Wednesday, 12 July 2017

យុវជន​កើត​ក្រោយ​សម័យ​សង្គ្រាម ​អាច​រុញ​កម្ពុជា​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ


Content image - Phnom Penh Post
ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ កាល​ព្រះអង្គ​នៅ​ជា​នាយក​រដ្ឋមន្ត្រី​ទី ១ និង​លោក​ ហ៊ុន សែន កាល​នៅ​ជា​នាយក​រដ្ឋមន្ត្រី​ទី ២ នៅ​ក្រោយ​ការ​បោះឆ្នោត​អណត្តិ​ទី​ ១ (១៩៩៣-១៩៩៨) ។ រូបថត AFP

p
Wed, 12 July 2017
សូ វិសាល


បច្ចុប្បន្ន​នេះ​មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​កាន់តែ​មាន​ការ​មិន​ចុះ​សម្រុង​នឹង​គ្នា​ខ្លាំង​ជាង​មុន ដែល​អាច​ជា​ដើមចម​មួយ​ធ្វើ​ឲ្យ​ខ្មែរ​មាន​ការ​បែកបាក់​ជាតិ​កាន់តែ​ធំ​ជាង​មុន​។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មាន​ជំនឿ​ថា​ក្រុម​យុវជន​ដែល​កើត​ក្រោយ​សម័យ​សង្គ្រាម​នឹង​នៅ​តែ​អាច​ធ្វើឲ្យ​ប្រទេស​មួយ​នេះ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​។



នៅ​ក្នុង​ឆ្នាំ​ ២០១៧ នេះ​អំពើ​ហិង្សា​នយោបាយ​បាន​ថយ​​ចុះ​ស្ទើរតែ​ទាំង​ស្រុង បើ​ធៀប​ទៅ​នឹង​កាល​ពី​ជាង​ ២០ ​ឆ្នាំ​មុន ក៏​ប៉ុន្តែ​ចំណាត់ការ​ផ្លូវ​ច្បាប់​របស់​គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​លើ​គណបក្ស​ប្រឆាំង​តាមរយៈ​ការ​ប្តឹង​ទៅ​កាន់​តុលាការ​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​មាន​កាន់តែ​ច្រើន​ឡើង​។

បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ដ៏រន្ធត់​ជាច្រើន​ទសវត្សរ៍​ដែល​ស្ទើរតែ​វិនាស​ជាតិ​មក​ភាគី​ខ្មែរ​ដែល​មាន​ជម្លោះ​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​បាន​ស្រុះស្រួល​គ្នា​ចុះ​កិច្ចព្រមព្រៀង បញ្ចប់​សង្គ្រាម​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ទី ២៣ ​ខែ​តុលា​ឆ្នាំ​ ១៩៩១ ដោយ​មាន​បណ្តា​ប្រទេស​ចំនួន ២៨ ធ្វើ​ជា​ហត្ថលេខី បន្ទាប់ពី​បាន​ធ្វើ​ការ​ចរចា​គ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​បាន​បញ្ចប់​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​កម្ពុជា​តាម​បែប​កុម្មុយនីស្ត​ហើយ​បាន​កំណត់​ឲ្យ​កម្ពុជា​ដែល​នៅ​ពេល​នោះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម ទទួល​យក​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច​បណ្តា​ប្រទេស​សេរី​ដោយ​ត្រូវ​ជ្រើសរើស​មេដឹកនាំ​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌​រៀងរាល់​ ៥ ឆ្នាំ​ម្តង​។

ប៉ុន្តែ​កម្ពុជា​នៅ​មិន​ទាន់​មាន​ច្បាប់​កំណត់​អណត្តិ​សម្រាប់​នាយក​រដ្ឋមន្ត្រី​ដូច​បណ្តា​ប្រទេស​សេរី​នានា​នោះ​ទេ​។ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​មក​ប្រទេស​កម្ពុជា​បាន​រៀបចំ​ឲ្យ​​មាន​ការ​បោះឆ្នោត​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ១៩៩៣ ក្រោម​ការ​រៀបចំ​របស់​អង្គការ​សហប្រជាជាតិ​ (​អ៊ុនតាក់​) ​។

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​ឈ្នះ​ការ​បោះឆ្នោត​នោះ​។ គណបក្ស​ប្រជាជន​ដែល​ចាញ់ មិន​សុខ​ចិត្ត​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អតីត​ព្រះមហាក្សត្រ សម្តេចឪ នរោត្តម សីហនុ ទ្រង់​បាន​ធ្វើការ​សម្របសម្រួល​បញ្ចប់​ជម្លោះ​តាមរយៈ​ការ​បែងចែក​អំណាច​ដោយ​ឲ្យ​ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី​ ១ និង​លោក​ ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី ២ ​។

ខែ​កក្កដា ឆ្នាំ​ ១៩៩៧ រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​នាយក​រដ្ឋមន្ត្រី​ពីរ​បាន​ឈាន​ដល់​ទីបញ្ចប់​ បន្ទាប់ពី​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរឈាម​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​រវាង​កងទ័ព​ដែល​ស្ម័គ្រស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី ១ និង​កងទ័ព​ដែល​ស្ម័គ្រស្មោះ​នឹង​នាយករដ្ឋមន្ត្រី​ទី​ ២​។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រមាណ​ជិត​ ២០០ ​នាក់​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​នោះ​។

លោក ឆាំ ប៊ុនថេត អ្នក​វិភាគ​នយោបាយ​បាន​កត់សម្គាល់​ថា​បន្ទាប់ពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ១៩៩៣ ភាគី​ខ្មែរ​មាន​ការ​តវ៉ា​ចរចា​គ្នា ទាក់ទង​នឹង​ការ​បែងចែក​អំណាច​ហើយ​មាន​ការ​ស្រុះស្រួល​គ្នា ដើម្បី​រៀបចំ​រដ្ឋាភិបាល​ចម្រុះ សូម្បី​តែ​គណបក្ស​ដែល​មាន​តែ​មួយ​កៅអី​នៅ​ក្នុង​រដ្ឋសភា​ក៏​មាន​តំណែង​នៅ​ក្នុង​រដ្ឋាភិបាល​ដែរ​។

«​រហូត​ដល់​មាន​រដ្ឋប្រហារ​ឆ្នាំ​ ១៩៩៧ ទើប​ខ្មែរ​ចាប់ផ្តើម​បែកបាក់​គ្នា​ហើយ​ដល់​យូរ​ទៅ​បែកបាក់​កាន់​តែ​ឆ្ងាយ​ទៅៗ ហើយ​បែកបាក់​ឆ្ងាយ​មែន​ទែន​នៅ​ពេល​ដែល​មាន​ការ​កែ​​រដ្ឋធម្មនុញ្ញ​ពី​ ២ ​ភាគ​ ៣ មក​ ៥០ ​បូក​ ១ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​បែកបាក់​គ្នា​ឆ្ងាយ​មែនទែន​​រវាង​អ្នក​សេរីនិយម និង​អ្នក​ដឹកនាំ​ប្រទេស​សព្វថ្ងៃ ខណៈ​ខ្មែរ​មាន​រដ្ឋាភិបាល​ចម្រុះ​មួយ​ដែល​អាច​អង្គុយ​ចរចា​គ្នា​បាន​ជជែក​គ្នា​បាន​ក្នុង​ស្តង់ដារ​មួយ​ដែល​​ពិភពលោក​ទទួល​ស្គាល់​»​។

Content image - Phnom Penh Post
កន្លែង​ធ្វើការ​មួយ​របស់​អ៊ុនតាក់​នៅ​ក្នុង​អំឡុង​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ឆ្នាំ​ ១៩៩៣​។ រូបថត AFP


គិត​រហូត​មក​ដល់​ឆ្នាំ​ ២០១៧ នេះ​ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ចំនួន​ ៥ ​លើក​ (៥ ​អាណត្តិ​) និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ចំនួន​ ៤ ​លើក (៤ ​អាណត្តិ​) ​ហើយ​មាន​តែ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ១៩៩៣ មួយ​ប៉ុណ្ណោះ​ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ ក្រៅពី​នេះ​បាន​រៀបចំ​ឡើង​ដោយ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គជប​)​។

ក្រោម​ការ​រៀបចំ​ការ​បោះឆ្នោត​របស់ គជប តែងតែ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​នៅ​ក្រោយ​ការ​បោះឆ្នោត​ពី​សំណាក់​គណបក្ស​ប្រឆាំង​ក្រោម​ហេតុផល​ថា​ការ​បោះឆ្នោត​មិន​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ហើយ​រដ្ឋាភិបាល​ក៏​តែងតែ​ធ្វើការ​បង្ក្រាប​ដោយ​ហិង្សា​ផង​ដែរ​។ លើស​ពី​នេះ​នៅ​មុន​ពេល​បោះឆ្នោត​ក្នុង​អំឡុង​ពេល​បោះឆ្នោត និង​នៅ​ក្រោយ​ពេល​បោះឆ្នោត​ម្តងៗ​តែងតែ​កើត​មាន​អំពើ​ហិង្សា​នយោបាយ​យ៉ាង​ច្រើន​ករណី​។

សរុប​សេចក្តី​ទៅ​មាន​តែ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​ ៤ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ ៤ ​ខែ​មិថុនា ឆ្នាំ​ ២០១៧ ក្រោម​ការ​រៀបចំ​របស់ គជប ដែល​ទើប​តែ​ធ្វើ​កំណែទម្រង់​ថ្មី​ប៉ុណ្ណោះ ដែល​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍​បាន​ទទួល​ស្គាល់​ថា​បាន​ប្រព្រឹត្ដ​ទៅ​ដោយ​រលូន​អាច​ទទួល​យក​បាន​ បើ​ទោះ​​ជា​នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​ការ​ប្តឹងតវ៉ា​ក៏ដោយ​។

លោក​បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ​បាន​កត់សម្គាល់​ថា បើ​និយាយ​ពី​ស្ថានការណ៍​នយោបាយ​កាលពី​ជាង ២០ ​ឆ្នាំ​មុន​ជាពិសេស​ក្នុង​អំឡុង​​ការ​បោះឆ្នោត​ជាតិ​ដែល​រៀបចំ​ឡើង​ដោយ អ៊ុនតាក់ ក្នុង​ឆ្នាំ ១៩៩៣ និង​ការ​បោះឆ្នោត​ជាតិ​ដែល​រៀបចំ​ឡើង​ដោយ គជប ក្នុង​ឆ្នាំ ១៩៩៨ មាន​ការ​សម្លាប់ និង​ការ​គំរាម​កំហែង​ដោយសារ​តែ​រឿង​នយោបាយ​កើតឡើង​ច្រើន​ណាស់​។ ក្នុង​អំឡុង​ពេល​នោះ​មាន​ការ​ដាក់​សម្ពាធ គំរាម​កំហែង​យ៉ាងច្រើន​នៅ​មូលដ្ឋាន​រហូត​ដល់​មាន​ការ​សម្លាប់​សកម្មជន​ ឬ​អ្នក​គាំទ្រ​គណបក្ស​ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​គណបក្ស​កាន់​អំណាច​ទៀត​ផង​។ នៅក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​អាណត្តិ​ទី ១ ទី​ ២ និង​ទី​ ៣ ពលរដ្ឋ​មិន​ហ៊ាន​បញ្ចេញ​មតិ ឬ​និយាយ​អ្វី​ច្រើន​ទាក់ទង​រឿង​នយោបាយ​ទេ​។

លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ១៩៩៣ ក៏​បាន​ធ្វើការ​កត់សម្គាល់​ដែរ​ថា​ចាប់​តាំងពី​កម្ពុជា​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​មក​មាន​តែ​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់​តែ​មួយ​ប៉ុណ្ណោះ ដែល​មាន​ភាព​សេរី យុត្តិធម៌​ និង​ត្រឹមត្រូវ​ពិតប្រាកដ​។

ជាមួយ​គ្នា​នេះ​លោក​ មាស នី ​បាន​កត់សម្គាល់​ថា​ចំណែក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​វិញ​ជាពិសេស​នៅ​មុន​ពេល​បោះឆ្នោត​ឃុំ សង្កាត់ អាណត្តិ​ទី​​ ៤ ​នេះ​ស្ថានការណ៍​នយោបាយ​មាន​ភាព​ប្រសើរ​​ឡើង​ច្រើន មិន​មាន​ការ​គំរាម​កំហែង​ខាង​នយោបាយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​​ដូច​មុន​ទៀត​ទេ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ការ​គំរាម​កំហែង​ខាង​នយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន​មិន​សូវ​ជា​កើត​មាន​ច្រើន​ដូច​កាល​ពី​មុន​ទៀត​មែន ប៉ុន្តែ​ការ​គំរាម​កំហែង​នយោបាយ បែរ​ជា​មក​កើត​មាន​ច្រើន​នៅ​ថ្នាក់​ជាតិ​ទៅ​វិញ​។

«​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា​ជាពិសេស​នៅ​មុន​ពេល​បោះឆ្នោត​នោះ​រាជរដ្ឋាភិបាល​ហាក់​ដូចជា​បាន​ធ្វើឲ្យ​បាត់បង់​នូវ​ឯករាជភាព​រវាង​ស្ថាប័នរដ្ឋ​ទាំង ៣ ​ធំៗ​គឺ​រដ្ឋាភិបាល រដ្ឋសភា និង​ស្ថាប័ន​តុលាការ ឬ​ស្ថាប័ន​យុត្តិធម៌​ដូចជា​មាន​ភាព​ច្របូក​ច្របល់​គ្នា​មិន​ច្បាស់លាស់​ពេល​ខ្លះ​ហាក់បី​ដូចជា​បំពេញ​តួនាទី​ស្ថិត​នៅ​ក្រោម​បញ្ជា​អ្នក​នយោបាយ​ច្រើន​ជាង​ការ​បំពេញ​តួនាទី​ឯករាជ្យ​របស់​ខ្លួន​»​។

បើ​តាម​លោក​ មាស នី ​នៅ​ពេល​ដែល​ប្រព័ន្ធ​ទាំង​ ៣ ​នេះ​មាន​ភាព​ច្របូក​ច្របល់ វា​ធ្វើឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ធ្វើឲ្យ​មាន​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​មាន​ដូចជា​ការ​ចាប់​ដាក់​ពន្ធនាគារ មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គជប ចំនួន ៥ ​រូប​ និង​សកម្មជន​ដីធ្លី មាន​ការ​រឹតបន្តឹង​ច្បាប់​តាមរយៈ​ការបង្កើត​ច្បាប់ NGO ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​បក្សនយោបាយ​។

លោក​ មាស នី កត់សម្គាល់​ថា​កាលពី​មុន​សម្ពាធ​នយោបាយ ឬ​ក៏​ការ​គំរាម​កំហែង​គ្នា​ទៅវិញ​ទៅមក​ភាគច្រើន​កើតឡើង​នៅ​ថ្នាក់​មូលដ្ឋាន ចំណែក​នៅ​ថ្នាក់​ជាតិ​មិន​សូវ​ជា​មាន​ការ​ប៉ះទង្គិច​គ្នា​ទេ​។ បើ​ធ្វើការ​ប្រៀបធៀប​គ្នា​ក្នុង​អាណត្តិ​ទី​ ៥ ​នេះ​គឺ​មាន​ចរន្ត​ផ្ទុយ​គ្នា​។ ផ្ទុយ​គ្នា​គឺ​ថា​នៅ​តាម​មូលដ្ឋាន​មាន​ភាព​ធូរស្បើយ​មិន​សូវ​ជា​មាន​ការ​គំរាម​កំហែង​អ្វី​កើតឡើង​ជា​ធំដុំ​ទេ ​ប៉ុន្តែ​វា​បែរ​ជា​មក​កើត​មាន​ច្រើន​នៅ​ថ្នាក់​ជាតិ​ «​គឺ​វាយ​ក្បាល​ម៉ាស៊ីន​គណបក្ស​» ​ទៅ​វិញ​។

បើ​តាម​លោក ប៊ុនថេត មក​ទល់​សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​សង្គម​ខ្មែរ​មាន​ការ​បែកបាក់​គ្នា​កាន់តែ​ខ្លាំង​ហើយ​បើ​ទោះបី​ជា​មាន​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់​ទៅ​មុខ​ទៀត​យ៉ាង​ណា​ក៏ដោយ​បើ​សិន​ជា​ពុំ​មាន​ការ​ផ្សះផ្សា​គ្នា​ឡើង​វិញ​ដូច​កាលពី​ក្នុង​ទសវត្សរ៍​ ៩០ ទេ​លោក​ជឿ​ថា​ខ្មែរ «​អាច​ទៅ​ដល់​ដំណាក់កាល​មួយ​អាច​បែកបាក់​គ្នា​កាន់តែ​ខ្លាំង​មែនទែន​អាច​ដល់​មាន​រឿងរ៉ាវ​អាច​ដល់​កើត​កល់​យុគ​អាច​មាន​សង្គ្រាម​អាច​មាន​វិបត្តិ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​ប្រសិន​ជា​អ្នក​ដឹកនាំ​នយោបាយ​សព្វថ្ងៃ គាត់​នៅ​តែ​ជះ​ទឹក​ក្តៅ​ដាក់​គ្នា​»​។

លោក មាស នី លោក លឺ ឡាយស្រេង និង​លោក ឆាំ ប៊ុន ថេត ទាំង​បី​រូប សុទ្ធ​តែ​មើល​ឃើញ​ដូច​គ្នា​ថា បើ​ទោះបី​ជា​បច្ចុប្បន្ន​កងកម្លាំង​របស់​រដ្ឋាភិបាល​តែងតែ​ធ្វើការ​បង្ក្រាប​ទៅ​លើ​សកម្មជន​ដីធ្លី សម្មជន​បរិស្ថាន​ដែល​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​ប្រឆាំង​នឹង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ពិតមែន តែ​ការ​យល់​ដឹង​របស់​ពួកគាត់​មាន​ភាព​ប្រសើរ​ជាង​មុន​។

ការ​ដែល​បច្ចុប្បន្ន​ពលរដ្ឋ​ហ៊ាន​បញ្ចេញ​មតិ​ច្រើន​ជាង​កាលពី​ពេល​មុន​ត្រូវ​បាន​លោក ប៊ុនថេត ពន្យល់​ថា​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ៩០ ​ពលរដ្ឋ​មិន​ហ៊ាន​បញ្ចេញ​មតិ​ពីព្រោះ​ពួកគាត់​នៅ​មាន​ការ​ភ័យខ្លាច​ខ្លាំង​ដោយសារ​តែ​ពួកគាត់​ភាគ​ច្រើន សុទ្ធ​តែ​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរ​ក្រហម ប៉ុន្តែ​អត្តចរិត​របស់​អ្នក​នយោបាយ​កាល​នោះ​មាន​ភាព​គ្រាន់​បើ​។

លោក​ ប៊ុនថេត ​ថ្លែង​ថា​៖ «​ដល់​ពេល​ឥឡូវ​នេះ​ប្រជាពលរដ្ឋ​ចាប់ផ្តើម​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន​មាន​ការ​ចូលរួម​ច្រើន​មាន​ការ​ជជែក​វែកញែក​ច្រើន​នៅ​​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​...»​។

លោក​បាន​និយាយ​ថា ខណៈ​ដែល​ពលរដ្ឋ​មាន​ការ​យល់ដឹង​ច្រើន​ជាង​មុន អ្នក​នយោបាយ​ខ្លះ​បែរ​ជា​ធ្វើ​នយោបាយ​ដើរ​ថយក្រោយ​ទៅ​វិញ​ដោយ​ធ្វើ​នយោបាយ​តាម​បែប​ប្រជាភិថុត ប្រើ​អំណាច​សម្លុត​គំរាម​កំហែង​គណបក្ស​ដ៏ទៃ និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​។

លោក ប៊ុនថេត ​បញ្ជាក់​ថា​៖ «​តាមពិត​នយោបាយ​មួយ​ដែល​អាច​ធ្វើឲ្យ​មាន​ការ​ផ្សះផ្សា​ជាមួយ​គ្នា​បាន គេ​អត់​ដែល​ជជែក​អានេះ​ខុស​អានេះ​ត្រូវ អានេះ​អាក្រក់ អានេះ​ល្អ អានេះ​អាង​បរទេស អានេះ​ពួក​អា​ប្រឆាំង​ផ្កាប់​មុខ​...​គេ​អត់​ដែល​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​បុគ្គល​ទេ គេ​ជជែក​ថា តើ​គោលនយោបាយ​ណា​ធ្វើឲ្យ​មាន​ផលប្រយោជន៍​ល្អ​សម្រាប់​ជាតិ​កន្លែង​ណា​ដែល​ខុស​កន្លែង​ណា​ដែល​ឆ្គង​មាន​បញ្ហា​អំពើ​ពុករលួយ​គេ​ជជែក​រឿង​មធ្យោបាយ​ដើម្បី​ដោះស្រាយ​អំពើ​ពុករលួយ គេ​មិន​ទៅ​ចោទ​បុគ្គល បុគ្គល​នេះ​ពុករលួយ​បុគ្គល​នេះ​អាក្រក់ យក​តែ​ចំណុច​ខ្សោយ​បស់​គេ យក​មក​ធ្វើ​ចំណុច​ខ្លាំង​ខ្លួនឯង​។ អានេះ​ឯង ជា​កត្តា​ដែល​ធ្វើឲ្យ​ខ្មែរ​បែកបាក់​គ្នា​»​។

ចំណែក​លោក មាស នី វិញ បាន​កត់សម្គាល់​ថា​នាពេល​បច្ចុប្បន្ន​រដ្ឋាភិបាល​ហាក់បី​ដូចជា​គិត​រិះរក​វិធីសាស្ត្រ ដើម្បី​ទៅ​គ្រប់គ្រង​មនុស្ស​តាមដាន​មនុស្ស​ច្រើន​ជាង​ការ​ផ្តល់​សេរីភាព និង​សម្របសម្រួល​ឲ្យ​ត្រូវ​ទៅ​នឹង​ការ​វិវត្ត​របស់​មនុស្ស​។ «​អ៊ីចឹង​ប្រព័ន្ធ​នេះ​បើ​មិន​មាន​ការ​ផ្លាស់ប្តូរ​ទេ ផ្លាស់ប្តូរ​ខ្ញុំ​មិន​និយាយ​ដូរ​នាយក​រដ្ឋមន្ត្រី​ ឬ​ទៅ​ដូរ​របប​អី​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​និយាយ​ត្រឹម​លក្ខខណ្ឌ​នៃ​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​គ្រប់គ្រង​ឲ្យ​ដើរ​ចេញ​ផុត​ពី​ការ​គ្រប់គ្រង ព្យាយាម​គ្រប់គ្រង​មនុស្ស​មក​របៀប​សម្រប​សម្រួល​ហើយ​និង​ជួយ​មនុស្ស​វិញ​ខ្ញុំ​គិត​ថា​វា​នឹង​អាច​ប្រសើរ​ឡើង​»​។

បើ​តាម​លោក​ មាស នី បច្ចុប្បន្ន​ក្រុម​គ្រួសារ​និយម បក្ខពួក​និយម​នៅក្នុង​ជួរ​រដ្ឋាភិបាល​កំពុង​​តែ​កាន់កាប់​ធនធាន​របស់​ជាតិ​សម្បើម​ណាស់ ទាំង​ការ​រកស៊ី​ទាំង​ការ​កាន់កាប់​ធនធាន​ដីធ្លី ធនធាន​ធម្មជាតិ និង​ធនធាន​របស់​ប្រទេស​គឺ​ច្រើន​មែនទែន​ហើយ​នៅ​ក្នុង​នោះ​ការ​រៀបចំ​គ្រួសារ បក្ខពួក កូនចៅ​ឲ្យ​កាន់​តំណែង​សំខាន់ៗ​នៅ​ក្នុង​រដ្ឋាភិបាល​ក៏​វា​បាន​វេញ​ធ្លុង​គ្នា​ឲ្យ​ទៅ​ជា​យន្តការ​មួយ​ដែល​គ្រប់គ្រង​ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ​ទាំង​សង្គម​។ «​ដល់​អ៊ីចឹង​ទៅ​នឹង​ធ្វើឲ្យ​អ្នក​ដូច​សម្តេច​នាយក​រដ្ឋមន្ត្រី ខ្លួន​លោក​ក៏​មាន​ការ​ព្រួយបារម្ភ​ដែរ ប្រសិន​បើ​គាត់​ផ្លាស់ប្តូរ​ជំហរ​តែ​ខ្លួន​គាត់ គេ​ឲ្យ​សុខ​តែ​គាត់ ហើយ​ចុះ​បើ​​គ្រួសារ​កូនចៅ​របស់​គាត់​វា​មិន​បាន​សុខ ថា​តើ​គាត់​គិត​យ៉ាង​ម៉េច​ទៀត​?»​។

«​ខ្ញុំ​មើល​រាល់​ថ្ងៃ​អ្នក​ដឹកនាំ​គឺ​គាត់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មិន​ទាន់​ដឹង​ច្បាស់ ថា​តើ​ត្រូវ​ដើរ​ទៅ​កន្លែង​ណា​? ទោះ​ជា​មាន​ច្បាប់​បង្កើត​ឡើង​ផ្តល់​សេចក្តីសុខ​មិន​រក​រឿង​អ្នក​ដឹកនាំ​ក៏ដោយ ប៉ុន្តែ​ដោយសារ​តែ​អា​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ហ្នឹង​វា​បង្កើត​ឡើង​តាមរយៈ​ការ​រួម​ផ្តុំ​គ្នា​នៃ​គ្រួសារនិយម បក្ខពួក​និយម​នឹង​វា​វេញ​ធ្លុង​គ្នា​ខ្លាំង​ពេក អ៊ីចឹង​ធ្វើឲ្យ​អាការ​ប្រមើល​មើល​នៃ​ការ​ផ្លាស់ប្តូរ​ហ្នឹង​វា​ពិបាក​»​។

លោក​បន្ថែម​ថា​រឿង​សំខាន់​មាន​តែ​ក្រុម​គ្រួសារ​បក្ខពួក​ទាំងអស់​ត្រូវ​តែ​រួម​គ្នា​គិត ហើយ​​រក​មធ្យោបាយ​អី​ដើម្បី​ការពារ​អំណាច​ឲ្យ​នៅ​គង់វង់ ទោះបី​នៅ​ក្នុង​ផ្លូវ​ណា ឬ​ក៏​តម្លៃ​ប៉ុនណា​ក៏ដោយ​ដែល​យើង​ឃើញ​សព្វថ្ងៃ​សន្តិភាព​ហ្នឹង វា​អាច​ជា​ផ្នែក​មួយ​ដែល​តម្រង់​ទៅ​រក​សន្តិភាព​ដើម្បី​គ្រួសារ​បក្ខពួក​ផង ច្រើន​ជាង​សន្តិភាព​សម្រាប់​សង្គមជាតិ​ក៏​អាច​ថា​បាន​ដែរ​។

បើ​សម្លឹង​ទៅ​ដល់​អនាគត​ប្រទេស​កម្ពុជា​លោក ប៊ុនថេត មាន​ក្តីបារម្ភ​អំពី​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​ជាតិ​ប្រសិន​បើ​អ្នក​នយោបាយ​មិន​ព្រម​ផ្លាស់ប្តូរ​អត្តចរិត​ក្នុង​ការ​ធ្វើ​នយោបាយ​។ ប៉ុន្ដែ លោក ប៊ុនថេត នៅ​មាន​ក្ដីសង្ឃឹម​ចំពោះ​យុវជន​ជំនាន់​ក្រោយ​។

លោក​បញ្ជាក់​ថា​៖ «​បើ​ខ្ញុំ​មើល​ពី​ ១៥ ​ឬ​ ២០ ​ឆ្នាំ​ទៀត ខ្ញុំ​សង្ឃឹម​ទៅ​លើ​ក្មេង​ជំនាន់​ក្រោយ​ព្រោះ​យើង​ឃើញ​ថា​យុវជន​ជំនាន់​​ក្រោយ​មាន​ការ​យល់ដឹង​ច្រើន ស្រឡាញ់​ជាតិ ស្រឡាញ់​កិត្តិយស ដឹង​ខុស​ដឹង​ត្រូវ​ច្រើន ខ្ញុំ​ជឿ​ថា​ពួកគេ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ឆ្ពោះ​ទៅ​រក​ភាព​វិជ្ជមាន​»៕

No comments: