Saturday, 22 July 2017

កម្ពុជា-វៀតណាម​នឹង​សម្ពោធ​ស្តូប​មិត្តភាព​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​រម្លឹក​គុណ​វៀតណាម


ដោយ ខែ សុណង
2017-07-21

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [ស្ដាំ] និង​ភរិយា លា​អធិរាជ​ជប៉ុន អាគីហិតូ (Akihito) នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ Photo AFP
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [ស្ដាំ] និង​ភរិយា លា​អធិរាជ​ជប៉ុន អាគីហិតូ (Akihito) នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ Photo AFP
 Photo AFP



ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ និង​អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) នឹង​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២២ កក្កដា។ គម្រោង​ដាក់​សម្ពោធ​នេះ គឺ​ស្រប​ពេល​ដែល​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​វៀតណាម​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត ទាំង​២៥ កំពុង​ត្រូវ​បាន​សាងសង់​ឲ្យ​គ្រប់​និង​ថែទាំ​ឡើង​វិញ។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម មាន​ទស្សនៈ​ផ្ទុយ​គ្នា ចំពោះ​ការ​រឹត​បណ្ដឹង​ចំណងមិត្តភាព​របស់​ប្រទេស​ទាំង​ពីរ​នេះ។



មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា ការ​សង់​ស្តូប​ទាំង​២៥​ខេត្ត​រាជធានី​នៅ​កម្ពុជា គឺ​ជា​ការ​សម្ដែង​នូវ​ការ​ដឹងគុណ និង​រំលឹក​អនុស្សាវរីយ៍​ចំពោះ​វៀតណាម​ដែល​បាន​រួម​កម្លាំង ជួយ​រំដោះ​ប្រទេស​កម្ពុជា ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​បាន​ជ័យជំនះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ កក្កដា ថា ការ​សង់​ស្តូប​ទាំង​២៥​ខេត្ត​រាជធានី គឺ​ជា​កិច្ចព្រមព្រៀង​របស់​រណសិរ្ស​សាមគ្គី​កសាង​អភិវឌ្ឍន៍​មាតុភូមិ​រវាង​កម្ពុជា​និង​វៀតណាម។ នៅ​ឆ្នាំ​២០១៧​នេះ ជា​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​៥០​ឆ្នាំ នៃ​ចំណង​ទាក់ទង​ការ​ទូត​ប្រទេស​ទាំង​ពីរ។ លោក​បន្ត​ថា បញ្ហា​នេះ​គ្មាន​ហេតុផល​អ្វី​ក្រៅ​ពី​ការ​រឹត​ចំណង​ការទូត ក៏​ដូច​ជា​ការ​សម្ដែង​នូវ​ការ​ដឹង​គុណ​នោះ​ទេ៖ «យើង​ថា​ដឹង​គុណ​ក៏​ត្រូវ​ម្យ៉ាង​ដែរ ប៉ុន្តែ​ជា​អនុស្សាវរីយ៍​ក្នុង​ការ​ជួយ​ផ្ដួល​រំដោះ​នៃ​កម្លាំង​ទ័ព​ទាំង​ពីរ ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។»

អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង មក​ធ្វើ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ កក្កដា តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ។ នៅ​ថ្ងៃ​ទី២២ កក្កដា លោក​និង​ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ ចូលរួម​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ព្រះសីហនុ។

ទាក់ទង​បញ្ហា​នេះ លោក​បណ្ឌិត មាស នី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម មាន​ទស្សនៈ​ថា កម្ពុជា​ពុំ​ទទួល​បាន​ប្រយោជន៍​អ្វី​សោះ ក្រៅ​ពី​ការ​ដឹងគុណ​វៀតណាម​អស់​មួយ​ជីវិត។ លោក​សង្កេត​ឃើញ​ថា នៅ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ចាប់​ផ្ដើម​ពង្រឹង​នូវ​ការ​សង់​និង​ការ​រៀបចំ​ឡើង​វិញ​នូវ​ស្តូប​មិត្តភាព​តាម​បណ្ដា​ខេត្ត ដែល​កន្លង​មក​ស្តូប​ទាំង​នេះ​ត្រូវ​បាន​ទុក​ចោល​ឲ្យ​ស្មៅ​ដុះ​មួយ​រយៈ​ហើយ​នោះ។ លោក​បណ្ឌិត​បន្ត​ថា លោក​មិន​ទើស​ទាល់​ចំពោះ​ការ​រឹត​ចំណងមិត្តភាព​នេះ​ទេ បើ​មើល​ពី​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​សង្គ្រាម​ជំនាន់​អាណានិគម​បារាំង ហើយ​និង​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ​៧០ ដែល​វៀតណាម​បាន​រំដោះ​ដី​វៀតណាម​ខាង​ត្បូង​ជា​ស្ថាពរ​ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ខ្មែរ​យ៉ាង​ច្រើន ប៉ុន្តែ​ជា​អកុសល​កម្ពុជា​ពុំ​ដែល​បាន​ទទួល​ការ​នឹក​គុណ​នោះ​ទេ គឺ​ផ្ទុយ​គ្នា​ស្រឡះ៖«តាម​ពិត​យើង​អត់​បាន​ទទួល​ប្រយោជន៍​អ្វី​ក្រៅ​ពី​ត្រូវ​ដឹង​គុណ​គេ​មួយ​ជីវិត ការ​ដឹង​គុណ​គេ​នេះ​វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​សូម្បី​តែ​ការ​ជជែក​គ្នា​ពី​រឿង​ព្រំដែន​ក៏​យើង​អត់​ហ៊ាន​ជជែក​ជាមួយ​គេ អត់​បាន​ស្មើភាព​សូម្បី​តែ​កន្លង​មក​ហើយ​ក៏​ដូចជា​ការ​រំលោភ​បំពាន​ខ្លះៗ របស់​វៀតណាម​ទោះបី​ក្នុង​ការ​មិន​ទាន់​ច្បាស់លាស់​នៅ​ខេត្ត​បន្ទាត់​ព្រំដែន​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​គេ​បង្ខិត​មក​សង់​ប៉ុស្តិ៍​យាម​ប៉ុស្តិ៍​អី​នេះ គឺ​យើង​អត់​ហ៊ាន​ធ្វើ​អី​គេ​ទេ យើង​គ្រាន់​បាន​ត្រឹម​តែ​ស្រែក​ក៏​ផ្ញើ​ចំណាត់​ការ​ផ្សេង​ទៅ ប៉ុន្តែ​ដល់​គេ​មិន​ឆ្លើយ យើង​ក៏​មិន​ធ្វើ​អី​គេ​ទៀត​ដែរ។»

គេហទំព័រ​ព័ត៌មាន​វៀតណាម​ចុះ​ផ្សាយ​ថ្ងៃ​ទី២១ ខែ​កក្កដា សរសេរ​ថា នៅក្នុង​ជំនួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោក ង្វៀន ហ៊្វូជុង អគ្គ​លេខាធិការ​គ​ណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តវៀត​ណាម កាល​ពី​ថ្ងៃ​ទី​២០ កក្កដា ភាគី​វៀតណាម​បាន​ស្នើ​ឲ្យ​កម្ពុជា​ជួយ​សហគមន៍​ជនជាតិ​វៀត​ណាម និង​អនុវត្ត​ភាព​ស្មើគ្នា​ចំពោះ​សហគមន៍​ជនជាតិ​វៀតណាម ដែល​រស់​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុង​ការ​រីក​ចម្រើន​របស់​ប្រទេស។ គេហទំព័រ​នេះ​បន្ត​ថា ក្នុង​ពេល​ជួប​ប្រជុំ​រវាង​ភាគី​វៀតណាម និង​កម្ពុជា នៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី លោក ង្វៀន ហ៊្វូជុង បាន​ស្នើ​ទៅ​លោក​ហ៊ុន សែន​ឲ្យ​ជួយ​សហគមន៍​ជនជាតិ​វៀតណាម និង​អនុវត្ត​ភាព​ស្មើគ្នា​ចំពោះ​សហគមន៍​ជនជាតិ​វៀតណាម ដែល​រស់​នៅ​កម្ពុជា​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ វៀតណាម​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​២៥​លាន​ដុល្លារ សម្រាប់​សង់​អាគារ​រដ្ឋបាល​របស់​រដ្ឋសភា​កម្ពុជា។

ក្រៅ​ពី​ផ្ដល់​ជំនួយ​នេះ លោក​ង្វៀន ហ៊្វូជុង ក៏​បាន​ស្នើ​សុំ​អោយ​ប្រទេស​ទាំង​ពីរ​ជំរុញ​ការ​តភ្ជាប់​អោយ​កាន់​តែ​ស៊ី​ជម្រៅ​តាម​រយៈ​វិស័យ​ផ្សេងៗ ដោយ​ធ្វើ​យ៉ាង​ណា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កើន​ឡើង​ដល់ ៥ពាន់​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ​២០២៥​ខាង​មុខ៕

1 comment:

Anonymous said...

Vietnam or Yuon is the same as or similar to Yugoslavia. The Communist Vietcong master-minded killers in Hanoi have been involved with the Killing Fields in Cambodia, Southern Cambodia/Khmer Kampuchea Krom (now called Southern Vietnam).

Communist Vietnamese leaders have set up many dirty and deadly plans to commit crimes against Humanity in Cambodia and Laos. Those Hanoi leaders will be sanctioned and punished by the International Community. The Communist leaders in Hanoi should be called to come to ICJ. Vietnamese leaders will be punished like the Yugoslavia leader Slobodan Milošević in the near future or Vietnam will be sanctioned because of the crime they (Hanoi master-minded killers or land invaders) committed against Cambodian people and Laos.

Vietnamese Communist leaders in Hanoi are controlling Hun Sen as their Vietnamese puppet.