03 មិថុនា 2017
ក្រោយពីការថ្លែងចប់ លោក កឹម សុខា បានដឹកនាំក្បួនឃោសនាយ៉ាងគគ្រឹកគគ្រេង ឆ្លងកាត់ដងវិថីធំៗ ក្នុងរាជធានីភ្នំពេញ ដែលអ្នកចូលរួមស្ថិតក្នុងយានជំនិះចម្រុះ រួមមានទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តតូចធំ។
ភ្នំពេញ —
ដូចគ្នានឹងគណបក្សប្រជាជនដែរ គណបក្សសង្គ្រោះជាតិ ជាបក្សជំទាស់ធំជាងគេនៅកម្ពុជា បានធ្វើយុទ្ធនាការឃោសនាបោះឆោ្នតឃុំសង្កាត់ថ្ងៃផ្ដាច់ព្រ័ត្រ ដោយមានការដង្ហែក្បួនអ្នកគាំទ្រទ្រង់ទ្រាយធំ ឆ្លងកាត់ដងវិថីនានាក្នុងរាជធានី។
តាមដង្ហែដោយមហាជនដ៏ច្រើនកុះករ តគ្នាជាជួរដ៏វែងអន្លាយ គណបក្សសង្គ្រោះជាតិ បានបញ្ចប់ការឃោសនារបស់ខ្លួននៅទីក្រុងភ្នំពេញ ដោយបានពោលសាឡើងវិញនូវគោលនយោបាយគន្លឹះ និងបញ្ហាអាទិភាពរបស់ខ្លួន ដើម្បីទាក់ទាញយកសំឡេងគាំទ្រ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃអាទិត្យខាងមុខ។
ចាប់ផ្ដើមពីម៉ោង៧ព្រឹកព្រលឹមថ្ងៃសុក្រ ក្រុមសកម្មជន និងមន្ត្រីគណបក្សបានជួបជុំគ្នាប្រគំតន្ត្រី ច្រៀងរាំ និងថ្លែងសារនយោបាយគន្លឹះរបស់ខ្លួននៅក្បែរវត្តចាស់នៅត្រើយម្ខាងក្នុងភ្នំពេញ។ បក្សជំទាស់ដែលមានអាយុជិត៥ឆ្នាំមួយនេះ ត្រូវបានគេមើលឃើញថាជាគូប្រជែងស្មើគីឡូគ្នាជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ចាប់តាំងពីឆ្នាំ១៩៧៩មក។
បន្ទាប់ពីក្បួនឃោសនាដ៏គគ្រឹកគគ្រេងរបស់គណបក្សប្រជាជនកម្ពុជាបានបិទបញ្ចប់នៅរសៀលថ្ងៃសុក្រនេះ ក្បួនឃោសនារបស់បក្សសង្គ្រោះជាតិមួយនេះ បានចេញដំណើរពីទីកន្លែងជួបជុំគ្នានៅទីវាលមុខវត្តពោធិយារាម ហៅវត្តចាស់ ដែលស្ថិតលើតំបន់ជ្រោយចង្វា នាម៉ោងពីររសៀល ហើយបានចេញដំណើរជាការដង្ហែ ដោយមានលោក កឹម សុខា ប្រធានគណបក្ស ជាអ្នកនាំក្បួន។
នៅមុនការចេញដំណើរឃោសនា លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រ សកម្មជន និងមន្ត្រីគណបក្សថា រាល់សន្លឹកឆ្នោតដែលបោះឱ្យបក្សប្រឆាំង នឹងនាំមកនូវសន្តិភាព ដែលការថ្លែងនេះហាក់ដូចជាការតបបញ្ច្រាសទៅនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលជារឿយៗគំរាមថា សង្គ្រាមនឹងកើតមាន បើសិនជាបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត។
លោក កឹម សុខា ប្រធានគណបក្សជំទាស់វ័យ៦៣ឆ្នាំរូបនេះ បានប្រកាសក្ដែងៗដាក់ឧគ្ឃោសនស័ព្ទថា៖
«ខ្ញុំសុំជម្រាបជូនបងប្អូនថា គណបក្សសង្គ្រោះជាតិគឺជាគណបក្សដើម្បីអនាគត មិនមែនជាគណបក្សគិតតែពីអតីតកាលទេ។ ថាយើងអត់បានធ្វើអ្វីយ៉ាងម៉េច ព្រោះយើងអត់បានឈ្នះ យើងអត់ទាន់បានកាន់ថវិកាជាតិ យើងអត់ទាន់បានដឹកនាំប្រទេស ប៉ុន្តែយើងក៏មិនទាន់បានបំផ្លាញ ព្រៃឈើ ដីធ្លី និងធនធានធម្មជាតិដែរ»។
លោក កឹម សុខា បានបន្ថែមទៀតថា៖
«រឿងបែកបាក់គ្នា រឿងសង្គ្រាម រឿងជម្លោះពីអតីតកាល មិនមែនជាការទទួលខុសត្រូវ របស់គណបក្សសង្គ្រោះជាតិបានទៅចូលរួមដឹកនាំនោះទេ។ យើងមិនដែលទៅធ្វើសង្គ្រាមទេ ... យើងគ្រាន់តែចង់ការពារនូវសិទ្ធិសេរីភាព នូវកិត្យានុភាព នូវតម្លៃ នៃប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់គេគោរពមានតាំងពីសម័យអង្គរមកម្ល៉េះ។ យើងសម្រេចហើយថា យើងធ្វើដំណើរឆ្ពោះទៅការបោះឆ្នោតដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន»។
ក្រោយពីការថ្លែងចប់ លោក កឹម សុខា បានដឹកនាំក្បួនឃោសនាយ៉ាងគគ្រឹកគគ្រេង ឆ្លងកាត់ដងវិថីធំៗ ក្នុងរាជធានីភ្នំពេញ ដែលអ្នកចូលរួមស្ថិតក្នុងយានជំនិះចម្រុះ រួមមានទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តតូចធំ។ អ្នកខ្លះបិទស្លាកសញ្ញាគណបក្សនៅលើមុខ នៅលើយានជំនិះ ហើយអ្នកគាំទ្រខ្លះទៀតមានកាន់រូបលោក កឹម សុខា និងលោក សម រង្ស៊ី ជាសហការីនយោបាយជាន់ខ្ពស់របស់លោក ក្រោមសំឡេងលាន់កញ្ជ្រៀវទ្រហឹងអឺងកង។
ចំនួនឡានម៉ូតូមានច្រើនឡើងៗ ហើយចរាចរណ៍នៅតាមដងផ្លូវដែលក្បួនដង្ហែឆ្លងកាត់ត្រូវបានបិទ បង្កជាការកកស្ទះនៅទីកន្លែងជួបជុំតំបន់ត្រើយម្ខាងនៃជ្រោយចង្វា ដែលគេពុំឃើញមានកងកម្លាំងសមត្ថកិច្ចណាចេញមកធ្វើអន្តរាគមន៍សម្រួលចរាចរណ៍ខ្វាត់ខ្វែងដូចក្បួនគណបក្សប្រជាជនកម្ពុជាកាលពីពេលព្រឹកឡើយ។
នៅតាមដងផ្លូវដែលខ្លួនឆ្លងកាត់ ក្បួនគណបក្សសង្គ្រោះជាតិដែលមានលោក កឹម សុខា និងលោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិបក្ស ឈរនៅផ្នែកខាងក្រោយនៃរថយន្ត Ford ពាក់មួកបក្ស បក់ដៃ ទៅរកអ្នកគាំទ្រ និងយូរម្ដងៗគេឃើញឥស្សរជននយោបាយជំទាស់ទាំងពីរ លើកដៃប្រណម្យ អរគុណអ្នកចេញមកទទួលនៅតាមដងផ្លូវ។
នៅក្នុងចំណោមក្បួនដង្ហែឃោសនារបស់បក្សសង្គ្រោះជាតិ នាង ណាវី លីកា វ័យ៣៤ឆ្នាំ បានលើកឡើងអំពីបញ្ហាដែនបូរណភាពទឹកដី អយុត្តិធម៌សង្គម និងវិសមភាពក្នុងការអភិវឌ្ឍប្រទេស ប្រៀបនឹងប្រទេសជិតខាង នាំឱ្យនាងសម្រេចចិត្តចេញមកឃោសនាជាមួយបក្សជំទាស់ និងគ្រោងបោះឆ្នោតឱ្យបក្សមួយនេះ។
ប៉ុន្តែអ្នកបោះឆ្នោតនៅសង្កាត់ផ្សារថ្មីរូបនេះបាននិយាយ ក្នុងករណីដែលបក្សធ្វើមិនបានតាមសន្យា ពេលជាប់ឆ្នោត នាងនឹងមិននៅស្ម័គ្រស្មោះគាំទ្រនោះឡើយ៖
«មានអាណត្តិក្រោយទៀត បើកាលណាគាត់ធ្វើអត់បាន ប្រាំឆ្នាំទៅមុខទៀត យើងត្រូវធ្វើការផ្លាស់ប្ដូរតទៅមុខទៀត»។
សារនយោបាយសំខាន់របស់បក្សជំទាស់មួយនេះសម្រាប់ការឆ្នោតឃុំសង្កាត់ឆ្នាំនេះ គឺគម្រោងក្នុងការធ្វើវិមជ្ឈការអំណាចដល់សាលាឃុំ ទាំងអំណាចសម្រេចចិត្ត និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់។
មកទល់នឹងពេលព្រលប់ថ្ងៃសុក្រនេះ ក្បួនដង្ហែមិនទាន់បានចេញទៅដល់ទីតាំងផ្ដាច់ព្រ័ត្រនៅតំបន់បឹងទំពុន ខណ្ឌមានជ័យ ឬគេហៅថា«មហាវិថីសម្ដេចហ៊ុន សែន»នៅឡើយទេ ជាទីដែលគណបក្សប្រជាជនបានយកជាកន្លែងជួបជុំមុននឹងហែក្បួនទ្រង់ទ្រាយធំកាលពីព្រឹក។
ខុសពីគណបក្សនយោបាយនានា យុទ្ធនាការឃោសនាក្នុងថ្ងៃបញ្ចប់របស់គណបក្សប្រជាជនកម្ពុជា និងសាររបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលថ្លែងទៅកាន់អ្នកគាំទ្ររបស់លោក និងមហាជនអ្នកបោះឆ្នោតឱ្យបក្សលោក ត្រូវបាន ទូរទស្សន៍មួយចំនួនធំផ្សាយបន្តផ្ទាល់ដល់ប្រជាជនទូទាំងប្រទេស។
ក្នុងនោះដែរលោក ហ៊ុន សែន ដែលចូលរួមការឃោសនាបោះឆ្នោតឃុំ-សង្កាត់លើកទី១នេះ បានថ្លែងសារគំរាម សាជាថ្មី អំពីលទ្ធភាពនៃការធ្លាក់ទៅក្នុងអស្ថិរភាព និងអំពើហិង្សា បើសិនជាបក្សលោកចាញ់ឆ្នោត។
ទោះជាយ៉ាងនេះក៏ដោយ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ គឺលោក យឹម សុវណ្ណ បានបង្ហាញនូវក្ដីសង្ឃឹមទៅរកជ័យជម្នះ ជាមួយការរៀបចំបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយកំណែទម្រង់។ លោកបាននិយាយថា៖
«សេរី និងយុត្តិធម៌មានពីរ៖ ទីមួយ បរិយាកាសនយោបាយ ទីពីរ គ.ជ.ប.។ ឥឡូវ គ.ជ.ប. សរសើរគាត់បន្តិចទៅ ប៉ុណ្ណឹងអាចទទួលយកបាន។ បរិយាកាសនយោបាយ វាតាំងពី២០១៤មកនោះ យើងមិនដែលបានសុខទេ រហូតមកទល់នឹងថ្ងៃបោះឆ្នោតនេះ និយាយឱ្យមែនទែន! ប៉ុន្តែយើងអត់ធ្មត់ យើងទ្រាំ ទោះអយុត្តិធម៌ ឈឺចាប់យ៉ាងម្ដេចក៏ដោយ វាយយើង ធាក់យើងយ៉ាងម្ដេចក៏ដោយ ធាក់ទៅ! វាយទៅ! វាយឱ្យអស់ចិត្តមក! យើងឈឺ ក៏ប៉ុន្តែយើងទ្រាំ យើងទ្រាំដើម្បីប្រទេសបានសុខ ឥឡូវជិតដល់ថ្ងៃហើយបងប្អូន ទ្រាំតែមួយថ្ងៃទៀត បោះ! »។
លោក យឹម សុវណ្ណ បន្តថា ក្នុងរយៈពេលពីរសប្ដាហ៍នៃការឃោសនាបោះឆ្នោតឃុំសង្កាត់នេះ នៅទូទាំងប្រទេស គណបក្សមួយនេះចំណាយអស់ទឹកប្រាក់ប្រមាណ២លានដុល្លារ ហើយថាមួយចំណែកនៃការចំណាយនេះ ជាវិភាគទានរៃអង្គាសពីសំណាក់បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ដោយផ្ទាល់។
គណបក្សសង្គ្រោះជាតិ ដែលបង្កការភ្ញាក់ផ្អើលកាលពីការបោះឆ្នោតជាតិឆ្នាំ២០១៣ ដោយបានដណ្ដើមសំឡេងគាំទ្រច្រើនគំហុក កើនអាសនៈនៅរដ្ឋសភាដល់៥៥កៅអី និងទាញទម្លាក់អាសនៈរបស់គណបក្សប្រជាជនពី៩០អាសនៈ ធ្លាក់មកត្រឹម៦៨អាសនៈ។
ក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃអាទិត្យនេះ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ ដែលបានដាក់បេក្ខជនឈរឈ្មោះនៅគ្រប់១៦៤៦ឃុំសង្កាត់ទូទាំងប្រទេស៕
No comments:
Post a Comment