ឺននាក់ ជាពិសេសគឺជនជាតិដើមភាគតិចកួយ នៅក្នុងភូមិចំនួន២៥ នៃឃុំចំនួន១០។ លោក ង៉ាច សាមីន ចង់ឲ្យរដ្ឋាភិបាលបញ្ឈប់ការវិនិយោគរបស់ក្រុមហ៊ុនចិន ទាំងនោះ ហើយប្រគល់ដីជាច្រើនហិកតារមកឲ្យប្រជាពលរដ្ឋវិញ៖ «បើយើងក្រឡេកមើលការប៉ះពាល់វិញ គឺវាប្រាសចាកពីគោលនយោបាយរបស់ជាតិ អនុក្រឹត្យចុះបញ្ជីដីធ្លីរបស់ជនជាតិដើមភាគតិច ហើយនិងច្បាប់ភូមិបាលទាំងស្រុង»។
កាលពីថ្ងៃទី៨ ខែមិថុនា អង្គការក្រៅរដ្ឋាភិបាល និងសមាគមចំនួន៤ មានអង្គការពន្លកខ្មែរ អង្គការគ្រេន (Grain) សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា និងអង្គការ អេ.អាយ.ភី.ភី (AIPP) បានចេញរបាយការណ៍រួមគ្នាអំពីការប៉ះពាល់ជាច្រើនក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនចិន នោះ។ របាយការណ៍បញ្ជាក់ថា រយៈពេល ៦ឆ្នាំមកនេះ ក្រុមហ៊ុនចិន ចំនួន៥ ដែលបានឈូសឆាយដីដាំអំពៅផលិតជាស្ករ គឺបានធ្វើឲ្យប៉ះពាល់ខឿនប្រាសាទបុរាណចំនួន ១៩កន្លែង ប៉ះពាល់ជីវភាពពលរដ្ឋតាមសហគមន៍ចំនួនប្រមាណ ២ម៉ឺននាក់ បំផ្លាញជីវចម្រុះធម្មជាតិ និងព្រៃឈើអស់រាប់ម៉ឺនហិកតារ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទឹកនៅតាមអូរ និងស្ទឹងមួយចំនួនទៀត។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា និងតំណាងក្រុមហ៊ុនចិន ទាំង៥ នោះ ដើម្បីសុំការអធិប្បាយជុំវិញរបាយការណ៍របស់អង្គការដែលបានចេញផ្សាយជាសាធារណៈនោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី១៩ ខែមិថុនា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment