Wednesday, 12 July 2017

ទីប្រឹក្សា ​ជំរុញ​ឲ្យ​ចាត់​វិធានការ​លើ​អ្នក​​ថា​ នាយក​រដ្ឋមន្ត្រី​សម្លាប់​បណ្ឌិត​ កែម ឡី


Content image - Phnom Penh Post
លោក អាណាន់ ដាយ៉ាត ទីប្រឹក្សា​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី​។ រូបថត ហ្វេសប៊ុក


Wed, 12 July 2017
p



មាស សុខជា


ភ្នំពេញៈ ​ទីប្រឹក្សា​មួយ​រូប​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​បាន​ជេរប្រមាថ និង​ចោទប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី​ថា​សម្លាប់​លោក កែម ឡី ខណៈ​ដែល​សម្ទុះ​នៃ​ការ​អំពាវនាវ​ឲ្យ​រក​យុត្តិធម៌​ពិតប្រាកដ​ក្នុង​រឿង​នេះ​នៅ​តែ​បន្ត​មាន ថ្វី​បើ​ឃាតករ​ឈ្មោះ​ អឿត អាង ហៅ​ ជួប សម្លាប់ ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ជាប់គុក​ ១ ​ជីវិត​ក៏ដោយ ។

លោក អាណាន់ ដាយ៉ាត ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​ដោយ​បង្ហាញ​គណនី​ហ្វេសប៊ុក​ឈ្មោះ Heng Leakhena ដែល​ពាក់​អាវ​ និង​មួក​មាន​ឡូហ្គោ​គណបក្ស​សង្គ្រោះ​ជាតិ ចោទប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​សម្លាប់​អ្នក​វិភាគ​នយោបាយ លោក កែម ឡី​។



ទន្ទឹម​នេះ​ទីប្រឹក្សា​រូប​នោះ​បាន​អះអាង​ថា​ការ​ជេរ ការ​ប្រមាថ​បែប​នេះ​វា​ចូល​ក្នុង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​មក​លើ​នាយក​រដ្ឋមន្ត្រី មិន​អាច​លើកលែង​ទោស​បាន​ឡើយ​។

លោក​បាន​បន្ថែម​ថា​៖ «​មេធាវី​រាជរដ្ឋាភិបាល​គប្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​»​។

លោក​ថា​៖ «​ការ​ជេរ ការ​ប្រមាថ​បែប​នេះ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​អង្គនីតិប្រតិបត្តិ​នោះ​ទេ វា​ថែម​ទាំង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​ផង​ដែរ​»​។

នៅលើ​ហ្វេសប៊ុក​របស់ Heng Leakhena ដែល​បង្ហោះ​ក្នុង​អំឡុង​ខួប​មួយ​ឆ្នាំ​នៃ​ការ​សម្លាប់​លោក កែម ឡី កាលពី​ចុង​សប្តាហ៍​មុន​នៅ​ខេត្ត​តាកែវ និង​បង្ហោះ​ដោយ​លោក​ អាណាន់ដាយ៉ាត នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ ស្ត្រី​ឈ្មោះ Heng Leakhena បាន​ចោទប្រកាន់​លោក ហ៊ុន សែន និង​កូនចៅ​របស់​លោក​ថា​សម្លាប់ លោក កែម ឡី​។

ហ្វេសប៊ុក​របស់ Heng Leakhena បាន​សរសេរ​ថា​៖ «​ហ៊ុន សែន [​សម្លាប់ កែម ឡី​] គ្មាន​នរណា​ទៀត​ទេ​។ កូនចៅ​គាត់​ក៏​ជា​ឃាតករ​ប្រឡាក់​ឈាម​លោក​បណ្ឌិត កែម ឡី ដែរ​។ អ្នក​គួរ​តែ​សរសើរ​អញ្ជែក​យល់​ថា​លោក​បណ្ឌិត កែម ឡី ស្លាប់​មាន​មោទនភាព មាន​ខ្មែរ​ទូទាំង​ប្រទេស​គាំទ្រ​លោក ហើយ​មក​ធ្វើ​បុណ្យ​ឲ្យ​គាត់​ដោយ​មិន​អស់​លុយ​»​។

Heng Leakhena បាន​បន្ត​ថា​៖ «​បើ​ហ៊ុន សែន​ [​ស្លាប់​ទៅ​] គេ​នឹង​អូស​គាត់​ដាក់​ក្នុង​រន្ធ​កណ្តុរ​»​។

លោក ប៉ុល ហំម អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្រាន​ចោល​​ការ​ចោទប្រកាន់​ដែល​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់ព័ន្ធ​នឹង​ស្ត្រី​ឈ្មោះ Heng Leakhena ដោយ​ថ្លែង​ថា​អ្នក​រាល់​គ្នា​អាច​ពាក់​អាវ និង​មួក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​ពួកគេ​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ហើយ​លោក ប៉ុល ហំម បាន​អះអាង​ថា​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​គាំទ្រ​នរណា​ម្នាក់​ឲ្យ​ជេរប្រមាថ ឬ​ប្រើ​ពាក្យ​ឈ្លើយ​ទៅ​លើ​បុគ្គល​ណា​មួយ​ទេ ហើយ​ថា​នរណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​គោលការណ៍​របស់​បក្ស បុគ្គល​នោះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួនឯង​។

លោក​បន្ត​ថា​៖ «​យើង​មិន​ដឹង​ថា​ជា​នរណា​ទេ​។ គ្មាន​នរណា​ឲ្យ​ពាក់​អាវ​គណបក្ស​ជេរ​បញ្ចោរ​អ៊ីចឹង​ទេ​។ [​យើង​] ​មាន​ការ​ណែនាំ​មិន​ឲ្យ​ប្រើ​ពាក្យ​អសុរោះ ប្រសិន​បើ​គាត់​ធ្វើ​អ៊ីចឹង គាត់​ជា​អ្នក​ទទួល​ខុសត្រូវ​ដោយ​ខ្លួន​គាត់​»​។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕ PS

No comments: