Saturday, 5 August 2017
អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនឹងធ្វើទិវាពិភពលោកស្ដីពីសិទ្ធិជនជាតិដើមនៅថ្ងៃទី៩ សីហា
ដោយ យាង សុជាមេត្តា
2017-08-05
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍ លោក សឺន ជុំជួន ថ្លែងក្នុងពិធីខួបទី៩ នៃសេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម ១៣ កញ្ញា ២០០៧-១៣ កញ្ញា ២០១៦ នាទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។ Photo Provided
Photo Provided
អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា នឹងប្រារព្ធទិវាពិភពលោកស្ដីពីសិទ្ធិជនជាតិដើមនៅថ្ងៃទី៩ ខែសីហា នៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី៥ ខែសីហា ថា ពិធីនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរទិវាពិភពលោកស្ដីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិផង និងដើម្បីចែករំលែកព័ត៌មាន ព្រមទាំងចំណេះដឹងដល់ខ្មែរក្រោម និងពលរដ្ឋទូទៅពីស្ថានភាពរស់នៅ និងសិទ្ធិ សេរីភាពរបស់ខ្មែរក្រោមដែលកំពុងឋិតក្រោមការគ្រប់គ្រងរបស់វៀតណាម ផង។
ក្នុងពិធីនោះដែរ ក៏មានបទបង្ហាញពីការអភិរក្សវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោម និងបទបង្ហាញផ្សេងទៀត ពាក់ព័ន្ធនឹងសិទ្ធិជនជាតិដើម ដោយវាគ្មិនមកពីអង្គការក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស និងការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា៖ «ជនជាតិដើមត្រូវមានសិទ្ធិស្វ័យសម្រេចវាសនាខ្លួនដោយខ្លួនឯង វៀតណាមដែលគ្រប់គ្រងទៅលើខ្មែរក្រោម វៀតណាមត្រូវតែទទួលស្គាល់ខ្មែរក្រោមថាជានរណា ហើយតើខ្មែរក្រោមត្រូវទទួលបានសិទ្ធិបែបណា? យើងចង់ផ្អែកទៅលើសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមដែលវៀតណាម ត្រូវតែទទួលស្គាល់សេចក្ដីប្រកាសនេះ»។
តួលេខអង្គការសហប្រជាជាតិបង្ហាញថា ជនជាតិដើមលើពិភពលោកមានប្រមាណ ៣៧០លាននាក់ រស់នៅក្នុងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។ ពួកគេទាំងនោះ កំពុងប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសពាក់ព័ន្ធនឹងសិទ្ធិកាន់កាប់ដីធ្លី វប្បធម៌ ភាសា និងប្រពៃណីផ្សេងៗ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment