Monday, 19 June 2017
ក្រសួងមហាផ្ទៃទាមទារឲ្យគ.ជ.បដាក់បណ្ដឹងរឿងអ្នកចោទគ.ជ.បនៅក្រោមបរទេស
ដោយ ប្រាជ្ញ ចេវ
2017-06-18
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
ក្រសួងមហាផ្ទៃ នឹងស្វែងរកជនណា ឬអ្នកប្រើប្រាស់បណ្ដាញសង្គមណាដែលចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាស្ថាប័នស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរទេស។ ប៉ុន្តែមុននឹងចាត់វិធានការ ក្រសួងទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់ពាក្យបណ្ដឹងមកក្រសួងជាមុនសិន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថាលោកបានឃើញលិខិតចំហរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលស្នើទៅរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ចំពោះការបង្ហោះព័ត៌មានដែល គ.ជ.ប ចោទប្រកាន់ថាមានចរិតញុះញង់ បង្ខូចកេរ្តិ៍ឈ្មោះ និងថាស្ថាប័នឯករាជ្យមួយនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរទេស។
លោក ខៀវ សុភ័គ ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៨ ខែមិថុនា ថា បើត្រឹមលិខិតចំហរបស់ គ.ជ.ប ពិបាកធ្វើឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការតាមផ្លូវណាស់ ប៉ុន្តែបើ គ.ជ.ប ដាក់ពាក្យប្ដឹងមកក្រសួងតែម្តង ក្រសួងនឹងចាត់វិធានការភ្លាម។ លោកអះអាងនៅពេលក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្ដឹងជាផ្លូវការពី គ.ជ.ប ក្រសួងនឹងធ្វើការដោះស្រាយ៖ «»។
ការថ្លែងដូចនេះរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ទាប់ពី គ.ជ.ប បានសរសេរលិខិតចំហមួយច្បាប់បង្ហោះនៅលើហ្វេសប៊ុក (facebook) ផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា ស្នើទៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ចាត់វិធានការតាមផ្លូវច្បាប់លើបណ្ដាញសង្គម ដូចជា KH Khmer និង Real News ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនោះ។
ឆ្លើយតបទៅនឹងសំណើរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលទាមទារឲ្យ គ.ជ.ប ដាក់ពាក្យបណ្ដឹងផ្លូវការមកក្រសួងនោះ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា ថាលោកនឹងលើកយកករណីនេះប្រាប់សមាជិក គ.ជ.ប ទាំង ៩រូបឲ្យបានដឹង។ លោកថា ការសម្រេចចិត្តដាក់ពាក្យប្ដឹង ឬមិនប្ដឹង ជាការសម្រេចរបស់សមាជិក គ.ជ.ប ទាំង ៩រូប៖ «»។
លោក ហង្ស ពុទ្ធា ឲ្យដឹងថា ចាប់តាំងពីថ្ងៃដែល គ.ជ.ប បង្ហោះលិខិតស្នើរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់លើអ្នករិះគន់ខ្លួនតាមបណ្ដាញសង្គម មិនទាន់មានស្ថាប័នមានសមត្ថកិច្ចណាមួយឆ្លើយតបនឹងសំណើរបស់ គ.ជ.ប ទេ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់ថា មិនគួរមានការចោទប្រកាន់ថា ស្ថាប័ន គ.ជ.ប ស្ថិតក្នុងការគ្រប់គ្រងរបស់បរទេសទេ។ ប៉ុន្តែលោកយល់ថា គ.ជ.ប គួរខំប្រឹងធ្វើការងាររបស់ខ្លួនឲ្យល្អ ដើម្បីឲ្យសាធារណជនបានឃើញពីការអនុវត្តការងាររបស់ខ្លួន ជាជាងការស្នើស្ថាប័នមានសមត្ថកិច្ចចាត់វិធានការលើអ្នករិះគន់ខ្លួន៖ «»។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា គ.ជ.ប ថ្មី ដែលកើតឡើងដោយការព្រមព្រៀងពីគណបក្សមានសំឡេងឆ្នោតទាំងពីរនៅសភាកាលពីឆ្នាំ២០១៣ ទទួលបានការសសើរពីអ្នកធ្វើការងារបោះឆ្នោតជាង គ.ជ.ប ចាស់។
គ.ជ.ប អំពាវនាវឲ្យបណ្ដាញសង្គម បញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយព័ត៌មានញុះញង់ ដែលនាំឲ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើស្ថាប័នមួយនេះ។ ប៉ុន្តែសង្គមស៊ីវិលយល់ថា បើ គ.ជ.ប អនុវត្តការងាររបស់ខ្លួនដោយត្រឹមត្រូវ យុត្តិធម៌ និងឯករាជ្យ មិនត្រូវខ្លាចការបាត់បង់ទំនុកចិត្តពីពលរដ្ឋនោះទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment