Tuesday, 20 June 2017

អាជ្ញាធរ​ចោទ​សហគមន៍​រារាំង​ទាហាន​ង​៧០​ឈូស​ដី​ព្រៃ​ថា​ចង់​បង្កើត​តំបន់​អបគមន៍


ដោយ សាន សែល
2017-06-19

ប្រជា​សហគមន៍​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ស្រែពស់ នៃ​ឃុំ​ត្រពាំងជោរ ខេត្ត​កំពង់ស្ពឺ ទាហាន​មក​ពី​កងពល «ង​៧០» អាជ្ញាធរ​ស្រុក និង​មន្ត្រី​មន្ទីរ​បរិស្ថាន ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​រឿង​ជម្លោះ​ដី​ព្រៃ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៧។
ប្រជា​សហគមន៍​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ស្រែពស់ នៃ​ឃុំ​ត្រពាំងជោរ ខេត្ត​កំពង់ស្ពឺ ទាហាន​មក​ពី​កងពល «ង​៧០» អាជ្ញាធរ​ស្រុក និង​មន្ត្រី​មន្ទីរ​បរិស្ថាន ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​រឿង​ជម្លោះ​ដី​ព្រៃ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៧។
 RFA/Cheu Sideth



អាជ្ញាធរ​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ចោទ​ប្រជា​សហគមន៍​ដែល​ព្យាយាម​រារាំង​កង​ទាហាន «ង​៧០» មិន​ឲ្យ​ឈូស​ឆាយ​ដី​ព្រៃ​ជាង ៧០​ហិកតារ ថា​មាន​បំណង​បង្កើត​តំបន់​អបគមន៍ ក៏ប៉ុន្តែ​ប្រជា​សហគមន៍​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ដូច​ការ​គ្រោង​ទុក ប្រជា​សហគមន៍​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ស្រែពស់ នៃ​ឃុំ​ត្រពាំងជោរ ទាហាន​មក​ពី​កងពល «ង​៧០» អាជ្ញាធរ​ស្រុក និង​មន្ត្រី​មន្ទីរ​បរិស្ថាន បាន​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​រឿង​ជម្លោះ​ដី​ព្រៃ​នេះ។



នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ មន្ត្រី​បរិស្ថាន​ចោទ​ប្រជា​សហគមន៍​ដែល​ហាម​ទាហាន​មិន​ឲ្យ​ឈូស​ដី​ព្រៃ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧ ថា​កំពុង​ដើរ​ញុះញង់​កៀរគរ​ប្រជាពលរដ្ឋ​បង្កើត​តំបន់​អបគមន៍។

លោក ឈួន ឈៀហេង មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ប្រាប់​ប្រជា​សហគមន៍​កុំ​ឲ្យ​ជឿ​មេខ្លោង​ញុះញង់​ឲ្យ​ទប់ស្កាត់​ការ​ឈូស​ឆាយ​ដី​ព្រៃ​របស់​ទាហាន «ង​៧០» ដែល​លោក​ថា​មាន​លិខិត​ទទួល​ស្គាល់​ត្រឹមត្រូវ។ លោក​ថា ការ​ព្យាយាម​រារាំង​នេះ គឺ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន៖ «កុំ​ជឿ​តាម​ជន​អគតិ​មួយ​ចំនួន​គ្រាន់​តែ​បង្កើត​បញ្ហា។ គ្មាន​អ្នក​ណា​ដោះស្រាយ​បញ្ហា​ទេ។ ជន​ញុះញង់​ទាំងនោះ​បង្កើត​បញ្ហា ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍ ហើយ​បញ្ហា​កើត​ឡើង​ហើយ គេ​នឹង​ដើរ​ចោល​បញ្ហា។ អ្នក​ដែល​យក​បញ្ហា​ទៅ គ្មាន​អ្នក​ណា​ដោះស្រាយ​ក្រៅ​ពី​អាជ្ញាធរ អ្នក​ជំនាញ​ដែល​ជា​មន្ត្រី​របស់​រដ្ឋាភិបាល​ទេ»។

ទោះ​បី​ជា​យ៉ាង​ណា ប្រជា​សហគមន៍​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ ពួក​គាត់​អះអាង​ថា ការ​ព្យាយាម​រារាំង​ក្រុម​ទាហាន «ង​៧០» មិន​ឲ្យ​ប្រើ​គ្រឿងយន្ត​ឈូស​ឆាយ​ដី​ព្រៃ គឺ​ដើម្បី​ថែរក្សា​តំបន់​ព្រៃ​អភិរក្ស​ការពារ​ដោយ​ព្រះរាជក្រឹត្យ។ ពួក​គាត់​បន្ត​ថា ដី​សម្បទាន​ឲ្យ​ទាហាន «ង​៧០» ចំនួន ១២​គ្រួសារ​ជាន់​លើ​ដី​ព្រៃ​ការពារ។

លោក ម៉ុន អ៊ី ពលរដ្ឋ​ដែល​ចូលរួម​រារាំង​ក្រុម​ទាហាន «ង​៧០» លើក​ឡើង​ថា ប្រជា​សហគមន៍​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យុត្តិធម៌៖ «ជា​សំណូមពរ​របស់​ខ្ញុំ គឺ​បើ​សិន​ជា​ដី​ដែល​ពួក​ខ្ញុំ​ការពារ​នេះ កាត់​ជូន​កងទ័ព ១២​គ្រួសារ សុំ​ឲ្យ​ពិនិត្យ​លើ​សំណើ។ គាត់​ស្នើសុំ ១២​គ្រួសារ​ក្នុង​មួយ​គ្រួសារ​តែ ៥​ហិកតារ​ទេ តែ​ដល់​ពេល​ចេញ​មក​ជាក់ស្តែង ក្នុង​ឯកសារ ឬ​ក្នុង​ផែនទី​ដែល​ពង្រាង​ឈូស​ឆាយ រាល់​ការ​កាយ​ព្រំ​របស់​គាត់​ដែល​មិន​ទាន់​ដាច់ស្រេច ក៏​ខុស​ពី​អ្វី​ដែល​ពង្រាង​នៅ​ក្នុង​ផែនទី»។

សហគមន៍​ព្រៃឈើ​អម្ពរ​ស្រែពស់ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៣ ដើម្បី​ចូលរួម​ការពារ​ព្រៃ​អភិរក្ស និង​ប្រើប្រាស់​ព្រៃ។

ក៏ប៉ុន្តែ​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក នៅ ណាក់ សង្កេត​ឃើញ​ថា បច្ចុប្បន្ន សហគមន៍​នេះ​មិន​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់។ លោក​សម្រេច​ប្រកាស​ចងក្រង​សហគមន៍​សាជាថ្មី ហើយ​វាស់វែង​ដី​ព្រៃ​សហគមន៍​ឡើង​វិញ៖ «ខ្ញុំ​នឹង​បង្កើត​សហគមន៍​សាជាថ្មី។ សហគមន៍​ឥឡូវ​មិន​ដឹង​ក្បាល​កន្ទុយ​នៅ​ណា​ទេ។ នឹង​បង្កើត ហើយ​ធ្វើ​សំណើ​តែ​ម្តង។ ដាក់​ចំនួន​គ្រួសារ​ប៉ុន្មាន ចំនួន​ភូមិ​ប៉ុន្មាន ចំនួន​ផ្ទៃដី​ប៉ុន្មាន តាម​ស្ថានភាព​ជាក់ស្តែង កុំ​ឲ្យ​ដាក់​ទៅ​ប៉ះ​កន្លែង​គេ​អាស្រ័យ​ផល។ យើង​ទៅ​ពិនិត្យ​ជាក់ស្តែង​ទាំងអស់​គ្នា ដើម្បី​បង្កើត​សហគមន៍​សាជាថ្មី​នៅ​ពេល​នេះ ចាប់​ពី​ពេល​នេះ​ត​ទៅ»។

ទាក់ទង​នឹង​រឿង​រចនាសម្ព័ន្ធ​សហគមន៍​នេះ ប្រជា​សហគមន៍​ដែល​ចូលរួម​ឃាត់​គ្រឿងយន្ត​របស់​ទាហាន «ង​៧០» ចោទ​ប្រធាន​សហគមន៍​បច្ចុប្បន្ន​ថា​កំពុង​ឃុបឃិត​ជាមួយ​ក្រុម​ទាហាន និង​អាជ្ញាធរ ដើម្បី​រំលោភ​យក​ដី​ព្រៃ​សហគមន៍។ ពួក​គាត់​បង្ហាញ​ឯកសារ​នៅ​ក្នុង​ពេល​ប្រជុំ​ថា អនុប្រធាន​ភូមិ​ក៏​បាន​ដើរ​បញ្ចុះ​បញ្ចូល​ប្រជា​សហគមន៍​ឲ្យ​ផ្ដិត​មេដៃ​លក់​ដី ជា​ថ្នូរ​នឹង​ប្រាក់ ៣០០​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ​អនុប្រធាន​ភូមិ​ពោធិ៍មាស លោក ឈួន សាវុធ ចោទ​ប្រជា​សហគមន៍​ល្បាត​ព្រៃ ថា​កំពុង​ប្រជែង​យក​ឥទ្ធិពល​គ្រប់គ្រង​ដី​ព្រៃ​យក​ដី​សហគមន៍​ចែក​គ្នា ហើយ​ពេល​ចុះ​ល្បាត​ព្រៃ ប្រជា​សហគមន៍​មិន​បាន​ផ្តល់​របាយការណ៍​មក​ឲ្យ​លោក​នោះ​ទេ។

តែ​ប្រជា​សហគមន៍​ថ្លែង​បក​វិញ​ថា ទោះ​បី​ជា​អញ្ជើញ​ក៏ដោយ លោក ឈួន សាវុធ មិន​បាន​ចូលរួម​ជាមួយ​ប្រជា​សហគមន៍​ល្បាត​ព្រៃ​នោះ​ទេ។

មន្ត្រី​ការិយាល័យ​សហគមន៍​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ លោក សាំង សំណាង លើក​ក្នុង​អង្គ​ប្រជុំ​ថា ភាព​មិន​ច្បាស់លាស់​នៃ​ព្រំប្រទល់​ដី​ព្រៃ ជា​ឧបសគ្គ​ដោះស្រាយ​ជម្លោះ​ដី​ព្រៃ​ជាង ៧០​ហិកតារ​រវាង​ប្រជា​សហគមន៍ និង​ទាហាន «ង​៧០» ទាំង ១២​គ្រួសារ។ លោក​ស្នើ​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​ព្រំប្រទល់​ដី​ព្រៃ​សហគមន៍​នេះ ដើម្បី​បញ្ចប់​ជម្លោះ ហើយ​ឲ្យ​ប្រជា​សហគមន៍​ធ្វើ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ភាគី​ទាំង​ពីរ។

លោក អៀម ម៉ៅ វរសេនីយ៍ឯក​កងពល «ង​៧០» ដែល​ដឹកនាំ​កម្លាំង​ឈូស​ដី​ព្រៃ អះអាង​ថា ដី​ទាំង​ប្រមាណ ៧៨​ហិកតារ (៧៧,៩​ហិកតារ) ជា​ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​គ្រួសារ​កងទ័ព​ទាំង ១២​គ្រួសារ ហើយ​លោក​ថា ប្រសិន​បើ​ប្រជា​សហគមន៍​នៅ​បន្ត​រារាំង​មិន​ឲ្យ​ឈូស​ដី​ព្រៃ​នេះ​ទៀត ក្រុម​លោក​នឹង​ប្រើ​កម្លាំង​បង្ក្រាប។

ពេល​ប្រជុំ អភិបាល​រង​ស្រុក​ឱរ៉ាល់ លោក ប៊ុន វិចិត្រ ហាម​ប្រជា​សហគមន៍​មិន​ឲ្យ​ទៅ​រារាំង​ក្រុម​ទាហាន «ង​៧០» ក្រោយ​ពេល​អាជ្ញាធរ​សម្រេច​ថា ដី​ព្រៃ​ដែល​ទាហាន​កំពុង​ឈូស​ឆាយ គឺ​ស្រប​តាម​ច្បាប់៕

No comments: