Tuesday, 15 August 2017
លោក កែវ រ៉េមី៖ រដ្ឋាភិបាលមានជំហរម៉ឺងម៉ាត់ធានានិងគោរពសិទ្ធិនយោបាយ
ដោយ ម៉ម មុនីរតន៍
2017-08-15
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ផ្ដល់បទសម្ភាសន៍ក្រោយជំនួបទ្វេភាគីជាមួយប្រតិភូជប៉ុន នារាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។
RFA/Morm Moniroth
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា រដ្ឋាភិបាលមានគោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការធានាពីសុខសន្តិភាព និងសុវត្ថិភាពជូនម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនៅរាល់អំឡុងពេលដំណើរការនៃការបោះឆ្នោត។ ការបញ្ជាក់ជំហរដូចនេះរបស់មន្ត្រីរដ្ឋាភិបាល ស្របពេលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា ចង់ឃើញបរិយាកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ ប្រព្រឹត្តទៅមិនមានការគំរាមកំហែង និងស្ងប់ស្ងាត់។
មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ថ្លែងការពារថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំដែលព្រងើយកន្តើយចំពោះស្ថិរភាពនយោបាយដែលរកបានមកដោយលំបាកនេះឡើយ ជាពិសេសរាល់ពេលមានការបោះឆ្នោតម្ដងៗ ការរក្សាពីបរិយាកាសឲ្យបានស្ងប់ស្ងាត់ ទាំងមុន និងក្រោយពេលបោះឆ្នោត គឺជាទិសដៅទីមួយរបស់រដ្ឋាភិបាលចង់បានបំផុត។
ការថ្លែងដូចនេះរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ក្រោយពេលជំនួបទ្វេភាគីជាមួយប្រតិភូជប៉ុន ដែលដឹកនាំដោយអគ្គនាយករងនៃការិយាល័យកិច្ចការបរទេសនៃក្រសួងការបរទេសជប៉ុន លោក ម៉ាសាតូ អូតាកា (Masato Otaka) កាលពីព្រឹកថ្ងៃទី១៥ សីហា។ ជំនួបបិទទ្វារនេះ រៀបចំឡើងនៅការិយាល័យរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្ថិតក្នុងខណ្ឌទួលគោក ក្រុងភ្នំពេញ។
អតីតតំណាងរាស្ត្រគណបក្សប្រឆាំង និងជាអ្នកធ្លាប់រិះគន់រដ្ឋាភិបាលដោយមិនសំចៃមាត់រូបនេះ បញ្ជាក់ជំហរថា គណបក្សកាន់អំណាចមិនធ្វេសប្រហែសសោះឡើយរឿងសន្តិសុខ និងបរិយាកាសស្ងប់ស្ងាត់នៅក្នុងអំឡុងពេលបោះឆ្នោត ហើយការបោះឆ្នោតដែលមិនមានអំពើហិង្សានោះហើយ គឺជាវត្ថុបំណងរបស់លោក ហ៊ុន សែន ដែលតែងក្រើនរំឭកមន្ត្រីនៅក្នុងជួរគណបក្ស។ លើសពីនេះទៀត រដ្ឋាភិបាលបារម្ភបំផុតចំពោះការបង្កើតឲ្យមានព្រឹត្តិការណ៍ដែលនាំឲ្យរំខានទៅដល់ដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោកបន្តថា «សម្ដេចតេជោនាយករដ្ឋមន្ត្រីទាក់ទងប្រជុំនៅក្នុងគណបក្ស សន្និបាតបក្ស និងមហាសន្និបាតបក្ស ណែនាំថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ ថាឲ្យធានារក្សាសន្តិសុខជូនដល់អ្នកបោះឆ្នោតឲ្យបាន»។
ការអះអាងដូចនេះរបស់មន្ត្រីរដ្ឋាភិបាល ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រាប់គណបក្សប្រឆាំងថា អ្នកស្រីចង់ឃើញបរិយាកាសនៃការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ ប្រព្រឹត្តទៅដោយគ្មានការគំរាមកំហែង និងគ្មានការបំភិតបំភ័យ។
បើទោះជារដ្ឋាភិបាល និងមន្ត្រីក្រោមបង្គាប់របស់ខ្លួនអះអាងពីភាពស្អាតស្អំ ដើម្បីបញ្ចៀសនូវការចោទប្រកាន់បែបណាក៏ដោយចុះ តាមរយៈការកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយម្ដងជាពីរដងក្នុងដំណាក់កាលចុងក្រោយនេះយ៉ាងតក់ក្រហល់ តាមការចង់បានរបស់លោក ហ៊ុន សែន នោះ ត្រូវរងការរិះគន់ពីសហគមន៍អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលថា គឺជាយុទ្ធសាស្ត្រដើម្បីកម្ទេចបក្សប្រឆាំងទៅវិញទេ ប៉ុន្តែបញ្ហានេះ តែងត្រូវបានរដ្ឋាភិបាលច្រានចោលជាញឹកញាប់។ មន្ត្រីរដ្ឋាភិបាលថ្លែងការពារថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ តាក់តែងឡើងមិនមែនសម្រាប់បក្សនយោបាយណាមួយឡើយ ពោលត្រូវដាក់ឲ្យអនុវត្តគ្រប់គណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សប្រជាជនកម្ពុជា ផង។
ផ្ទុយពីការចោទប្រកាន់នេះ លោក កែម រ៉េមី ថ្លែងការពារថា ច្បាប់ស្ដីពីគណបក្សនយោបាយ គឺជាច្បាប់ដែលឆ្លងកាត់ការសិក្សាពីបណ្ដាប្រទេសជឿនលឿនមួយចំនួន ហើយបានពិគ្រោះយោបល់ដ៏ម៉ត់ចត់របស់ក្រុមអ្នកជំនាញ មុននឹងដាក់ឲ្យរដ្ឋសភាអនុម័ត។ លោកបន្តថា «ច្បាប់គណបក្សនយោបាយ ឬក៏ច្បាប់ទាក់ទងអង្គការសង្គមស៊ីវិល គឺជាដំណើរការនៃការស្រាវជ្រាវម៉ត់ចត់របស់រដ្ឋាភិបាល ដែលយកលំនាំតាមបណ្ដាប្រទេសមួយចំនួនលើសាកលលោក។ ច្បាប់នេះអាចនិយាយបានថាមានលក្ខណៈបែបបទអន្តរជាតិ ដែលមិនខុសពីគេ។ និយាយឲ្យចំទៅ អត់ខុសពីគេទេ គឺដូចគ្នា។ ឧទាហរណ៍ដូចវិសោធនកម្មច្បាប់គណបក្សនយោបាយ គឺយើងទម្រង់នៃប្រទេសដាណាម៉ាក (Denmark) ព័រទុយហ្គាល់ (Portugal) ម៉ាឡេស៊ី (Malaysia) ឥណ្ឌូនេស៊ី (Indonesia) និងសហគមន៍អឺរ៉ុប ជាដើម»។
នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ មកដល់ សង្កេតឃើញថាមានអ្នកនយោបាយជើងចាស់ និងប្រមុខគណបក្សនយោបាយដែលពុំមានសំឡេងនៅក្នុងរដ្ឋាភិបាលមួយចំនួន ត្រូវរងការចោទប្រកាន់តាមផ្លូវតុលាការ និងចាប់ឃុំខ្លួនដាក់ពន្ធនាគារ។ បទចោទដែលស្ថិតក្រោមការរិះគន់ដ៏ចម្រូងចម្រាសទាំងនោះ មានការបកស្រាយដោយអ្នកច្បាប់ដែលគាំទ្ររដ្ឋាភិបាល និងតំណាងអយ្យការអមតុលាការក្រុងភ្នំពេញ ថាជាបទល្មើសព្រហ្មទណ្ឌផ្សេងក្រៅពីរឿងនយោបាយទៅវិញ ជាដើម។
យ៉ាងនេះក្ដី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់ឃើញថា នេះជាកង្វល់យ៉ាងធំរបស់សង្គមស៊ីវិលចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ ថ្វីបើនៅពេលនេះ រដ្ឋាភិបាលអះអាងពីការការពារបរិយាកាសនៅអំឡុងពេលបោះឆ្នោតក្ដី សង្កេតឃើញថាមានអ្នកនយោបាយបន្តបន្ទាប់ត្រូវចាប់ខ្លួន ទោះជាបទល្មើសអ្វីផ្សេងក៏ដោយចុះ ក៏និន្នាការនេះហាក់បង្ហាញពីសម្ពាធផ្នែកនយោបាយមួយដែរ។ លោកបន្តថា «ការចាប់ខ្លួនជាបន្តបន្ទាប់ ធ្វើឲ្យយើងមានការបារម្ភដែរ ព្រោះអីបរិយាកាសមិនសូវល្អ។ ជួនកាលគេភ័យខ្លាច ព្រោះធម្មតាទេចាប់ខ្លួនអ្នកនយោបាយ ទោះបីជាករណីព្រហ្មទណ្ឌក៏ដោយ»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត រំពឹងថា គ្រប់សមភាពភាគីពាក់ព័ន្ធនៅក្នុងដំណើរការបោះឆ្នោតខាងមុខ មានអ្នកនយោបាយ សង្គមស៊ីវិល និងពលរដ្ឋជាម្ចាស់ឆ្នោត អាចមានឱកាសក្នុងការបញ្ចេញមតិយោបល់ស្មើគ្នា និងធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដោយគ្មានការគាបសង្កត់ និងគ្មានការបំភិតបំភ័យ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment