ដោយ អេង គីមហុង 23/07/2017 23/07/2017
rfi
រូបថតៈនេះគឺជាយន្តហោះនៅប្រទេសវៀតណាម ដែលគេប្រឌិតថា ធ្លាក់នៅខេត្តសៀមរាប
@សារព័ត៌មានវៀតណាម
មនុស្សពីរនាក់ត្រូវបានដោះលែងវិញហើយ នៅថ្ងៃម្សិលមិញ ជាថ្ងៃតែមួយដែលសមត្ថកិច្ច សួរនាំពួកគេពាក់ព័ន្ធករណីបង្ហោះរូបភាពធ្លាក់យន្តហោះនៅខេត្តសៀមរាប។ ការដោះលែងធ្វើឡើងបន្ទាប់ពីពួកគេទទួលបានការអប់រំ និងការណែនាំពីកម្លាំងសមត្ថកិច្ច។
សមត្ថកិច្ចបានអះអាងថា សកម្មភាពបង្ហោះរូបភាពធ្លាក់យន្តហោះនៅខេត្តសៀមដែលជាករណីប្រឌិតនេះ គឺបង្កឲ្យមានភាពភ្ញាក់យ៉ាងខ្លាំង និងជាពិសេសវាបានប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍ដែលកំពុងស្នាក់នៅកម្ពុជា នឹងគ្រោងមកកម្ពុជា។
តែបើតាមចម្លើយសារភាពរបស់ពួកគេមិននឹកស្មានថា អ្វីដែលខ្លួនបានធ្វើវាក្លាយជារឿងធំ ហើយឈានដល់ករណីនាំខ្លួនពួកគេមកសួរនាំយ៉ាងដូច្នេះសោះ។ នេះបើតាមការគូសបញ្ជាក់របស់ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង។
ទន្ទឹមនឹងនេះ សាធារណៈជនមួយចំនួនក៏សម្ដែងការហួសចិត្តចំពោះទង្វើរបស់ពួកគេទាំងពីរ។ ហួសចិត្តព្រោះពួកគេជាបុគ្គលិកបំរើលើយន្តហោះ ទៅហើយនៅឡើយធ្វើរឿងបែបនេះទៀត។ តែ លោក ទិត្យ ណារ៉ុង បានបញ្ជាក់ថា ពួកគេទាំងពីរនាក់ដែលជាបុរស និងស្ត្រី គឺម្នាក់ជាបុរសទេដែលជាអ្នកបង្ហោះរូបភាពនោះ។ ចំណែកម្នាក់ជាស្ត្រីគ្រាន់តែហៅមកសួរនាំធម្មតាប៉ុណ្ណោះព្រោះគាត់មានជាប់ពាក់ព័ន្ធជាមួយគ្នា។ បន្ថែមពីលើនេះលោក ទិត្យ ណារ៉ុង ស្នើឲ្យពួកគេមានភាពប្រុងប្រយ័ត្ននៅក្នុងការប្រើប្រាស់ហ្វេសបុក។
សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ គណនេយ្យ Facebook ឈ្មោះ «Bondet Panha Vatanak» បង្ហោះរូបភាពធ្លាក់យន្តហោះ និងសរសេរជាភាសាអង់គ្លេសថា «Aircraft come to completely stop and safe landed at siem reap» ។
ចំណែកលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានកត់សម្គាល់ថា ពលរដ្ឋខ្មែរនៅមានកម្រិតក្នុងការប្រើប្រាស់ហ្វេសបុកដែលនាំខ្លួនឯងជួបបញ្ហាដោយសារតែការប្រើប្រាស់ហ្វេសបុក។ ជាក់ស្ដែងករណីបង្ហោះព័ត៌មានប្រឌិតធ្លាក់យន្តហោះគឺនាំឲ្យមានផលប៉ះពាល់ខ្លាំងដល់សន្តិសុខជាតិ។ លោក សន ជ័យ អំពាវនាវឲ្យអ្នកប្រើប្រាស់ហ្វេសបុកពិនិត្យឲ្យបានច្បាស់មុនចែករំលែក៕
No comments:
Post a Comment