Wednesday, 12 July 2017
ចៅសង្កាត់ចាស់ សង្កាត់សាលាកំរើកមិនប្រគល់បន្ទប់ឲ្យអ្នកឈ្នះ
សាលាសង្កាត់សាលាកំរើកក្នុងក្រុងសៀមរាប។ រូបថត ហ្វេសប៊ុក
p
Tue, 11 July 2017
ទូច សុខា
សៀមរាបៈ ចៅសង្កាត់សាលាកំរើកក្នុងក្រុងសៀមរាបដែលទើបជាប់ឆ្នោតថ្មីមកពីគណបក្សប្រឆាំងមិនទាន់បានចូលអង្គុយធ្វើការនៅក្នុងបន្ទប់ចៅសង្កាត់នៅឡើយទេ ដោយសារតែចៅសង្កាត់ចាស់មកពីគណបក្សប្រជាជនបានចាក់សោទ្វារបន្ទប់មិនឲ្យលោកចូលធ្វើការបាន។
លោក ជិន សុខង៉េង ចៅសង្កាត់សាលាកំរើកដែលទើបតែមានវ័យ ២៦ ឆ្នាំបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថាលោកកំពុងអង្គុយបម្រើសេវាដល់ពលរដ្ឋនៅក្រៅបន្ទប់ចៅសង្កាត់នៅឡើយ គិតចាប់តាំងពីថ្ងៃប្រកាសសុពលភាពថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៧ មក។
លោក ជិន សុខង៉េង បានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមកាលពីម្សិលមិញថា ចៅសង្កាត់ចាស់បានឲ្យលោករៀបចំបន្ទប់ថ្មីសម្រាប់អង្គុយធ្វើការតែលោកថា អគារសាលាសង្កាត់នេះមានទំហំតូចដែលពិបាកក្នុងការរៀបចំបន្ទប់ថ្មី។
លោកបន្ថែមថា៖ «ខ្លួនឯងអស់តួនាទីជាចៅសង្កាត់ហើយនៅតែក្រាញអ៊ីចឹងទៀត សូមបញ្ឈប់ទៅ វប្បធម៌អស់ហ្នឹងហើយយើងត្រូវឲ្យគេអ្នកថ្មីគេបំពេញការងារបម្រើប្រជាពលរដ្ឋ សំខាន់យើងគិតគូរបម្រើពលរដ្ឋ បើយើងគិតថាយក (បន្ទប់) ហ្នឹង ដើម្បីរារាំងការងារអស់ហ្នឹងធ្វើឲ្យម្ខាងមិនសប្បាយចិត្ត ធ្វើឲ្យម្ខាងទៀតអាក់អន់ចិត្ត អាហ្នឹងការងារមិនរលូនទេ»។
ទោះយ៉ាងណា លោកថា លោកនឹងរកវិធីដោះស្រាយបញ្ហាទៅតាមនីតិវិធី។
ទោះជាយ៉ាងណាអតីតចៅសង្កាត់លោក សាម ឡន ឲ្យដឹងថាអគារសាលាសង្កាត់បច្ចុប្បន្ន ជាអគាសាលាបុណ្យពីមុនដែលគ្មានបន្ទប់អ្វីនោះទេ។
លោកថា ក្រោយមកលោកបានធ្វើបន្ទប់មួយសម្រាប់លោកក្នុងនាមជាចៅសង្កាត់។
លោកថាលោកបានណែនាំឲ្យចៅសង្កាត់ជាប់ឆ្នោតថ្មីរៀបចំបន្ទប់មួយនៅក្បែរនោះជាជាងទាមទារយកបន្ទប់របស់លោក។
លោកបន្ថែមថា៖ «កន្លែងធ្វើការមួយគំនរមិនរៀបចំទៅតុកៅអីមួយគំនរ ខ្ញុំប្រាប់ហើយតើ កន្លែងណារៀបបានក៏រៀបធ្វើការងារទៅ...បន្ទប់ខ្ញុំៗចាក់សោអ៊ីចឹងហើយ...ខ្ញុំមានទាន់អស់តួនាទីឯណា ខ្ញុំមានទៅទាមទារអីខ្ញុំមានទៅប្រឆាំងអី...យើងអង្គុយទៅរកកន្លែងអង្គុយសមរម្យទៅ ទៅឈ្លោះប្រកែកគ្នាធ្វើអីកន្លែងមានល្ហល្ហាចរឿងតូចយកមកធ្វើជារឿងធំដុំ មិនមែនជាអ្នកដឹកនាំទេ»។
ដោយឡែកនៅឯក្រុងប៉ោយប៉ែតឯណោះវិញលោក ចៅ វាសនា ដែលបានជាប់ឆ្នោតជាចៅសង្កាត់ប៉ោយប៉ែតមកពីគណបក្សប្រឆាំងមិនអាចដឹកនាំការងារក្នុងសង្កាត់នេះបានទេដោយសារលោកនៅបន្តជាប់ពន្ធនាគាររឿងដែលតុលាការចោទលោកថាបានញុះញង់ក្នុងបាតុកម្មមួយកាលពីឆ្នាំ ២០១៥ ។
លោកបានផ្ញើលិខិតផ្ទេរភារកិច្ចទៅចៅសង្កាត់រងទី ១ លោក កង សុខឿន មកពីគណបក្សសង្គ្រោះជាតិដូចគ្នា។
លោក កង សុខឿន បានឲ្យដឹងថាបើទោះបីជាលោកចៅ វាសនា បានប្រគល់ភារកិច្ចឲ្យលោកសម្រេចកិច្ចការទាំងអស់ក្នុងសង្កាត់ក្តី ប៉ុន្តែលោកថាលោក ចៅ វាសនា នៅបន្តនៅពីក្រោយដោយផ្តល់យោបល់ដាស់តឿនឲ្យលោកខិតខំបម្រើពលរដ្ឋក្នុងសង្កាត់ឲ្យបានល្អ។ «គាត់ទាក់ទងមកយើងតាមទូរស័ព្ទ តែយើងមិនអាចទូរស័ព្ទទៅគាត់វិញទេដោយសារជាទូរស័ព្ទពន្ធនាគារ។ គាត់បានប្រាប់ឲ្យយើងខំប្រឹងប្រែងធ្វើការបម្រើពលរដ្ឋ និងកុំឲ្យមានបញ្ហាផ្ទៃក្នុង»។
ចំពោះការផ្ទេរភារកិច្ចពីចៅសង្កាត់ចាស់លោកថាមិនមានបញ្ហាអ្វីកើតឡើងទេដោយសារចៅសង្កាត់ចាស់មិនបានឈរឈ្មោះសម្រាប់អាណត្តិនេះទេ។
លោកថា ផ្ទុយទៅវិញចៅសង្កាត់ចាស់បានជួយជួសជុលម៉ាស៊ីនត្រជាក់ឲ្យទៀតផង។
កាលពីសប្តាហ៍មុនក៏មានការមិនប្រគល់បន្ទប់ឲ្យចៅសង្កាត់ថ្មីនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុដែលលោក អ៊ុក ចេត្តនី ពីគណបក្សសង្គ្រោះជាតិត្រូវឡើងកាន់តំណែងផងដែរ។ ប៉ុន្តែលោក អ៊ុក ចេត្តនី បានថ្លែងកាលពីម្សិលមិញថា បញ្ហានេះត្រូវបានដោះស្រាយហើយ ដោយលោកឈប់ទាមទារបន្ទប់នោះពីចៅសង្កាត់ចាស់ហើយ ប៉ុន្តែលោកថាលោកនឹងរៀបចំបន្ទប់ថ្មីមួយសម្រាប់លោកអង្គុយធ្វើការងារវិញ។
ចំណែកចៅសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ លោក ឈួត ឆាត ដែលមានបញ្ហាប្រហាក់ប្រហែលគ្នានេះដែរមិនអាចទាក់ទងបានទេកាលពីម្សិលមិញ ប៉ុន្តែចៅសង្កាត់រងទី ១ លោក ហេង ស៊ាងលាង មកពីគណបក្សសង្គ្រោះជាតិដែរនោះថ្លែងថាបញ្ហាដោះដូរបន្ទប់នេះ បានបញ្ចប់កាលពីថ្ងៃសុក្រដោយចៅសង្កាត់ចាស់យល់ព្រមប្រគល់បន្ទប់ដល់ចៅសង្កាត់ថ្មី៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment