ដោយ ខែ សុណង
2017-07-21
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [ស្ដាំ] និងភរិយា លាអធិរាជជប៉ុន អាគីហិតូ (Akihito) នាទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧។ Photo AFP
Photo AFP
ប្រធានព្រឹទ្ធសភាលោក សាយ ឈុំ និងអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) នឹងសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជាវៀតណាមនៅខេត្តព្រះសីហនុ នៅថ្ងៃទី២២ កក្កដា។ គម្រោងដាក់សម្ពោធនេះ គឺស្របពេលដែលស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជាវៀតណាមនៅតាមបណ្ដារាជធានី-ខេត្ត ទាំង២៥ កំពុងត្រូវបានសាងសង់ឲ្យគ្រប់និងថែទាំឡើងវិញ។ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម មានទស្សនៈផ្ទុយគ្នា ចំពោះការរឹតបណ្ដឹងចំណងមិត្តភាពរបស់ប្រទេសទាំងពីរនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ការសង់ស្តូបទាំង២៥ខេត្តរាជធានីនៅកម្ពុជា គឺជាការសម្ដែងនូវការដឹងគុណ និងរំលឹកអនុស្សាវរីយ៍ចំពោះវៀតណាមដែលបានរួមកម្លាំង ជួយរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍បានជ័យជំនះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍នៅថ្ងៃទី២១ កក្កដា ថា ការសង់ស្តូបទាំង២៥ខេត្តរាជធានី គឺជាកិច្ចព្រមព្រៀងរបស់រណសិរ្សសាមគ្គីកសាងអភិវឌ្ឍន៍មាតុភូមិរវាងកម្ពុជានិងវៀតណាម។ នៅឆ្នាំ២០១៧នេះ ជាការរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំ នៃចំណងទាក់ទងការទូតប្រទេសទាំងពីរ។ លោកបន្តថា បញ្ហានេះគ្មានហេតុផលអ្វីក្រៅពីការរឹតចំណងការទូត ក៏ដូចជាការសម្ដែងនូវការដឹងគុណនោះទេ៖ «យើងថាដឹងគុណក៏ត្រូវម្យ៉ាងដែរ ប៉ុន្តែជាអនុស្សាវរីយ៍ក្នុងការជួយផ្ដួលរំដោះនៃកម្លាំងទ័ពទាំងពីរ ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម។»
អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ៊្វូជុង មកធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ កក្កដា តាមការអញ្ជើញរបស់ព្រះមហាក្សត្រ។ នៅថ្ងៃទី២២ កក្កដា លោកនិងប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ចូលរួមសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជាវៀតណាមនៅខេត្តព្រះសីហនុ។
ទាក់ទងបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម មានទស្សនៈថា កម្ពុជាពុំទទួលបានប្រយោជន៍អ្វីសោះ ក្រៅពីការដឹងគុណវៀតណាមអស់មួយជីវិត។ លោកសង្កេតឃើញថា នៅរយៈពេល២ឆ្នាំចុងក្រោយនេះ កម្ពុជាបានចាប់ផ្ដើមពង្រឹងនូវការសង់និងការរៀបចំឡើងវិញនូវស្តូបមិត្តភាពតាមបណ្ដាខេត្ត ដែលកន្លងមកស្តូបទាំងនេះត្រូវបានទុកចោលឲ្យស្មៅដុះមួយរយៈហើយនោះ។ លោកបណ្ឌិតបន្តថា លោកមិនទើសទាល់ចំពោះការរឹតចំណងមិត្តភាពនេះទេ បើមើលពីប្រវត្តិសាស្ត្រនៅក្នុងសង្គ្រាមជំនាន់អាណានិគមបារាំង ហើយនិងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០ ដែលវៀតណាមបានរំដោះដីវៀតណាមខាងត្បូងជាស្ថាពរដោយមានការជួយគាំទ្រពីរដ្ឋាភិបាលខ្មែរយ៉ាងច្រើន ប៉ុន្តែជាអកុសលកម្ពុជាពុំដែលបានទទួលការនឹកគុណនោះទេ គឺផ្ទុយគ្នាស្រឡះ៖«តាមពិតយើងអត់បានទទួលប្រយោជន៍អ្វីក្រៅពីត្រូវដឹងគុណគេមួយជីវិត ការដឹងគុណគេនេះវានឹងអាចធ្វើឲ្យមានការពិបាកសូម្បីតែការជជែកគ្នាពីរឿងព្រំដែនក៏យើងអត់ហ៊ានជជែកជាមួយគេ អត់បានស្មើភាពសូម្បីតែកន្លងមកហើយក៏ដូចជាការរំលោភបំពានខ្លះៗ របស់វៀតណាមទោះបីក្នុងការមិនទាន់ច្បាស់លាស់នៅខេត្តបន្ទាត់ព្រំដែនយ៉ាងណាក៏ដោយ នៅពេលគេបង្ខិតមកសង់ប៉ុស្តិ៍យាមប៉ុស្តិ៍អីនេះ គឺយើងអត់ហ៊ានធ្វើអីគេទេ យើងគ្រាន់បានត្រឹមតែស្រែកក៏ផ្ញើចំណាត់ការផ្សេងទៅ ប៉ុន្តែដល់គេមិនឆ្លើយ យើងក៏មិនធ្វើអីគេទៀតដែរ។»
គេហទំព័រព័ត៌មានវៀតណាមចុះផ្សាយថ្ងៃទី២១ ខែកក្កដា សរសេរថា នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី២០ កក្កដា ភាគីវៀតណាមបានស្នើឲ្យកម្ពុជាជួយសហគមន៍ជនជាតិវៀតណាម និងអនុវត្តភាពស្មើគ្នាចំពោះសហគមន៍ជនជាតិវៀតណាម ដែលរស់នៅកម្ពុជា ដើម្បីរួមចំណែកក្នុងការរីកចម្រើនរបស់ប្រទេស។ គេហទំព័រនេះបន្តថា ក្នុងពេលជួបប្រជុំរវាងភាគីវៀតណាម និងកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ង្វៀន ហ៊្វូជុង បានស្នើទៅលោកហ៊ុន សែនឲ្យជួយសហគមន៍ជនជាតិវៀតណាម និងអនុវត្តភាពស្មើគ្នាចំពោះសហគមន៍ជនជាតិវៀតណាម ដែលរស់នៅកម្ពុជាដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ វៀតណាមបានផ្ដល់ជំនួយដល់កម្ពុជាចំនួន២៥លានដុល្លារ សម្រាប់សង់អាគាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជា។
ក្រៅពីផ្ដល់ជំនួយនេះ លោកង្វៀន ហ៊្វូជុង ក៏បានស្នើសុំអោយប្រទេសទាំងពីរជំរុញការតភ្ជាប់អោយកាន់តែស៊ីជម្រៅតាមរយៈវិស័យផ្សេងៗ ដោយធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២៥ខាងមុខ៕
1 comment:
Vietnam or Yuon is the same as or similar to Yugoslavia. The Communist Vietcong master-minded killers in Hanoi have been involved with the Killing Fields in Cambodia, Southern Cambodia/Khmer Kampuchea Krom (now called Southern Vietnam).
Communist Vietnamese leaders have set up many dirty and deadly plans to commit crimes against Humanity in Cambodia and Laos. Those Hanoi leaders will be sanctioned and punished by the International Community. The Communist leaders in Hanoi should be called to come to ICJ. Vietnamese leaders will be punished like the Yugoslavia leader Slobodan Milošević in the near future or Vietnam will be sanctioned because of the crime they (Hanoi master-minded killers or land invaders) committed against Cambodian people and Laos.
Vietnamese Communist leaders in Hanoi are controlling Hun Sen as their Vietnamese puppet.
Post a Comment