Sunday, 13 August 2017
គ្រួសារបុរសស្លាប់ដោយជនជាតិវៀតណាមព្រួតវាយនៅព្រៃវែងបន្តអំពាវនាវរកយុត្តិធម៌
ដោយ ថា កិត្យា
2017-08-13
ភរិយាជនរងគ្រោះដែលជនជាតិវៀតណាមវាយសម្លាប់ លោកស្រី ចាន់ ស៊ីណា ថ្លែងប្រាប់អាស៊ីសេរីនាគេហដ្ឋានរបស់លោកស្រី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។
RFA/Chuop Sereyroth
គ្រួសារបុរសម្នាក់ដែលជនជាតិវៀតណាម ព្រួតវាយសម្លាប់នៅឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង បន្តអំពាវនាវឲ្យអាជ្ញាធរតាមចាប់ជនដៃដល់បន្ថែមទៀត និងស្នើឲ្យតុលាការពន្លឿននីតិវិធីដើម្បីផ្តល់យុត្តិធម៌ជូនពួកគាត់។ រីឯអាជ្ញាធរអះអាងថា ពួកគាត់នៅតែបន្តស្វែងរកចាប់ខ្លួនជនសង្ស័យ និងស្នើឲ្យគ្រួសារជនរងគ្រោះជួយសហការផ្តល់ព័ត៌មាន។
ការអំពាវនាវរបស់គ្រួសារជនរងគ្រោះនេះ ធ្វើឡើងបន្ទាប់ពីពួកគាត់កំពុងមានវិបត្តិផ្លូវចិត្ត និងវិបត្តិសេដ្ឋកិច្ចគ្រួសារ ខណៈសំណុំរឿងជនជាតិវៀតណាម ព្រួតគ្នាវាយសម្លាប់បុរសជាជនជាតិខ្មែរម្នាក់នៅភូមិអ្នកលឿងក្រោម ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នោះ បានអូសបន្លាយពេល ១ឆ្នាំទៅហើយ។
ភរិយាជនរងគ្រោះ លោកស្រី ចាន់ ស៊ីណា រៀបរាប់ថា គ្រួសារលោកស្រីកំពុងរស់រងទុក្ខវេទនា និងទន្ទឹងរង់ចាំយុត្តិធម៌។ លោកស្រីអំពាវនាវឲ្យតុលាការពន្លឿនការកាត់ទោសជនល្មើសតាមច្បាប់ និងទាមទារសំណងចំនួន ៣០លានរៀល៖ «»។
ទន្ទឹមគ្នានេះ ស្ត្រីមេម៉ាយវ័យ ៣១ឆ្នាំរូបនេះ ក៏អំពាវនាវឲ្យអាជ្ញាធរចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ វៀន យ៉ាងស៊ុយ ជនជាតិវៀតណាម ដែលជាអ្នកបញ្ជាឲ្យជនដៃដល់ជាកូនបង្កើតរបស់ខ្លួនវាយសម្លាប់ទាំងប្ដី និងប្រពន្ធ ហើយជាអ្នកធានាបង់លុយបញ្ចប់រឿង។ លោកស្រីអះអាងថា បច្ចុប្បន្ននេះ គ្រួសារលោកស្រីកំពុងរស់នៅក្នុងសភាពខ្លាចដែលមិនសូវហ៊ានទៅស្នាក់នៅក្នុងផ្ទះរបស់ខ្លួនឡើយ ព្រោះជនសង្ស័យម្នាក់នោះកំពុងមានសេរីភាព និងឧស្សាហ៍ចេញចូលក្នុងភូមិទៀតផង៖ «»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្តព្រៃវែង លោក ញ៉ឹក វ៉ាន្នី បានទេ ដោយសារទូរស័ព្ទចូល ពុំមានអ្នកទទួល។
ទោះយ៉ាងណា លោក ញ៉ឹក វ៉ាន្នី ធ្លាប់ឲ្យដឹងថា ក្នុងសំណុំរឿងនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង បានចោទប្រកាន់មនុស្ស ៧នាក់តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌក្នុងបទចោទស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ ដែលនឹងជាប់ពន្ធនាគារពី ៧ឆ្នាំទៅ ១៥ឆ្នាំ និងមាត្រា២៩ នៃច្បាប់អន្តោប្រវេសន៍ ពីបទចូលក្នុងប្រទេសកម្ពុជា ដោយគ្មានការអនុញ្ញាត។
ក្នុងចំណោមជនជាប់ចោទទាំង ៧នាក់នោះ មានម្នាក់ឈ្មោះ វៀន យ៉ាងស៊ុយ ជាជនជាតិវៀតណាម គឺតុលាការកំពុងតាមចាប់ខ្លួន ហើយម្នាក់ឈ្មោះ តូ យ៉ាងហុក ត្រូវបានដោះលែងវិញ។ បច្ចុប្បន្ននេះ នៅមានជនជាប់ចោទ ៥នាក់ទៀតកំពុងឃុំខ្លួនក្នុងពន្ធនាការ រួមមានឈ្មោះ វៀន យ៉ាងកង ឈ្មោះ វៀន យ៉ាងងឿ ឈ្មោះ ឡាំយ៉ាង សៀង ឈ្មោះ វីរៈ ដែន និងឈ្មោះ ជិន បារាំង។
លោក ញ៉ឹក វ៉ាន្នី ធ្លាប់ឲ្យដឹងទៀតថា តុលាការគ្រោងនឹងជំនុំជម្រះរឿងនេះក្នុងពេលឆាប់ៗខាងមុខ។
រីឯអធិការស្រុកពាមរក៍ លោក សេង ពន្លក មានប្រសាសន៍ថា ប្រសិនបើសមត្ថកិច្ចប្រទះឃើញជនសង្ស័យ វៀន យ៉ាងស៊ុយ គឺនឹងឃាត់ខ្លួនភ្លាមៗតែម្តង ប៉ុន្តែជនសង្ស័យរូបនេះបានគេចខ្លួនរហូត ក្រោយពីកើតហេតុ៖ «»។
ជនរងគ្រោះដែលត្រូវជនជាតិវៀតណាម ព្រួតវាយសម្លាប់មានឈ្មោះ រ័ត្ន ធី អាយុ ៣៣ឆ្នាំ។ ភរិយាជនរងគ្រោះរៀបរាប់ថា កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ប្ដីរបស់លោកស្រីបានដើរទៅទិញបារីនៅតូបលក់ដូរក្បែរផ្ទះ។ ពេលនោះ ជនជាតិវៀតណាម ម្នាក់បានសម្លុតទារបារី តែប្ដីលោកស្រីមិនឲ្យ ក៏កើតជាទំនាស់ពាក្យសម្ដីរហូតឈានដល់ផ្ទុះហិង្សាកាន់តែធំ ដោយមានជនជាតិវៀតណាម លើសពី ២០នាក់ប្រដាប់ដោយដំបង ឈើមូល ឈើជ្រុង ដែកគាស់ និងកាំបិត ចូលរួមព្រួតវាយប្ដីលោកស្រីរហូតដល់ស្លាប់ និងមានបំណងសម្លាប់លោកស្រី និងពលរដ្ឋខ្មែរណាដែលហ៊ានចូលជួយទៀតផង។
សព្វថ្ងៃ លោកស្រី ចាន់ ស៊ីណា កំពុងរស់នៅចិញ្ចឹមកូន ៦នាក់ ដោយកូនប្រុសពៅអាយុទើបបានជាង ១០ខែ។ ជីវភាពលោកស្រីកាន់តែធ្លាក់ដុនដាប បន្ទាប់ពីស្វាមីស្លាប់ទៅ។ អ្នកជិតខាងផ្ទះជនរងគ្រោះសុទ្ធតែបង្ហាញក្តីអាណិតអាសូរចំពោះស្ត្រីមេម៉ាយម្នាក់នេះ។ ពួកគេថា តុលាការគួរតែចាត់វិធានការឲ្យបានលឿន និងមានយុត្តិធម៌ពេញលេញ ដើម្បីបន្សាបការឈឺចាប់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment