Friday, 11 August 2017
សាលាឧទ្ធរណ៍សម្រេចមិនបន្តសវនាការរឿងក្ដីលោក ស៊ុត ឌីណា
ដោយ ម៉ម មុនីរតន៍
2017-08-11
អតីតឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា (រូបកណ្ដាល) ក្នុងពេលសមត្ថកិច្ចនាំមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Rann Samnang
RFA/Rann Samnang
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ គឺលោក ញូង ធុល បានសម្រេចមិនបន្តសវនាការលើអង្គសេចក្ដីជុំវិញរឿងក្ដីលោក ស៊ុត ឌីណា ក្រោយពិនិត្យឃើញថា ពុំមានឯកសារផ្ទេរសិទ្ធិឲ្យមេធាវីធ្វើជាតំណាងក្នុងការរៀបចំបណ្ដឹងឧទ្ធរណ៍។
ប្រពន្ធលោក ស៊ុត ឌីណា គឺអ្នកស្រី ស៊ុន សុគន្ធមាលា ក្រោយចេញពីបន្ទប់ជំនុំជម្រះយល់ឃើញថា ការបន្តលើកពេលសវនាការនេះ គឺប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិជនជាប់ចោទ។ អ្នកស្រីបង្ហាញការសោកស្ដាយនៅពេលតុលាការយល់ឃើញថា ខ្វះឯកសារផ្ទេរសិទ្ធិដាក់បណ្ដឹងឧទ្ធរណ៍ដែលពុំអាចឈានទៅជំនុំជម្រះលើអង្គសេចក្ដីបាន៖ «មិនដឹងជាយល់យ៉ាងម៉េចមេធាវីដែលគាត់ដាក់គេបានទទួលរួចហើយ ដល់ពេលខុសទម្រង់បែបបទអ៊ីចឹង ខ្ញុំមិនដឹងយល់យ៉ាងណាទេ។ រឿងនេះខាតខ្លាំងណាស់ ខាតទាំងកូនចៅតូចៗ និងក្រុមគ្រួសារអីលំបាកខ្លាំងណាស់»។
តុលាការក្រុងភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៦ សម្រេចផ្ដន្ទាទោសលោក ស៊ុត ឌីណា ដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យលុយចំនួន ១០លានរៀល។ លោកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ ៣ថ្ងៃក្រោយពីអង្គភាពនេះឃាត់ខ្លួន លោក ស៊ុត ឌីណា ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ គឺនៅថ្ងៃទី៧ ខែមេសា។
ការឃាត់ខ្លួននេះ ក្រោយពីលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង ប្រមាណ ២ឆ្នាំ។ លោក ស៊ុត ឌីណា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួន ២បទល្មើស គឺបទកេងយកផលប្រយោជន៍ដោយខុសច្បាប់តាមមាត្រា ៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាចមានប្រសិទ្ធភាពតាមមាត្រា៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment