ដោយ យាង សុជាមេត្តា
2017-07-01
ទិដ្ឋភាពភាពនៅខាងមុខ ស្ដារ ម៉ាត (Star Mart) ស្ដុបបូកគោ ក្រោយពេលលោក កែម ឡី ត្រូវឃាតកបាញ់សម្លាប់ នៅព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។
RFA/Uon Chhin
តុលាការសហរដ្ឋអាមេរិក អនុញ្ញាតឲ្យអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដាក់ឯកសារបន្ថែមទៀត ជុំវិញបណ្ដឹងដែលលោកប្ដឹងឲ្យក្រុមហ៊ុន ឆេវវ៉ុន (Chevron) បញ្ចេញវីដេអូបាញ់សម្លាប់បណ្ឌិត កែម ឡី នៅក្នុងហាងស្តារម៉ាត កាល់តិច (Caltex) នារាជធានីភ្នំពេញ។ ដំណឹងនេះ ធ្លាក់ជូនចំពេលដែលអ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី កំពុងត្រៀមធ្វើពិធីរម្លឹកខួប ១ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ។
លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស និងជាដើមបណ្ដឹងក្នុងសំណុំរឿងនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី១ ខែកក្កដា ដោយចាត់ទុកថា នេះជាដំណឹងល្អពីតុលាការសហរដ្ឋអាមេរិក ទាក់ទងទៅនឹងសំណើរបស់លោកស្នើសុំភស្តុតាង និងព័ត៌មានមួយចំនួនពីក្រុមហ៊ុន ឆេវរ៉ុន។
លោក សម រង្ស៊ី ក៏បានបង្ហោះលិខិតមួយច្បាប់របស់តុលាការរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក ចុះថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៧។ ខ្លឹមសារនៃលិខិតនោះ បញ្ជាក់ថា តុលាការបានទទួលសំណើសុំដាក់ព័ត៌មានបន្ថែមចំនួន ៥ទំព័រ ទាក់ទងនឹងច្បាប់ស្ដីពីការការពារបុគ្គលិកក្រុមហ៊ុនអាមេរិកាំង ពីដើមចោទឈ្មោះ សម រង្ស៊ី។ តុលាការយល់ព្រមទទួលសំណើនេះ ហើយបង្គាប់ឱ្យក្រុមហ៊ុន ឆេវរ៉ុន ដែលជាចុងចោទ ដាក់ឯកសារឆ្លើយតបទៅនឹងដើមចោទមិនអោយលើសពី ៥ទំព័រ ដោយមិនអោយហួសថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។
ទោះជាយ៉ាងណា អាស៊ីសេរី មិនទាន់អាចទាក់ទងលោក សម រង្ស៊ី ដើម្បីសុំការបំភ្លឺបន្ថែម ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១ ខែកក្កដា។
លោក សម រង្ស៊ី បានដាក់បណ្ដឹងទៅតុលាការរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីខែធ្នូ ឆ្នាំ២០១៦ ដោយស្នើសុំឲ្យតុលាការអាមេរិក បង្គាប់ទៅក្រុមហ៊ុនឆេវរ៉ុន (Chevron) ដែលមានក្រុមហ៊ុនប្រេងសាំង កាល់តិច ជាប្រតិបត្តិករនៅរាជធានីភ្នំពេញ ឲ្យបញ្ចេញវីដេអូឃ្លិប ដែលថតបានពីសកម្មភាពបាញ់ប្រហារបណ្ឌិត កែម ឡី នៅក្នុងហាងស្តារម៉ាត។
កាលពីថ្ងៃទី១ ខែមីនា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ករណីបាញ់សម្លាប់បណ្ឌិត កែម ឡី។ សវនាការលើអង្គសេចក្ដីនៅពេលនោះ ត្រូវរងការរិះគន់ថា តុលាការហាក់ប្រញាប់បញ្ចប់ការជំនុំជម្រះ។ ចំណែកការដាក់បញ្ចាំងវីដេអូ ក៏មិនអស់ប្លង់ និងរូបភាពនៅក្នុងហាងស្តារម៉ាត ក៏មើលឃើញព្រិលៗមិនច្បាស់ថែមទៀត។
ឃ្លិបវីដេអូឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី នៅក្នុងហាងស្តារម៉ាត ត្រូវបានតុលាការចាក់បញ្ចាំង ដែលក្រោយមកឃ្លិបវីដេអូនេះ ត្រូវបានសារព័ត៌មានយកមកផ្សព្វផ្សាយ រួចចែកចាយបន្តដោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ គេមើលឃើញថា វីដេអូនៅក្នុងហាងស្តារម៉ាត មានរូបភាពអន់ជាងវីដេអូដែលគេទទួលបានពីកាមេរ៉ានៅតាមដងផ្លូវទៅទៀត។ ករណីនេះរឹតតែធ្វើឲ្យពលរដ្ឋមានមន្ទិលសង្ស័យកាន់តែខ្លាំងឡើងទៅលើវីដេអូ នៅក្នុងហាងស្តារម៉ាតនោះ។
បើទោះជាតុលាការបានសម្រេចផ្ដន្ទាទោស អឿត អាង ហៅ ជួប សម្លាប់ ជាប់ពន្ធនាគារមួយជីវិតរួចហើយក្តី អ្នកដែលគោរពស្រឡាញ់បណ្ឌិត កែម ឡី ចង់ឲ្យតុលាការស្វែងរកមេខ្លោងនៅពីក្រោយការបាញ់សម្លាប់នេះ ព្រោះពួកគេមិនជឿលើចម្លើយសារភាពរបស់ ជួប សម្លាប់ ដែលថា រូបគេបាញ់សម្លាប់បណ្ឌិត កែម ឡី ដោយសារតែលោកបណ្ឌិតជំពាក់លុយ ៣ពាន់ដុល្លារនោះទេ។
ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់ឃើញតុលាការចាត់ការទៅលើបុគ្គលណាផ្សេងទៀតក្រៅពីឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះឡើយ បើទោះជាតុលាការបានប្រកាសបំបែកសំណុំរឿងករណីបាញ់សម្លាប់បណ្ឌិត កែម ឡី នេះ ដោយបន្តស៊ើបអង្កេតទៅលើបុគ្គលផ្សេងទៀតក៏ដោយ។
ក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី នេះដែរ មានមនុស្សចំនួន ៣នាក់ហើយត្រូវបានរដ្ឋាភិបាលប្តឹងទៅតុលាការដោយសារតែបាននិយាយថា រដ្ឋាភិបាលមានជាប់ពាក់ព័ន្ធនឹងឃាតកម្មបណ្ឌិត កែម ឡី។ មនុស្សទាំង ៣នាក់នោះ រួមមានអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី និងអ្នកវិភាគលោក គឹម សុខ។
លោក សម រង្ស៊ី ធ្លាប់បញ្ជាក់ថា ការទទួលយកបណ្ដឹងរបស់លោកនៅតុលាការអាមេរិកនេះ ដោយសារតែករណីនេះទាក់ទងនឹងសំណុំរឿង ២ផ្សេងទៀត គឺបណ្ដឹងបរិហារកេរ្តិ៍ដែលលោកចោទថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី និងបណ្ដឹងដាច់ដោយឡែកមួយទៀតរបស់ពលរដ្ឋខ្មែរ រួមនឹងរូបលោកផង ដែលប្ដឹងពីលោកនាយករដ្ឋមន្ត្រីទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ចំណែកមេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃក្រុមហ៊ុនមេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) ដែលតំណាងពលរដ្ឋរងគ្រោះក្រោមរបបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បណ្ដឹងរបស់លោកនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ជុំវិញករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី និងឯកសារថ្មីៗបន្ថែមទៀតស្ដីពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា៕
1 comment:
Dear SOV:
Would you please post the link below for Khmer readers inside and outside Cambodia.
រឿងពិតនៃថ្ងៃ៧មករា 7 Makara History Of Cambodia Khmer Political:
https://www.youtube.com/watch?v=SAvvHS6r4gQ
ខ្មែរត្រូវតែដឹងប្រវត្តិសាស្រ្តតោះសែ៑ តែហ៑ុនសែនជាអ្នកណា:
https://www.youtube.com/watch?v=11EjgcCZhgY
Thank you,
Khmer Yeurng
Post a Comment