Tuesday, 15 August 2017
ការប៉ុនប៉ង ធ្វើឃាតមួយទៀត
១៤ សីហា ២០១៧ / 14 August 2017
ការប៉ុនប៉ង ធ្វើឃាតមួយទៀត / Another assassination attempt (*)
Sam Rainsy
ឯកសារ ភ្ជាប់មកជាមួយនេះ បង្ហាញថា រដ្ឋអំណាចលោក ហ៊ុន សែន បានប៉ុនប៉ងធ្វើឃាតមកលើរូបខ្ញុំ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ១៩៩៨ គឺប្រមាណតែមួយឆ្នាំប៉ុណ្ណោះ ក្រោយពីការវាយប្រហារដោយគ្រាប់បែកដៃ នៅថ្ងៃទី ៣០ ខែមិនា ឆ្នាំ១៩៩៧ នៅមុខអាគាររដ្ឋសភាចាស់។
នៅយប់ថ្ងៃ ២០ សីហា ១៩៩៨ នោះ មានជនមិនស្គាល់មុខមួយក្រុម បានជិះរថយន្តយ៉ាងលឿន កាត់មុខក្រសួងមហាផ្ទៃ ពេលដែលខ្ញុំ កំពុងតែជួបសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ដែលមកតាមដាន ការឃ្លាំមើលបាវសន្លឹកឆ្នោត ដែលផ្ទុកនៅក្នុងអាគារ គ.ជ.ប. ក្នុងបរិវេណក្រសួងមហាផ្ទៃ។
សកម្មជន គណបក្សសម រង្ស៊ី មួយក្រុម មានទាំងរូបខ្ញុំផងដែរ បានសម្រេចមកដេកយាមបាវសន្លឹកឆ្នោតទាំងនោះ ដើម្បីប៉ុនប៉ងរារាំង កុំឲ្យគេលួចប្តូរ ឬបំផ្លាញសន្លឹកឆ្នោត ដែលទើបតែប្រមូលមកពីការិយាល័យបោះឆ្នោត ពីទូទាំងប្រទេស ក្រោយការបោះឆ្នោតជាតិ ឆ្នាំ ១៩៩៨។
ពួកជនមិនស្គាល់មុខនោះ បានបាញ់រះ និងគប់គ្រាប់បែកមកត្រង់ខ្លោងទ្វារក្រសួងមហាផ្ទៃ ក្រោយពីខ្ញុំទើបតែចាកចេញបន្តិចពីកន្លែងនោះ ដើម្បីចូលទៅក្នុងក្រសួងមហាផ្ទៃវិញ ដោយអមដំណើរដោយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលទើបតែសម្ភាសន៍ខ្ញុំ។ ការវាយប្រហារនេះ បានធ្វើឲ្យមនុស្សម្នាក់ស្លាប់ នៅជិតខ្លោងទ្វារក្រសួងមហាផ្ទៃ។
ក្រោយពីខ្ញុំ បានត្រឡប់ទៅដល់អាគារ គ.ជ.ប. វិញ ប៉ុន្មាន ៤-១០ នាទីប៉ុណ្ណោះ ស្រាប់តែមានទាហានមួយក្រុម កាន់កាំភ្លើងច្រូងច្រាង បានរត់ចូលទៅរកខ្ញុំ ពីខ្លោងទ្វារក្រសួងមហាផ្ទៃដដែលនោះ ហើយភ្ជង់ខ្ញុំ រៀបបាញ់ខ្ញុំចោល នៅក្រោមអាគារ គ.ជ.ប. ដោយសារតែគេខកចិត្តប៉ុនប៉ងសម្លាប់ខ្ញុំមិនបានសម្រេច ពេលនៅមុខខ្លោងទ្វារក្រសួងមហាផ្ទៃ ៤-១០ នាទីមុននោះ។ តែពួកគេ ញញើតមិនហ៊ានបាញ់ខ្ញុំភ្លាម ពីព្រោះមានអ្នកសារព័ត៌មានជាច្រើន នៅក្បែរខ្ញុំ។ ពួកគេក៏បានចាប់បង្ខំខ្ញុំ រុញខ្ញុំដោយទាត់ធាក់ខ្ញុំ និងបាញ់បញ្ឆិតជើង និងស្លឹកត្រចៀកខ្ញុំ តាមផ្លូវ ហើយយកខ្ញុំទៅឃុំឃាំងក្នុងបន្ទប់គុកតូចមួយ នៅកន្លែងមួយដ៏ដាច់ស្រយាល និងងងឹតឈឹង ក្នុងបរិវេណក្រសួងមហាផ្ទៃ។ ខ្ញុំសង្ស័យថា នៅទីកន្លែងនេះហើយ ដែលលោក ហុក ឡង់ឌី បានបាញ់សម្លាប់លោកឧត្តមសេនីយ៍ ហូ សុខ មកពីគណបក្សហ្វ៊ុនស៊ីនប៉ិច នៅក្នុងរដ្ឋប្រហារ ខែកក្កដា ឆ្នាំ ១៩៩៧។ គេបានឃុំឃាំងខ្ញុំ អស់រយៈពេល ២-៣ ម៉ោង ហើយពេលនោះ គេនិយាយគ្នាគេថាឲ្យប្រុង "យកខ្មោចវាទៅចោល"។ តែចុងក្រោយមក ដូចជាមានអន្តរាគមន៍ ចេញមកពីប្រភពមួយទៀត ធ្វើឲ្យមានចលាចលកាន់តែខ្លាំង ធ្វើឲ្យខ្ញុំកាន់តែរន្ធត់ថែមទៀត។
សំណាងល្អ អន្តរាគមន៍ចុងក្រោយនោះ មកជួយខ្ញុំវិញទេ ហើយខ្ញុំក៏ត្រូវបានគេដោះលែង នៅពាក់កណ្តាលអាធ្រាត្រ។
ក្រោយមក ខ្ញុំក៏បានដឹងថា លោក ស ខេង និងលោក ហុក ឡង់ឌី មានការខ្វែងគំនិតគ្នា ពេលគេចង់សម្លាប់ខ្ញុំ ហើយក៏មានអន្តរាគមន៍ពីមហាអំណាចខ្លះ (សហរដ្ឋអាមេរិក និង ជប៉ុន) មកលើលោក ហ៊ុន សែន ផងដែរ ពេលយប់ ថ្ងៃទី ២០ ទៅ ២១ ខែសីហា ឆ្នាំ១៩៩៨ នោះ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment