Saturday, 5 August 2017
លោក ហ៊ុន សែន គំរាមពីការស្លាប់ខណៈបក្សប្រឆាំងថាកម្ពុជាជារបស់ប្រជាជាតិខ្មែរទាំងមូល
ដោយ យាង សុជាមេត្តា
2017-08-03
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសំណេះសំណាលជាមួយកីឡាករ កីឡាការិនី នាវិមានសន្តិភាព នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of SPM Page
Photo courtesy of SPM Page
គណបក្សប្រឆាំងមិនសូវយកចិត្តទុកដាក់ឡើយចំពោះសារគំរាមរបស់លោក ហ៊ុន សែន ពីការស្លាប់របស់លោក។ លោក ហ៊ុន សែន ថ្លែងជាថ្មីថា នៅពេលលោកស្លាប់ភ្លាម គឺក្រុមយោធាដែលបច្ចុប្បន្នឋិតក្រោមការគ្រប់គ្រងរបស់លោកនឹងឡើងគ្រប់គ្រងសភាពការណ៍ ហើយដែលអាចធ្វើឲ្យស្ថានភាពស្រុកទេសមានការប្រែប្រួល។
ក្នុងរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះនៃដើមខែសីហា នេះ លោក ហ៊ុន សែន បានថ្លែងសារដល់ទៅពីរដង ទស្សន៍ទាយពីសភាពការណ៍ស្រុកទេសដែលអាចប្រែប្រួលនៅពេលគ្មានរូបលោកភ្លាម។
ថ្លែងនៅចំពោះមុខកីឡាករ កីឡាការិនី ដែលទៅជួបលោកនាវិមានសន្តិភាព នៅថ្ងៃទី៣ ខែសីហា មុននឹងចាកចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA Games) នៅប្រទេសម៉ាឡេស៊ី (Malaysia) លោក ហ៊ុន សែន ព្រមានជាថ្មីពីការស្លាប់របស់លោក។ សារសំដៅទៅកាន់បក្សប្រឆាំងដែលលោក ហ៊ុន សែន តែងចោទថា បានយកការស្លាប់របស់លោកដើម្បីកេងចំណេញនយោបាយនោះ លោក ហ៊ុន សែន យល់ថា ការស្លាប់របស់លោកគឺជាគ្រោះអាក្រក់សម្រាប់ប្រទេសជាតិទៅវិញទេ។
លោក ហ៊ុន សែន ដែលកាន់អំណាចជាង ៣០ឆ្នាំនៅកម្ពុជា សង្កត់ធ្ងន់ថា ប្រសិនបើលោកស្លាប់ភ្លាម នោះមន្ត្រីនៅក្នុងជួររដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក រាប់តាំងពីឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រហូតដល់អនុរដ្ឋលេខាធិការដែលមានមុខងារនយោបាយ នឹងត្រូវរលាយទៅតាមលោកជាស្វ័យប្រវត្តិភ្លាមដែរ។ ដូច្នេះ លោកថា គឺមានតែក្រុមយោធា និងនគរបាលដែលឋិតនៅក្នុងមុខងារសាធារណៈទេ ដែលជាអ្នកគ្រប់គ្រងសភាពការណ៍។
លោក ហ៊ុន សែន៖ «នៅទីនេះមានអគ្គបញ្ជាការ ប៉ុល សារឿន អគ្គនគរបាលជាតិ នេត សាវឿន អគ្គបញ្ជាការរង និងមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស សៅ សុខា ប៉ុន្តែនៅមានបណ្ដាអង្គភាពដទៃទៀតដែលពេលហ្នឹងជួនកាលមានការញុះញង់ គឺវាយគ្រឹបតែម្ដង ខ្មោចមិនអាចងើបមកត្រួតត្រាសភាពការណ៍ទេ ហើយ ទៀ បាញ់ ក៏អស់តំណែង ស ខេង ក៏អស់តំណែង តើទៅត្រួតពីណាទៀត? អ៊ីចឹងរឿងហ្នឹង ពេលខ្លះត្រូវយល់ កុំចង់ឲ្យ ហ៊ុន សែន ងាប់ ទុក ហ៊ុន សែន ដើម្បីនឹងគ្រប់គ្រង»។
កាលពីថ្ងៃទី១ សីហា នៅចំពោះមុខនិស្សិតដែលទៅទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា លោក ហ៊ុន សែន ក្រៅតែពីព្រមានពីភាពវឹកវររបស់ស្រុកទេសក្រោយអត់ពីលោកទៅ លោកក៏បានព្រមានទៅកាន់មេបក្សប្រឆាំងឲ្យប្រដែប្រដៅកូនចៅរបស់ខ្លួនដែលលោក ហ៊ុន សែន ចោទថា តែងយកសេចក្ដីស្លាប់របស់លោកមកលេងសើច ឬបង្ហោះនៅតាមបណ្ដាញសង្គមនោះ។ លោក ហ៊ុន សែន ថា កុំចេះតែបន់ឲ្យលោកស្លាប់ ហើយបើនៅតែកេងចំណេញពីការស្លាប់របស់លោក នោះបក្សប្រឆាំងនឹងជួបគ្រោះថ្នាក់។
បន្ថែមទៅលើការព្រមានអំពីការស្លាប់ លោក ហ៊ុន សែន មិនភ្លេចឡើយនិយាយគាំទ្រចំពោះមន្ត្រីក្រោមបង្គាប់របស់លោកដែលចេញមុខព្រមានប្រើដំបង ឬគល់ឫស្សីវាយសំពងក្បាល ឬបំបែកធ្មេញអ្នកតវ៉ាក្រោយការបោះឆ្នោត។ បើទោះជាដឹងថា ភាសាហិង្សាទាំងអស់នេះ កន្លងទៅត្រូវបានគេរិះគន់ក៏ដោយ លោក ហ៊ុន សែន នៅតែថ្លែងហាក់មានចេតនាឌឺដង ដោយបន្តកម្ទេចអ្នកតវ៉ាក្រោយការបោះឆ្នោតឆ្នាំ២០១៨។ លោក ហ៊ុន សែន មិននិយាយត្រឹមប្រើដំបង ឬគល់ឫស្សីនោះទេ តែលោកព្រមានថា មិនដែលរដ្ឋណាមួយដែលគ្មានកាំភ្លើង និងគុកនោះទេ។
បើទោះជាមានការព្រមានម្ដងជាពីរដងបែបនេះក្ដី មន្ត្រីគណបក្សប្រឆាំងហាក់មិនមានប្រតិកម្មអ្វីនោះទេ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា បើលោក ហ៊ុន សែន នៅតែបន្តនិយាយដដែលៗទៀត វាជារឿងរបស់លោក ហ៊ុន សែន។ ទោះជាយ៉ាងណាលោកថា ប្រទេសកម្ពុជា ជារបស់ប្រជាជាតិខ្មែរទាំងមូល មិនមែនជារបស់បុគ្គលណាមួយនោះឡើយ។
លោក យឹម សុវណ្ណ៖ «ខ្ញុំគិតថា មានបណ្ឌិតច្រើនណាស់ ហើយមានប្រជាពលរដ្ឋច្រើនណាស់ដែលនឹងជួយស្តារប្រទេសជាតិយើងឡើងវិញ វាមិនមែនតែរឿងពឹងតែលើអ្នកណាម្នាក់នោះទេ ពេលគាត់នៅជារឿងមួយ ប៉ុន្តែទោះជាយ៉ាងម៉េចក៏ដោយ បើសិនជាប្រទេសរបស់យើងទៅហើយ យើងត្រូវប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហា»។
អ្នកតាមដានស្ថានការណ៍នយោបាយ និងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ តែងរិះគន់ចំពោះសារគំរាមរបស់បក្សកាន់អំណាច ដោយពួកគេយល់ថា វាជាការវាយបំបាក់ស្មារតីបក្សប្រឆាំង និងពលរដ្ឋដោយបក្សកាន់អំណាចមុនពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប្រព្រឹត្តទៅនៅពេលខាងមុខ។
ក្រៅពីសារគំរាមកំហែង បក្សកាន់អំណាចក៏ត្រូវបានគេមើលឃើញថា ព្យាយាមប្រើគ្រប់មធ្យោបាយ និងរូបភាព ធ្វើយ៉ាងណាឲ្យដៃគូប្រជែងរបស់ខ្លួនថមថយកម្លាំង តាមរយៈការកែប្រែច្បាប់ ដាក់គំនាបលើបក្សប្រឆាំង ការចាប់មន្ត្រីបក្សប្រឆាំងដាក់គុក និងការប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើទុក្ខបុកម្នេញបក្សប្រឆាំងជាដើម។
ទោះជាយ៉ាងណា លោក យឹម សុវណ្ណ យល់ថា ពលរដ្ឋមើលឃើញរូបភាពទាំងអស់នេះ ហើយពួកគាត់នឹងសម្ដែងឆន្ទៈតាមរយៈការបោះឆ្នោតនៅពេលខាងមុខ៕
Subscribe to:
Post Comments (Atom)
1 comment:
Looking at Hun Sen's face, he is looking so stupid. People can say that, too, that he is very stupid and blind just because he is a puppet of Vietnam and protected by his Vietnamese friends from Hanoi (his Vietnamese bosses or masters).
Post a Comment