Wednesday, 12 July 2017
លោកស្រី ពុង ឈីវកេក៖ សន្ដិភាព ត្រូវតែផ្សារភ្ជាប់ជាមួយនឹងសិទ្ធិមនុស្ស
លោកស្រី ពុង ឈីវកេក (កណ្ដាល) សម្ដេចឪ នរោត្តម សីហនុចាប់ដៃជាមួយបរទេសក្នុងទសវត្សរ៍ទី ៨០ ។
Fri, 26 May 2017
កៃ គឹមសុង
P
ប្រិយមិត្តអ្នកអានបានជ្រាបពីចំណុចចាប់ផ្តើមនៃកិច្ចចរចារកសន្ដិភាពរវាងសម្ដេចឪ ព្រះនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រមុខការបរទេសកម្ពុជានៅអំឡុងទសវត្សរ៍ទី ៨០ ។
មានព្រឹត្តិការណ៍មួយដែលលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក នៅចងចាំមិនភ្លេចនោះគឺនៅយប់មួយក្រុមគណប្រតិភូក្រុងភ្នំពេញដឹកនាំដោយលោក ហ៊ុន សែន បានជួបស្វាមីជនជាតិបារាំងរបស់លោកស្រីនៅគេហដ្ឋានរបស់អគ្គរដ្ឋទូតបារាំងរូបនេះប្រចាំប្រទេសអង់ហ្គោឡា។ ជំនួបនោះចាប់ផ្ដើមពីម៉ោង ៨ យប់ដល់ម៉ោង ១ រំលងអធ្រាត្រ។ ការពិតក្រុមប្រតិភូក្រុងភ្នំពេញ និងស្វាមីរបស់លោកស្រីមិនបានជួបនៅក្នុងផ្ទះខ្មែរតូចមួយដូចកាសែតបានរាយការណ៍ពីលេខមុនទេ។
ថ្ងៃនេះលោកស្រីសូមលើកពីផលវិជ្ជមានដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ នោះ។ តើវាជាថ្ងៃមានអត្ថន័យយ៉ាងណាចំពោះលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ផ្ទាល់ក៏ដូចជាមាតុភូមិរបស់លោកស្រី?
តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកស្រី ស្ថាបនិកអង្គការ លីកាដូ (Licadho) ដែលជាអ្នកផ្ដួចផ្ដើមគំនិតធ្វើឲ្យមានជំនួបរវាងឥស្សរជននយោបាយ (សីហនុ-ហ៊ុន សែន) លោកស្រីគិតថាកិច្ចព្រមព្រៀងនេះបាននាំមកនូវសមិទ្ធផលធំៗគួរឲ្យកត់សម្គាល់មួយចំនួន៖
ទី ១-គឺបញ្ចប់សង្គ្រាមជាមួយនឹងខ្មែរក្រហម។
ទី ២- កម្ពុជាបានរៀបចំការបោះឆ្នោតនៅឆ្នាំ ១៩៩៣ ដោយសេរី និងយុត្តិធម៌ និងបានអនុម័តរដ្ឋធម្មនុញ្ញ។
ទី ៣-កិច្ចព្រមព្រៀងទីក្រុងប៉ារីសតម្រូវឲ្យរដ្ឋាភិបាលណាដែលប្រសូតចេញពីការបោះឆ្នោតលើកស្ទួយ និងការពារសិទ្ធិមនុស្ស។
ទី ៤- កិច្ចព្រមព្រៀងនេះបានរារាំងកុំឲ្យរបបអតីតកាលត្រឡប់មកវិញ (របបខ្មែរក្រហម)។
ទី ៥- គឺធ្វើយ៉ាងម៉េចឲ្យជាប់ស្អិតទៅនឹងឧបករណ៍សិទ្ធិមនុស្សទាំងប៉ុន្មានដែលអង្គការសហប្រជាជាតិ (UN) បានរៀបចំ។ មានន័យថាកម្ពុជាត្រូវចុះបត្យាប័ន និងអនុវត្តបត្យាប័នទាំងនោះ។
លោកស្រីប្រធានអង្គការលីកាដូបានរំឭកថានៅឆ្នាំ ១៩៩២ កម្ពុជាមានឧត្តមក្រុមប្រឹក្សាជាតិដែលសម្តេចឪជាប្រធានដឹកនាំសមាជិក ១២ នាក់។ ឧត្តមក្រុមប្រឹក្សាជាតិនេះបានចុះបត្យាប័នជាច្រើននៅសន្និសីទអន្តរជាតិស្តីពីសិទ្ធិមនុស្ស។
ក្នុងកិច្ចព្រមព្រៀងបានចែងថា «ប្រសិនជាអង្គការសហប្រជាជាតិឃើញថាចាំបាច់ត្រូវចាត់តាំងអ្នករាយការណ៍ពិសេសម្នាក់ឲ្យមកតាមដានហើយរាយការណ៍ទៅអង្គការសហប្រជាជាតិ»។
ដូច្នេះចាប់តាំងពីបោះឆ្នោតដំបូង (១៩៩៣) មកកម្ពុជាមានអ្នករាយការណ៍ពិសេសចំនួន ៤ រូបឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជាតាមន័យដែលបានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ទោះជាយ៉ាងណាគេមិនអាចវាស់ស្ទង់បានទេថា តើកម្ពុជាបានអនុវត្តប៉ុនណា តាមសេចក្តីដែលបានចែងក្នុងកិច្ចព្រមព្រៀងនោះ។
លោកស្រីថ្លែងថា «វាមិនងាយស្រួលឡើយក្នុងការវាយតម្លៃអំពីការអនុវត្តនៃកិច្ចព្រមព្រៀងថាបានអនុវត្តប៉ុនណាព្រោះកម្ពុជាមិនធ្លាប់បានសិក្សាពីការវាយតម្លៃនេះទេ។ យើងបានកិច្ចព្រមព្រៀងនេះមកធ្វើជាគំរូហើយបានចុះបត្យាប័នជាច្រើន។ យើងបានច្បាប់អន្តរជាតិមកធ្វើជាគំរូដើម្បីយើងធ្វើច្បាប់ជាតិធ្វើម៉េចកុំឲ្យផ្ទុយពីច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សហ្នឹង»។
លោកស្រីបានបន្ទោសថាសង្គ្រាមស៊ីវិលនៅកម្ពុជាបានជះឥទ្ធិពលដ៏អាក្រក់ណាស់ចំពោះសង្គម និងសេដ្ឋកិច្ច និងសិទ្ធិមនុស្ស។ ប្រទេសណាដែលមានស្ថិរភាពសង្គមកំពុងតែដើរទៅមុខស្ទើរគ្រប់វិស័យ។
ដោយឡែក កម្ពុជាកំពុងដើរពីក្រោយប្រទេសជិតខាងពី ៥០ ទៅ ៦០ ឆ្នាំដោយសារតែសង្គ្រាម។ ដើម្បីឲ្យប្រទេសជាតិអភិវឌ្ឍបានល្អ ទី ១-មិនត្រូវឲ្យមានសង្គ្រាមកើតឡើងឡើយ លើសពីនេះត្រូវមានស្ថិរភាពក្នុងសង្គមទៀតនោះបានន័យថាកុំឲ្យមានការរើសអើងលើស្ត្រី កុមារ ជនជាតិភាគតិច សាសនា ជនពិការ ពណ៌សម្បុរ និងភេទជាដើម។ល។
សម្រាប់លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក ផ្ទាល់យល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ មានអត្ថន័យថា «ជាថ្ងៃដែលប្រជាជនខ្មែរបញ្ចប់សង្គ្រាមបានរំដោះយកសិទ្ធិរស់រានមានជីវិត និងអាចអភិវឌ្ឍតទៅមុខទៀតបាន។
លោកស្រីបញ្ជាក់ថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយដែលធ្វើឲ្យយើងបាននៅរស់ដល់ថ្ងៃនេះបានធ្វើកិច្ចការងារ អភិវឌ្ឍប្រទេសជាតិ បានកូនខ្មែរយើងទៅរៀនសូត្រអ្នកឈឺបានទៅមន្ទីរពេទ្យឡើងវិញប្រជាពលរដ្ឋក្នុងប្រទេសមួយៗចង់បានតែប៉ុណ្ណឹងចង់បានឲ្យចប់សង្គ្រាមមិនចង់ឲ្យគេមកជិះជាន់លើយើង ចង់រស់ប្រកបដោយក្តីសុខ»។
ចំពោះលោកស្រីមិនអាចនិយាយបានទេថាថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ និងថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ មួយណាមានសារៈសំខាន់ជាង។ ប៉ុន្ដែលោកស្រីថ្លែងថាថ្ងៃទាំងពីរជាថ្ងៃប្រវត្តិសាស្ដ្រដូចគ្នា។ ថ្ងៃជ័យជម្នះ ៧ ខែមករា ឆ្នាំ ១៩៧៩ ជាថ្ងៃខ្មែរបានរស់ពីចង្កូមខ្មែរក្រហមហើយថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ជាថ្ងៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសដែលនាំអ្វីមកទល់សព្វថ្ងៃនេះ។
នៅថ្ងៃទី ៤ មិថុនាគឺជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាបោះឆ្នោតជ្រើសរើសមេឃុំដែលខ្លួនពេញចិត្តស្រឡាញ់។
លោកស្រីថ្លែងថាក្នុងករណីមានវិបត្តិនយោបាយអ្នកនយោបាយគួរត្រូវបានគិតដល់គំរូនៃការចរចារកសន្ដិភាព និងភាពចុះសម្រុងនឹងគ្នាដូចដែលសម្ដេចឪ នរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន ធ្លាប់បានអនុវត្តលើកិច្ចព្រមព្រៀងថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១។
លោកស្រីថ្លែងថា «កាលពីមុននោះឈ្លោះគ្នាខ្លាំងជាងឥឡូវផងហើយសង្គ្រាមទៅទៀតស្លាប់មិនដឹងជាប៉ុន្មានទេ។ «ខ្ញុំនៅតែមានសង្ឃឹមជានិច្ចព្រោះអ្នកនយោបាយយើងឥឡូវចាស់ទុំហើយ ខាងនយោបាយ»។
លោកស្រីថ្លែងថាការដោះស្រាយបញ្ហាដោយប្រើហិង្សា វានឹងមកនាំនូវការខាតបង់ប្រយោជន៍យ៉ាងធ្ងន់ធ្ងរដូច្នេះមានតែសន្ដិភាព និងអហិង្សាទេទើបចំណេញទាំងប្រជាពលរដ្ឋទាំងអ្នកនយោបាយ។ «ខ្ញុំជឿថាគ្មាននរណាចង់ឲ្យជាតិយើងខ្ទេចខ្ទីដូចជំនាន់ខ្មែរក្រហមទេ។ បើយើងស្រឡាញ់ជាតិរបស់យើង យើងត្រូវយកអំពើអហិង្សាមកដាក់ក្នុងខ្លួនកុំយកហិង្សាមកប្រើទោះបីជាខឹង មិនពេញចិត្តយ៉ាងណាក៏ដោយត្រូវតែអត់ធ្មត់ហើយគិតគូរដោយបោះឆ្នោតអហិង្សា»។
លោកស្រីបានព្រមានថាការឈ្លោះជាមួយខ្មែរដូចគ្នាជាមូលហេតុដែលនាំឲ្យសត្រូវម៉ាក់ងាយ និងធ្វើឲ្យអ្នកវិនិយោគិន និងទេសចរខ្លាចរអា។ ការឈ្លោះគ្នាវានាំឲ្យសត្រូវនៅជុំវិញខ្លួន គេឆ្លៀតឱកាសកេងចំណេញ។ ម្យ៉ាងទៀតក្រុមទេសចរ និងអ្នកវិនិយោគិននឹងនៅឲ្យឆ្ងាយពីកម្ពុជា។
លោកស្រីបានថ្លែងថាប្រទេសសន្តិភាពត្រូវមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយកិច្ចការសិទ្ធិមនុស្ស អហិង្សា សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ។ នោះហើយជាមូលហេតុដែលលោកស្រីបង្កើតអង្គការសិទ្ធិមនុស្សលីកាដូនៅឆ្នាំ ១៩៩២។ តែមិនមែនមានតែប្រទេសកម្ពុជាទេដែលមានអំពើហិង្សានោះនៅប្រទេសបារាំង ឬអាល្លឺម៉ង់ក៏មានដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment